អានតួអត្ថបទ
សហភាពអឺរ៉ុប-អាមេរិក

អឺរ៉ុប និង​អាមេរិក​ផ្តើម​កិច្ចចរចា​ជាថ្មី​រវាងគ្នា​ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​ដោយសេរី

ចាប់​ពី​ថ្ងៃ​ចន្ទ ទី១១ វិច្ឆិកា​រហូត​ដល់​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ សហភាពអឺរ៉ុប និង​អាមេរិក​ផ្តើម​កិច្ចចរចា​ជា​ថ្មី​រវាង​គ្នា​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ក្នុង​ការ​ស្វែង​រក​កិច្ចព្រម​ដោះដូរ​ពាណិជ្ជកម្ម​ដោយសេរី។ កិច្ចចរចា​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​តែ​វិបត្តិ​ថវិកា​នៅ​អាមេរិក និង​ការ​ផ្ទុះ​រឿង​អាស្រូវ​ចារកិច្ច​អាមេរិក។

លោក José Manuel Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប
លោក José Manuel Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ព្រាង​ទុក ជំនួប​ជា​លើកទី២​ថ្ងៃ​នេះ​បាន​គ្រោង​ធ្វើ​តំាង​ពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ​មក​ម្ល៉េះ តែ​ភាគី​ទំាង​ពីរ​បាន​សម្រេច​ផ្អាក​មួយ​រយៈ​ដោយសារ​តែ​អាមេរិក​បាន​ជួប​វិបត្តិ​ថវិកា​ផ្ទៃក្នុង។ បន្ទាប់​មក​ទៀត ក៏​ស្រាប់​តែ​មាន​ផ្ទុះ​ឡើង​នូវ​រឿង​អាស្រូវ​ចារកិច្ច​អាមេរិក​ពី​សំណាក់​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក​មក​លើ​ថ្នាក់ដឹកនំា​អឺរ៉ុប​មួយ​ចំនួន មាន​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្គេឡា​មែរកិល​ជា​ឧទាហរណ៍​ជាក់​ស្តែង។ គឺ​រឿង​អាស្រូវ​ចារកិច្ច​អាមេរិក​នេះ​ឯង​ដែល​បាន​បំផុស​ឲ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លំាង​រវាង​អាមេរិក និង​អឺរ៉ុប ព្រម​ទំាង​មាន​ការ​អំពាវនាវ​ឲ្យ​ព្យួរ​កិច្ចចរចា​ជាមួយ​អាមេរិក​មួយ​រយៈ​ទៀត​ផង។ តែ​ថ្នាក់​ដឹកនំា​អឺរ៉ុប​បាន​បដិសេធ​មិន​ធ្វើ​តាម។

ចំណែក​ខាង​ភាគី​អាមេរិកំាង​វិញ លោក​ប្រមុខ​ការទូត John Kerry បាន​ព្យាយាម​ពន្យល់​បកស្រាយ​កាល​ពី​សប្តាហ៍​មុន​ថា គេ​មិន​គួរ​ភ្ជាប់​កិច្ចចរចា​រវាង​អឺរ៉ុប និង​អាមេរិក​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​ដោយសេរី​ទៅ​នឹង​រឿង​អាស្រូវ​ចារកិច្ច​អាមេរិក ឬ​មួយ​ក៏​រឿង​អ្វី​ផ្សេង​ដែល​នំា​ឲ្យ​កើត​មាន​ឧបសគ្គ​ឡើយ។ សម្រាប់​លោក John Kerry រឿង​ចារកិច្ច​អាមេរិក​មិន​ត្រូវ​ក្លាយ​ជា​ប្រធានបទ​នៃ​កិច្ចចរចា​រវាង​អាមេរិក និង​អឺរ៉ុប​ស្តីពី​រឿង​ពាណិជ្ជកម្ម​ទេ។

យ៉ាង​ណា​ក៏​ដោយ កិច្ចចរចា​រវាង​អាមេរិក និង​អឺរ៉ុប​ក្នុង​សប្តាហ៍​នេះ​នឹង​ត្រូវ​ផ្តោត​លើ​ប្រធានបទ​សំខាន់​មួយ​ចំនួន មាន​ផ្នែក​សេវា វិនិយោគ និង​ផ្នែក​ថាមពល។ ក្រៅ​ពី​នោះ នៅ​មាន​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​អាមេរិក និង​អឺរ៉ុប​ត្រូវ​លើក​ទៅ​ជជែក រួម​មាន​វិស័យ​យានយន្ត អនាម័យ កសិកម្ម ឬ​មួយ​ផ្នែក​សេវា​ហិរញ្ញវត្ថុ​ជា​ដើម។ នៅ​ក្នុង​វិស័យ​ទំាង​នេះ មាន​វិស័យ​ខ្លះ​ដែល​អឺរ៉ុប និង​អាមេរិក​ពិបាក​នឹង​ឯកភាព​គ្នា ពិសេស​វិស័យ​កសិកម្ម​ទាក់ទង​នឹង​ដំណំា​ដែល​បង្កាត់​ពូជ​តាម​បែប​វិទ្យាសាស្រ្ត។ ដំណំា​ប្រភេទ​នេះ​ត្រូវ​បាន​អនុញ្ញាត​នៅ​សហរដ្ឋអាមេរិក តែ​ហាម​ឃាត់​នៅ​ក្នុង​សហភាព​អឺរ៉ុប។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អឺរ៉ុប និង​អាមេរិក​ព្យាយាម​លើក​យក​ប្រធាន​រឿង​ណា​ដែល​គេ​អាច​និយាយ​ចុះ​សម្រុង​គ្នា​បាន។ គណៈកម្មការ​អឺរ៉ុប​ដែល​ជា​អ្នកចរចា​ជួស​មុខ​ឲ្យ​ប្រទេស​សមាជិក​នីមួយៗ​សង្ឃឹម​ថា នឹង​អាច​យក​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី​ជាមួយ​ប្រទេស​កាណាដា​ចុះ​ហត្ថលេខា​កាល​ពី​ពាក់​កណ្តាល​ខែ​តុលា មក​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក។

យ៉ាង​ណា​ក៏​ដោយ បើ​កិច្ចចរចា​លើក​ទីពីរ​នេះ​នឹង​គ្មាន​លទ្ធផល​អ្វី​ទេ អឺរ៉ុប និង​អាមេរិក​គ្រោង​នឹង​ជួប​គ្នា​ជា​លើក​ទី៣ នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ខាង​មុខ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ