អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​មិន​ចុះ​ហត្ថលេខា លើ​សទ្ធិសញ្ញា​គ្រប់គ្រង​ចរាចរណ៍​អាវុធ​ របស់​អ.ស.ប.​ទេ

មន្រ្តី​ការបរទេស​រុស្ស៊ី​ម្នាក់ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន ​នៅ​ថ្ងៃ​អាទិត្យ ​ទី ​១៧​ឧសភា​ ថា រុស្ស៊ី​នឹង​មិន​ចុះ​ហត្ថលេខា​លើ ​សន្ធិសញ្ញា​ ស្តីពី​ការ​​គ្រប់គ្រង​​ពាណិជ្ជកម្ម​​អាវុធ​គ្រប់​ធុន ដែល​បាន​តាក់តែង​ឡើង​ ដោយ​អង្គការ​សហ​ប្រជាជាតិ ​ទេ។ រុស្ស៊ី​យល់​ថា ​សន្ធិសញ្ញ​នេះ ​ក្រៅ​តែ​ពី​មិន​បាន​ផ្តល់​ជា​អត្ថប្រយោជន៍​ឲ្យ​រុស្ស៊ី​ហើយ ​ថែម​ទាំង​បាន​បន្ថែម​ការ​លំបាក​ ឲ្យ​ប្រទេស​ហត្ថលេខី​ទៀត។ ​ដូច្នេះ ​រុស្ស៊ី​គ្មាន​ហេតុផល​អ្វី​ ត្រូវ​យក​វា​មក​អនុវត្ត​នោះ​ទេ។

អាវុធ ជាឃាតករ​ផ្តាច់​ជីវិតមនុស្ស មិន​ថា​​ចាស់​​រឺ​ក្មេង ល្អរឺអាក្រក់​។
អាវុធ ជាឃាតករ​ផ្តាច់​ជីវិតមនុស្ស មិន​ថា​​ចាស់​​រឺ​ក្មេង ល្អរឺអាក្រក់​។ REUTERS/Ulises Rodriguez
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញា​ស្តីពី​ការ​គ្រប់គ្រង ​ក្នុង​ជំនួញ​ជួញដូរ​អាវុធ ​ដែល​បាន​តាក់តែង​ឡើង​ ដោយ​អង្គការ​សហ​ប្រជាជាតិ ​បាន​ចូល​ជា​ធរមាន ​កាល​ពី ​ខែ​ធ្នូ​ឆ្នាំ ​២០១៤។ រហូត​មក​ដល់​ពេល​នេះ ​មាន​ប្រទេស​ចំនួន​១៣០​ហើយ ​ដែល​បាន​ចុះ​ហត្ថលេខា ​ហើយ​ប្រទេស​ចំនួន​ ៦៧​បាន​ធ្វើ​សច្ចាប័ន​ ដាក់​ឲ្យ​អនុវត្ត​រួច​រាល់​ហើយ​ដែរ។ យ៉ាង​ណា​ក៏​ដោយ ​ក្នុង​ចំណោម​ប្រទេស​សមាជិក​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ​នៅ​មាន​ប្រទេស​៤ ​ដែល​មិន​ទាន់​ចុះ​ហត្ថលេខា ​គឺ​ចិន​ រុស្ស៊ី ​ហ្សកដានី ​និង​វ៉េណេហ្ស៊ុយអេឡា។

 
លោក ​បាន គីមូន ​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​សរសេរ​លិខិត​ ផ្ញើរ​ទៅ​កាន់ ​ប្រទេស​ដែល​មិន​ទាន់​ចុះ​ហត្ថលេខា ​ថា​ឲ្យ​ឆាប់​ចុះ​ហត្ថលេខា ​នៅ​ក្នុង​ខែ​ឧសភា​នេះ។ រុស្ស៊ី​ទើបតែ​បាន​ផ្តល់​ចំលើយ ​តាម​រយៈ​មន្រ្តី​ការទូត​របស់​ខ្លួន​ថា ​រុស្ស៊ី​នឹង​មិន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​ទេ។ ​រុស្ស៊ី​ចាត់​ទុក​ថា​វា​ជា​​សន្ធិសញ្ញា​ដែល​មាន​លក្ខណៈ​ទន់​ជ្រាយ​ ​ហើយ​បង្ក​ការ​លំបាក​ច្រើន ​ដល់​ប្រទេស​ហត្ថលេខី។ លោក មីខាអ៊ីល អ៊ូលីយ៉ាណូវ​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ការ​រីក​សាយភាយ​អាវុធ​រុស្ស៊ី ​បាន​និយាយ​ថា ​លោក​គ្មាន​អ្វី​ធំដុំ​ ​ជំទាស់​នឹង​ខ្លឹមសារ​របស់​សន្ធិសញ្ញា​នេះ​ទេ ​គ្រាន់តែ​លោក​ មិន​ឃើញ​ពី​សារៈ​ប្រយោជន៍​របស់​សន្ធិសញ្ញា​នេះ ​សម្រាប់​រុស្ស៊ី។ អ្វី​ដែល​មាន​ចែង ​ក្នុង​សន្ធិសញ្ញា ​រុស្ស៊ី​បាន​អនុវត្ត​វា​ រួច​ទៅ​ហើយ ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប។

សូម​បញ្ជាក់​ថា ​សន្ធិសញ្ញា​ស្តីពី​ការ​គ្រប់គ្រង​ជំនួញ​អាវុធ​នេះ ​គឺ​មាន​ចែង​ជា​អាទិ៍ ​ទាក់ទិន​ទៅ​នឹង ​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​អាវុធ​គ្រប់​ប្រភេទ ​មិន​ថា​ ជា​ការ​នាំចេញ ​នាំចូល​ រឺ​គ្រាន់​តែ​ជា​ការ​ឆ្លងកាត់​ក៏​ដោយ។ អាវុធ​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​នេះ ​មាន​ដូចជា​កាំភ្លើង​ខ្លី ​យន្តហោះ ​និង​នាវា​ចម្បាំង​ និង​រួមទាំង​គ្រាប់​មីស៊ីល​ផង​ដែរ។ តាម​រយៈ​សន្ធិសញ្ញា​នេះ ​ប្រទេស​ហត្ថលេខី​ទាំង​អស់ ​ត្រូវតែ​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់​ ពី​គោលដៅ​នៃ​ចរាចរណ៍​អាវុធ​ទាំង​នោះ ​មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំចេញ ​នាំចូល ​ឬ​ឆ្លងកាត់ ​ដើម្បី​ចៀសវាង ​កុំឲ្យ​អាវុធ​ទាំងនោះ​ ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​គូ​បដិបក្ស​ នៅ​តាម​តំបន់​ ដែល​មាន​សង្រ្គាម ​និង​ការ​កាប់​សម្លាប់​ប្រជាជន​ស្លូតត្រង់។

ក្រៅ​ពី​អាមេរិក ​រុស្សី ​និង​ចិន គឺ​ជា​ប្រទេស​ ដែល​ផលិត​និង​នាំ ​គ្រឿង​ប្រដាប់​អាវុធ​គ្រប់​ធុន​ ចេញ​ទៅ​លក់ ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក។ ការ​ចិញ្ចឹម​សង្គ្រាម​ឲ្យ​នៅ​រ៉ាំរ៉ៃ​ តាម​តំបន់​នានា ​អាច​ធ្វើ​ឲ្យ​ប្រទេស​ឧស្សហកម្ម​អាវុធ​ទាំង​នេះ ​លក់​អាវុធ​យក​លុយ​ច្រក​ហោប៉ៅ ​បាន​យ៉ាង​ងាយស្រួល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ