អានតួអត្ថបទ
រុស្ស៊ី​​

មហា​សន្និសីទ​កាសែត​ លោក​ប្រធានាធិបតី​ពូទីន​

ត្រូវ​បាន​អញ្ជើញ ឲ្យ​វត្តមាន ក្នុងសន្និសីទ​កាសែត​ថ្ងៃនេះ គឺ​អ្នក​កាសែត​ជាតិ ១.០៤០នាក់ មកពី​គ្រប់​ខេត្ត​ដែល​ចំណុះ​សហព័ន្ធ​រុស្ស៊ី និង​អ្នកកាសែត​បរទេស​ជិត ២០០​នាក់ តំណាង​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ធំៗ​នៅ​ក្នុងលោក។ សន្និសីទ​កាសែត​លើក​នេះ ជា​លើកទី​៨ តាំង​ពី​លោក​ពូទីន កាន់​តំណែង​កំពូល ជា​ប្រមុខរដ្ឋ​រុស្ស៊ី។

ប្រធានាធិបតី​​រុស្ស៊ី​​ពូទីន
ប្រធានាធិបតី​​រុស្ស៊ី​​ពូទីន REUTERS
ផ្សាយពាណិជ្ជកម្ម

ដោយ​ហេតុ​ថា វិមាន​ក្រេមឡាំង​បាន​ប្រកាស​ថា ខ្លឹមសារ​នៃ​សន្និសីទ​កាសែត គឺ​ដើម្បី បូក​សរុប​តុល្យាការ​ឆ្នាំ​២០១២ ដែល​ជិត​កន្លង​ផុត​ទៅ បានជា​លោក​ប្រធានាធិបតី​ពូទីន ចាប់ផ្តើម គឺពី លទ្ធផល​ដែល​គាត់​ចាត់ទុក​ជា​វិជ្ជមាន សម្រេច​បាន​ដោយ​ប្រទេស​ជាតិ បែបយ៉ាង ៖

- កំណើន​នៃ​ ផលិតផល​សរុប​ក្នុងប្រទេស​ ហៅ​ថា​ GDP ទោះបី​វា​ទាប​ជាង​ឆ្នាំមុន​ដែល​មាន កម្រិត ដល់ ៤,៣% ក៏ គ្រាន់តែ​ក្នុង​១០ខែ​ដំបូង​ឆ្នាំ​នេះ​ វា​បាន​កើនឡើង​ ៣,៧% ទៅ​ហើយ។ លទ្ធផល នេះ តាម​យោបល់​លោក​ពូទីន គឺ​ល្អ ក្នុង​ផ្ទៃ​នៃចង្វាក់​ថមថយ ក្នុង​សេដ្ឋកិច្ច​ដែល គេ​សង្កេត​ឃើញ នៅ សហភាព​អឺរ៉ុប និង ស.រ.អា.។

- ប៉ុន្តែ កសិផល បែរទៅ​ជា​ទាប​ជាង​ឆ្នាំមុនដែលមាន​ប្រមូល​បាន​ផល​ស្រូវ​សាលី ដល់​៩០លាន តោន ក្នុង​ឆ្នាំនេះ ដោយមក​ពី​ធាតុអាកាស​រាំងស្ងួត គឺមាន​ប្រមូល​បាន​តែ ៧៤ លាន​តោន។

- ខាង​ផ្តោះប្តូរ​ពាណិជ្ជកម្ម ឆ្នាំ​២០១២​នេះ រុស្ស៊ី​នាំ​ចេញ ច្រើនជាង​នាំ​ចូល គឺ​ក្នុង​ទឹកប្រាក់
១៨៧.០០០លាន​ដុល្លារ គឺ​លើស​ពី​ឆ្នាំ​មុន ដែល​បាន​មាន​ទំហំ ១៦៤.០០០​លាន​ដុល្លារ។

- អតិផរណា បើ​ប្រៀបទៅ​នឹង​ឆ្នាំ​២.០០០ ដែល​មាន​កម្រិត​ដល់​៣៦% ពេល​គាត់​ទើប​ឡើង​កាន់​អំណាច ឥឡូវ លុះ​កន្លង​ផុត១២​ឆ្នាំ បាន​ធ្លាក់​មក​នៅ​ត្រឹម​៦,៣%​ប៉ុណ្ណោះ។

- អត្រា​អ្នក​អត់​ការងារ តាមការ​បូកគុណ​ឃើញ​នៃ ”អង្គការ​ការងារ​អន្តរជាតិ” នៅ​រុស្ស៊ី​ឆ្នាំ​នេះ គឺ​តែ ៥,៥% ទាបជាង​៦,៦% កាល​ពី​ឆ្នាំ​មុន។ 

- បំណុល​រដ្ឋរុស្ស៊ី បន្ត​ស្ថិត​នៅ​ទាប​ជាង​ឆ្ងាយ​ពី ប្រទេស​លូតលាស់​ធំៗ​នៅ​ក្នុង​លោក ដោយ​មាន កម្រិត​តែ ១០% នៃ GDP ​ហើយពី​ក្នុងនោះ គឺតែ​២,៥%ប៉ុណ្ណោះ ជា បំណុល​ក្រៅ​ប្រទេស។

រីឯសំនួរទី១ ចោទដោយអ្នកកាសែត តើគាត់ ប្រកាន់ឥរិយាបថយ៉ាងណាដែរ ចំពោះ ច្បាប់ អនុម័តម្សិលមិញ ដោយសភាឌូម៉ា ដែលហាមមិនឲ្យពលរដ្ឋអាមេរិកាំង សុំកុមាររុស្ស៊ីយកទៅធ្វើ ជាកូនចិញ្ចឹម លោកពូទីន ឆ្លើយថា ច្បាប់នេះ ជាចម្លើយ តបនឹងទង្វើ” អមិត្ត “ ពីខាងស.រ.អា. ដែលបានចេញ ច្បាប់ប្រឆាំងរុស្ស៊ី ដោយគ្មានអ្វីជា ដើមហេតុសោះ។ ចំណែកអាមេរិកខ្លួនឯង តាមសំដីលោកពូទីន មិនចេះមើលឃើញឡើយ ទង្វើខ្លួនដែលរំលោភបំពានរាប់មិនអស់ លើ សិទ្ធិមនុស្ស ហើយបែរទៅហ៊ាន ប្រដៅនិងបង្រៀនអ្នកដទៃទៅវិញ ក្នុងបញ្ហានេះ។

សំនួរ ដែលគួរឲ្យចាប់អារម្មណ៍ដែរ គឺទាក់ទងនឹងអាការៈសុខភាពគាត់ ៖ លោកពូទីនបញ្ចេញ យោបល់ថា ប្រភពដែលខំទម្លាយដំណឹង នាំឲ្យមានសូរខ្ទរភ្ញាក់ផ្អើលបែបនេះ គឺចេញមកពីខាង ពួកប្រឆាំង ពួកដែលរមែងស្រមៃ ចង់ឃើញគាត់ចាកចេញ ពីមុខតំណែង។

សន្និសីតកាសែតលោកពូទីន នៅបន្តទៅនៅឡើយ។ លើកមុន ក្នុងឆ្នាំ ២០០៧ សន្និសីទ បែប នេះ បានពន្យារទៅអស់ ៤ម៉ោងនិង៤០នាទី ជាទីដែលគាតបានឆ្លើយ តបនឹងសំនួរសរុប ទៅ ចំនួន ១០៦ សំនួរ ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ