អានតួអត្ថបទ
រុស្ស៊ី

បញ្ហា​សុខភាព​លោក​ពូទីន​នាំឲ្យ​គេ​ផ្អើល​និយាយ​ច្រើន

មូលហេតុ មកពីនាពេលកន្លងទៅ គាត់​រមែង​លើក​ទៅពេលក្រោយ​ទៅវិញ ទស្សនកិច្ច ដែល​មាន​គ្រោងធ្វើ​នៅ​បរទេស បែបយ៉ាង​នៅ​ប្រទេស​ប៉ាគីស្ថាន ឥណ្ឌា តួកគី។ ហើយ​ថ្ងៃនេះ​សោត ក្រុងតូក្យូ​បាន​ប្រកាសថា ភាគីរុស្ស៊ី បាន​សុំឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihiko Noda លុប​ជំនួប​ដែល​មានគ្រោង​ប្រព្រឹត្តទៅ នៅម៉ូស្គូ ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន នៅខែធ្នូ​ខាងមុខ។

លោក​ពូទីន (Vladimir Poutine) ប្រធានាធិបតី​រុស្ស៊ី
លោក​ពូទីន (Vladimir Poutine) ប្រធានាធិបតី​រុស្ស៊ី REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ជាការពិត ដែលតាំងពីលោកពូទីន ឡើងកាន់តំណែង​កំពូល ជា​ប្រធានាធិបតី​រុស្ស៊ី សម្រាប់​មួយអាណត្តិ​ថ្មី កាលពី​ខែឧសភា​មក គឺ​មានតែ​៣ប្រទេស​ជាអាទិភាព​ប៉ុណ្ណោះ ដែល​គាត់​បានអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ភ្លាមភ្លែត គឺ ប្រទេសចិន កាហ្សាក់ស្ថាន អ៊ូស្បេគីស្ថាន ព្រមទាំង ទស្សនកិច្ចខ្លី​ដូចផ្លេកបន្ទោរ នៅ​អាល្លឺម៉ង់ និង​បារាំង ដើម្បី​ជួបស្គាល់​ជាមួយ​លោក ប្រធានាធិបតីថ្មី François Hollande។

សូម្បីតែការធ្វើដំណើរក្នុងស្រុក របស់​លោកពូទីន ក៏រយាល​ទៅដែរ។ ការ​និយាយគ្នា​ពីមាត់មួយ ទៅមួយ ចាប់​កើតឡើង ក្រោយពី​វិមាន​ក្រេមឡាំង បានប្រកាស​ជាបន្តបន្ទាប់ តាំងពី​ខែតុលាមក អំពី​ការលើកពេល​ទស្សនកិច្ច​របស់​លោកពូទីន ទៅកាន់​ប្រទេស ប៉ាគីស្ថាន ឥណ្ឌា តួកគី។

ចំណែកលោកនាយករដ្ឋមន្ត្រី​មេដវេដេវ ជាមនុស្ស​លំដាប់ទី២ នៅរុស្ស៊ី ហើយ​ដែលទទួល បន្ទុកចម្បង គឺ​ខាងសេដ្ឋកិច្ច បែរទៅជា​ឧស្សាហ៍​ចេញមុខ​លើឆាកអន្តរជាតិ បែបយ៉ាង ចូលរួម ក្នុង “ជំនួបកំពូល​នៃវេទិកា​អាស៊ី-អឺរ៉ុប” លើកទី៧ នៅក្រុងវៀងចន្ទន៍​ពេលថ្មីៗ និង​បន្ទាប់មក បំពេញ​ទស្សនកិច្ច នៅប្រទេស​វៀតណាម ហ្វាំងឡង់ដ៍ និងបារាំង ផងដែរ។

ក្នុងដំណើរទស្សនកិច្ចនោះ តបនឹងសំនួរ​អ្នកកាសែត អំពីសុខភាព​លោកពូទីន លោកមេដវេដេវ ថ្លែងថា គ្មានបញ្ហាអ្វី​ជាធំដុំទេ ក្នុងសុខភាព​លោកប្រមុខរដ្ឋ​រុស្ស៊ី។ ចំណែក​អ្នកនាំពាក្យ​ផ្លូវការ របស់​ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Peskov ថែមទាំង​បានថ្លែង​បដិសេធ​ច្រានចោល​ទៅផង ដំណឹង​ដែលថា ចៅហ្វាយ​គាត់ មានសុខភាព​អាក្រក់​ស្អីណា និង​ថា លោកពូទីន​ស្រួលខ្លួន ធម្មតាសោះ គ្រាន់តែ​មួយដង​មួយកាល របួស​បណ្តាល​មកពី​គាត់​ហាត់កីឡា ជះចំហាយ​ទៅលើ សរីរាង្គកាយ​គាត់។

អំពីរបួសនេះ លោកប្រធានាធិបតី​បេឡារុស Alexandre Loukachenko ព័ណ៌នា​រៀបរាប់ទៅ ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថា មានម្តង ពេល​បោកចំបាប់ Judo ជាកីឡា​ចំណូលចិត្ត​របស់គាត់ លោកពូទីន​បាន​លើក គូប្រកួត​គាត់​បោះកាត់ស្មា​គាត់ទម្លាក់​ទៅលើព្រំ ប៉ុន្តែ ពេល​បោះនោះ គឺបណ្តាលឲ្យ​មាន​ផលប៉ះពាល់​ដល់ឆ្អឹងខ្នង​គាត់តែម្តង។

ទោះយ៉ាងណាក្តី ក៏វិមានក្រេមឡាំង​គូសបញ្ជាក់ថា លោកពូទីន បំពេញការងារ​គាត់​ជា​ប្រមុខរដ្ឋ គ្មាន​លោះថ្ងៃណា​ទេ បំពេញនេះ ភាគច្រើន គឺ​នៅឯនិវេសនដ្ឋាន​ប្រធានាធិបតី ជាយក្រុង​ម៉ូស្គូ។

មិនតែប៉ុណ្ណោះ នៅថ្ងៃចន្ទទី៣ធ្នូខាងមុខ លោកពូទីន​នឹងអញ្ជើញ ទៅបំពេញ​ទស្សនកិច្ច នៅ​ប្រទេស​តួកគី ក្រោយពីបាន​លើកពេលមក។ ហើយ ក្នុងចំហៀងទី១ នៃ​ខែធ្នូដែរ លោកពូទីន នឹង​ធ្វើ​មហាសន្និសីទកាសែត បូកសរុប​តុល្យាការ​ឆ្នាំ២០១២នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ