អានតួអត្ថបទ
បារាំង​

អ្នក​ស្រាវជ្រាវ​បារាំង​ប្រកាស​អាសន្ន​ថ្មី​ស្តី​ពី​គ្រោះ​នៃ​​ការ​ប្រើ​ទូរស័ព្ទ​ដៃ​យូរ

មិន​មែន​តែ​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​ទេ​ដែល​រងគ្រោះ​ព្រោះ​ទូរស័ព្ទ​ដៃ ! មនុស្ស​ពេញ​វ័យ​ក៏​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នេះ​ដែរ។ ​បើ​តាម​​ការ​សិក្សា​ស្រាវជ្រាវ​​​​របស់​វិទ្យាស្ថាន​បារាំង ដែល​បំផុស​ឱ្យ​រស់​ឡើង​វិញ​នូវ​​ការ​តស៊ូ​មតិ​ស្តី​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ “ការ​និយាយ​ទូរស័ព្ទ​ (ទូរស័ព្ទ​ដៃ) លើស​ពី ១៥​ម៉ោង​​ក្នុង​មួយ​ខែ អាច​នឹង​បង្កើន​គ្រោះ​ អភិវឌ្ឍន៍​ ដុំ​ពក​ក្នុង​ខួរ​ក្បាល !

មនុស្ស​សម័យ​ថ្មី​និយាយ​ទូរស័ព្ទ​មិន​តិច​ជាង​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ​​
មនុស្ស​សម័យ​ថ្មី​និយាយ​ទូរស័ព្ទ​មិន​តិច​ជាង​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

និយាយ​ទូរស័ព្ទ​ដៃ​​យូរ​ អាច​នឹង​សម្រួល​ឱ្យ​ឆាប់​មាន​កើត​ដុំ​ពក​នៅ​ក្នុង​ខួរក្បាល ស្រាល​ឬ​ធ្ងន់ ! នេះ​ជា​សេចក្តី​សន្និដ្ឋាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​បារាំង​ ដែល​បាន​រក​ឃើញ​ ​ថា​ពិត​មាន​ទំនាក់ទំនងរវាងការ​​ប្រើ​ទូរស័ព្ទ​ដៃ​និង​គ្រោះ​កើត​ដុំ​ពក​ក្នុង​ខួរ និង​​​​ដែល​ទើប​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព។

វិទ្យាស្ថាន​សុខភាព​សាធារណៈ​ រោគ​រាតត្បាត​និង​អភិវឌ្ឍន៍​​ នៃ​សកលវិទ្យាល័យ​ក្រុង​ប័រដូ បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ ត្រួត​ពិនិត្យ​និង​តាមដាន​កត្តា​ទាំង​ឡាយ​ដែល​មាន​ពាក់ព័ន្ធ​​​នឹង​​បរិស្ថាន ការរស់​នៅ​ ធ្វើការ និង​ការ​លេច​ចេញ​ជា​ដុំ​​ពក​ក្នុង​ប្រព័ន្ធ​ខួរ​មនុស្ស​ពេញ​វ័យ។

បើ​តាម​ទិន្នន័យ​សិក្សា ពី​ឆ្នាំ​ ២០០៤ដល់​ ​២០០៦ ដែល​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ពេញ​វ័យ​គ្មាន​ជំងឺ៨៩២នាក់ ករណី​អ្នក​កើត​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​​ស្រាល​ឬ​ធ្ងន់​ ៤៤៧​នាក់​ (២៥៣​នាក់​មាន​ ខួរ​ក្បាល​​ហើម gliomes ១៩៤​នាក់​មាន​ដុំ​ហើម​ក្នុង​ខួរ​ក្បាល ​méningiome) គេ​ឃើញ​​អំពី​ទំនាក់​ទំនង​​ជា​វិជ្ជមាន​រវាង​ការ​អភិវឌ្ឍន៍​ដំណើរ​ហើម​ខួរ​ក្បាល​ ឬ មាន​ដុំ​ហើម​ក្នុង​ខួរ​ក្បាល​ ​ចំពោះ​អ្នក​ដែល​បាន​និយាយ​ទូរស័ព្ទ​​យ៉ាង​ហោច​ ៨៩៦​ម៉ោង​ ក្នុង​មួយ​ជីវិត ឬ​មាន​ដំណើរ​​ហើម​ខួរ​ក្បាល​បន្ទាប់​ពី​បាន​និយាយ​ទូរស័ព្ទ​លើស​ពី ១៨៣៦០​ដង។

​ការ​សិក្សា​​មិន​ទាន់​អាច​ កំណត់​អំពី​កំរិត​​គ្រោះ​ថ្នាក់​នៃ​ការ​លេច​ដុំ​ពក​ និង​អំពី​ទំនាក់​ទំនង​​រវាង​ជំងឺ​មហារីក​ខួរ​ក្បាល​និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​បាន​នៅ​ឡើយ​មែន​ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​គូស​បញ្ជាក់​ ការ​និយាយ​ទូរស័ព្ទ​ដៃ​យូរ​ (លើស​ពី​៨៦៩​ម៉ោង)​ ពោល​គឺ​ ១៥ម៉ោង​ក្នុង​មួយ​ខែ កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​​ជាមធ្យម​ នឹង​ធ្វើ​ឱ្យ​គ្រោះ​ ​មាន​ដំណើរ​ហើម​ខួរ​ក្បាល ដុំ​ពកមហារីក​​ក្នុង​ខួរ​ក្បាល ជួន​កាច (glioblastome) ជួន​ស្លូត (oligodendrogliome)​កើន​ពី​ពីរ ទៅ​បី​ដង​។ ដូច​គ្នា​​នេះដែរ គ្រោះ​​កើត​ដុំ​ហើម​ក្នុង​ខួរក្បាល ដុំ​ពក​ជាទូទៅស្រាល​នៅ​ស្រោម​ខួរ អាច​នឹង​កើន​ទ្វេ​ដង ទៅ​បី​ដង​​លើស​អ្នក​ដែល​ប្រើ​ទូរស័ព្ទ​សម​ស្រប​។

មាន​ការសិក្សា​ច្រើន​ដែល​និយាយ​អំពី​គ្រោះ​ថ្នាក់​ដ៏​ចម្រូង​ចម្រាស​នៃ​ទូរស័ព្ទ​ដៃ។ វិធី​សាស្ត្រ​នៃការ​ស្រាវជ្រាវ​ ក៏​មិន​ទាន់​ស៊ី​ចង្វាក់​គ្នា។ ភាព​ស្មុគស្មាញ​មួយ​ទៀត គឺ​ទូរស័ព្ទ​ដៃ​ ជា​របក​គំហើញ​ថ្មីៗ​នៅ​ឡើយ ប្តូរ​ផ្លាស់​យ៉ាង​លឿន​រហ័យ​ក្នុង​ការ​កាត់​បន្ថយ​ការ​រលក​វិទ្យុ​សកម្ម​ បាន​កាន់​តែ​ប្រសើរ​ឡើង បូក​ផ្សំ​នឹង​ការ​វិវឌ្ឍន៍​ យឺត​និងស្ងាត់ៗ​នៃ​ដុំ​ពក​មហារីក​ខួរ​ក្បាល​ខ្លះ​ទៀត ទើប​ធ្វើ​​​ឱ្យ​អ្នក​ស្រាវជ្រាវ​​​ពិបាក​ផ្តល់​ចម្លើយ​ប្រកប​ដោយ​ភាព​លាក់​ជាក់បានទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ