អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីទុយអានី​លើក​អនុវត្ត​វិញ​របបកោះហៅ​យុវជន​ឲ្យ​បរិច្ចាគ​កិច្ចយោធា​ក្នុង​កងទ័ព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូលហេតុ​តាម​ការ​អះអាង​នៃ​ថ្នាក់​ដឹកនាំ​លីទុយអានី គឺ​មក​ពី​សន្តិសុខ​ប្រទេស​ជាតិ​បន្ត​ស្ថិតនៅ​ក្រោម​ការ​គម្រាមកំហែង​ពី​ខាង​រុស្ស៊ី​ក្នុង​បរិបទ​នៃ​ព្រឹត្តិការណ៍​ដែល​វិវឌ្ឍ​ទៅ​នៅ​អ៊ុយក្រែន។ អំណះអំណាង​នេះ គឺ​យោង​ទៅលើ​សេចក្តី​សន្និដ្ឋាន​ទាញយក​ដោយ​បក្សសម្ព័ន្ធ​អូតង់​ដែល​មាន​លីទុយអានី​ចូលជា​សមាជិក​តាំងពី​ឆ្នាំ​២០០៤​មក​រួមជាមួយ ប្រទេស​២​ទៀត​នៃ​តំបន់​មាត់សមុទ្រ​បាល់ទិក​គឺ ឡេតូនី​និង​អេស្តូនី ហើយដែល​ទាំង​បី​នេះ សុទ្ធតែ​ជា​សាធារណរដ្ឋ ធ្លាប់ស្ថិត​នៅ​ក្រោមអំណាច​សូវៀត ពីឆ្នាំ​១៩៤០​ដល់​១៩៩០។ 

កងទាហាន​មកពី​លីទុយអានី​​​ អេស្តូនី​​ និង​ កងទ័ព​អឺរ៉ុប​ផ្សេងទៀត​ចូលរួម​ព្យុះហយាត្រា​នៅ​ទិវា​បុណ្យឯករាជ​ជាតិ​អេស្តូនី​​​
កងទាហាន​មកពី​លីទុយអានី​​​ អេស្តូនី​​ និង​ កងទ័ព​អឺរ៉ុប​ផ្សេងទៀត​ចូលរួម​ព្យុះហយាត្រា​នៅ​ទិវា​បុណ្យឯករាជ​ជាតិ​អេស្តូនី​​​ REUTERS/Ints Kalnins
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួររំលឹកថា របប​កោះហៅ​យុវជន​ឲ្យ​បរិច្ចាគកិច្ច​យោធាក្នុង​កងទ័ព​ត្រូវបាន លីទុយអានី​​លុបចោល​កាលក្នុង​ឆ្នាំ​២០០៨ បាន​ន័យ​ថា ៤​ឆ្នាំ​ក្រោយពី​ខ្លួន​បាន​ចូល​ជា​សមាជិក​អូតង់។

 
ន្តែនៅ​ពីមុខ​កាលៈទេសៈ​ថ្មី បង្ក​ឡើង​ដោយ​ស្ថានការណ៍​នៅ​អ៊ុយក្រែន ដោយ​ថ្លែង​ក្នុង អង្គ​ប្រជុំ​នៃ​ក្រុមប្រឹក្សា​រដ្ឋខាងផ្នែកការពារ​ប្រទេស ថ្ងៃ​២៤​កុម្ភៈ​កន្លង​ទៅ​លោកស្រី​ប្រធានាធិបតី​លីទុយអានី Dalia Grybauskaite បាន​លើក​ឡើង​ថា ៖ រដ្ឋ​លីទុយអានី សម្រេច លើក​យក​មក​អនុវត្ត​វិញ របបកោះហៅ​យុវជន​ឲ្យ​បរិច្ចាគ​កិច្ចយោធា ដែល​ជាកាតព្វកិច្ច​បម្រើក្នុង​កងទ័ព​ដូច​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស។

គួរ​ដកឃ្លា​និយាយថា ក្រុមប្រឹក្សារដ្ឋ​ខាងផ្នែកការពារប្រទេស​លីទុយអានី ដែល​បាន​រួម​ប្រជុំ​ជាបន្ទាន់​៣​ថ្ងៃ​មុន​មាន​សមាជិក​៥​នាក់​គឺ រូប​ប្រធានាធិបតី​ផ្ទាល់, រូប​នាយករដ្ឋមន្ត្រី, រូប​ប្រធាន​រដ្ឋសភា, រូប​រដ្ឋមន្ត្រី​ការពារជាតិ​និង​រូប​មេទ័ព​លីទុយអានី។

តាម​ប្រសាសន៍​លោកស្រី​ប្រធានាធិបតី ដែល​ស្របនឹង​រដ្ឋធម្មនុញ្ញ ជា មេបញ្ជាការ​ជាន់​ខ្ពស់ បំផុត​នៃ​កងកម្លាំង​ប្រដាប់​អាវុធ ៖
-គឺស្ថានការណ៍​ភូមិសាស្ត្រ-នយោបាយ​កើតឡើង​បច្ចុប្បន្ន​នេះ ដែល​តម្រូវ​ឲ្យ​លីទុយអានី មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី​ផ្ទាល់​យល់ថា ចាំបាច់​ត្រូវ​អនុវត្ត​ឡើង​វិញ របប​កោះហៅ​យុវជន​ឲ្យចូល​បរិច្ចាគ​កិច្ចយោធា​ក្នុង​កងទ័ព។

-របប​កោះហៅ​នេះ នឹង​ពន្យារ​ទៅ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ។
-មូលហេតុ មកពី​មាន​ការ​គម្រាម​ជាប់ជានិច្ច​ដល់​សន្តិសុខ​ប្រទេស​ជាតិ ​ពី​ខាង​រុស្ស៊ី។
-យុវជន​ដែល​នឹង​កោះហៅ​នោះ មាន​ចំនួន​៣.៥០០​នាក់ឬ ១,៧% នៃ​រាល់​អ្នក​ដែល​ត្រូវ​កោះហៅ

-គេ​ម្នាក់ៗ​នឹង​ធ្វើការ​បរិច្ចាគ​កិច្ចយោធា​ក្នុង​កងទ័ព​រយៈពេល​៩​ខែ។
-យុវជន ដែល​ត្រូវ​កោះហៅ​នោះ​គឺ​អាយុ​ពី ១៩​ដល់​២៦​ឆ្នាំ។

ជាការប្រៀបធៀប នៅ​រុស្ស៊ី​យុវជន​កោះហៅ​បែប​នេះ គឺ​អាយុ ពី​១៨ ដល់ ២៧​ឆ្នាំ ហើយ​រយៈពេល​បរិច្ចាគ​កិច្ចយោធា​សោត​គឺ ១២​ខែ។

លោកស្រី​ប្រធានាធិបតី Dalia Grybauskaite ក្នុង​បទអន្តរាគមន៍​ខ្លួន​ក៏​លំអិត​ថា ៖
-លីទុយអានី ឥឡូវ​ឆ្លង​ពីកងទ័ព​អាជីព​សុទ្ធសាធ ដែល​មាន​យោធា​១២.០០០​នាក់ ទៅ​ជា កងទ័ព​ចម្រុះ​ទៅ​វិញ។
-កងទ័ព​ចម្រុះ ជា​កងទ័ព​ដែល​មាន​ប្រជាប្រិយភាព នៅ​តាម​ប្រទេស​ស្កង់ឌីណាវ បែប​យ៉ាង Danemark Finlande Suede Norvege Islande ។

ចំណែក​មេទ័ព​លីទុយអានី លោក​ឧត្តមសេនីយ Jonas Vitautas Jukas បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ នៃ ក្រុមប្រឹក្សា​រដ្ឋ​ខាង​ផ្នែកការពារ​ប្រទេស​នោះ​ថា ៖
-ទោះបី​ប្រទេសរុស្ស៊ី ក្នុង​ដំណាក់​ឥឡូវ ឥត​ផ្តុំ​ទ័ព​នៅ​ជិត​ព្រំប្រទល់​លីទុយអានី​ក្តី ក៏​ស្ថានការណ៍​នៅអ៊ុយក្រែន​បម្រើ​ជា​ឧទាហរណ៍​ឲ្យ​ប្រទេស​នៅ​ជិត​ខាង​នឹង​រុស្ស៊ី​ប្រុងប្រយ័ត្ន ជានិច្ច។
-ស្ថានការណ៍ ដែល​កើត​ឡើង​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន តាមមើល​ទៅ មិន​អាច​ដោះស្រាយ​ដោយ​សន្តិវិធី​ឡើយ។
លោក​មេទ័ព​លីទុយអានី ក៏​បំភ្លឺ​ឲ្យ​ដឹង​ថា យុវជន​កោះហៅ នឹង​ទទួល​ការបណ្តុះបណ្តាល​ក្នុង​កងទ័ព​ជា​២​ផ្នែក ៖ ផ្នែក​ទី​១-គឺ​បង្រៀន​គេ​ម្នាក់ៗ ឲ្យ​ក្លាយ​ជា​អ្នកឯកទេស​យោធា , ផ្នែក​ទី​២- គឺ​បង្ហាត់​គេ​ឲ្យ​ចេះ​ច្បាំង​ក្នុង​ស្មារតី​សមូហភាព។

ក្រសួងការពារជាតិ​លីទុយអានី បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​នេះ ​តាម​ការ​បូកគុណ​ឃើញ ត្រួសៗ ជាមុន​ប្រតិបត្តិការ​ខាង​កោះហៅយុវជន​ឲ្យ​ចូលបរិច្ចាគ​កិច្ចយោធា​នឹង​តម្រូវ​ឲ្យ ថវិកាជាតិ ចំណាយ​ប្រមាណ ៣២​លាន​អឺរ៉ូ
៩.០០០​អឺរ៉ូ សម្រាប់​អ្នក​បរិច្ចាគ​កិច្ចយោធា​ម្នាក់ៗ។

ជាការកត់សម្គាល់ ក្នុង​ចំណោម ៣​ប្រទេស​បាល់ គឺ​លីទុយអានី​តែម្តង ដែល​សត្រូវ​នឹង​ក្រុង​ម៉ូស្គូ​ខ្លាំង​ជាង​គេ។ ពិតជា​លោកស្រី​ប្រធានាធិបតី​ប្រទេស​នេះ ដែល​តែង​ចេញ​មុខ​អំពាវនាវ សហភាព​អឺរ៉ុប​និង ស.រ.អា. ឲ្យ​បង្កើន​ទណ្ឌកម្ម​និង​រឹតបន្តឹង​សម្ពាធ​ប្រឆាំង​រុស្ស៊ី។​ពិតជារូបគាត់ ដែល​ក្នុង​ដំណើរទស្សនកិច្ច​ការងារ​នៅ​ក្រុង​គៀវ ថ្ងៃ​២៤​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ​ពេល​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​សន្យា​ផ្តល់​អាវុធ​ទៅ​អ៊ុយក្រែន សម្រាប់​ប្រឈម​តាម​សម្តីគាត់​គឺ​ទល់​នឹង​“ អំពើឈ្លានពាន” ពី​ខាង​រុស្ស៊ី៕ 
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ