អានតួអត្ថបទ
រុស្ស៊ី-នយោបាយ

ប្រជាពលរដ្ឋ​រុស្ស៊ី​​រាប់ម៉ឺននាក់​ធ្វើបាតុកម្ម​ប្រឆាំង​លោកពូទីន​

ប្រជាជន​រុស្ស៊ី​រាប់ម៉ឺននាក់​បាន​ត្រៀម​លក្ខណៈ​ជាស្រេច​នៅថ្ងៃសៅរ៍​ទី១០ធ្នូ​ឆ្នាំ២០១១នេះ​ ​ ចុះថ្នល់​ធ្វើ​បាតុកម្ម​ដ៏​ធំធេង​មួយ​ពុំដែល​កើតមាន​នៅទីក្រុង​ម៉ូស្គូ​និង​នៅតាម​ទីរួមខេត្ត​ជាច្រើន​ ​ ដើម្បី​សម្ដែង​ការប្រឆាំង​ជំទាស់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី៤​ធ្នូ​ឆ្នាំ២០១១​ដែល​គណបក្ស​របស់​លោក​ពូទីន​ជា​អ្នក​ឈ្នះឆ្នោត។

ប្រជាពលរដ្ឋ​រុស្ស៊ី​រាប់ម៉ឺន​នាក់​ធ្វើបាតុកម្ម​ប្រឆាំង​លោកពូទីន​
ប្រជាពលរដ្ឋ​រុស្ស៊ី​រាប់ម៉ឺន​នាក់​ធ្វើបាតុកម្ម​ប្រឆាំង​លោកពូទីន​ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​រុស្ស៊ី​ជាង​៣៦ ០០០នាក់​នឹងនាំគ្នា​ចុះថ្នល់​ធ្វើបាតុកម្ម​នៅទីក្រុង​ម៉ូស្គូ​ ​ ដើម្បី​សម្ដែង​ការប្រឆាំង​ជំទាស់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី៤​ធ្នូ​ឆ្នាំ២០១១​ដែល​គណបក្ស​ “ប្រទេស​រុស្ស៊ី​រួម​ធ្លុងមួយ”​ របស់​លោក​ពូទីន​ជា​អ្នក​ឈ្នះឆ្នោត។ ​នេះ​បើយោងតាម​ទំព័រ​ Facebook ​ឈ្មោះ​ “​បាតុកម្ម​ដើម្បី​ការបោះឆ្នោត​ត្រឹមត្រូវ​សុចរិត”​។

 
នៅព្រឹក​ថ្ងៃសៅរ៍នេះ​ ​ អាជ្ញាធរ​រុស្ស៊ី​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី៤​ធ្នូ​ឆ្នាំ២០១១​ថា​ ​ គណបក្ស​កាន់អំណាច​ឈ្មោះ​ “ប្រទេស​រុស្ស៊ី​រួម​ធ្លុងមួយ”​ របស់​លោក​ពូទីន​ជាអ្នក​ឈ្នះឆ្នោត​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​៤៩,៣២%​ឬ​២៣៨អាសនៈ​លើ​៤៥០​នៅ​សភា​ឌូម៉ា​រុស្ស៊ី។

បាតុកម្ម​ដ៏​ធំធេង​ប្រឆាំង​នឹង​លោក​ពួទីន​នេះ​ ​ ដើមឡើយ​គេគ្រោង​ធ្វើ​នៅ​ទីលាន​បដិវត្តន៍​ដែលឋិត​នៅ​ជិត​វិមាន​ក្រេមឡាំង​ ​ ក៏​ប៉ុន្តែ​ដោយ​សាលាក្រុង​ម៉ូស្គូ​អនុញ្ញាត​ឲ្យ​មាន​គ្នា​តែ​៣០០នាក់​ប៉ុណ្ណោះ​ ​ ទើប​អ្នកដឹកនាំ​បក្ស​ប្រឆាំង​គ្រោង​នាំគ្នា​ចាប់​ដង្ហែក្បួន​បាតុកម្ម​ចេញ​ពី​ទីនោះ​ធ្វើដំណើរ​ប្រមាណ​ជាង​ពីរគីឡូម៉ែត្រ​ឆ្លងទៅ​ត្រើយ​ម្ខាងទៀត​ទល់នឹង​វិមាន​ក្រេមឡាំង។

បាតុកម្ម​ប្រឆាំង​នឹង​លោក​ពួទីន​ជាច្រើន​ទៀត​គ្រោង​រៀបចំធ្វើ​នៅតាម​ទីក្រុងធំៗ​៥០ប្លាយទៀត​មាន​ដូចជា​ទីក្រុង​Saint-Pétersbourg ​ ទីក្រុង​នៅ​តំបន់​អ៊ូរ៉ាល់​ ​ និង​នៅ​តំបន់​ឆ្ងាយៗ​ដូចជា​នៅ​តំបន់​ស៊ីបេរី​ជាដើម​ ​ ដើម្បី​ទាមទារ​ឲ្យ​រំលាយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​រុស្ស៊ី​នៃ​ថ្ងៃទី៤​ធ្នូ​ឆ្នាំ២០១១​ដែល​គេចោទថា​មាន​ការលួច​បន្លំ​ ​ នេះ​បើយោងតាម​បក្សប្រឆាំង​និង​អ្នក​សង្កេតការណ៍​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

គួរបញ្ជាក់ថា​ ​ បាតុកម្ម​ដ៏​ធំធេង​ប្រឆាំង​នឹង​លោក​ពួទីន​នេះ​ពិតជា​ការមួយ​ពុំដែល​កើតមាន​ចាប់តាំង​ពី​លោក​ពូទីន​បាន​ឡើងមក​កាន់អំណាច​នៅ​ឆ្នាំ២០០០​មក។

អ្នកទទួល​ខុសត្រូវ​នៃ​វិហារ​ Orthodoxe រុស្ស៊ី​ ​ បព្វជិត​ Alexandre Iliachenko ​បាន​អំពាវនាវ​ឲ្យ​បាតុករ​រុស្ស៊ី​នាំគ្នា​សម្ដែង​ការប្រឆាំង​ទល់នឹង​ “​ការពុំ​ចេះ​ខ្មាសអៀន​”​ ដែល​តំណាង​ដោយ​របប​គ្រប់គ្រង​របស់​លោក​ពូទីន។

ការបោះឆ្នោត​សភា​ដែល​មាន​ការ​លួចបន្លំ​សំឡេងឆ្នោត​ ​ ហើយនិង​ការ​វាយបង្ក្រាប​ទៅលើ​បាតុករ​រុស្ស៊ី​បាន​នាំ​ឲ្យមាន​ការទិតៀន​យ៉ាងខ្លាំង​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ​ សហភាព​អឺរ៉ុប​ ​ ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់​...។ល។...

ចំណែកឯ​លោក​ពូទីន​បាន​ចោទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថា​ ​សហរដ្ឋ​អាមេរិក​ជាអ្នក​បង្ក​ឲ្យ​កើតមាន​បាតុកម្ម​ប្រឆាំង។​ ក៏​ប៉ុន្តែ​ ការចោទ​ប្រកាន់នេះ​បាន​ត្រូវ​បដិសេធ​ទាត់ចោល​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ ​ ហើយ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​ Victoria Nuland ​បាន​ប្រកាស​ឲ្យ​ដឹង​នៅថ្ងៃសុក្រ​ម្សិលមិញ​ថា​ ​ “សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​បាតុករ​និង​កងកម្លាំង​រក្សា​សន្តិសុខ​ធ្វើ​យ៉ាងណា​ឲ្យ​បាតុកម្ម​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្ងប់ស្ងៀម”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ