អានតួអត្ថបទ
បារាំង

វេទិកា​​ដេញដោល​​មតិ​​រវាង​​​បេក្ខជន​​ប្រធានាធិបតី​​បារាំង​​ទាំង​​១១រូប​ ​នៅ​ទុរទស្សន៍​បារាំង​​យប់​នេះ​​​

៣សប្តាហ៍​មុន​ការបោះឆ្នោត​ប្រធានាធិបតីជុំទី១​ នៅ​បារាំង ទូរទស្សន៍​បារាំង​​រៀបចំ​ជា​លើក​ទី១​ នូវ​វេទិកា​ដេញដោល​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង១១រូប​តែម្តង។ វេទិកា​ដ៏ធំ​ដំបូង​នេះ នឹង​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ ម៉ោង​៨និង៤០នាទី ម៉ោង​ក្នុងស្រុក ​យប់​ថ្ងៃ​អង្គារ​នេះ។ វេទិកា​​​​ផ្តោត​លើ​ប្រធានបទ​ចំនួន៣ គឺ​ការងារធ្វើ​របស់ប្រជាជន​បារាំង សន្តិសុខ​​និង​សង្គម។ 

បេក្ខជន​ប្រធានាធិបតី​បារាំង​ទាំង១១រូប ដែល​ត្រូវ​ជជែក​ដេញដោល​គ្នា នៅ​ទូរទស្សន៍​បារាំង យប់ថ្ងៃ​អង្គារ​៤មេសា​នេះ។
បេក្ខជន​ប្រធានាធិបតី​បារាំង​ទាំង១១រូប ដែល​ត្រូវ​ជជែក​ដេញដោល​គ្នា នៅ​ទូរទស្សន៍​បារាំង យប់ថ្ងៃ​អង្គារ​៤មេសា​នេះ។ REUTERS
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​ប្រធានាធិបតី​បារាំង ជុំទី១ ​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ ២៣មេសា​នេះ គឺ​នៅ​តែ​១៩ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ជាលើកទី១ ទូរទស្សន៍​បារាំង​អញ្ជើញ​​​បេក្ខជនទាំង១១រូប​ដែល​ឈរឈ្មោះ​ជា​​ប្រធានាធិបតី​​ ​​​អោយ​មក​​​សួរ​​ដេញដោល​គ្នា នៅ​យប់ថ្ងៃ​អង្គារ​នេះ។ ​វេទិកាយប់​នេះ មាន​រយៈ​ពេល​៣ម៉ោងកន្លះ ​នឹង​ផ្សាយ​បន្ត​ផ្ទាល់ នៅប៉ុស្តិ៍​ BFMTV និង ​CNews។ ដោយសារ​​​បេក្ខជន​ទាំងអស់​មា​នច្រើន​ដល់ទៅ​១១នាក់ ពួកគេ​ម្នាក់ៗ មានពេល​តែ​១៧នាទី​ប៉ុណ្ណោះ ក្នុង​ការ​​​ឆ្លើយ​សំណួរ​ និង​សួរដេញដោល​គ្នា​។

ជាត្រួសៗ បេក្ខជន​មកពី​បក្សធំៗ​​​លេចធ្លោ​​​​ មាន​លោកBenoit Hamon នៅ​បក្ស​កាន់អំណាច​សង្គមនិយម​, ​លោក​François Fillon នៅ​​បក្ស​​​សាធារណរដ្ឋស្តាំនិយម, ​លោកស្រី​Marine Lepen  មកពី​បក្ស​ស្តាំជ្រុល​រណសិរ្សជាតិ, លោកJean Luc Mélenchon ​ មកពី​បក្ស​ឆ្វេង​និយម, ​លោក​Emmanuel Macron មកពី​បក្សកណ្តាលនិយម។ ​លោកMacron​នេះ ជា​អតីត​រដ្ឋមន្ត្រី​មួយរូប​របស់​បក្ស​កាន់អំណាច​សព្វថ្ងៃ។ ចំណែក​បេក្ខជន​​​​បក្ស​តូចៗ​ស្តាំ​និង​ឆ្វេងនិយម​ផ្សេងៗ​​​ ​ មាន​​​​លោកស្រី​Nathalie Arthaud នៅ​​បក្ស​កម្មករ, លោក​François​ Asselineau មកពី​​បក្ស​​ប្រជាប្រិយភាព​សាធារណរដ្ឋ, លោក​Jacques Cheminade ​មកពី​បក្ស​សាមគ្គីភាព, លោក​Nicolas Dupont-Aignan មកពី​បក្ស​ស្តាំនិយម, លោក​Jean Lasalle មកពី​បក្សតស៊ូ, លោកPhilippe Poutou ​មកពី​បក្ស​ប្រឆាំងមូលធន​និយម។

នេះ​ជាលើកដំបូង​ដែល​បក្សតូចៗ​អាច​មក​​ជជែកតទល់​គ្នា​​ជាមួយ​បក្សធំៗ ​តាមទូរទស្សន៍ ដូច្នេះបក្ស​តូចៗ​ អាច​ឆ្លៀត​បង្ហាញ​កម្មវិធី​ខ្លួន​ច្រើនជាងមុន។ ជាទូទៅ សារព័ត៌មាន​បារាំង មិនសូវ​ចាប់​អារម្មណ៍​​បក្ស​តូចៗ​ទេ។ ​​ទូរទស្សន៍​​ធំៗ ដូចជា​ប៉ុស្តិ៍TF1 រៀបចំ​​វេទិកា​ដេញដោល​តែ​រវាង​បេក្ខជន​បក្ស​ធំៗ​ប៉ុណ្ណោះ។ ជាក់ស្តែង​ វេទិកា​រៀប​ចំ​ដោយ​ប៉ុស្តិ៍​មួយនេះ កាលពី​ថ្ងៃ២០មីនា។ ដោយឡែក ដោយសារ​ពេល​វេលា​ មាន​តិចតួច សម្រាប់​បេក្ខជន​ម្នាក់ៗ ​ពិធីករ​ជាអ្នកកាសែត​២រូប ដែល​ត្រូវសួរ​សំណួរ​បេក្ខជន​ទាំង​១១រូប ​​​ប្រាប់ថា យប់នេះ ​ពួកគេ​នឹង​ម៉ឹងម៉ាត់ជាមួយ​បេក្ខជន​ ដើម្បី​កុំអោយ​​បេក្ខជន​ជជែក​សួរគ្នា​​រហូត​ស្តាប់គ្នា​មិនបាន។ ដើម្បី​កុំអោយ​បក្ស​តូចៗ អាច​សួរដេញដោល ច្របូកច្របល់​កម្មវិធី​របស់​ខ្លួន បេក្ខជន​បក្ស​ធំៗ​វិញ ​​ប្រាប់ថា ពួកគេនឹង​​រក្សា​គម្លាត​ជាមួយ​បេក្ខជន​បក្ស​តូចៗ។

កម្មវិធី​ដេញដោល​មតិ​យប់នេះ នឹង​ផ្តោត​លើ​ប្រធានបទ​៣ គឺ​ការងារធ្វើ​របស់ប្រជាជន​ក្នុងស្រុក ​សន្តិសុខ និង​សង្គម។ ​ការដេញដោល​នេះ ក៏​នឹង​ផ្តោត​លើ​ប្រធានបទ​ទាក់ទង​សីលធម៌​ផងដែរ។ ​ថ្មីៗនេះ បេក្ខជន​បក្ស​ស្តាំនិយម ​ហ្វ្រង់ស៊័រ ហ្វីយ៉ុង ដែល​ធ្លាប់​ធ្វើជា​​នាយករដ្ឋមន្ត្រី​របស់​លោក​សាកូហ្ស៊ី ​​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​បន្លំ​មូលនិធិ​សាធារណៈ។ វេទិកា​ដេញដោល​មតិបេក្ខជន​​បក្ស​ធំៗ តាមទូរទស្សន៍ កាលពីថ្ងៃ​២០មីនា មិនបាន​​លើក​ជជែក​​​ ​ពី​ប្រធានបទ​សីលធម៌នេះ​​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ