អានតួអត្ថបទ
បារាំង

បោះឆ្នោត​ប្រធានាធិបតី​បារាំង ៖ រដ្ឋាភិបាល ​លម្អិត​វិធានការ​សន្តិសុខ

នៅ​សល់​តែ​មួយ​សប្តាហ៍ទៀត​គត់ ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទីមួយ​នឹង​ចូល​មក​ដល់​។ ប៉ូលិស​ ​នគរបាល​ កង​អាវុធ​ហត្ថ ជាង​៥ពាន់​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ប្រមូល​ផ្តុំ​កម្លាំង​ដើម្បី​រក្សា​សន្តិសុខ​ការិយាល័យ​បោះឆ្នោត​​ទាំង​៦៧០០០​មណ្ឌល។ បេក្ខជន​ប្រធានាធិបតី​នីមួយ ៗ ក៏​បាន​ទទួល​បទ​បញ្ជា​ ​ពិសេស​ពី​ភ្នាក់ងារ​សន្តិសុខជាតិ។

បដា​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត នៅតាមផ្លូវក្នុងក្រុងប៉ារីស
បដា​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត នៅតាមផ្លូវក្នុងក្រុងប៉ារីស Reuters
ផ្សាយពាណិជ្ជកម្ម

 

ទោះ​មាន​កងកម្លាំងយោធា​ល្បាត​ក្នុង​ផ្ទៃ​ប្រទេស​ដើម្បីរក្សា​សន្តិសុខ​ហើយ​ក៏​ក្តី ក៏​ក្រសួង​មហាផ្ទៃ​មិន​ធ្វេសប្រហែស ! ដើម្បី​ជា​កិច្ចការពារ រដ្ឋាភិបាល​​បាន​ប្រមូល​កម្លាំង​នគរបាល កង​រក្សា​សន្តិសុខ​ប្រមាណ​ជាង​៥០០០​នាក់​បន្ថែម​ទៀត​ សម្រាប់​ចេញ​ធ្វើ​អន្តរាគន៍​នៅ​តាម​​​ការិយាល័យ​បោះឆ្នោត​ដែល​មាន​ចំនួន​ជាង​៦ម៉ឺន៧ពាន់​កន្លែង ក្នុងករណី​ចាំ​បាច់​ជា​យថាហេតុ ណា​មួយ។ នេះ​បើ​តាម​ប្រសាសន៍ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង។

ការ​បោះឆ្នោត​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែង​ភេរវកម្មផង និង​ការ​ផ្ទុះ​​សណ្តាប់​​ធ្នាប់​សង្គម​ផង។ ការ​គំរាម​ភេរវកម្ម​នៅ​តែ​មាន​​កំរិត​ធ្ងន់ធ្ងរ​ខ្លាំង និង​ជាប់​ជា​និច្ច​នៅ​ឡើយ មិនថា​ក្នុង​កំរិត​ថ្នាក់​អឺរ៉ុប ឬ​ថ្នាក់ជាតិ​បារាំង​​ផ្ទាល់​ទេ។ ភេរវកម្ម​នៅ​ទីក្រុង​ឡុងដ៏ កាល​ពី​ថ្ងៃទី​២២​មីនា ភេរវកម្ម​នៅ​ស្តុកខុម​ប្រទេស​ស៊ុយអែរ​កាលពី​ថ្ងៃទី ៧ ជា​ឧទាហរណ៍​ជាក់​ស្តែង​ រំលឹក​អំពី​ហានិភ័យ​ភេរវកម្ម ហើយ​ម្យ៉ា​ង​ទៀត ប្រទេស​បារាំង​ផ្ទាល់​ក៏​ទើប​ស្រាវ​ ចាប់​​បណ្តាញ​​ភេរវនិយម​បាន​១៩​នាក់ កាល​ពី​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ។

បេក្ខ​ជន​នីមួយៗ ជាពិសេស​បេក្ខជនបក្ស​ធំៗ ​ដែល​មាន​សំឡេង​នាំ​មុខ​គេ សុទ្ធ​តែ​បាន​ទទួល​​បទ​បញ្ជា​សន្តិសុខ​ពិសេស​ពី​ភ្នាក់ងារ​ជាតិ ព្រោះ​ការ​គំរាម​កំហែង​មាន​លក្ខណៈ​ដៅ​ចំ​បុគ្គល​បេក្ខជន​ប្រធានាធិបតី​ ឬ​ទីស្នាក់ការ​បក្សរបស់​ពួកគេ។ ការ​បញ្ជូន​ទាហាន​ដៃ​ឆើត និង​កងកម្លាំង​ធ្វើ​អន្តរាគមន៍​ពិសេស​​ នៅ​ពេល​​បេក្ខជន​ប្រធានាធិបតី​ធ្វើ​មិទ្ទិញ ឬ​យានយន្ត​ចាប់​ជាតិ​ផ្ទុះ​ត្រួត​ពនិត្យ​កន្លែងធ្វើ​មិទ្ទិញ​ មុន​បេក្ខ​ជន​ទៅ​ដល់​ ...ទាំងអស់នេះ សុទ្ធ​សឹង​ជា​វិធានការ​ពិសេស​សម្រេច​ដោយ​រដ្ឋាភិបាល។

កងកម្លាំង​អាជ្ញាធរ​សន្តិសុខ​ មាន​ភារៈ​ត្រូវ​តាមដាន​ការពារសណ្តាប់​ធ្នាប់​សង្គម​ខ្លាំង ​ខ្លាច​ក្រែង​មាន​ការ​ជ្រុលជ្រួល​ណា​មួយរហូត​ដល់​មាន​ការ​ប៉ះទង្គិច​គ្នា​ បណ្តាល​មក​ពី​ភាព​ជ្រុល​និយម​ខ្លាំង​សកម្មជនគាំទ្រ​នយោបាយ​គ្រប់​បក្ស នៅ​ក្រោយ​លទ្ធផល​ឆ្នោត​ ជុំ​ទីមួយ និង​មុន​ការ​បោះឆ្នោត​ជុំ​ទីពីរ។ ការ​បោះឆ្នោត​​ដែល​បើ​តាម​ការ​ស្ទង់​មតិ​ជា​ច្រើន​បង្ហាញ​ថា បេក្ខជន​នៃ​បក្សស្តាំ​​ជ្រុលនិយម អាចជាប់​ឆ្នោត​​ឡើង​​ដល់​ជុំ​ទីពីរ​ផង។

ដោយឡែក​ ការ​បោះឆ្នោត​តាម​​ប្រព័ន្ធ​អ៊ីនធ័រនែត​ សម្រាប់​ពលរដ្ឋ​បារាំង​ដែល​រស់នៅ​បរទេស​ ត្រូវ​លុប​ចោល ព្រោះ​ខ្លាច​មាន​​ មាន​ការ​ចូល​លុកលុយ ​បន្លំ​ទិន្ន័យ​ពី​ពួក​ចោរ​ព័ត៌មានវិទ្យា ​ដែល​អាច​ធ្វើ​ឲ្យ​ខូច​លទ្ធផល​សម្លេង​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ