អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ប្រធានាធិបតី​បារាំងថ្មី លោក ម៉ាក្រុង ​ធ្លាក់​ប្រជាប្រិយភាព​លឿន​ជាង​ប្រមុខ​រដ្ឋ​មុនៗ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បវេសនកាល​នយោបាយ​ឆ្នាំ​ថ្មី​បាន​ចាប់​បើក​​ហើយ នៅ​ប្រទេស​បារាំង ! សមាជិក​រដ្ឋាភិបាល​របស់​លោក អេម៉ាណុយអែល ម៉ាក្រុង បានមក​ជួបជុំ​គ្នាស្តាប់​បង្គាប់​ប្រធានាធិបតី​ កាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​ត្រៀម​ខ្លួនចេញ​​បំពេញការងារ​ និង​ធ្វើ​កំណែទម្រង់ផ្សេងៗ ដែល​ទំនង​​ជា​​លំបាក​ និង​តាន​តឹង​ខ្លាំង​តែ​ម្តង។ បរិយាកាស​នយោបាយ​និង​សង្គម គ្រប​ដណ្តប់​ដោយ​ភាព​សង្ស័យ​ និង​មិន​ទុក​ចិត្ត។ ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី​បាន​ដាំក្បាល​ធ្លាក់​ចុះ​ខ្លាំង​ពុំ​ធ្លាប់​មាន។ តើ​មក​ពី​មូលហេតុ​អ្វី ?

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ក្នុង​ជំនួប​គណៈ​រដ្ឋមន្ត្រី​ថ្ងៃទី ២៨ សីហា ២០១៧
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ក្នុង​ជំនួប​គណៈ​រដ្ឋមន្ត្រី​ថ្ងៃទី ២៨ សីហា ២០១៧ REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

តើ​ជា​ការ​ប្រជុំ​ការងារ ឬ​ជាការដោះស្រាយ​វិបត្តិ ? ការ​ជួប​​ប្រជុំ​​នៅ​វិមាន​ប្រធានាធិបតី ក្រោម​អធិបតីភាព​របស់​លោក អេម៉ាណុយអែល ម៉ាក្រុង នៅថ្ងៃ​ចន្ទ​ទី ២៨​សីហា ប្រព្រឹត្ត​ទៅ​​ក្នុង​បរិបទ​នយោបាយ​ដ៏​ស្មុគស្មាញ​ ព្រោះ​លោក​ទើប​តែ​បាន​ឡើង​កាន់​តំណែង​​ប្រមាណ​តែ​ជាង​បី​ខែ ជា​ប្រធានាធិបតីផង និងអ​ប្រជាប្រិយភាព​​ផង។

ឡើងកាន់​អំណាចបាន​ជាង​មួយ​ត្រីមាស​ តែរូបភាព​ប្រធានាធិបតី​ម៉ាក្រុង​ ហាក់​ដូច​ជា​បាន​ខូច​ខាត​ខ្លាំង ជាមួយ​ប្រជាប្រិយភាព​ដាំក្បាល​ចុះ​មិន​ធ្លាប់​មាន។ បើ​តាម​ការ​ស្ទង់​មតិ ចុះ​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី ២៧ សីហា ២០១៧ លោក​ម៉ាក្រុង​បាន​បាត់​បង់​ប្រជាប្រិយភាព​អស់​១៤%​ក្នុងរយៈ​ពេល​តែ​មួយ​សីហា​នេះ​សោះ និ​ង​អស់​១០%​ កាលពី​ខែ​កក្កដា។ ជា​សរុប​ មាន​ប្រជាពលរដ្ឋ​តែ​ប្រមាណ​៤០%​ប៉ុណ្ណោះ​ ដែល​នៅ​មាន​គំនិត​សុទិដ្ឋនិយម​លើ​រូប​លោក​ប្រធានាធិបតី។ មាន​ន័យ​ថា លោក ម៉ាក្រុង គឺ​ជា​ប្រធានាធិបតី​ដែល​អប្រជាប្រិយភាព​ជាង​គេ​បង្អស់ បើ​ប្រៀប​ទៅ​នឹង​ប្រធានាធិបតី​មុនៗ ក្នុង​រយៈ​ពេល​ដូច​គ្នា ៖​ សូម្បី​តែ​លោក ហ្វ្រង់ស័រ ហូឡង់ ក៏​មាន​ការ​គាំទ្រ​គ្រាន់​ប្រើ​ជាង​ កាលពី​ឆ្នាំ ២០១២ (៥៤%) និង​កាលពី​ឆ្នាំ​២០០៧ ​លោក​នីកូឡា សាកូហ្ស៊ី រក្សា​ប្រជាប្រិយភាព​ដល់​ទៅ​​ ៦៧%។

នៅ​ក្នុង​ឱកាស​ជួប​ប្រជុំ​ការងារ​ដំបូង​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ត្រូវ​សម្រេចសម្រួច​លើកម្មវិធី​ធ្វើ​កំណែទម្រង់​ធំៗ​សំខាន់ៗ ដែល​ត្រូវ​ធ្វើ​នៅ​ខែ​ខាង​មុខ ដោយ​ចាប់​ផ្តើម​ពី​កំណែទម្រង់​ច្បាប់ការងារ។ សិទ្ធ​ប្រើ​​បញ្ជា​ប្រធានាធិបតី​ ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ...។ មិន​ដឹង​ថា​តើ​ថ្ងៃ​ណាត់​របស់​រដ្ឋាភិបាល​នេះ នឹង​ក្លាយ​ទៅ​ជា​ថ្ងៃ​ណាត់​ធ្វើ​បាតុកម្ម​​របស់​ក្រុម​សហជីព​ឬ​យ៉ាងណា​ទេ ! គេ​គ្រាន់​តែ​ដឹង​ជា​ស្រេច​ថា​មាន​សហជីព​ធំ​មួយ​ CGT​ បាន​ប្រកាស​យក​ថ្ងៃ​ទី ១២​ កញ្ញា​ជា​ថ្ងៃ​ប្រមូល​ផ្តុំ​តាមថ្នល់​ ប្រឆាំង​នឹង​ផែនការ​រដ្ឋាភិបាល​រួច​ទៅ​ហើយ។

ការងារ​លំបាក​ជា​ច្រើន​ផ្សេង​ទៀត ក៏​កំពុង​រង់ចាំ​លោក​ប្រធានាធិបតី​និង​លោក​នាយក​រដ្ឋមន្ត្រី​ ដោះស្រាយ​រហូត​ដល់​ចប់​ដំណាច់​ឆ្នាំ​តែ​ម្តង មាន​ជាអាទិ៍​ការ​រៀប​ចំ​គម្រោង​ថវិកា​ឆ្នាំ​២០១៨ ​ដែល​ត្រូវ​ការ​សន្សំ​ប្រាក់​ឱ្យ​បាន​២០ពាន់​លាន​អឺរ៉ូ ! នេះ​មិន​រាប់​អំពីភាព​តាន​តឹង​ក្នុង​វិស័យ​ឧត្តមសិក្សា ការ​រៀប​ចំ​គម្រោង​កំណែទម្រង់​ប្រព័ន្ធ​ធានារ៉ាប់រង​អ្នក​អត់ការងារធ្វើ ការ​ផ្តល់​វគ្គបំពាក់បំប៉ន​ជំនាញ​ និង​ការ​ចូល​និវត្តន៍​ផង។ ពោល​គឺ​រដ្ឋាភិបាល​ថ្មី ត្រូវ​បង្ហាញ​អំពី​កញ្ចប់​កំណែទម្រង់​ទូទៅ ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​​ឃើញអំពី​ភាព​ស៊ីចង្វាក់នៃ​ការ​ដឹកនាំប្រទេស និង​ឱ្យឃើញ​ថា​រដ្ឋាភិបាល​បារាំង​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ម៉ាក្រុង​ ខុស​ប្លែក​ពី​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​មុន។

ប៉ុន្តែនេះ​ហើយ​ជា​បញ្ហា ! ​​​រដ្ឋាភិបា​ល​ថ្មី​របស់​លោក​ម៉ាក្រុង​នេះ ពុំ​ទាន់​មាន​សមត្ថភាព​ពន្យល់​និង​បង្ហាញ​អំពីភាព​ខុសប្លែក​និង​សកម្មភាពទូទៅ​របស់​រដ្ឋាភិបាល​ខ្លួន​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ​ នា​ពេល​នេះ។ វិធានការ​កែតម្រឹម​ថវិកា កាត់​បន្ថយ​ឱនភាព​ជាតិ ស្រប​តាម​អនុសាសន៍​អឺរ៉ុប កាលពី​ដើម​អាណត្តិភា្លម ត្រូវ​បាន​បាំង​ជិត​ដោយ​ការ​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បង្កក​កាំប្រាក់ខែ​អ្នក​រដ្ឋការ ការ​ដំឡើង​វិភាគទាន​សង្គម​ ការ​បញ្ចុះ​ជំនួយ​ផ្នែក​លំនៅដ្ឋាន ជំនួយ​សង្គម​ ជំនួយ​សមូហភាពសាធារណៈ ...

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ផ្ទាល់​ក៏​បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាលផ្តល់​ការ​ពន្យល់​មិន​គ្រប់គ្រាន់​នូវ​រាល់​សេចក្តី​សម្រេច​របស់​ខ្លួន។ នៅ​ថ្ងៃ​ខាងមុខ រដ្ឋមន្ត្រី​និង​សមាជិក​សភា​បក្ស​កាន់​អំណាច​ទំនង​ជា​ត្រូវ​ប្តូរ​​សិល្ប៍​វិធី​​មក​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ជាង​មុន​ហើយ។ ប្រធានាធិបតី​ដែល​កំណាញ់​ពាក្យសំដី​​បំផុត​តាំង​ពីឡើង​កាន់​អំណាច​មក ក៏​ប្រហែល​ជា​ត្រូវ​បង្ហាញ​មុខ​ ​ចេញយោបល់ ក្នុង​ពេល​ឆាប់ៗ​ដែរ។

ជាង​មួយ​ថ្ងៃ​ក្រោយ​ជាប់​ឆ្នោត លោក​ម៉ាក្រុង អាច​វាស់​វែង​បាន​ថា​តើ​អំរែក​សង្គម​និង​នយោបាយ​បារាំង​ផុយ​ស្រួយប៉ុណ្ណា​។ លោក​ដែល​តាំង​ខ្លួន​ជា​អ្នក​កណ្តាល​និយម មិន​ឆ្វេង មិន​ស្តាំ អាច​ទាក់ទាញ​សំលេង​អ្នក​ខក​ចិត្ត​ឱ្យ​បោះឆ្នោត​ជូន​លោក​ នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​មែន ប៉ុន្តែ​នៅពេល​បាន​ចូល​កាន់​​ទំនួល​ខុស​ត្រូវ​ពិត វា​មិន​មែន​ជា​ងាយ​ស្រួល​ឡើយ​ ក្នុង​ប្រតិបត្តិការងារ​តម្រូវ​ចិត្ត​ម្ចាស់​ឆ្នោត​ដ៏​ចម្រុះ​នោះ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រជាប្រិយភាព​លោក​ត្រូវ​តែ​ធ្លាក់​ចុះ​ខ្លាំង ហើយ​​ក្នុង​រយៈ​ពេល​១៤​សប្តាហ៍នេះ​ លោក​ម៉ាក្រុង​អាច​ប្រមូល​បាន​តែ​ភាព​សង្ស័យ​​ មិន​ទុក​ចិត្ត​ និងការ​ខក​ចិត្ត​ពី​សំណាក់​សកម្មជន​​មួយភាគ​ធំ​ប៉ុណ្ណោះ។ លោក​ក៏​បាន​ទទួល​ស្គាល់​ដោយ​ខ្លួន​ឯង តាំងពី​ថ្ងៃ​ជាប់​ឆ្នោត​ភ្លាម​ថា ​ជោគជ័យរបស់​លោក មួយ​ផ្នែក​គឺ​​ដោយ​សារ​ពលរដ្ឋគ្មាន​ជម្រើស។

ប៉ុន្តែ​ជា​សំណាង​ល្អ ប្រជាប្រិយភាព​​លោក​មិន​ធ្លាក់​ខ្លាំង​ដល់​បាត​ ព្រោះ​លោកប្រមុខ​រដ្ឋ​អាច​បន្ត​ទាញ​ប្រយោជន៍​​​អំពី​អវត្តមាន​នៃ​បក្ស​ប្រឆាំង​​ធំៗ​ពីរ គឺ​បក្ស​សង្គមនិយម​ និង​បក្ស​សាធារណរដ្ឋ ព្រម​ទាំង​បក្ស​រណសិរ្ស​ស្តាំ​ជ្រុលនិយម ដែល​បែកបាក់​គ្នា ងើប​មុខ​មិន​រួច​ ក្រោយ​បរាជ័យ​​នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី។ មាន​តែ​បក្ស​កុម្មុនិស្ត​និយម​របស់​លោក មេឡង់ស្ហុង​ ដែល​ជា​បក្ស​នយោបាយ​ធំ​លំដាប់​ទី​បួន​ ប៉ុណ្ណោះ ដែល​មាន​មុខ​មាន​មាត់​ មាន​សំឡេង​ស្រែក​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣​កញ្ញា ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ការងារ ដែល​លោក​ចាត់​ទុក​ជា​ "​​រដ្ឋប្រហារ​សង្គម”។ ​នេះ​ជាសេណារីយោដែល​រដ្ឋាភិបាល​ចង់​បញ្ចៀស​ឱ្យ​បាន ! មិន​ចង់​ឱ្យ​មាន​បាតុកម្ម​របស់​សហជីព​ផង​និង​នយោបាយ​ផង​ ពី​សំណាក់​បក្សប្រឆាំង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ