អានតួអត្ថបទ
អាមេរិក-អាល្លឺម៉ង់

បាតុកម្ម​នៅ​អាល្លឺម៉ង់​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា

មនុស្ស​រាប់ម៉ឺននាក់​​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​សៅរ៍ មួយថ្ងៃ​មុនពេល​ដែល​លោក​អូបាម៉ា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅទីនោះ។ បាតុកម្ម​នេះ​ធ្វើឡើង ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​ទៅនឹង​គម្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​សហភាព​អឺរ៉ុប​កំពុងតែ​ចរចា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

បាតុកម្ម  នៅ​ក្នុង​ទីក្រុង Hannover ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃ​សៅរ៍ ២៣ មេសា ២០១៦ ដើម្បី​​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក-សហភាព​អឺរ៉ុប
បាតុកម្ម នៅ​ក្នុង​ទីក្រុង Hannover ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃ​សៅរ៍ ២៣ មេសា ២០១៦ ដើម្បី​​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក-សហភាព​អឺរ៉ុប John MACDOUGALL / AFP
ផ្សាយពាណិជ្ជកម្ម

យើង​មិនមែន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​អូបាម៉ា​ទេ តែ​ដើម្បី​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប-អាមេរិក” នេះ​គឺ​ជា​ការ​អះអាង​របស់​តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ ដែល​ចូលរួម​នៅ​ក្នុង​ចលនា​បាតុកម្ម នៅ​អាល្លឺម៉ង់ កាលពីថ្ងៃ​សៅរ៍។

គួរបញ្ជាក់ថា ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ កំពុង​ស្ថិត​ក្នុងការ​ចរចា រវាង​​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុបជាប្លុក​រួម​ទាំង ២៨ប្រទេស​ជា​សមាជិក ក្នុងនោះ ក៏​មាន​អាល្លឺម៉ង់​ផងដែរ។ នៅ​អាល្លឺម៉ង់​នេះ​ហើយ ដែល​​គេ​សង្កេតឃើញមាន​ចលនា​ប្រឆាំង​ខ្លាំងជាងគេ ទៅនឹង​កិច្ចព្រមព្រៀង​នេះ។ កាល​ពីខែ​តុលា​ឆ្នាំ​ទៅមិញ ក៏​ធ្លាប់​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេះ​ម្តងរួចមកហើយ នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ដោយ​ពេលនេះ មាន​មនុស្ស​ចូលរួម​ ប្រមាណ​ពី ១៥ម៉ឺននាក់ ទៅ ២៥ម៉ឺននាក់។ ការ​ស្ទាបស្ទង់មតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា ប្រជាជន​អាល្លឺម៉ង់​តែ ១៧%​ប៉ុណ្ណោះ ដែល​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ រវាង​សហភាព​អឺរ៉ុប និង​អាមេរិក ពោលគឺ​មានការ​ធ្លាក់ចុះ​ខ្លាំង បើ​ធៀប​នឹង​កាល​ពី២ឆ្នាំមុន ដែល​មាន​ប្រមាណ​ជា ៥៥%។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់ Bild នៅមុនពេល​ធ្វើ​ដំណើរ​ទៅ​ដល់​អាល្លឺម៉ង់ លោក​អូបាម៉ា​បាន​ព្យាយាម​លើកទឡ្ហីករណ៍​ជាច្រើន ដើម្បី​ការពារ​គម្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ក្នុងនោះ លោក​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើការ​សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង​នេះ​គឺ​ជា​មធ្យោបាយ​ដ៏​ប្រសើ​ជាងគេ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​​បង្កើត​ការងារ​ដល់​ប្រជាជន ទាំង​នៅ​អាមេរិក និង​នៅ​អឺរ៉ុប។

លោកស្រី​អង់ហ្គេឡា មែរកិល​ ក៏​បាន​ផ្ញើ​សារ​ជា​វីដេអូ​មួយ​ដែរ ដោយ​ព្យាយាម​រំងាប់​ក្តីបារម្ភ​ចលនា​ប្រឆាំង​ថា រដ្ឋាភិបាល​របស់​លោកស្រី​នឹង​ធ្វើការ​ចរចា​យ៉ាង​ស្វិតស្វាញ​បំផុត ដោយ​មិន​ឲ្យ​អាល្លឺម៉ង់​បាត់បង់​ផលប្រយោជន៍​ដោយសារ​តែ​កិច្ចព្រមព្រៀង​នេះ​ទេ។ ផ្ទុយទៅវិញ យោងតាម​លោកស្រី​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ទាំងសងខាង គឺ​ទាង​ខាង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ