អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វី​ទៅ​ជា​ការ​តាមដាន​​​អេឡិចត្រូនិក​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃអង្គារ​ទី ២៦​កក្កដា ២០១៦ បារាំង​បានរង​​ភេរវកម្មអារក​សម្លាប់​សង្ឃកាតូលិក​ ​ដ៏គួរ​ឱ្យ​តក់​ស្លុត​មួយ​ទាំង​ព្រលឹម បង្ក​ឡើង​ដោយ​ជនជីហាត Adel Kermiche ​បំរើ​ឱ្យ​មនោគមវិជ្ជា​អង្គការ​រដ្ឋ​អ៊ីស្លាម។ ភាព​រន្ធត់​និង​កំហឹង​បាន​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​​ នៅ​ពេល​ឃើញ​​អត្តសញ្ញាណ​របស់​ភេរវជន ដែល​ប៉ូលិស​ស្គាល់​យ៉ាង​ច្បាស់ ព្រោះ​ជា​ជន​ជាប់​ទោស ស្ថិតក្រោម​ការ​តាមដាន​របស់​ប៉ូលិស និង​មាន​ពាក់​ឧបករណ៍​​អេឡិចត្រូនិកជាប់​នឹង​ខ្លួន។ ​បើ​មាន​ពាក់​ឧបករណ៍​តាម​ដាន​ហើយ ហេតុអ្វី​ក៏​ជនជាប់​ទោស​រូប​នេះ​​នៅ​តែ​អាច​បង្ក​ភេរវកម្ម​បាន​ទៀត​ ? ឧបករណ៍​អេឡិចត្រូនិក​ ឬ​កា​រតាមដាន​​អេឡិចត្រូនិក​ជា​អ្វី ?

គំរូ​នៃ​ឧបករណ៍​អេឡិច​ត្រូនិក​មួយ​ សម្រាប់​ពាក់​នៅ​កជើង
គំរូ​នៃ​ឧបករណ៍​អេឡិច​ត្រូនិក​មួយ​ សម្រាប់​ពាក់​នៅ​កជើង REUTERS/Alexei Navalny/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

រៅ​អំពី​ការ​តក់ស្លុត​ នឹង​ភេរវកម្ម​អារក​សម្លាប់​សង្ឃ​កាតូលិក​ មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​ឡើង​ ទាក់ទង​នឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នក​ទោស​​របស់​បារាំង។ ឧបករណ៍​អេឡិចត្រូនិក​ ​ប្រៀប​បាន​នឹង​ខ្នោះ​គ្មាន​ច្រវ៉ាក់ ត្រូវ​បាន​គេ​យក​មក​ប្រើ​ សម្រាប់​​ឃ្វាល​អ្នក​ទោស ដែល​ជាប់​ឃុំឃាំង​នៅក្នុង​​គេហដ្ឋាន​ ឬ​អ្នក​ទោស​​ក្នុង​ពេល​រង់ចាំ​ការ​កាត់​ក្តី​ តែ​​កម្រ​ប្រើ​បំផុត​ក្នុង​សំណុំ​រឿង​ភេរវកម្ម។

បុគ្គល​ដែល​ស្ថិត​នៅ​​​ក្រោម​ការ​តាមដាន​អេឡិចត្រូនិក ជា​ទណ្ឌិត​ ​បាន​អនុវត្ត​ទោស បាន​មួយ​រយៈ​តូច មួយរយៈ​ធំ ឬ​ជិត​អស់... នៅ​ពេល​សើរើ​មើល​ទោស​ឡើង​វិញ ទណ្ឌិត​អាច​សុំ​សិទ្ធ​នៅ​ក្រៅ​ព​ន្ធនាគារ​ ដោយ​ពាក់​កង​​​អេឡិចត្រូនិកនៅ​នឹង​ជើង។ ការ​ទាមទារ​សើរើ​ទោស ក៏​អាច​ធ្វើ​ឡើង​ភា្លម​បាន​ ដោយ​ចៅក្រម​ខាងអនុវត្តទោស ប្រសិន​មើល​ឃើញ​មាន​ភាព​ចម្រូង​ចម្រាស​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេលសវនការ។

ចៅក្រម​អាច​បើក​ពិនិត្យ​មើល​សំណើ​របស់​ទណ្ឌិត​បាន ដរាប​ណា​ទណ្ឌិត បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ និង​​ធានាអះអាង​បាន​ថា​អាច​ចូល​ចុះ​ក្នុង​សង្គម​ សម្រប​ខ្លួនទៅ​តាម​របត់​សង្គម​បាន មាន​ផ្ទះ​ស្នាក់​នៅ​ប្រាកដ​ប្រជា មាន​គ្រួសារ​ជ្រោមជ្រែង​ និង​មាន​គម្រោងចង់​​ប្រកប​មុខរបរ​រកស៊ីចិញ្ចឹម​ជីវិត...

ប៉ុន្តែ​ភេរវជន​ Adel Kermiche ដែល​ជាប់​ឃុំឃាំង​បណ្តោះអាសន្ន​ ពី​បទ​មានពាក់ព័ន្ធនឹង​ក្រុមភេរវនិយម ត្រូវ​បាន​ដាក់​ឱ្យ​ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​​អេឡិចត្រូនិក ក្នុង​ករណី​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ គឺ​ពាក់​ឧបករណ៍​តាមដាន ជាប់​នឹង​ខ្លួន​ជា​ប្រចាំ ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត និង​ក្នុង​ពេល​រង់ចាំ​ការ​កាត់​ក្តី។

បច្ចុប្បន្ន​នេះ ប្រទេស​បារាំង​មាន​ ជនជាប់​ចោទ​​ភេរវកម្ម​៧​នាក់ កំពុង​ជាប់​ទោស​ឃុំឃាំង​ក្នុង​ផ្ទះ ក្រោមការ​តាមដាន​អេឡិចត្រូនិក និង​ទណ្ឌិត​ភេរវកម្ម​៦​នាក់​ ពាក់​ឧបករណ៍​អេឡិចត្រូនិក​ជាប់​នឹង​ខ្លួន​។ គិត​ត្រឹម​ថ្ងៃទី ១​កក្កដា បារាំង​មាន​ទណ្ឌិត នៅ​ក្រៅ​ពន្ធនាគារ ចំនួន​​១០៦៤២​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​អេឡិចត្រូនិក ដែល​កំពុង​រង់ចាំ​ការ​សើរើ​ទោស ក្នុង​នោះ ៣១៥​នាក់ ពាក់​កងអេឡិចត្រូនិក​ដើម្បី​អនុវត្ត​ទោស​បង្ហើយ។ ​

ឃុំ​ខ្លួន​ក្រៅ​គុក ដោយ​មានការ​តាមដាន​អេឡិចត្រូនិក គឺ​ពាក់​កង​នៅ​ក​ជើង អាច​បាំង​ជិត​ក្នុង​ជើង​ខោ អាច​មុជទឹកប៉ះ និង​​ ដើរ​ហើរ​ដោយ​សេរី តែ​ខ្សែជើង​នេះ​ មាន​បណ្តាញ​ភ្ជាប់​នឹង​ប្រអប់​មួយ​នៅ​ផ្ទះ​ និងពន្ធនាគារ។ ប្រសិន​បើ​ទណ្ឌិត​ និងកង​ មិន​នៅ​ក្នុង​ផ្ទះតាម​ម៉ោង​កំណត់ នោះ​សំឡេង​រោរិ៍​នឹង​លាន់​ឮ​ឡើងដោយ​ស្វ័យប្រវត្តិ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​តាម​រក​ទណ្ឌិត​ភ្លាម ឬ​អាច​បញ្ជូន​ឱ្យ​ត្រលប់​ចូល​ពន្ធនាគារ​វិញ។

ប៉ុន្តែ​នៅក្នុង​ម៉ោង​អនុញ្ញាត ជនជាប់​ទោស​អាច​ចេញ​ធ្វើ​អ្វី​ក៏​បាន គ្មានសញ្ញា​អ្វី​ផ្តល់​​ឱ្យ​អ្នក​យាម​ឡើយ​។ ​អាដែល គេមីច្ស​ បាន​ប្រើ​ពេល​ម៉ោង​មាន​សេរីភាព​នេះ​យក​ទៅ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​តែ​ម្តង។

ដូច្នេះ​មាន​ន័យ​ថា ឧបករណ៍​អេឡិចត្រូនិក​មិន​អាច​គ្រប់គ្រង​ពួក​អ្នកជ្រុលនិយម​បាន​ទេ​មែនទេ ? ពិត​ជា​មែន ហើយ ! ពាក់​ឧបករណ៍​តាមដាន​ហើយ នៅ​អាច​សម្លាប់​មនុស្ស​បាន គឺ​ពិត​ណាស់​ថា​មាន​បញ្ហា​ ! ក្រុម​សហភាព​សហជីព​ចៅក្រម បាន​ទទួល​ស្គាល់​​បញ្ហា​នេះ ប៉ុន្តែ ​នៅ​តែ​យល់ថា​កងអេឡិចត្រូនិក ជា​ជម្រើស​មួយ​ប្រសើរ​ជាង​ចាប់​ញាត់​គុក​ណែនផ្អែស។​ ​

​តាំង​ពី​ឆ្នាំ​២០១២​មក ​បារាំង​មាន​ច្បាប់​ប្រឆាំង​ភេរវនិយមច្រើន តែ​គ្មាននរណា​​គិត​គូ​រ​ដល់​ចំណុច​​ចាប់​​ឃុំឃាំងបណ្តោះ​អាសន្ន​ជា​ចាំបាច់​​​ជន​ជាប់​ចោទ​ភេរវកម្ម​ទេ។ ដរាប​ណា​គ្មាន​ច្បាប់​ ការ​ចាប់​ឃុំឃាំង​ដោយ​បណ្តោះ​អាសន្ន​​ ដោយ​មិន​ឆ្លង​កាត់​តុលាការ ពិត​ជា​នឹង​ត្រូវ​រង​​ការ​រិះគន់​ឥត​ឈប់ជាក់ជា​មិន​ខាន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ