អានតួអត្ថបទ
បារាំង​

សំណុំ​រឿង​លួច​ស្តាប់​អតីត​ប្រធានាធិបតី​បារាំង កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទើស​ទាល់

មាន​សេចក្តី​ប្រកាស​ផ្សេងៗ​គ្នា និង​យ៉ាង​ចម្រូង​ចម្រាស​បំផុត នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បារាំង បន្ទាប់​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ លួច​ស្តាប់​ អតីត​ប្រធានាធិបតី​ លោក​ នីកូឡា សាកូហ្ស៊ី តាម​ទូរស័ព្ទ​​។ តុលាការ​ទំនង​ជា​បាន​លួច​ស្តាប់​កិច្ច​សន្ទនា​រវាង​ អតីត​ប្រធានាធិបតី​ ជាមួយ​មេធាវី និងជាមួយ​​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទាំង​ពីរ​ក្រោមបង្គាប់​លោក​នីកូឡា សាកូហ្ស៊ី។ សម្រាប់​អ្នក​គាំទ្រ​លោក​នីកូឡា​សាកូហ្ស៊ី ការ​លួច​ស្តាប់​នេះ​ជា​ផែនការ​រៀប​ចំ​ឡើយ​ដោយ​​រដ្ឋាភិបាល​កំពុង​កាន់​អំណាច និង​ជា​ចារកិច្ច​នយោបាយ ! សមាជិក​រដ្ឋាភិបាល​បាន​សាកល្បង​ការពារ​ខ្លួន តែ​សេចក្តីថ្លែងការណ៍​ហាក់​មាន​លក្ខណៈ​ចម្រូង​ចម្រាស​គ្នា​ខ្លាំង។

លោក​ Nicolas Sarkozy អតីត​ប្រធានាធិបតី​បារាំង​ (២០០៧-២០១២)
លោក​ Nicolas Sarkozy អតីត​ប្រធានាធិបតី​បារាំង​ (២០០៧-២០១២) REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

មិន​ធ្លាប់មាន​ពី​មុនមកទេ ដែល​តុលាការ​សម្រេច​លួច​ស្តាប់​អតីត​ប្រធានាធិបតី សន្ទានា​តាម​ទូរស័ព្ទ ជាមួយ​មេធាវី និងអតីត​​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​ក្រោម​បង្គាប់​យ៉ាង​ដូច្នេះ។ តុលាការ​ទំនង​ជាចាប់​អារម្មណ៍​នឹង​ចំណង​ទាក់ទង​​រវាង​លោក​នីកូឡា សាកូហ្ស៊ី ជាមួយ​មេប៉ូលិស និង​ក្រុម​ចៅក្រម​ ដែល​អាច​ផ្តល់​ព័ត៌មាន​ ក្នុង​សំណុំរឿង​រសើបៗ ពាក់ព័ន្ធ​នឹង​​​អតីត​ប្រធានាធិបតី។

 
ដើម​ហេតុ​ដំបូង​ដែលរុញ​ច្រាន​ឱ្យ​តុលាការ​សម្រេច​លប​ស្តាប់​លោក​អតីត​ប្រធានាធិបតី និង​អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​ក្រោម​បង្គាប់​ គឺ​សំណុំ​រឿង​​​​​ហិរញ្ញវត្ថុ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង​កាលពី​ឆ្នាំ​២០០៧ ដែល​គេ​សង្ស័យ​ថា​បាន​មក​ពី​ប្រទេស​លីប៊ី។ ការ​លប​ស្តាប់​ កិច្ច​សន្ទនា​រវាង​លោក​សាកូហ្ស៊ី​និង​មេធាវី ដែល​បាន​ផ្តល់​ព័ត៌មាន​ច្រើន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ផ្សេងៗ​មួយ​ទៀត​ ៖ ការ​រឹប​អូស​សៀវភៅ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​ប្រធានាធិបតី​ក្នុង​ពេល​កាន់​អំណាច។ បើ​តាម​កាសែត ឡឺម៉ុង​ មេធាវី​​ការពារ​លោក​សាកូហ្ស៊ី មាន​អ្នក​ផ្តល់​ព័ត៌មាន​ ស្តី​ពីការ​វិវឌ្ឍន៍​សំណុំ​រឿង​ក្តី​ ជា​ថ្នូរ​នឹង​តួនាទីសំខាន់​មួយ​ នៅ​ម៉ូណាកូ។

កិច្ច​សន្ទនា​រវាង​កូន​ក្តី​និង​មេធាវី អាច​​ចាត់​ទុក​ថា​កិច្ច​ការ​សម្ងាត់​វិជ្ជាជីវៈ​ ដែល​ត្រូវ​គោរព។ ជាង​នេះ​ទៅ​ទៀត សារព័ត៌មាន​ជា​ទី​ទុក​ចិត្ត​បំផុត បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ដឹង​ព័ត៌មាន​នេះ​ តាំង​ពី​ថ្ងៃ​ទី ២៦​ខែ​កុម្ភៈ ពោល​គឺ​មុន​ការ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​ទៅទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គណបក្ស​ប្រឆាំង ព្រមទាំង​អ្នក​គាំទ្រ​លោក​នីកូឡា សាកូហ្ស៊ី​ យល់​ថា​ជា​ចារកិច្ច​នយោបាយ​ និង​​បាន​ស្នើ​សុំ​ឱ្យ​ប្រធានាធិបតី​បារាំង ពន្យល់​បំភ្លឺ​សំណុំ​រឿង​​តុលាការ​មាន​ល្បាយ​នយោបាយ ដែល​ស្ទើរ​ក្លាយ​ជា​រឿង​អាស្រូវ​រដ្ឋ។

ប៉ុន្តែ​សេចក្តី​បំភ្លឺ​របស់​រដ្ឋាភិបាល​ហាក់​មាន​សភាព​ចម្រូង​ចម្រាស​គ្នា។ តើ​អ្នក​បាន​ដឹង អ្នក​មិន​បាន​ដឹង ? ​ផ្ទុយ​ពី​លោកស្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក​នាយករដ្ឋមន្ត្រី​ នៅ​ពេល​ល្ងាចមិញ​ ប្រកាស​​ទទួល​ស្គាល់ តាម​កញ្ចក់​ទូរទស្សន៍ជាតិ​​​ថា រូប​លោក​ផ្ទាល់ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ​ បាន​ទទួល​ដំណឹង​ទាក់ទង​នឹង​ការលួច​ស្តាប់​កិច្ច​សន្ទនា​របស់​អតីត​ប្រធានាធិបតីតាម​ទូរស័ព្ទមែន ប៉ុន្តែ​គ្មាន​សមាជិក​រដ្ឋាភិបាល​ណា​ម្នាក់ រាប់​ទាំង​លោក​ប្រធានាធិបតី​បច្ចុប្បន្ន​ ហ្វ្រង់ស័រ ហូឡង់​ផង ពុំ​បាន​ដឹង​អំពី​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​នោះ​ឡើយ។ បន្ទាប់​មក​ទៀត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញមុខ​ប្រកាស​ដែរ​ថា​បាន​ទទួល​ព័ត៌មាន​មួយ​ថ្ងៃ​មុន​ការ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត តាម​រយៈ​សារព័ត៌មាន ឯ​ប្រធានាធិបតី​​បាន​ដឹង​បី​ថ្ងៃ​មុនប៉ុណ្ណោះ។

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រកាស​ត្រៀម​នឹង​ទទួល​ជួប​តំណាងមេធាវី និង​តំណាង​សហជី​ព​ចៅក្រម ដោយ​ឈរ​លើ​គោលការណ៍បែង​ចែង​អំណាច​ប្រតិបត្តិ​និង​អំណាច​តុលាការ ​មិន​លូក​លាន់​ក្នុង​សំណុំ​រឿង​ក្តី​នេះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ