អានតួអត្ថបទ
ស៊ីដា ឬ អេដស៍

វិបត្តិ​ហិរញ្ញវត្ថុ គំរាម​ការប្រយុទ្ធប្រឆាំង​​នឹង​ជំងឺ​ស៊ីដា

សន្និសីទ​អន្តរជាតិ​ស្តី​ពី​ជំងឺ​ស៊ីដា ឬ អេសដ៍ លើក​ទី​១៨ នឹង​ផ្តើម​ប្រព្រឹត្ត​ ពី​ថ្ងៃ​អាទិត្យ​ស្អែក​ទី ១៨ ដល់​ថ្ងៃ​ទី ២៣ កក្កដា ២០១០ ទៅ​ទីក្រុង​ វីយែន ប្រទេស​អូទ្រីស។ កម្ម​វត្ថុ​នៃ​សន្និសីទ​ដែល​រៀប​ចំ​ធ្វើ​រាល់​ពីរ​ឆ្នាំ​ម្តង​នេះ នឹង​ផ្តោត​ទៅ​លើ​ “ការ​ព្យាបាល​ជា​សាកល” ប៉ុន្តែ​ក្នុងបរិបទ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ ការ​បន្ថយ​​ជំនួយ​​ពី​សំណាក់​ប្រទេស​អ្នក​មាន​ក៏​នឹង​ក្លាយ​ជា​របៀប​វារៈ​ មួយ​នៃ​សន្និសីទ​នេះ​ដែរ។ មួយ​ថ្ងៃ​មុន​ការ​បើក​សន្និសីទ​នេះ ​តំណាង​​សាសនា​ធំៗ​លើ​​ពិភពលោកបានជួប​ប្រជុំ​គ្នា ចំណែក​​ពិធី​ជប់​លៀង​រាត្រី​ស្រមោល​ស​ប្រមូល​មូនិធិ​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​យប់​នេះ។

អំណាច​នៃ​​អង្គបដិប្រាណ​លើ​វីរុស​ស៊ីដា
អំណាច​នៃ​​អង្គបដិប្រាណ​លើ​វីរុស​ស៊ីដា Niaid VRC
ផ្សាយពាណិជ្ជកម្ម
02:20

សេចក្តីរាយ​ការណ៍​​របស់ អៀង សុខម៉ិញ

ជំងឺ​ស៊ីដា ឬ អេសដ៍ ជា​កង្វល់​របស់​ពិភពលោក ! ចាប់​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់​នេះ​ទៅ ម៉ោង​នៅ​ប្រទេស​អូទ្រីស​ បណ្តាអ្នក​​តំណាង​សាសនា​ធំៗ​​នៅ​លើ​ពិភពលោក រួម​មាន​សាសនា​គ្រិស្ត សាសនាJudaïsme សាសនា​អ៊ីស្លាម និង​សាសនា​ព្រះ​ពុទ្ធ​ បាន​បើ​ក​សន្និសីទមួយ​ នៅ​ទីក្រុង​វីយែន ក្នុង​ក្រប​ខណ្ឌ​មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ជំងឺ​ស៊ីដា ឬ​អេដស៍​លើក​ទី ១៨។

សន្និសីទ​អន្តរជាតិ​លើក​ទី ១៨ ដែល​ប្រព្រឹត្ត​រយៈ​ពេល​មួយ​សប្តាហ៍​ គិត​ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃទី ២៣​កក្កដា ២០១០ នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​នយោបាយ​ជាន់​ខ្ពស់ អ្នក​ស្រាវជ្រាវ អ្នក​ផ្ទុក​មេរោគ​ហ៊ីវ(VIH) អ្នក​មាន​​ជំងឺ​ស៊ីដា ឬ អេសដ៍ អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម​​នានា និង​ក្រុម​គ្រូពេទ្យ ដែល​សរុប​ប្រមាណ​ជាង​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។

ប្រធាន​បទ​​ចំបង​នៃ​សន្និសីទ​អន្តរជាតិលើក​នេះ​​គឺ “សិទ្ធិ នៅ​ទី​នេះ និង​ពេល​នេះ”​ ក្នុង​ការ​ទទួល​បាន​ការ​​ការពារ​ និង​ព្យាបាល​ជំងឺ​ស៊ីដា ឬ អេសដ៍។ ប៉ុន្តែ​ ការ​រីក​រាល​ដាល- ​ចម្លង​នៃ​ជំងឺ យុទ្ធសាស្រ្ត​ការពារ និង​ការ​វិវឌ្ឍន៍​នៃការ​ស្រាវ​ជ្រាវ​រក​​ថ្នាំ​ព្យាបាល​មេរោគ ក៏​ដូច​ជា​ទំនួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ក្នុង​ការ​ផ្តល់​សេវា​ដល់​អ្នក​មាន​ផ្ទុក​មេរោគ ​ឬ​អ្នក​​មាន​ជំងឺ​ស៊ីដា ឬ អេសដ៍ ក៏​ត្រូវ​លើក​យក​ពិភាក្សា​ផង​ដែរ។

ជាពិសេស​ សន្និសីទ​នេះ​ រៀបចំ​ធ្វើ​ឡើង​ជួន​ចំពេល​ដែល​ សហគមន៍​សុខាភិបាល និង​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​ស៊ីដា ឬ អេសដ៍​នានា​​ កំពុង​តែ​ព្រួយ​បារម្ភ​នឹង​បញ្ហា​​ថវិកា។ ព្រោះ​ ក្នុង​ចំនួន​ប្រាក់​ ២ម៉ឺន​លាន​ដុល្លារ​អាមេរិក ដែល​​បណ្តា​ប្រទេស​​​អ្នក​មាន​បាន​សន្យា​ នៅ​ឆ្នាំ​២០០៥ សម្រាប់​រយៈ​ពេល​បី​ឆ្នាំ (មុន​វិបត្តិ​ហិរញ្ញវត្ថុ) ដើម្បីសម្រួល​ដល់​​ការ​ព្យាបាល​ជា​សាកល​ ​មូនិធី​ទទួល​បាន​ចូល​ក្នុងហិប​តែ​ប្រមាណ​១០០​លាន​ប៉ុណ្ណោះ។ វិបត្តិ​ហិរញ្ញវត្ថុ និង​នយោបាយ​ត្បិត​ត្បៀត​​បាន​ជំរុញ​បណ្តា​ប្រទេសទាំង​នោះ​កាត់​បន្ថយ​ជំនួយ​របស់​ខ្លួន។ នេះ​បើ​​តាម​ការ​អះអាង​របស់​មហាសេដ្ឋី Bill Gates និង​ភរិយា។

ដោយ​យល់​ពី​បញ្ហា​ហិរញ្ញវត្ថុ​នេះ ពិធី​រាត្រី​ស្រមោល​ស Life Ball មួយ​នឹង​ត្រូវ​រៀបចំ​ឡើង​ នៅ​យប់​នេះ​ ដើម្បី​ប្រមូល​​ថវិកា​យក​ទៅ​បញ្ជូល​ក្នុង​ហិប​មូនិធិ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​ស៊ីដា ឬ អេសដ៍ ដោយ​មាន​វត្តមាន​លោក​ ប៊ីល គ្លីនតុន អតីត​ប្រធានាធិបតី​អាមេរិក និង​សិល្បការិនី​អាមេរិក​ Whoopi Goldbergផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ