អានតួអត្ថបទ
រុស្ស៊ី

បទអន្តរាគមន៍ លោក​ប្រមុខ​ការទូត​រុស្ស៊ី ក្នុង​ព្រឹទ្ធសភា​ជាតិ

គឺក្នុងកម្មវិធី “ ម៉ោង​រដ្ឋាភិបាល “ ដែល​ថ្ងៃ​ពុធ​២០​ឧសភា លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ បាន​ឡើង​ថ្លែង​ពី​លើ​វេទិកា​ព្រឹទ្ធសភា​ជាតិ ដែល​នៅ​រុស្ស៊ី មាន​ឈ្មោះ​ជា​ផ្លូវការ​ថា “ក្រុម​ប្រឹក្សា​សហព័ន្ធ” ដោយ​គាត់​បាន​លើក​ឡើង មុខ​ព្រួញ​សំខាន់ៗ នៃ​នយោបាយ​ក្រៅ​ប្រទេស​របស់​រុស្ស៊ី ទាំង​ចាប់ផ្តើម ពី​ស្ថានការណ៍​ក្នុង​លោក​បច្ចុប្បន្ន​ដែល ស្រុត​ចុះ​ស្មុគស្មាញ ហើយ​តាម​សម្តី​គាត់ គឺ​បណ្តាល​ជា​បឋម មកពី​នយោបាយ​បស្ចិមលោក នាំមុខ ដោយ​ស.រ.អា. បង្ខំ​រដ្ឋ​ឯទៀត​ឲ្យ​ដើរ​តាម​បន្ទាត់​ខ្លួន។

លោក​រដ្ឋមន្រី​ការបរទេស​រុស្ស៊ី​Sergueï Lavrov.
លោក​រដ្ឋមន្រី​ការបរទេស​រុស្ស៊ី​Sergueï Lavrov. REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

តាមប្រសាសន៍​លោក​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ ៖ ដើម្បី​តាំង​សណ្តាប់ធ្នាប់ ក្នុង​លោក តាម​ឆន្ទៈ​ឯកតោភាគី ពួកគេ​មិន​ញញើត​នឹង​បំពាន​លើ​ច្បាប់​អន្តរជាតិ មិន​ញញើត នឹង​ប្រកាន់ ”ស្តង់ដារ​មុខ​ពីរ” ក្នុង​ន័យ​ថា ជុំវិញ​សាច់រឿង​តែ​មួយ រមែង​បក​ស្រាយ​តាម​បែប​ពីរ ផ្ទុយ​គ្នា ៖ បើ​ស្រប​នឹង​ផលប្រយោជន៍​ខ្លួន​ទង្វើ​នោះ​គឺ ត្រូវ តែ​បើ​មិន​ឆ្លើយ​ស្រប​នឹង​ប្រយោជន៍​ខ្លួន​ទេ ទង្វើ​នោះ​គឺ ខុស។ ពួកគេ លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋអធិបតេយ្យ ហើយ​រដ្ឋ​ណា ដែល​មិន​យល់ព្រម​តាម​បន្ទាត់​គេ​នោះ គឺ​គេ​មាន​វិធានការ​ពេញ​មួយ​ចង្កោម សម្រាប់​គាប​សង្កត់ តាំងពី​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ដែល​ខុស​ច្បាប់​សោះ រហូត​ដល់​ធ្វើ អន្តរាគមន៍​យោធា​ត្រង់ៗ​តែ​ម្តង។ តាម​យោបល់​ខ្ញុំ សកម្មភាព​បែប​នេះ​របស់​ពួកគេ គឺ​មិន​គ្រាន់តែ​ល្មើស​លើ​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​គឺ​រាក់​កំភែល​មិន​ចេះ​មើល​ឆ្ងាយ​ទៅ​មុខ ដ្បិត​ស្ថានការណ៍​ក្នុង​លោក​បច្ចុប្បន្ន មិន​អាច​កំណត់ តែ​ដោយ​រដ្ឋ​ណា​មួយ ឬ តែ​ដោយ​ប្រទេស​មួយ​ក្រុម​ណា​ឡើយ។

 
លោក ឡាវ៉្រូវ សង្កត់​ធ្ងន់​ថា រុស្ស៊ី​នឹង​ការពារ​ខ្ជាប់ សច្ចធម៌​និង​យុត្តិធម៌ ការពារ​សិទ្ធិ​ជន​រួម​ឈាម​ខ្លួន ហើយ​គ្មាន​នរណា​អាច​បង្ខំ​រុស្ស៊ី ឲ្យ​ក្បត់​នឹង​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ឡើយ។ ដូចដែល លោក​ប្រធានាធិបតី​ពូទីន តែង​បាន​គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត មិនមែន​រុស្ស៊ី​ទេ ជា​អ្នក​បាន​បង្ខូច​ទំនាក់ទំនង​អន្តរជាតិ ហើយ​ល័ក្ខខ័ណ្ឌ​សម្រាប់​ស្តារ​ឡើងវិញ​ទំនាក់ទំនង​នេះ គឺ​ត្រូវ​ចេះ​គោរព សិទ្ធិ​និង​ផលប្រយោជន៍​ស្រប​ច្បាប់ របស់​រុស្ស៊ី។ គោលជំហរ​រុស្ស៊ី គឺ​ឈរ​លើ​ការស្រាក់​កម្លាំង​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​បច្ចុប្បន្នភាព​នៅ​ក្នុង​លោក ដោយ​ទទួល​ស្គាល់ តួនាទី​នាំ​មុខ​ជា​ចម្បង​របស់ អ.ស.ប. ឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ឈរ​លើ​ភាព​ជា​ដៃ​គូ​ស្មើ​ភាព​គ្នា ហើយ​ទទួល​ស្គាល់​សិទ្ធិ​របស់​ប្រជាជន​និមួយៗ កំណត់​វាសនា​ខ្លួន ដោយ​ខ្លួនឯង។

លោករដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ ក៏​បាន​លើក​ឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​របស់​រុស្ស៊ី ជាមួយ​ដៃ​គូ​ខ្លួន ក្នុង​ក្រុម​៥​ប្រទេស BRICS មាន រុស្ស៊ី​ ចិន ឥណ្ឌា ប្រេស៊ីល អហ្វ្រិក​ខាងត្បូង​ជា​សមាជិក និង ក្នុង​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ ហៅ​កាត់​ថា OCS ដែល​ក៏​មាន​ចិន រុស្ស៊ី និង ៤ រដ្ឋ​ឯករាជ្យ នៃ​អតីត​សហភាព​សូវៀត នៅ​តំបន់​អាស៊ី​កណ្តាលជា​សមាជិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ