អានតួអត្ថបទ
បារាំង

បាតុកម្មនៅបារាំង​និងអឺរ៉ុបប្រឆាំង​នឹងវិធានការសន្តិសុខ​របស់សាកូហ្ស៊ី​

នៅ​ថ្ងៃសៅរ៍​ទី៤​កញ្ញា​ឆ្នាំ២០១០​ មាន​បាតុករ​រាប់​ម៉ឺន​រាប់​សែន​នាក់​បាន​នាំគ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ នៅ​តាម​ទីក្រុង​ធំៗ​នៃ​ប្រទេស​បារាំង​និង​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ដើម្បី​ ប្រឆាំង​នឹង​វិធានការ​សន្តិសុខ​របស់​រដ្ឋាភិបាល​សាកូហ្ស៊ី។​ បាតុករ​រាប់​ម៉ឺន​នាក់​រាប់​សែន​នាក់​ទាំងនោះ​បាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​ ការអំពាវនាវ​របស់​គណបក្ស​សង្គម​និយម​បារាំង​ គណបក្ស​បរិស្ថាន​ គណបក្ស​ឆ្វេងនិយម​ដទៃទៀត​ ហើយនិង​ក្រុម​សហជីព។ 

បាតុកម្មនៅទីក្រុងប៉ារីសនៅ​ថ្ងៃសៅរ៍​ទី៤​កញ្ញា​ឆ្នាំ២០១០
បាតុកម្មនៅទីក្រុងប៉ារីសនៅ​ថ្ងៃសៅរ៍​ទី៤​កញ្ញា​ឆ្នាំ២០១០ © REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

03:55

បទវិភាគរបស់​ សៀក សារិន

បើ​យោង​តាម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Ligue des droits de l’homme(LDH) ​នៅ​ថ្ងៃសៅរ៍​ទី៤​កញ្ញា​ម្សិលមិញ​ មាន​បាតុកម្ម​ប្រមាណ​១៤០​បាន​ត្រូវ​គេ​រៀបចំ​ឲ្យ​មាន​នៅតាម​ទីក្រុង​ធំៗ​រាប់​រយ​នៅក្នុង​ប្រទេស​បារាំង​ ដែល​ក្នុង​នោះ​មាន​ទីក្រុង​Marseille​ Lyon​ Toulouse​ Montpellier​ Metz​ Bordeaux  Strasbourg​ ​ ​ ​ ។ល។​ ​ ​  បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​សន្តិសុខ​របស់​រដ្ឋាភិបាល​សាកូហ្ស៊ី​ប្រមូល​ប្រជុំ​បាតុករ​បាន​រាប់​ម៉ឺន​រាប់​សែន​នាក់។​ ពួកគេ​ប្រឆាំង​នឹង​វិធានការ​សន្តិសុខ​របស់​រដ្ឋាភិបាល​សាកូហ្ស៊ី​ ​ ដោយ​ហេតុ​តែ​គេ​យល់ថា​ នយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​បារាំង​បច្ចុប្បន្ន​ គឺ​ជា​នយោបាយ​ស្អប់​ខ្ពើម​ជនបរទេស​ ​ ជានយោបាយ​អមនុស្សធម៌។​ បាតុករ​រាប់​ម៉ឺន​នាក់​រាប់​សែន​នាក់​ទាំងនោះ​បាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​គណបក្ស​សង្គម​និយម​បារាំង​ គណបក្ស​បរិស្ថាន​ គណបក្ស​ឆ្វេងនិយម​ដទៃទៀត​ ហើយនិង​ក្រុម​សហជីព។

 
ពួកគេ​ជ្រើសរើស​​យក​ថ្ងៃទី៤​កញ្ញា​មក​ធ្វើ​បាតុកម្ម​ដោយ​ហេតុ​ថា​ ​ ថ្ងៃទី៤​កញ្ញា​ជា​និមិត្តរូប​នៃ​ការ​ប្រកាស​បង្កើត​សាធារណរដ្ឋ​បារាំង​ទី៣ ​ដែល​បាន​បិទ​បញ្ចប់​សម័យ​ចក្រភព​បារាំង​ នៅ​ថ្ងៃទី​៤កញ្ញា​ឆ្នាំ​១៨៧០។​ ម្យ៉ាងទៀត ​ពួក​គេ​ចង់​រក្សា​ការពារ​បាវចនា​ដ៏​សែន​ថ្លៃថ្លា​នៃ​សាធារណរដ្ឋ​បារាំង​ដែល​បាន​ចារ​នៅ​លើ​រាល់​អគារ​សំខាន់ៗ​របស់​រដ្ឋ​ថា​”​សិទ្ធិសេរីភាព​ សមភាព​ ភាតរភាព​”​ កុំ​ឲ្យ​គេ​យក​មក​ប្រមាថ​ជាន់​ឈ្លី។

នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​ឯទៀត​នៃ​ប្រទេស​អឺរ៉ុប​ មាន​បាតុកម្ម​យ៉ាង​ច្រើន​កុះករ​បាន​មក​ចូល​រួម​ប្រឆាំង​នឹង​វិធានការ​សន្តិសុខ​របស់​រដ្ឋាភិបាល​សាកូហ្ស៊ី។​ ពួកគេ​បាន​មក​សម្ដែង​បញ្ចេញ​ការប្រឆាំង​នៅ​មុខ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បារាំង។

នៅក្រុង​Bruxelles​នៃ​ប្រទេស​បែលហ្ស៊ិក​ បាតុករ​បាន​នាំគ្នា​ស្រែក​បរិហារ​ថា​”​លើកនេះ​ជាវេន​ពួក​ប្រជាជន​Roms លើក​ក្រោយ​ជាវេន​ជន​អន្តោ​ប្រវេសន៍​ ហើយ​តើ​បន្ទាប់​មក​ទៀត​ត្រូវ​ដល់​វេន​នរណា?​”។

នៅ​ទីក្រុង​Barcelone​នៃ​ប្រទេស​អេស្ប៉ាញ​វិញ​ គេ​ឃើញ​បាតុករ​បាន​នាំគ្នា​លើក​បដា​សរសេរ​បរិហារ​ថា​ “​ល្មម​ឈប់​ចាប់​បញ្ជូន​មនុស្ស​ហើយ​”​ អមនុស្ស​ធម៌​ប៉ុណ្ណឹង​​គ្រប់គ្រាន់​ហើយ​”។

ចំណែកឯ​បាតុករ​ប្រឆាំង​វិធានការ​សន្តិសុខ​របស់​រដ្ឋាភិបាល​សាកូហ្ស៊ី​ដែល​មាន​ចំនួន​ច្រើន​ជាងគេ​គឺ​នៅ​ទីក្រុង​Rome​នៃ​ប្រទេស​អ៊ីតាលី​ ដែល​បាន​ស្រែក​បរិហារ​តាមរយៈ​បដាថា​”​ប្រឆាំង​នឹង​ការ​ប្រកាន់​រើសអើង​ពូជសាសន៍​”​។​ “​គេ​ពុំ​ត្រូវ​ធ្វើ​ការ​​ថ្កោល​ទោស​ទៅលើ​ប្រជាជន​ទាំងមូល​ឡើយ​”​។

សម្រាប់​លោក​ឡឺ​ប៉ែន​ដែល​ជា​ប្រធាន​នៃ​គណបក្ស​រណសិរ្ស​ជាតិ​ ដែល​ពុំ​ចូល​ចិត្ត​ជន​បរទេស​វិញ​ បាន​ថ្លែង​បរិហារ​ថា​ “​វិធានការ​សន្តិសុខ​របស់​រដ្ឋាភិបាល​សាកូហ្ស៊ី​គឺ​គ្រាន់តែ​ជា​ឡប់ឡែ​សម្រាប់​បិទបាំង​បញ្ហា​អន្តោប្រវេសន៍​ដ៏​ធំធេង​ដែល​បាន​ចោទ​ចេញ​ពី​សហគមន៍​ជនបរទេស​ដែល​មក​ពី​ប្រទេស​អាហ្វ្រិក​ឬ​អាហ្វ្រិក​ប៉ែក​ខាងជើង​ប៉ុណ្ណោះ។​ ផ្ទុយ​ទៅវិញ​ គេ​ពុំ​ត្រូវ​ប្រកែ​ប្រកាន់​ប្រជាជន​Roms ​ឬ​ប្រជាជន​អារ៉ាប់ ​ឬ​ប្រជាជន​អាហ្វ្រិក​ឡើយ។​ រដ្ឋាភិបាល​បារាំង​គួរតែ​គិតគូរ​ពី​បញ្ហា​អន្តោប្រវេសន៍​ឲ្យ​បាន​ជ្រៅ​ជ្រះ​ជាងនេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ