អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប​ក្រោម​ក្រសែ​ភ្នែក​សម្តេច​ប៉ាប​ ហ្វ្រង់ស័រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ផ្លេក​បន្ទោល ! នៅ​ថ្ងៃ​អង្គារ​ទី ២៥ វិច្ឆិកា ២០១៤ សម្តេច​ប៉ាប បាន​និមន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ស្ត្រាស្បួរ ដែន​ដី​​បារាំង រយៈ​ពេលប្រមាណ​តែ​ ៤​ម៉ោង ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​​។ នេះ​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់​តាំង​ពី ២៦​ឆ្នាំ​មក ដែល​ប្រមុខ​សាសនាកាតូលិក សម្តេច​ប៉ាប ត្រូវ​ថ្លែង​សុន្ទរកថា​​ទៅ​កាន់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប។ ជាសុន្ទរកថា​​បែប​នយោបាយ​ និង​បែប​ផ្តល់​មេរៀន ឱ្យ​ ​« អឺរ៉ុប​ចាស់​គំរិល »  (បើ​តាម​សង្ឃដីការ​របស់​សម្តេច​ប៉ាប) ងាក​ទៅ​គិត​គូរ​អំពី​ បញ្ហា​មនុស្សធម៌​ខ្លះ មិន​មែន​ឱ្យ​តម្លៃ​​​តែ​លើ​សេដ្ឋកិច្ច​មួយ​មុខ​ប៉ុណ្ណោះ​ទេ។

សម្តេច​ប៉ាប François នៅ​ក្នុង​សភា និង​​ក្រុមប្រឹក្សា​អឺរ៉ុប​ ក្រុង​ Strasbourg ថ្ងៃទី ២៥ វិច្ឆិកា ២០១៤
សម្តេច​ប៉ាប François នៅ​ក្នុង​សភា និង​​ក្រុមប្រឹក្សា​អឺរ៉ុប​ ក្រុង​ Strasbourg ថ្ងៃទី ២៥ វិច្ឆិកា ២០១៤ EUTERS/Sandro Weltin/Council of Europe/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

មិន​មែន​ត្រឹម​តែ​ជា​ប្រមុខ​សាសនា​ទេ ! គឺ​ជា​បុរស​រដ្ឋ​តែ​ម្តង​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​ស្ថាប័ន​សភា​អឺរ៉ុប នាទីក្រុង​ស្ត្រាស្បួរ របស់​បារាំង។ ខ្លឹម​សារ​នៃសុន្ទរកថា​ទៅកាន់​សមាជិក​សភា​អឺរ៉ុប និង​ទៅ​កាន់​ក្រុមប្រឹក្សា​សហភាព ដែល​មាន​លម្អៀង​ខ្លាំង​ទៅ​ខាង​ផ្នែក​នយោបាយ​ និង​ពេល​ខ្លះ​មាន​លក្ខណៈ​ការ​ប្រៀន​ប្រដៅ ផ្តល់​មេរៀន​ផង ផ្តោត​សំខាន់​ទៅ​លើ​ប្រធានបទ​ច្រើន  ទាក់​ទង​ទៅ​នឹង​តួនាទី​របស់អឺរ៉ុប និង​អំពី​ស្ថានភាព​បច្ចុប្បន្ន។ អឺរ៉ុប​ដែល​បើ​តាម​សម្តេច​ប៉ាប ហាក់​នៅ​ឆ្ងាយ​ពី​ប្រជាជន កាត់​ផ្តាច់​ពី​ពលរដ្ឋ។

សម្តេច​ប៉ាប​បាន​ផ្សព្វផ្សាយ​សារ​ជា​ច្រើន​អនេក លើក​ទឹក​ចិត្ត ផ្តល់​នូវ​​ក្តី​សង្ឃឹម ជូន​ដល់​ពលរដ្ឋ​អឺរ៉ុប​។ ជា​សារ​ដែល​ប្រកប​ដោយ​ក្តី គោរព​ ភាព​ជា​​មនុស្ស និង​ជា​ឱកាស​តឿន​រំលឹក​ដល់​អឺរ៉ុប​ឱ្យ​ចេះ​រក្សា​តម្លៃ​ និង​គោលការណ៍​ជា​មូលដ្ឋាន​របស់​សហភាព​ ក្នុង​វិស័យ​សិទ្ធិមនុស្ស។ មិន​មែន​ដោយ​ហេតុ​តែ​បរិយាកាស​សេដ្ឋកិច្ចជួប​ការ​លំបាក ដែល​អឺរ៉ុប​ត្រូវ​មើល​រំលង​ភាព​ជា​មនុស្ស​លោក​បាន​ឡើយ។ សម្តេច​បាន​សម្តែង​ការ​ប្រឆាំង​នឹង​ការ​ម៉ាក់ងាយ​ជីវិត​មនុស្ស​ មិន​ថា​ក្នុង​កាលៈ​ទេសៈ​​ណា​ទេ។

ក្តី​ព្រួយ​បារម្ភ​​ជាក់​ស្តែង​ចំពោះ​មុខ​សម្រាប់​សម្តេច​ប៉ាប គឺ​អនាគត​របស់​ទ្វីប​អឺរ៉ុប ! នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប​ ដែល​មាន​វត្តមាន​ស្ទើរ​គ្មាន​បាត់​ម្នាក់ និង​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​អឺរ៉ុប ដែល​មាន​តំណាង​មក​ពី ៤៧​ប្រទេស សម្តេច​ប៉ាប​បាន​រៀប​រាប់​ពិពណ៌នា​ថា​អ្វី​ទី​ជា​រូបភាព​អឺរ៉ុប​ក្នុងពេល​បច្ចុប្បន្ន​នេះ ?! ​សម្តេច​ប៉ាប​មើល​ឃើញ​អឺរ៉ុប ចាស់​ជរា​ បើ​មើល​ពីក្រៅ​ឬ​ពី​ចម្ងាយ​ គឺ​ពិត​ជា​មិន​គួរ​ឱ្យ​ទុក​ចិត្ត និង​គួរ​ឱ្យ​មាន​មន្ទិល​ណាស់ អឺរ៉ុប​ហាក់​ដូច​ជា​គ្មានសមត្ថភាព​​អ្វី​ប្រឈម​នឹង​វិបត្តិ​បច្ចុប្បន្ន ប្រកប​ដោយ​ថាមពល​ និង​យ៉ាង​ខ្លៀវក្លា ដូច​អឺរ៉ុប​ពី​មុន​សោះ។ មក​ដល់​អឺរ៉ុប យើង​អាច​ចោទ​សួរ​ ឯ​ណា​ទៅ​កម្លាំង ? ឯណា​សម្ពាធ​ដែល​នាំ​ដល់​ភាព​ល្អ​ឥតខ្ចោះ ភាព​រស់​រវើក​​មាន​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ រហូត​បាន​ធ្វើ​ឱ្យ​អឺរ៉ុប​រីក​ធំ​នោះ ? ឯណា​ទៅ​គំនិត​សតិ​ចង់​ចេះ​ចង់​ដឹង​ ចេះ​ងើយ​ឆ្ងល់​ ? ឯណា​ទៅ​អឺរ៉ុប​ដែល​ស្រែក​ឃ្លាន​ការពិត ?!  បើ​តាម​ទស្សនៈ​របស់​សម្តេច សហភាព​អឺរ៉ុប​មាន​​តែ​សភាព​នឿយ​ហត់ ចាស់​ទ្រុឌទ្រោម​ គួរ​ឱ្យ​ខ្លាច មូរ​មុខ​ គ្មាន​ជីវិត​ គ្មាន​ការ​កកើត​ថ្មី​ » ​អឺរ៉ុប​មិនគួរ​បាត់​បង់​ព្រលឹង​យ៉ាង​ដូច្នេះ​សោះ។

មេរៀន​​អន្តោប្រវេសន៍ ជា​ប្រធានបទ​ស្នូល។ សម្តេច​សង្ឃ​កាតូលិក បាន​បន្ទោស​សមាជិក​ទាំង​២៧​របស់​សហភាព​អឺរ៉ុប បាន​បោះបង់​ភារកិច្ចនយោបាយ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពលរដ្ឋ​បាន​ចិញ្ចឹម​ភាព​មុន​ទុក​ចិត្ត​​លើ​ស្ថាប័ន​អឺរ៉ុប ខ្វល់គិត​តែ​បង្កើត​ក្បួន​វិធាន​ បច្ចេកទេស​និង​សេដ្ឋកិច្ច បំភ្លេច​ចោល​ធាតុពិត​នៃ​មនុស្ស។ មិន​តែ​ប៉ុណ្ណោះ​អឺរ៉ុប គ្មាន​សមត្ថភាព​រួបរួម​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​សោះ​ក្នុង​វិបត្តិ​អន្តោប្រវេសន៍ ជ្រើសរើស​ដំណោះស្រាយ​ដាច់​ៗគ្នា រដ្ឋ​ណា​ជួប​បញ្ហា​រដ្ឋ​នោះ​ត្រូវ​ដោះស្រាយ។ នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប ដែល​ស្នូរ​ទះ​ដៃ​យ៉ាង​កង​រំពង​ ស្ទើរ​គ្មានដាច់ សម្តេច​ប៉ាប បាន​ប្រកាស​ប្រៀន​ប្រដៅ​ថា​ « គេ​មិន​អាច​អនុញ្ញាតិ​ឱ្យ​សមុទ្ទ​មេឌីទែរ៉ាណេ ក្លាយ​ជា​វាល​កប់​ខ្មោច​​ដ៏​មហាសាល​បាន​ទេ ! ទូក​ដឹកជន​ភៀស​ខ្លួន​បាន​មក​តោង​ឆ្នេរ​អឺរ៉ុប​ជា​រៀង​រាល់​ថ្ងៃ​ មាន​មនុស្ស​ស្រីប្រុស ត្រូវ​ការ​ជំនួយ​ និងការ​សង្គ្រោះ​ពី​អឺរ៉ុប»។ មាន​តែ​ពាក្យ​យូរ​ហើយ​​ ល្មម​ដល់​ពេល​ដែល​ត្រូវ​ស្ថាបនា​អឺរ៉ុបមួយ ដោយ​មិន​រំពឹង​វិល​ជុំ​វិញតែ​លើ​សេដ្ឋកិច្ច តែ​ជា​អឺរ៉ុប​ដែល​ឈរ​លើ​គំនិត​ឱ្យ​តម្លៃ​ដល់​មនុស្ស។

សម្តេច​ប៉ាប​បាន​អំពាវនាវ​យ៉ាង​​រំពង​ឱ្យជន​គ្រប់​រូប​ចេះ​ភ្ជាប់​ប្រយោជន៍​បុគ្គល​ទៅ​នឹង​ប្រយោជន៍​រួម ពោល​គឺ​ជា​សារ​ដែល​មាន​អត្ថន័យ​មនុស្សធម៌​ពិតៗ។ សម្តេច​ប៉ាប​ត្រួស​ត្រាយ​ផ្លូវ​​ឱ្យអឺរ៉ុប​ដើម្បី​រក្សា​តម្លៃ និង​អត្តសញ្ញាណ​របស់​ខ្លួន​ នៅ​ចំពោះ​មុខ​ស្ថាប័ន​អឺរ៉ុប​តែ​ម្តង នៅ​ថ្ងៃ​ម្សិលមិញ​ដែល​យើង​អាច​សង្ខេប​សេចក្តី​បាន​ថា ប្រសិន​បើ​អឺរ៉ុប​ចង់​បាន​មក​វិញ​នូវ​ ភាព​ជា​អឺរ៉ុប​ដ៏​ចំណាស់ និង​ភាព​ល្បីរន្ទឺ​លើ​ពិភពលោក អឺរ៉ុប​ត្រូវ​តែ​ភ្ជាប់​​ឬគល់​ដើម​របស់​ខ្លួនឡើង​វិញ ជាមួយ​នឹង​ទស្សនៈ​ជា​មនុស្ស ព្រមទាំង​ឆន្ទៈ​នយោបាយ។

 

ជា​ថ្មី​ម្តង​ទៀត សម្តេច​ប៉ាប បាន​បង្ហាញ​សមត្ថភាព​ថ្លែង​សារ​ទៅ​កាន់​ពលរដ្ឋ​ ក្នុង​ភាសា​មួយ​ដែល​ងាយ​យល់​​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់។ លំហាត់​បែប​នេះ​បាន​បញ្ជាក់​ឱ្យ​តែ​ច្បាស់​បន្ថែម​ទៀត ថាប្រមុខ​សាសនា​កាតូលិក គ្រប់​គ្រង​ស្ថានភាព​អឺរ៉ុប​បានយ៉ាង​ពេញ​លេញ និង​មាន​ដែន​គំនិត​​នយោបាយ​ធំធេង ខុស​ពី​សម្តេច​ប៉ាប​មុន បឺន័រ ទី ១៦ ដែល​ព្រះអង្គ​ផ្តល់​តម្លៃ​ខ្លាំង​តែ​លើ​ផ្នែក​សាសនា។ តែ​យ៉ាងណា​ក៏​ដោយ ក៏​វិហារ​កាតូលិក តែង​នៅក្បែរ​នយោបាយ​ជា​និច្ច។ សម្តេច​ប៉ាប ជា​ប្រមុខ​វិហារ​កាតូលិក ​​ដែល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​អ្នក​កាន់​និង​ជឿ​ស៊ប់​ដល់​ទៅ​ប្រមាណ​២០០​លាន​នាក់។ ហើយ​ដោយ​ហេតុ​ថា​ អឺរ៉ុប​តែ​ងផ្តល់​សិទ្ធិ​និង​ស្តាប់​សមាគមន៍​ផ្សេងៗ ឬ​ក្រុមLobbies រឿង​​អ្វី​មិន​ផ្តល់​ឱកាសឱ្យ​វិហារ​កាតូលិក ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ