អានតួអត្ថបទ

​នឹង​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ នៅ​ឆ្នាំ​២១០០ ?!

ថ្ងៃ​នេះ​ជា​ទិវា​បរិស្ថាន​អន្តរជាតិ។ ថ្វី​បើ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ ទំនង​ជា​មើល​ឃើញ​ជាក់​ស្តែងខ្លាំងជាង​គេ លើ​លក្ខខណ្ឌ​ជីវិត​ពលរដ្ឋ​នៅ​ទ្វីប​អាហ្វ្រិក​ ​ ប៉ុន្តែ​​គឺ​​ពិភពលោក​ទាំងមូល​ដែល​នឹងរង​ការ​គំរាមកំហែង។ ក្រុម​អ្នក​នយោបាយ​អាកាសធាតុ​ ​បាន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ទាំង​៧ និង​សហភាព​អឺរ៉ុប ខិត​ខំ​ប្រឹង​ប្រែង​មែន​ទែនកាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដើម្បី​សម្រេច​កម្មវត្ថុ​​របស់​​សហគមន៍​អន្តរជាតិ កំរិត​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី ត្រឹម​២​អង្សារ។​ ​ប៉ុន្តែ​សួរ​ថា​តើ​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កំរិត​ណា ? ក្នុង​ល្បឿន​ប៉ុណ្ណា ? នេះ​ជា​ប្រធានបទ​នៃ​ការ​តស៊ូ​មតិ​យ៉ាង​ពុះ​កញ្ជ្រោល​ ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី ១១ មិថុនា ក្នុង​ជំនួប​ប្រជុំ​​នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ស្វែង​រក​​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ។

ប្រមុខ​ការទូត​បារាំង ក្នុង​ជំនួប​​ពិភាក្សាស្តី​ពី​អាកាសធាតុ នៅ​ទីក្រុង​ Bonn  ប្រទេស​អាល្លឺម៉ង់
ប្រមុខ​ការទូត​បារាំង ក្នុង​ជំនួប​​ពិភាក្សាស្តី​ពី​អាកាសធាតុ នៅ​ទីក្រុង​ Bonn ប្រទេស​អាល្លឺម៉ង់ AFP PHOTO/Patrik Stollarz
ផ្សាយពាណិជ្ជកម្ម

ជំនួប ក្រុម​អ្នក​ចរចា​អាកាសធាតុ ទាំង​១៩៥​ប្រទេស កំពុង​ជួប​ប្រជុំ​គ្នា នៅ​ ក្រុង​ប៊ូន ​ប្រទេស​អាល្លឺម៉ង់​ ដើម្បី​ពិភាក្សា​និង​​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ព្រមព្រៀង​គ្នាជា​បឋម​​ជា​បណ្តើរៗ មុន​នឹង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ជា​សកល ស្តីពី​អាកាសធាតុ​ប្រកប​ដោយ​មហិច្ឆតា នៅ​ទីក្រុង​ប៉ារីស។

 

លោក ហ្វ្រង់ស័រ ហូឡង់ ជា​ប្រធានាធិបតី​បារាំង បាន​​ព្រមាន​កាលពី​ថ្ងៃ​ពុធ ថា​ បើ​គ្មាន​ជំនួប​កំពូល​បរាជ័យ នោះ​នឹង​មាន​ផលវិបាក​ខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច។ ថ្វី​បើ​គ្រប់​គ្នា​បានយល់​ពី​ភា​ព​ចាំបាច់​​នឹង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​នឹងការឡើង​កំដៅនៃ​ភពផែនដី​ក៏ពិត​មែន​ ប៉ុន្តែ​បញ្ហា​ចម្រូង​ចម្រាស​នៅ​មាន​ច្រើន។

ក្នុង​ដំណាក់កាល​នេះ យោបល់​មាន​ច្រើន សំនើ​បាន​លើក​មក​ដាក់​លើ​តុ​ប្រជុំ​ហើយ ខ្លះ​ស្នើ​សុំ​បញ្ចុះ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រឹម​៥០% ខ្លះ​ពី​៧០ទៅ​៩០%​នៅ​ឆ្នាំ​២០៥០ ឬ​គ្មាន​សោះនៅ​ឆ្នាំ​២១០០ ប៉ុន្តែ​គ្មាន​មួយ​ណា​យក​ជា​បាន​ការ អាច​ធ្វើ​ឱ្យ​គ្រប់​ភាគី​ព្រម​ព្រៀង​ទទួល​យក​សោះ។​ ការកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជា​ភាព​បន្ទាន់​ និង​ចាំ​បាច់ សម្រាប់​ភពផែនដី។ ព្រោះ​ប្រសិន​បើ​គ្មាន​សកម្មភាព​អ្វី​ទេ នោះ​នៅ​សីតុណ្ហភាព​នៃ​ភព​ផែនដី​ នឹង​អាច​កើន​កំដៅ​ ដល់​ទៅ ៤អង្សារ។

​បើ​តាម​អ្នក​ឯកទេស​ ដើម្បី​សម្រេច​កម្មវត្ថុ​កំរិត​ការ​ឡើង​កំដៅ​នៃ​ភព​ផែន​ដី​ត្រឹម​២​អង្សារ គេ​ត្រូវ​តែ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី ៤០ទៅ​៧០% ពី​ថ្ងៃ​នេះ ដល់​ឆ្នាំ​២០៥០។ ប៉ុន្តែ​ ទោះ​បី​ជា​ដូច​ករណី​អឺរ៉ុប និង​ក្រុម​ប្រទេស​ចំនួន​៣១​បាន​សន្យា​កាត់​បន្ថយ​ឧស្ម័ន​ពុល​ហើយ​ក៏​ដោយ ក្នុង​ស្ថានភាព​ជាក់​ស្តែងគ្មាន​ប្រទេស​ណា​ធ្វើ​បាន​ទេ។

សូម​បញ្ចាក់​ថា​ សម្រាប់​ក្រុម​ប្រទេស​នាំ​មុខ​ដោយ​អាហ្វ្រិក ក្រុមប្រទេស​ក្រីក្រ​ជាងគេ​​ ព្រមទាំង​ហ្វីលីពីន ចង់​ឃើញ​មាន​កិច្ច​សន្យា​ទប់​កំដៅ​នៃ​ភពផែន​ដី​ឱ្យ​ឡើង​តែ​១,៥អង្សារ ព្រោះ​ត្រឹម​កំរិត​នេះ ប្រទេស​ជា​ដី​កោះ​មួយចំនួន​ត្រូវ​លិច​ ឬ​បាត់​បង់​ដី​ដោយ​សារ​កម្ពស់​ទឹកសមុទ្ទ​ឡើង​ទៅ​ហើយ។​

ទំនួល​ខុសត្រូវ​ស្មើ​គ្នា

ក្រុមប្រទេស​អ្នក​ផលិត​ប្រេង​កាត ដូច​យ៉ាង​អារ៉ាប៊ី​សាអ៊ូឌីត ឬ​ក្រុម​ប្រទេស​ប្រើ​ឧស្សាហកម្ម​​ធ្យូងថ្ម ដូច​យ៉ាង​អូស្ត្រាលី មិន​ត្រូវ​ការ​ឮ​ពាក្យ​បញ្ចប់​សេដ្ឋកិច្ច​ដើរ​ដោយ​ធ្យូង​ថ្ម​ឡើយ។ ពួកគេ​ត្រូវ​ការ​បញ្ចេញ​និង​ធ្វើ​អាជីវកម្ម​ថាមពល​ផូស៊ីល​ឱ្យ​អស់សិន​។ សន្យា​រក​ថាមពល​ផ្សេង​មក​ជំនួស ដើម្បី​សម្រេច​កម្មវត្ថុ​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពិត​ជា​ពិបាក​នឹង​ទទួល​យក​ណាស់។ ម្យ៉ាង​ទៀត បើ​និយាយ​​អំពី​តួលេខ គឺ​មិន​អាច​គិត​ចេញបាន​ឡើយ។ បែងចែក​ការ​ទទួល​ខុស​ត្រូវ ​ឱ្យ​ស្មើ​ភាព​គ្នា​ ជា​បញ្ហា​ដែល​អ្នក​ទទួល​បន្ទុក​ចរចា​​ពិបាក​​សម្រេច​បំផុត ៖ ត្រូវ​បញ្ចេញ​សកម្មភាព​បន្ទាន់ ! ប្រទេស​ជឿនលឿន​អភិវឌ្ឍន៍​ ដែលមាន​ប្រវត្តិ​បញ្ចេញ​ឧស្ម័ន​ពុល​ពិ​មុន​ ត្រូវ​ទទួល​ខុសត្រូវ​ប៉ុណ្ណា ?​ ចុះ​ប្រទេស​កំពុង​លូតលាស់​ខ្លាំង ដែល​ផ្តើម​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ តែ​ក្នុង​ល្បឿន​និង​ខ្លាំង ត្រូវ​ប្រឹង​ប៉ុណ្ណា ?!
 

ដើម្បី​បញ្ចៀស ការ​គិត​លេខ​បូកដក​គុណចែក ​សហរដ្ឋ​អាមេរិក​ កាណាដា ជប៉ុន បាន​ការ​ពារ​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដោយ​គ្មាន​តួលេខ ដោយ​កំណត់​សរុប​យក​ជា​រួម​តែ​ម្តង ថា​នឹង “​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​ពុល​សោះ​នៅ​ចុង​សតវត្សរ៍” (ឆ្នាំ​២១០០)។ ជម្រើស​នេះ​ ហាក់​បាន​ទទួល​ការ​ស្វាគមន៍​ច្រើន ប៉ុន្តែ​បើ​តាម​របាយការណ៍​ក្រុង​ប៊ូន​ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទាញ​អាសន្ន​ថា មាន​អន្ទាក់​ អាច​គំរាម​កំហែង​ដល់​សុវត្ថិភាព​ស្បៀង​អាហារ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ