អានតួអត្ថបទ
សហភាពអឺរ៉ុប-រុស្ស៊ី

អឺរ៉ុប​ជួប​ប្រជុំ​ជាមួយ​ប្រទេស​អតីត​សហភាព​សូវៀត ទាំង​ញញើត​ញញើម

ជំនួប​កំពូល​រវាង ​សហភាព​អឺរ៉ុប ​និង​ប្រទេស​អតីត​សហភាព​សូវៀត​ចំនួន​៦ ​ដែល​មាន​ឈ្មោះ​ថា ​ជំនួប​កំពូល​ជាមួយ​ដៃគូ​ភាគ​ខាង​កើត ​បាន​ចាប់​ផ្តើម​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង ​រីហ្គា​ រដ្ឋធានី​ប្រទេស​ឡេតូនី ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១ ​ឧសភា។ ជំនួប​កំពូល​ដែល​មាន​ទិស​ដៅ ​បើក​ផ្លូវ​ទំនាក់​ទំនង​សេដ្ឋកិច្ច ​និង​នយោបាយ ​រវាង​​សហភាព​អឺរ៉ុប ​ជាមួយ​និង ​អតីត​កូនចៅ​របស់​សូវៀត​ ហាក់​បាន​ធ្វើ​ឡើង​ ដោយ​ស្ទាក់ស្ទើរ​ជា​ទី​បំផុត ​ដោយសារ​តែ​គ្រប់គ្នា ​ក្រែង​ថា​ រុស្ស៊ី​មួរម៉ៅ ​ព្រោះ​ឃើញ​ប្រទេស​ដែល​ខ្លួន​ធ្លាប់​ក្តោមក្តាប់​ ងៀក​ក្បាល​ទៅរក​សហភាព​អឺរ៉ុប ​វិញ។

ប្រធានា​ធិបតី​អ៊ុយក្រែន លោក Petro Porochenko និង​លោកប្រធានសហភាព​អឺរ៉ុបJean-Claude Juncker​ កាលពីថ្ងៃ​ទី ២៧ មេសា នៅ​ក្រុងកៀវ
ប្រធានា​ធិបតី​អ៊ុយក្រែន លោក Petro Porochenko និង​លោកប្រធានសហភាព​អឺរ៉ុបJean-Claude Juncker​ កាលពីថ្ងៃ​ទី ២៧ មេសា នៅ​ក្រុងកៀវ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ប្រទេស​អឺរ៉ុប​ខាង​កើត ​ដែល​កំពុងតែ​ជួប​ប្រជុំ​គ្នា ​ជាមួយ​សហភាព​អឺរ៉ុប​ នា​ពេល​នេះ ​គឺ​មាន​៦​ប្រទេស ​គឺ ប្រទេស ហ្សកហ្ស៊ី ​អារម៉េនី ​ប៊ីយែឡូរុស្ស៊ី ​ម៉ុលដាវី ​អាហ្ស៊ែកបៃហ្សង់ ​និង​អ៊ុយក្រែន។ ប្រទេស​ទាំង​៦​នេះ​ ​ធ្លាប់​ស្ថិត​ក្រោម​ការ​ក្តោបក្តាប់ ​របស់​សហភាព​សូវៀត​ ហើយ​បច្ចុប្បន្ន​នេះ ​បាន​ទទួល​ឯករាជ្យ​ក៏​ពិត​មែន ​ប៉ុន្តែ​រុស្ស៊ី​នៅ​តែ​បន្ត ​ដាក់​គំនៀប ​ក៏​ដូច​ជា​ប្រើប្រាស់​ឥទ្ធិពល​ លើ​ប្រទេស​ទាំង​នេះ ​ព្រោះ​​ថា​វា​ជា​រនាំង​យុទ្ធសាស្រ្ត​ការពារ​រុស្ស៊ី ​ពី​ការ​រីក​រាលដាល​នៃ​លិទ្ធិ​សេរីនិយម​ របស់​សហភាព​អឺរ៉ុប។

រុស្ស៊ី​ព្យាយាម​ប៉ែង​ជើង ​ជំនួប​កំពូល៖
គំនិត​ដែល​ចង់​ឲ្យ​មាន​ទំនាក់​ទំនង​បើក​ច្រក​សេដ្ឋកិច្ច​រវាង​សហភាព​អឺរ៉ុប ​និង​ប្រទេស​ទាំង​៦​នេះ ​បាន​ចាប់​បដិសន្ធិ​ឡើង ​ក្នុង​ឆ្នាំ​២០០៩ ​ដែល​កាល​នោះ ​សហភាព​អឺរ៉ុប ​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា ​មាន​ប្រទេស​សមាជិក​ទំាង​អស់​ ២៨ ​ មាន​គម្រោង​ឲ្យ​ប្រទេស​អតីត​សហភាព​សូវៀត​ទាំង​៦ ​ចុះ​​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សមាគមន៍​មួយ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី។

ដូច​ដែល​យើង​បាន​តាម​ដាន​កន្លង​មក ​ជំនួប​កំពូល​កាល​ពី​លើក​មុនៗ ​តែងតែ​ជួប​បញ្ហា​ជានិច្ច ​ដោយសារ​ តែ​រុស្ស៊ី ​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ពូទីន ​បាន​ប្រើ​យុទ្ធសាស្រ្ត​ គម្រាម​កំហែង​ប្រទេស​ទាំង​៦​នេះ ​មិនឲ្យ​ចុះ​ហត្ថលេខា​ជាមួយ ​សហភាព​អឺរ៉ុប។ ចង់​មិន​ចង់ ​ រុស្ស៊ី​ មើល​ឃើញ​ថា​ បើ​ប្រទេស​ទាំងនេះ ងៀក​ទៅ​ឱប​ជើង​សហភាព​អឺរ៉ុប ​មាន​ន័យ​ថា ​រុស្ស៊ី​នឹង​បាត់​បង់​កូន​ចៅ ​នឹង​ដែន​ឥទ្ធិពល​របស់​ខ្លួន ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។ មួយ​វិញ​ទៀត ​តំបន់​នេះ ​មាន​សារៈ​ប្រយោជន៍​សេដ្ឋកិច្ច​ខ្លាំង​ណាស់ ជា​ពិសេស​ក្នុង​វិស័យ​ថាមពល​រ៉ែ​ប្រេង ​និង​ឧស្ម័ន​ធម្មជាតិ​ ដែល​គ្រប់គ្នា​ដណ្តើម​ទិញ​ប្រើ​ប្រាស់។

ដូច្នេះ​ហើយ ​បាន​ជា​កន្លង​មក​រុស្ស៊ី​ព្យាយាម ​ប៉ែងជើង​ជំនួប​កំពូល​នេះ ​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៣ ​នៅ​ពេល​ដែល​រុស្ស៊ី ​ញុះញង់​មិន​ឲ្យ​អ៊ុយក្រែន ​ដែល​កាល​នោះ​ ដឹកនាំ​ដោយ​លោក​ យ៉ាណូកូវិឆ​ ទៅ​ចូល​រួម​ប្រជុំ។ ​ឧបាយកល​របស់​លោក​ ពូទីន ​មិន​មែន​មាន​តែ​ត្រឹម​នេះ ​ទេ។ បន្ទាប់​ពី​នេះ​មក​ រុស្ស៊ី​បាន​ច្បាម​យក​ ​តំបន់​គ្រីម៉េ ​ដែល​ស្ថិត​ក្នុង​ទឹកដី​អ៊ុយក្រែន​ មក​ធ្វើ​ជា​របស់​ខ្លួន ​ហើយ​ថែមទាំង​បាន ​ឧបត្ថម្ភ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ ឲ្យ​ធ្វើ​ការ​បះបោះ​ថែម​ទៀត​ផង។ ការ​ធ្វើ​បែប​នេះ ​គឺវា​បាន​គំរាម​ដល់​ប្រទេស​ផ្សេង​ទៀត ​ថា​បើ​ហ៊ាន​ងៀក​ទៅ​រក​សហភាព​អឺរ៉ុប ​ប្រាដក​ជា​ស្គាល់​ធម៌ក្តៅ​ ដូច​អ៊ុយក្រែន​មិន​ខាន។ រហូត​មក​ដល់​ពេល​នេះ​មាន​តែ​ប្រទេស​៣​ទេ ​ដែល​មាន​ចិត្ត​ក្លាហាន ​ហ៊ាន​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​ គឺ ​ប្រទេស​ហ្សកហ្ស៊ី ​និង​ប្រទេស​ម៉ុលដាវី ​និង​ អ៊ុយក្រែន។
 
ធ្វើយ៉ាងណា កុំឲ្យគេយល់ថា នេះជាការជួបប្រជុំគ្នាប្រឆាំងនឹងរុស្ស៊ី៖
បើ​យើង​និយាយ​ជារួម​ សហភាព​អឺរ៉ុប ​ក៏​ដូច​ជា​ប្រទេស​ឡេតូនី​ ដែល​ជា​ម្ចាស់​ផ្ទះ ​ព្យាយាម​​​បន្ធូរបន្ថយ​​ភាព​តាន​តឹង។ មន្រ្តី​ការទូត​អឺរ៉ុប ​បាន​បញ្ជាក់​ថា ​គេ​ត្រូវ​ចៀសវាង​ ធ្វើ​យ៉ាង​ណា​ កុំ​ឲ្យ​មតិ​ទូទៅ​យល់​ថា ​ជំនួប​កំពូល​ជាមួយ​ប្រទេស​ភាគ​ខាងកើត​នេះ​ ជា​ជំនួប​កំពូល​ដែល​ប្រឆាំង​ជាមួយ​រុស្ស៊ី ​ក៏​ដូច​ជា​លោក​ពូទីន។ ដូច​គ្នា​ដែរ ​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ​បាន​ថ្លែង​ថា ​រុស្ស៊ី ​គ្មាន​អ្វី​ទៅ​ប្រឆាំង​ នឹង​ការ​កសាង​ទំនាក់​ទំនង​រវាង​សហភាព​អឺរ៉ុប ​ជាមួយ​នឹង​ប្រទេស​អឺរ៉ុប​ខាង​កើត​​ ទាំង​៦​នេះ​ទេ ​ប៉ុន្តែ​ រុស្ស៊ី​សុំ​តែ​ម្យ៉ាង​ទេ ​គឺ​កុំ​ឲ្យ​តែ​ទំនាក់​ទំនង​នេះ ​ទៅ​ធ្វើ​ឲ្យ​ខូច​ខាត ​ដល់​ផល​ប្រយោជន៍​របស់​រុស្ស៊ី។

ប្រធានាធិបតី​ហ្សកហ្ស៊ី ​ដែល​ក្លាហាន​ជាង​គេ ​បាន​បញ្ចេញ​យោបល់​ថា ​សហភាព​អឺរ៉ុប ​គួរ​ឆ្លៀត​ឱកាស​នេះ ​បង្ហាញ​ប្រាប់​គេ​ឯង​ ពី​ភាព​ក្លាហាន​របស់​ខ្លួន ​ចំពោះមុខ​អំពើ​ផ្តាច់ការ​របស់​ពូទីន ​ទៅ​លើ​ប្រទេស​ទន់ខ្សោយ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។ បើ​សិន​ជា​មេ​ដំបូល ​ចិត្ត​មិន​សឿង​ទេ ​មាន​រឿង​អី ដែល​​ប្រទេស​តូចតាច ​មាន​ព្រំដែន​ជាប់​រុស្ស៊ី ​គេ​អាច​ទុក​ចិត្ត​បាន​ ថា​គេ​នឹង​បាន​សុខ។ ត្រង់​នេះ​ហើយ ​ដែល​ប្រទេស​មួយ​ចំនួន ​បន្ត​នៅ​ស្ទាក់ស្ទើរ​ ព្រោះ​ថា​គេ​មិន​ទុក​ចិត្ត​សហភាព​អឺរ៉ុប​ ថា​អាច​ការពារ​គេ​ឲ្យ​ផុត ពី​កណ្តាប់ដៃ​រុស្ស៊ី​បាន​ដែរ​រឺ​អត់។

អឺរ៉ុប​មិន​សូវ​ហ៊ាន ប្រទេស​តូចតាច​មាន​ការ​ខកចិត្ត៖
បើ​តាម​ការ​រាយការណ៍ ​ ជំនួប​កំពូល​នេះ ​ទំនង​អាច​ជា​ការ​ខកចិត្ត​ម្តង​ទៀត​ហើយ ​ព្រោះថា ក្រៅ​ពី​មាន​ការ​ជួបជុំ​គ្នា ​បរិភោគ​អាហារ​ពេល​ល្ងាច ​ប្រទេស​ទាំងអស់​នឹង​ជួប​ពិភាក្សា​គ្នា ​តិច​តួច​បំផុត​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។ ត្រង់នេះ​ឯង​ហើយ ​បាន​ជា​អ្នក​វិភាគ​ទាំង​អស់​យល់​ថា ​អឺរ៉ុប​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ណាស់។

ប្រទេស​ទាំងបី ​ដែល​បាន​ចុះ​ហត្ថលេខា​ ហើយ​នោះ​ ចង់ឲ្យ​អឺរ៉ុប​ពន្លឿន​ ការ​សម្រេច​ចិត្ត​ទាក់ទិន​ទៅ​នឹង​ ការ​បន្ធូរបន្ថយ​លក្ខខណន្តិកៈ​ ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ​ ចេញចូល​អឺរ៉ុប។ ប៉ុន្តែ​បើ​តាម​ស្ទាបស្ទង់​ព័ត៌មាន​ អឺរ៉ុប​ មិន​ទាន់​មាន​គម្រោង​ សិក្សា​បញ្ហា​នេះ​ទេ។ ចរាចរណ៍​ចេញ​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប​ ស្រួលៗ​ពេក អាច​នឹង​បង្ក​ការ​លំបាក​ដល់​ប្រទេស​សមាជិក​អឺរ៉ុប​ ជា​ពិសេស​ស្ថិត​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​​ ដែល​មាន​ជន​អន្តោប្រវេសន៍​ច្រើន។ អ៊ុយក្រែន ​និង​ហ្សកហ្ស៊ី ​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន ​ក្នុង​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​ របស់​សហភាព​អឺរ៉ុប​ផង​ដែរ។ ប៉ុន្តែ​ថ្នាក់ដឹក​នាំ​អឺរ៉ុប ​បាន​ប្រកែក​ដាច់​អហង្ការ​ថា ​គេ​នៅ​ មិន​ទាន់​អាច​និយាយ​រឿង​នេះ​បាន​ទេ។ ឯអ្នក​ខ្លះ​វិញ ​និយាយ​ថា ​រឿង​នេះ​ជា​រឿង​មួយ ​ដែល​មិន​អាច​ទៅ​រួច​បាន ​ជា​ដាច់​ខាត។

ចំណែក​ ប្រទេស ​ប៊ីយេឡូរុស្ស៊ី ​និង ​អារមេនី​វិញ ​នៅ​មិន​ទាន់​ចុះ​ហត្ថលេខា ​លើ​សេចក្តី​ប្រកាស​រួម ​ដែល​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​សុក្រ​ ទី ២២​ ឧសភា​ ទេ ​ព្រោះ​ក្នុង​សេចក្តី​ប្រកាស​នេះ ​មាន​លើក​ឡើង​អំពី​ការ​ថ្កោលទោស​លើ​រុស្ស៊ី ​ដែល​បាន​ឈ្លាន​ពាន​តំបន់​គ្រីម៉េ​ របស់​អ៊ុយក្រែន។ យើង​ឃើញ​ថា ​មាន​ប្រទេស​ខ្លះ នៅ​ខ្លាច​រុស្ស៊ី​ខ្លាំង​ណាស់។

ភ្នំមួយ មិនអាចមានខ្លាពីរទេ៖
ចៀសវាង ​ការ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​ វា​ជា​ការ​លំបាក​ណាស់ សម្រាប់​ថ្នាក់​ដឹកនាំ​អឺរ៉ុប ​ព្រោះ​ថា រុស្ស៊ី​ឯណោះ ​ក៏​គេ​បាន​បើក​ឲ្យ​មាន ​វេទិកា​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​មួយ​ផងដែរ។ ក្នុង​ចំណោម​ប្រទេស​ទាំង៦ ​មាន​ប្រទេស​ខ្លះ ​នៅ​ទទួល​ឥទ្ធិពល​របស់​រុស្ស៊ី​ខ្លាំង​ណាស់​ ហើយ​កាន់​ជើង​ខាង​រុស្ស៊ី​ទៀត។ ឯ​ប្រទេស​ខ្លះ​វិញ ​ចង់​គេច​ឲ្យ​ផុត​ពី​អតីតកាល​ឈឺ​ចាប់ ​ដែល​ធ្លាប់​វេទនា​កាល​ជំនាន់​សូវៀត។

តាមពិត យើង​គួរ​យល់​ថា ​សេចក្តី​ប្រាថ្នា ​និង​សន្ទុះ​នៃ​ការ​ចង់បាន​របស់​ប្រទេស​នីមួយៗ​ វា​ខុសៗ​គ្នា។ មន្ត្រី​ទូត​បារាំង​ម្នាក់​បាន​បញ្ជាក់​ថា ​គេ​មិន​អាច​ ចាប់​ប្រទេស​ទាំង​៦​នេះ ​ម្តង​ទាំង​អស់​បាន​ទេ។ គេ​ត្រូវ​ទុក​លទ្ធភាព​ឲ្យ​ប្រទេស​នីមួយៗ ​ធ្វើ​អ្វី​ ដែល​គេ​អាច​ធ្វើ​បាន។ មួយ​វិញ​ទៀត ​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា ​កុំ​ឲ្យ​គ្រប់​គ្នា​គិត​ថា ​គេ​ត្រូវ​ធ្វើការ​ជ្រើសរើស ​យក​មួយ​ណា​ រវាង​ អឺរ៉ុប​និង​រុស្ស៊ី។ សហភាព​អឺរ៉ុប​ ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ឲ្យ​ប្រទេស​ដែល​ជា​សមាជិក ​ក្រុម​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​​ ដែល​ដឹកនាំ​ដោយ​រុស្ស៊ី អាច​ចុះ​ហត្ថលេខា ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​អឺរ៉ុប ​បាន​ដែរ។ ភាគី​រុស្ស៊ី​ក៏​អញ្ចឹង​ដែរ។

ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ ​វា​ជា​រឿងមួយ​ពិបាក​ធ្វើ​ណាស់។​ ពាក្យ​ខ្មែរ​យើង​និយាយ​ថា ​ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ  ​គឺ​វា​មិន​ខុស​ទេ។ ម្នាក់ៗ​ត្រូវតែ​សម្រេច​ជ្រើស​រើស​មេ​របស់​ខ្លួន។ ​បើ​យើង​ជ្រើស​យក​សហភាព​អឺរ៉ុប ​គឺ​មាន​ន័យ​ថា ​យើង​មិន​ចង់​នៅ​ជាមួយ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ