អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីនធ័រនែត​ដង្ហើម​ថ្មី​នៃ​ពាណិជ្ជកម្ម​អឺរ៉ុប​ជាមួយ​នឹង​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិញក៏​បាន​​ ឬ​លក់ក៏​បាន​ ពាណិជ្ជកម្ម​​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត កំពុង​តែ​ពេញ​និយម​ខ្លាំង​ឡើងៗ មិន​ស្គាល់​ឡើងពាក្យ​ថា​ “វិបត្តិ”។ រនាំង​ភាសា និង​វប្បធម៌​ មិន​មែន​ជា​ឧបសគ្គ​ ក្នុង​ការ​​ធ្វើ​ពាណិជ្ជកម្ម​ តាម​បែប​ទំនើប សម័យ​ថ្មី -តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​​ទេ។ ប្រទេស​នៅ​អឺរ៉ុប​ជា​បន្ត​បន្ទាប់​​​ បាន​​បង្កើត​វិបសៃតិ៍​ ពិសេស ដើម្បី​សម្រួល​ការ​​ធ្វើ​ពាណិជ្ជកម្ម ដោយ​​ផ្ទាល់​ ជាមួយ​អតិថិជន​អ្នក​មាន​ថ្មី​​ចិន​។ នៅ​ប្រទេស​បារាំង​វិបសៃត៍​នោះ​​​មាន​ឈ្មោះ​ថា Vendreauxchinois.fr។

www.vendreauxchinois.fr
www.vendreauxchinois.fr
ផ្សាយពាណិជ្ជកម្ម

 

ការ​លក់​ដូរ​​តាម​អ៊ីនធ័រនែត មិន​ត្រឹម​តែ​ជា​មូទ័រ​បង្វិល​​​ប្រព័ន្ធ​​ Web ឱ្យ​ដើរឥតឈប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ជា​ឱកាស​មួយ​សម្រាប់​អ្នក​លក់​ដូរ​តូច​តាច​ ដែល​តាម​ទម្លាប់​ប្រពៃណី ពាណិជ្ជកម្ម​បុរាណ​ រួញ​តែ​ជ្រុង​ផ្សារ​របស់​ខ្លួន​នោះ អាច​មាន​មុខ​មាន​មាត់​​ប្រកួត​ប្រជែង​ ឆ្លង​ពិភពលោក​បាន​តែ​ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។ ទីផ្សារ​បែប​ទំនើប​សម័យ​កុំ​ព្យូទ័រ​នេះ កាន់​តែ​រីក​លូត​លាស់​ជា​លំដាប់។

ក្នុងមួយ​ឆ្នាំ​២០១២​កន្លង​ទៅ គេ​ប៉ាន់​ប្រមាណ​ថា​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​កោដិ បាន​ចំណាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ សហរដ្ឋ​អាមេរិក​ ជា​ជើក​ឯក​លេខ​មួយ​ក្នុង​វិស័យ​លក់ដូរ​តាម​អ៊ីនធ័រនែត។ ជា​ឧទាហរណ៍ ក្រុមហ៊ុន​Paypal អាមេរិក​ ​តែ​មួយនេះ​តំណាង​ឱ្យ​១០៥​ពាន់​លាន​ដុល្លារ​​ទៅ​ហើយ ក្នុង​ឆ្នាំ​២០១២ តួលេខ​នឹង​កើន​ឡើង​បី​​ដង នៅ​ប្រាំ​ឆ្នាំ​ខាង​មុខ។ ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​ប៉ាន់​ប្រមាណ​ថា នៅ​ឆ្នាំ​២០១៣​នេះ​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នឹង​វ៉ា​ឈ្នះ​អាមេរិក​។ តំបន់​អាស៊ី​ឡើង​ខ្លាំង​ដូច្នេះ​ក៏​ព្រោះដោយ​សារ​តែ​ ​ចិន​ ប្រជាជនចិន ថ្នាក់​កណ្តាល​ ដែល​មាន​កំរិត​ជីវភាព​មធ្យម​​​ អាច​មាន​លទ្ធភាព​ចាយវាយ​ខ្លាំង មាន​ចំនួន​ដល់​ទៅ​៣០០​លាន​នាក់។

ជាមួយ​នឹ​ងស្ថិតិនេះ អ្នក​ជំនួញ​ និង​ ​ពាណិជ្ជកម្ម​លក់​ដូរ​តាម​អ៊ីនធ័រនែត ពិត​ជា​អាច​មើល​រំលង​បាន​ឡើយ ហើយ​អាច​កែច្នៃ​ឱ្យ​កាន់​ប្រសើរ និងកាន់​តែ​មាន​ប្រយោជន៍​ទៀត។ មិន​មែន​ត្រឹម​ជា​ការ​លក់​ដូរសម្លៀក​បំពាក់​ ឬ​ស្បែក​ជើង កាបូប​ទេ គឺឈាន​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទូទៅ​តែ​ម្តង។ ​ជាក់ស្តែង​ នៅ​ដើម​ឆ្នាំ​២០១៣​នេះ ប្រទេស​អ៊ីតាលី​ បាន​បង្កើត​និង​អភិវឌ្ឍ​វិបសែត៍​មួយ www.VendrereAiCinesi.it សម្រាប់​សម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្មរវាង​អ៊ីតាលី​និង​ចិន ដោយ​ផ្ទាល់ គ្មានទៀត​ឡើយ​រនាំង​ឧបសគ្គ​វប្បធម៌ ឬ​ភាសា ដែល​បែង​ចែង​អរិយធម៌​ទាំង​ពីរ។ អ្នក​លក់​ចុះ​ផ្សាយ​បង្ហោះ​ដំណឹង​លក់ឬ​ទិញ​​​អ្វី​មួយ​ជា​ភាសា​អ៊ីតាលី ភ្លាមមួយ​រំពេច​ ដំណឹង​នោះ​ត្រូវ​បក​ប្រែ​ជា​ភាសា​ចិន និង​បង្ហោះចេញ​​ភ្លែត នៅ​លើ​ទំព័រ​វិបសែត៍​ ​ www.maimaiouzhou នៅ​ប្រទេស​ចិន (maimai មាន​ន័យ​ថា ទិញ​និង​លក់ ឯ​ពាក្យ​ថា Ouzhou គឺ​អឺរ៉ុប)។

វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរនៅ​អឺរ៉ុប​ ​អ៊ីតាលីមាន​សេដ្ឋកិច្ច​ងាប់​ស្តូក​​​ គឺ​ជា​បុ​ព្វហេតុ រុញ​ច្រាន​ឱ្យ​មាន​ការ​ផ្តួច​ផ្តើម​បង្កើត​វិបសែត៍ប្រភេទ​នេះ ​ ដើម្បី​ និង​ដោយ​សង្ឃឹម​ថា​អាច​ទៅ​គោះ​សេដ្ឋកិច្ច​ឱ្យ​កំរើក​ឡើង​វិញ​បាន។ ព្រោះ​បើ​ក្នុង​រូបភាព​ផ្ទាល់​ជាក់ស្តែង គឺ​ពិត​ជា​គ្មាន​ជនជាតិ​ចិន​នរណា​ហ៊ាន​ជន្ល​ ​ ឬ​ប្រថុយ​ប្រថាន យក​ប្រាក់​ទៅ​ធ្វើ​វិនិយោគ​អ្វី​មួយ​ ឆ្លង​ដែន​ ឆ្លង​ទឹក​ឆ្លង​អាកាស​មក​ធ្វើ​ទម្លាក់​ក្នុង​ប្រទេស​មួយ​ដែល​រួម​រិត​ដោយ​ពាក្យ​ថា​វិបត្តិ ដូច​យ៉ាង​អ៊ីតាលី​សព្វ​ថ្ងៃ​នេះ​ឡើយ។ ហើយ​បណ្តាជនអ៊ីតាលី​ដែល​ចង់​ធ្វើ​វិនិយោគ​ជាមួយ​ចិន ក៏​ធ្វើ​ដំណើរ​ទៅ​រក​ចាប់​ចិន​ត្រង់ៗ​ដែរ។ ដូច្នេះ​មាន​តែ​ប្រព័ន្ធ​អ៊ីនធ័រនែត​នេះឯង​ដែល​ជា​អ្នក​កណ្តាល​ជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​អ៊ីតាលី​ជាមួយ​ចិន​​។

ឯ​​លទ្ធផល បាន​ដូច​ចិត្ត​ និង​​យ៉ាង​ទាន់​ហន់ទៀត ! ពេល​នេះ​បណ្តា​ប្រទេស​មាន​វិបត្តិ​សេដ្ឋកិច្ច​​ផ្សេង​ទៀត ដូច​យ៉ាង​ប្រទេស​អេស្បាញ និង​បារាំង​ ក៏​ចាប់​ផ្តើម​បង្កើត​វិបសៃត៍​ពាណិជ្ជកម្ម​ដែរ។ ពាណិជ្ជកម្ម​​តាម​អ៊ីនធ័រនែត​​ បែប​អាល្លឺម៉ង់​ នឹង​ត្រូវ​បង្អួត​ខ្លួន​ លើ​បណ្តាញ​ព័ត៌មាន​វិទ្យា​ នៅ​រវាង​ពីរ​បី​ថ្ងៃ​ទៀត។

​ពាណិជ្ជកម្ម​តាម​អ៊ីនធ័រនែត បាន​ទទួល​ចំណាប់​អារម្មណ៍ និង​ជោគជ័យ​ខ្លាំង​ ក៏​ព្រោះ​តែបែប​បទ​រដ្ឋបាល​មាន​លក្ខណៈ​សាមញ្ញ និង​ឆាប់​រហ័ស មិនស្មុគស្មាញ​ដូច​​បែបបទ​ធ្វើ​ពាណិជ្ជកម្ម​​តាម​បែប​ធម្មតា ឬ​ថា​តាម​បែប​បូរាណ​នោះ​ទេ។ ការ​លក់​ដូរ​តាម​អ៊ីនធ័រណែត​នៅ​អឺរ៉ុប​នេះ មាន​លក្ខណៈ​ទូលំទូលាយខ្លាំង​ និង​មានលក្ខណៈ​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​ផង លើ​គ្រប់​ប្រភេទ​ ដូច​ជា លក់​ហាង​ លក់​អាគារ ផ្ទះ​ វាំង​ វិមាន​ សណ្ឋាគារ​ ឃ្លាំង វត្ថុប្រណិតៗ​មាន​តម្លៃ​ ជំនួយ​សេវា​ការងារ សំណើ​ស្វែង​រការងារ​ធ្វើ ​ឬ​សេវា​ផ្តល់​ប្រាក់កម្ចី ឬ​ដល់​លក់​យន្តហោះ​ផង​ក៏​មាន។ នៅ​ប្រទេស​បារាំង​ តាម​រយៈ​ ទំព័រ​វិបសៃត៍​ Vendreauxchinois.fr ទាំង​អ្នក​លក់ ទាំង​អ្នក​ទិញ​ មិន​ត្រូវ​បាន​ទាមទារ​ឱ្យ​បង់​ប្រាក់​កុំមីហ្សុង ពេល​ទិញ​ដូរ​ទេ គឺ​បង់​តែ​ថ្លៃ​សេវាបក​ប្រែ​តែ​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​មិន​ដល់​៤០​អឺរ៉ូ​ផង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ