អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រឿង​អាស្រូវ​វ៉ុលវ៉ាហ្គែន ៖ NGO អាច​ជា​ភ្នែកច្រមុះ​ពិភពលោកបាន​ត្រឹមណា ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​តូតាល់​នៅ​ភូមា ក្រុមហ៊ុន​វ៉ាំងស៊ី នៅ​កាតា ជាប់​រឿង​អាស្រូវ... ថ្ងៃ​នេះ​ដល់​វេន​ក្រុមហ៊ុន​ផលិត​ឡាន​ម៉ាហ្ស៊ូត វ៉ុលវ៉ាហ្គែន​ម្តង ! ចុះ​ថ្ងៃ​ស្អែកជា​វេន​នរណា ? មិន​ថាជា​បញ្ហា​សិទ្ធិមនុស្ស ឬ​បញ្ហា​បរិស្ថាន អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ហៅ​ដោយ​ខ្លីថា NGO ជាភាសា​អង់គ្លេស បាន​ដើរ​តួ​កាន់​តែ​សំខាន់ឡើងៗ ក្នុង​ការ​ព្រមាន ពញ្ញាក់​ស្មារតី​ពិភពលោក​ និង​បើក​កកាយ​ឱ្យ​បាន​ដឹង​អំពី​​សកម្មភាព​អនុវត្ត​ខុស​ឆ្គង​របស់រដ្ឋាភិបាល​ និង​របស់​​ក្រុមហ៊ុន​អន្តរជាតិធំៗ​។ ​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្នា​ព្រំដែន ​តែ​​​នៅ​មាន​កំរិត​។

អង្គការ​ICCT ជា​អ្នក​កាស់​កកាយ​រឿង​អាស្រូវ​ក្រុមហ៊ុន​ វ៉ុលវ៉ាហ្គែន បន្លំ​មិន​គោរព​ច្បាប់​បរិស្ថាន​
អង្គការ​ICCT ជា​អ្នក​កាស់​កកាយ​រឿង​អាស្រូវ​ក្រុមហ៊ុន​ វ៉ុលវ៉ាហ្គែន បន្លំ​មិន​គោរព​ច្បាប់​បរិស្ថាន​ REUTERS/Stefan Wermuth
ផ្សាយពាណិជ្ជកម្ម

រឿង​អាស្រូវ ដែល​កំពុង​រញ្ជួយ​ផ្អើល​ពិភពលោក​ ​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ (ក្រុមហ៊ុន​យក្ស មាន​បុគ្គលិក​ជាង​៥៩០០០០​នាក់ មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជាង​២០០​ពាន់​លាន​អឺរ៉ូ ឧស្សាហកម្ម​រថយន្ត​តំណាង​ឱ្យ​១​ភាគ​៧​នៃ​ទីផ្សារ​ការងារ​របស់​អាល្លឺម៉ង់) ត្រូវបាន​ទម្លាយ​ឱ្យ​ដឹង​តាម​រយៈ​អង្គការ​International Council on Clean Transportation។ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​មានទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក​ និង​មាន​សហការី​អចិន្ត្រៃយ៍​តែ​២៧​នាក់​ ប៉ុណ្ណោះ​ទៅ​ទូទាំង​ពិភពលោក។ នេះ​បើ​តាម​អ្វី​ដែល​មាន​បញ្ជាក់​ក្នុង​គេហទំព័រ​របស់​អង្គការ។

ជា​សម្ព័ន្ធមិត្តការងារ​​របស់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​Virginie Occidentale ​អង្គការ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ល្បិច​របស់​ក្រុមហ៊ុន​វ៉ុលវ៉ាហ្គែន​ដែល​បាន​​បំពាក់​ម៉ាស៊ីនមាន​កម្មវិធី​ទំនើប​​ នៅ​ក្នុង​គ្រប់​រថយន្ត​​ម៉ាហ្ស៊ូត ​សម្រាប់​ផ្តល់​ទិន្នន័យ​បន្លំ​ពេល​ធ្វើ​តេស្ត​ផ្លូវការ​វាស់​ការ​បំពុល​បរិយាកាស​នៃ​ឡាននីមួយៗ។ ក្រុមហ៊ុន​វ៉ុលវ៉ាហ្គែន​បាន​ទទួល​សារភាព​​អំពី​កំហុស​នេះ និង​ទទួល​ស្គាល់​ថា​បើ​បំពាក់​កម្មវិធី​ទំនើប​បែ​ប​នេះ​នៅ​ក្នុង​រថយន្ត​ជាង​១១​លាន​គ្រឿង​នៅ​លើ​ពិភពលោក​ មិន​មែន​ត្រឹម​ជាង​៤៨​គ្រឿង​នៅ​សហរដ្ឋ​អាមេរិក​ទេ។ ការ​បន្លំ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខាត​បង់​ប្រាក់​រាប់​រយ​ពាន់​លាន និង​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​កិត្តិយស។ អាល្លឺម៉ង់​ទាំង​មូល​​ត្រូវ​បាក់​មុខ ! លោកស្រី​ Angela Merkel ដែលក្នុង​នាម​ជា ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​តម្លាភាព និង​ដែល​ធ្លាប់​ធ្វើ​ជា​គំរូ​នាំ​មុខ​គេ​ក្នុង​​ដោះស្រាយ​វិបត្តិ​ផ្សេងដូច​ជា​នុយក្លេអ៊ែរ និង​បរិស្ថាន នឹង​ត្រូវ​ធ្វើ​មុខ​យ៉ាង​ណា​ នៅ​ពេល​ឡើង​​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ជំរុញ​ឱ្យ​សន្និសីទ​ស្តី​ពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ខែ​ក្រោយ​បាន​សម្រេច​ជោគជ័យនោះ ?!

ផល​វិបាក​សម្រាប់​អាល្លឺម៉ង់​ជា​រឿង​មួយ​មិន​អាច​វាស់​វែង​បាន ប៉ុន្តែ​អ្វី​ដែល​ច្បាស់ ​គឺពេល​នេះ អង្គការក្រៅ​រដ្ឋាភិបាល  បាន​ក្លាយ​ជា​តួឯក​មិន​អាច​ខ្វះ​បាន​ក្នុង​បរិហារ​រឿង​អាស្រូវ​របស់​ក្រុមហ៊ុន​ធំៗ រកស៊ី​ឆ្លង​ទ្វីប។ មាន​ក្រុមហ៊ុន​ជា​ច្រើន​រួច​មក​ ដែល​ជាប់​ក្នុង​សំណាញ់​អង្គការ​ក្រៅ​រដ្ឋាភិបាល។ កាលពី​ខែ​សីហា យុទ្ធ​នាការ​ប្រឆាំង​នឹង​ការរុក​រក​រ៉ែ​នៅ​អូស្ត្រាលី​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ក្រោម​សមុទ្ទ បាន​ធ្វើ​ឱ្យ​ធនាគារ​អន្តរជាតិ​ជា​ច្រើន​លែង​ផ្តល់​ហិរញ្ញវត្ថុ។ ដោយ​សារ​អង្គការក្រៅ​រដ្ឋាភិបាល ក្រុមហ៊ុន​សម្លៀក​បំពាក់​ល្បីៗ ព្រម​​បង់​វិភាគ​ទាន​ដល់​ជន​រង​គ្រោះ​​ជា​កម្មករ​កាត់​ដេរ​ បង់ក្លាដែស ក្រោយ​ការ​រលំ​អាគារ​រ៉ាណាផ្លាហ្សា។ ក្រុមហ៊ុន​Apple ជាប់​ចោទ​ថា​បិទ​ភ្នែក​មិន​មើល​លក្ខខណ្ឌ​ការងារ​នៅ​ចិន បាន​សុខ​ចិត្ត​ចុះ​ត្រួត​ពិនិត្យ​មើល​ក្រុមហ៊ុន​ដេញ​ថ្លៃ​ត​នៅ​ចិន ក្រោម​គំនាប​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ការ​អង្កេត​របស់​NGO បាន​ធ្វើ​ឱ្យ​រដ្ឋាបាល​ពន្ធដារ​ចាប់​អារម្មណ៍​ពី​ល្បិច​បង្វៀង​ការ​បង់​ពន្ធ​របស់​ក្រុមហ៊ុន​Sterbucks ឬ Google។ល។ និង​។ល។

 

កាលពី​១០​ឆ្នាំ​មុន នៅ​ពេល​តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​សុំ​ចូល​ជួប​រដ្ឋាភិបាល គឺ​ដើម្បី​សុំ​ជំនួយ​មនុស្សធម៌ តែ​ថ្ងៃ​នេះ​រដ្ឋាភិបាល​សុំ​ជួប​ NGO ​ព្រោះ​ចង់​បាន​របាយការណ៍​ជំនាញ ឬ​ព្រោះ​អង្គការ​មាន​រឿង​រំខាន​​ក្នុង​ដៃ។ តំណាង​អង្គការ​Oxfam បាន​អះអាង​ថា​ NGO ពេល​នេះ​មាន​ភាព​ជំនាញ និង​រឹង​មាំ​ខ្លាំង។ រឿង​អាស្រូវ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ វ៉ុលវ៉ាហ្គែន​នេះ ឆ្លុះ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ភាព​ជំនាញ​​របស់​សកម្មជន​អង្គការ NGO ដែល​មាន​សកម្មជន​​សុទ្ធ​សឹង​ជា​អតីត​អ្នក​ជំនាញ​ជាន់​ខ្ពស់​ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​ មាន​សញ្ញាប័ត្រ​វិទ្យាសាស្ត្រ​ខ្ពស់​។

 

រឿង​អាស្រូវ​វ៉ុលវ៉ាហ្គែន​ បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់ NGO ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​ចំណុច​ខ្វះខាត​​ដែរ។ ខ្វះខាត ព្រោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មធ្យោបាយ​ទាបណាស់ ! អង្គការ​ចង់​ធ្វើ​ការ​ច្រើន ជា​ភ្នែក​ច្រមុះ​ពិភពលោក តែ​​ធ្វើ​យ៉ាង​ដូចម្តេច​អាច​នៅ​ពីក្រោយ​គ្រប់​ក្រុមហ៊ុន​ គ្រប់​បំណង​ទៅ​កើត បើ​មិន​គ្រប់​ក្រពះ​ខ្លួន​ឯង​ផង​ពេល​ខ្លះ ? នេះ​ជា​ការ​ពន្យល់​របស់​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​Sherpar​​ដែល​ធ្លាប់រំពឹង​ច្រើន​លើ​ក្រុម​មេធាវី និង​អ្នក​ច្បាប់​ដើម្បី​បាន​នាំ​ក្រុមហ៊ុន​ជា​ច្រើន​ឱ្យ​ទៅ​ប្រឈម​មុខ​តុលាការ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ