អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

របាយការណ៍​សម្ងាត់​ នៃ​ សន្តិសុខ​ជាតិ​រុស្ស៊ី​ អំពី​សង្គ្រាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិមលោក​ ប្រឆាំង​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ ក្នុងសប្តាហ៍នេះ នាយក ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB លោក Alexandre Bortnikov បាន​អ​ញ្ជើញ​ទៅថ្លែងក្នុងសភាឌូម៉ា ក្នុងលក្ខណៈបិទទ្វារ​ សម្រាប់​ភ្នែកពួក​អ្នក​កាសែត ​អំពី​ឥទ្ធិពល ​ប្រព័ន្ធ ផ្សព្វផ្សាយ​បស្ចិមលោក មកលើ​នយោបាយ​រុស្ស៊ី ដោយ​ប្រៀបធៀប​ការ​នេះ ​ទៅ​នឹង​ សង្គ្រាម​ព័ត៌មាន ” ។ តាមប្រភព BBC ដែលចេះច្បិចយកបាន ពីសំដីតំណាងរាស្ត្រ​ខ្លះ​ ដែល​បាន​វត្តមាន​ស្តាប់របាយការណ៍នោះ លោក Bortnikov​ បានរំលឹកជាអាទិ៍ អំពី កាណាល់​ទូរទស្សន៍​ CNN ​និង ​កាសែត ​Washington​ Post។

សភា​ Duma នៅទីក្រុង​​ Moscow​ ប្រទេស​រុស្ស៊ី
សភា​ Duma នៅទីក្រុង​​ Moscow​ ប្រទេស​រុស្ស៊ី REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

មុនចាប់ផ្តើមកិច្ចប្រជុំនោះ លោកប្រធាន​សភាឌូម៉ា ​Vyacheslav Volodin​ បានសុំពួក​អ្នក​តំណាងរាស្ត្រ​ ឲ្យ​បិទទូរសព្ទដៃ ​ហើយក្នុងសភា​ឌូម៉ាផ្ទាល់​ តាំងពី​ដើមទី​ រហូតដល់ចប់​បទ​អន្តរាគមន៍​ លោកនាយក សន្តិសុខជាតិ​រុស្ស៊ី គឺ​ ផ្តាច់​ប្រព័ន្ធ​ Wi-Fi​ ឲ្យឈប់ដើរ។​ របាយការណ៍​លោក​នាយក​ FSB ​Alexandre Bortnikov ឧទ្ទិសដល់ សន្តិសុខព័ត៌មាន នៅរុស្ស៊ី។​

ក្រោយពីអន្តរាគមន៍របស់គាត់​ ប្រធាន​នៃ គណៈកម្មាធិការ​សភា​ ខាង​បច្ចេកវិជ្ជាព័ត៌មាន​ និង​ ទូរគមនាគមន៍​ លោក​ Leonid ​Levin បាន​ឡើង​ថ្លែង​បញ្ចេញ​យោបល់។​ តាម​សំដី ​លោក​ Levin​ក្នុង​របាយការណ៍​នាយកFSB ​សាច់រឿង​គឺ​អំពី ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​ដែលកំពុង​ស្ថិត​ក្នុង​វិបត្តិ, អំពីឧប្បត្តិហេតុពេលថ្មីៗ បណ្តាលមកពី​ Virus WannaCry រ៉ៅឆាន បណ្តាញ Computer ,​ អំពី​ សមត្ថភាព​ការពារ​របស់​រុស្ស៊ី​ ទល់​នឹង​ ការ​គម្រាម​វាយប្រហារ​នៃ​ពួក​ Hacker ,​ អំពី​ការផលិត​ដោយ​រុស្ស៊ី​ផ្ទាល់​ជំនួស ​ផលិតផល​នាំចូល ​ក្នុង​វិស័យ​ កម្ម​វិធីកុំព្យូរទ័រ ,​ អំពីការ​ប្រយុទ្ធ​ទល់នឹងការផ្សព្វផ្សាយ ព័ត៌មាន​របស់ ​អង្គការ​ភេរវនិយម។​

សេចក្តី​សន្និដ្ឋាន​ ដែល​មាន​ធ្វើក្នុងរបាយការណ៍​នោះ ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ ពីភាព​ចាំ​បាច់​ត្រូវ​តែ​កែ​ឲ្យ​ ប្រសើរ ​ឡើង ប្រព័ន្ធច្បាប់​នៅរុស្ស៊ី ​ក្នុងវិស័យ​ព័ត៌មានលោក Levinចង្អុល​ឲ្យ​ឃើញ។​

 

លោក​នាយក ​FSB Bortnikov ក៏​បាន​រ៉ាយរ៉ាប់​ជូន​ពួក​អ្នក​តំណាងរាស្ត្រ​ អំពី​ឥទ្ធិពល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បស្ចិមលោក​ ជះ ​មក​លើ ​នយោបាយ​រុស្ស៊ី”- ដំណឹង​នេះ ​ត្រូវ​បាន​ដំណាល​ឲ្យ​ BBC​ដឹង ​ដោយ​តំណាងរាស្ត្រ​ ៣​នាក់ ​ដែល​បាន​ វត្តមាន​ក្នុង​កិ​ច្ចប្រជុំ​នោះ​ ហើយដែល​សុំកុំ​ឲ្យ​បញ្ចេញ​ឈ្មោះ​គេ ដ្បិតលោកប្រធាន សភាឌូម៉ា បាន​ព្រមាន​ ពី​ លក្ខណៈ​សម្ងាត់​របស់​វា។​

ក្នុងរបាយការណ៍នោះដែលបង្ហាញជូន​ពួក​អ្នកតំណាងរាស្ត្រ​ មាន​រាយឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​តាម​ មតិ លោក​នាយក FSB​ គឺ​រមែង​ចូល​រួមក្នុង​ សង្គ្រាមពត៏មាន ប្រឆាំង​រុស្ស៊ី”​ -រឿង​នេះ​ ត្រូវ​បាន​បង្ហើប​ ទៅ​ BBC​ដោយ ​តំណាង​រាស្ត្រ​ពីរ​នាក់ ។​

ក្នុង​របាយការណ៍​បង្ហាញ​នោះ ​មាន​រំលឹក​ពី កាណាល់​ទូរទស្សន៍ ​CNN​និង​ កាសែត​ Washington Post -នេះ បើ​តាម​សំដីតំណាង​រាស្ត្រ​ម្នាក់។​

លោកនាយក ​FSBក៏​បាន​រំលឹក ពី បញ្ហាព័ត៌មាន​បោក​បញ្ឆោត​ហៅថាFake News “ ដែល​តាម​សំដី​គាត់ គឺ ​ផ្សាយ​ហើយ ផ្សាយទៀត ដោយ​ ប្រព័ន្ផ​ព្វផ្សាយ​ខ្លះ​នៃ​លោក​ខាង​លិច។

កាលពីមុនៗ ​ពួកតំណាងរាស្ត្រ​សភា​ឌូម៉ា​ផ្ទាល់​ ធ្លាប់​បាន​សំដែង​ទៅ​ហើយ​ ក្តីព្រួយបារម្ភ​ ចំពោះ​ការងារ​ Media​បស្ចិមលោក នៅ​រុស្ស៊ី។​ យ៉ាងណាមិញ​ កាលពី​ខែ​មិនា​ តំណាងរាស្ត្រ​ ខាង​បក្ស​កាន់​អំណាចប្រទេសរុស្ស៊ីរួមធ្លុងមួយ” លោក Constantin Zatulin បាន​សុំ​ឲ្យ​ផ្ទៀង​ផ្ទាត់​ពិនិត្យ​មើល ​សកម្មភាព Mediaអាមេរិកាំង បែបយ៉ាង Radio Liberty , Voice of America , CNN និង ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកាំង ផ្សេង ទៀត តើសកម្មភាពគេ ឆ្លើយស្របឬទេ នឹង ការទាមទារ​នៃ​ ច្បាប់រុស្ស៊ី។ ការអំពាវនាវនេះ ជាចម្លើយតបនឹង សំណើរបស់ពួកអ្នកតំណាងរាស្ត្រអាមេរិកាំង ដែល​រឹតត្បិត​ ការងារ នៃ កាណាល់ទូរទស្សន៍រុស្ស៊ី Russia Today និង​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី​ Sputnik នៅ លើដែនដី សរអា។ លុះនៅខែមេសា ​ក្នុង​សភា​ឌូម៉ា ​មាន​ប្រព្រឹត្ត​ទៅ ​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ គណៈកម្មាធិការខាងនយោបាយព័ត៌មាន ​ជាទី​ដែល​ពួក​ អ្នកជំនាញ​ និង​បណ្តា​តំណាងរាស្ត្រ​ បានចោទ Radio Liberty , Voice of America ព្រម​ទាំង BBC ថា​ប៉ុនប៉ង​ជះ​ ឥទ្ធិពល​ មកលើលទ្ធផលនៃការបោះឆ្នោត​រើស​សភា​ឌូម៉ា ​នៅ​រុស្ស៊ី កាលពី ខែកញ្ញាឆ្នាំ ២០១៦។

ការស្រាវជ្រាវ នៃក្រុម ត្រួតពិនិត្យលើការងារប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៊ី​ បង្ហាញ​ឲ្យ​ឃើញ​ថា ​Media​អាមេរិកាំង ទាំងនេះ បានយកការណ៍អំពី​ ការ​បោះឆ្នោត​រុស្ស៊ី​នោះ​ តែ​ក្នុង​ន័យ​អវិជ្ជមាន ​ដោយ​យោង​ជា​ទូទៅ ​ទៅលើមតិពួកប្រឆាំង , ចោទជាក្តីមន្ទិល​សង្ស័យ​ លើ​លក្ខណៈ​ប្រជាធិបតេយ្យ នៃ Mediaអាមេរិកាំង​អំពី​ បោះឆ្នោត​នៅ​រុស្ស៊ី​ ដែល​តែង​ទិតៀន​យ៉ាង​សកម្ម​ បក្ស”​ ប្រទេសរុស្ស៊ីរួមធ្លុងមួយហើយ ផ្លុំបំប៉នគ្មានឈប់ ពត៏មាន ស្តីពី អំពើ​ពុករលួយ “​ ក្នុង​ឋានៈ​ ជាចំណុច សម្គាល់ បក្សកាន់អំណាចនេះ នៅរុស្ស៊ី

ស្របនឹងរបាយការណ៍មួយទៀត ​ក្រោម​ចំណងជើ​ងថា​ ឥទ្ធិពលស​រអា មក​លើ​ ស្ថានការណ៍​នយោបាយ នៅរុស្ស៊ី ពេលប្រព្រឹត្តទៅ ការបោះឆ្នោតសភាឌូម៉ា ឆ្នាំ២០១៦ និង តទៅអនាគត មាននិយាយ ថា ៖

-សរអា បានបង្កើតជា អង្គភាពពិសេសៗ នៅតាមស្ថាប័នសម្ងាត់ប្រទេសខ្លួន​ និង​ប្រទេស​សម្ព័ន្ធមិត្ត សម្រាប់ ផ្សាយព័ត៌មានប្រឈម​នឹង​រុស្ស៊ី។ របាយការណ៍​នេះ ​ដែលតាក់តែង​ឡើង​ដោយ​ នយោបាយវិទូរុស្ស៊ីដ៏ល្បី ល្បាញ លោក Alexei Mukhin ចោទ ក្រសួងការបរទេស សរអា ថាចេះតែប៉ុនប៉ង​ជះឥទ្ធិពល មកលើ លទ្ធផលនៃការបោះឆ្នោត​នៅ​រុស្ស៊ី​ តាម​រយៈ​ការ​ផ្តល់​ ហិរញ្ញប្បទាន​ មិនគ្រាន់​តែ​ ដល់​ Radio Liberty , Voice of America ព្រមទាំង BBCប៉ុណ្ណោះ​ទេ។​

គឺក្រោយ​ពី​កិច្ចប្រជុំ ​ខែ​មិនា ​និង ​មេសា ​នោះ​ឯង​ ដែល​ពួក​អ្នកតំណាងរាស្ត្រ បាន​អញ្ជើញ ​នាយក​ FSB​ លោក Alexandre Bortnikov ឲ្យទៅថ្លែងក្នុងសភាឌូម៉ា ក្នុងលក្ខណៈសម្ងាត់។​

លោក Bortnikovតាមរយៈរបាយការណ៍ លាតត្រដាង​ជូន​សភា​ឌូម៉ា​ បាន​បញ្ជាក់​ ពី​ និក្ខេបបទ​ ស្តី​អំពី ​ឥទ្ធិពល Media បស្ចិមលោក ​មក​លើ​នយោបាយ​រុស្ស៊ី​ ហើយ​បាន​គាំទ្រ​ ដល់​ រាល់​ច្បាប់​ណា ​ដែល​សភាឌូម៉ា អនុម័ត សម្រាប់ធានា សន្តិសុខព័ត៌មាន​ របស់​ប្រទេស”-នេះ ​ជា​ ការ​ដំណាល​ឲ្យ​ដឹង​ ដោយ​តំណាងរាស្ត្រ​ ម្នាក់​ ពីក្នុងចំណោម​តំណាងរាស្ត្រ​រុស្ស៊ី​ សភា​ឌូម៉ា​ ដែល​បាន​ស្តាប់​ សេចក្តីរាយការណ៍ របស់ ​លោកនាយក FSB ​ក្នុង​សប្តាហ៏​នេះ។​

សូរខ្ទរ នៃ របាយការណ៍លោកនាយក FSB ទើបនឹងញ៉ាំង គណៈកម្មាធិការ​ខាង​ប្រយុទ្ធ​ទល់​នឹង​ ឥទ្ធិពល បរទេស ដែលមានបង្កើត​ឡើង​ពេលថ្មីៗ​ ក្នុង​ព្រឹទ្ធសភា​រុស្ស៊ី​ ឲ្យ​បំផុស​មក​ជា​លើក​ដំបូង​ នូវ ​គំនិត​ផ្តួចផ្តើម​ ដែល​តម្រូវ​ឲ្យ​ក្រសួង​យុត្តិធម៌ ផ្ទៀងផ្ទាត់​ពិនិត្យ​ថែម​ទៀត​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​វិញម្តង តើគេទទួលប្រា​ក់ ពី បរទេសឬទេ ប្រសិន​បើគេជាប់​សង្ស័យ​ថា​ ធ្វើការ​ បម្រើ​ផលប្រយោជន៍​រដ្ឋ​ដទៃសោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ