អានតួអត្ថបទ
អឺរ៉ុប

វិបត្តិ​ប្រាក់​បំណុល​អឺរ៉ុប៖ ដំណើរ​ឆ្ពោះ​ទៅរក​ការ​បោះ​មូលបត្រ​បំណុល​រួម?

នៅថ្ងៃ​អង្គារ ១៦ សីហា ២០១១​ស្អែក​នេះ ប្រមុខដឹកនាំ​បារាំង និង​អាល្លឺម៉ង់​នឹង​ជួប​ពិភាក្សា​គ្នា នៅទីក្រុង​ប៉ារីស ដើម្បី​ស្វះស្វែងរក​យន្តការ​ស្រោចស្រង់​តំបន់​ចាយលុយ​អឺរ៉ូ​ចេញ​ពី​វិបត្តិ​បំណុល។ ការបោះមូលបត្រ​បំណុល​រួម ក្នុងក្របខ័ណ្ឌ​អឺរ៉ុប គឺ​ជា​យន្តការ​មួយ ដែល​គាំទ្រ​ដោយ​បារាំង ក៏ប៉ុន្តែ អាល្លឺម៉ង់​​បាន​ជំទាស់​យ៉ាង​ដាច់អហង្ការ។ ក៏ប៉ុន្តែ កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ កាសែត​អាល្លឺម៉ង់​មួយ​បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​អាច​នឹង​ពិចារណា​ទទួល​យក​យន្តការ​បោះមូលបត្រ​បំណុល​រួមនេះ។

ប្រមុខដឹកនាំ​បារាំង និង​អាល្លឺម៉ង់​​ពេល​​ជួបគ្នា កាលពី​​ថ្ងៃ២០ កក្កដា ២០១១
ប្រមុខដឹកនាំ​បារាំង និង​អាល្លឺម៉ង់​​ពេល​​ជួបគ្នា កាលពី​​ថ្ងៃ២០ កក្កដា ២០១១ REUTERS/Tobias Schwarz
ផ្សាយពាណិជ្ជកម្ម

 

ការបោះមូលបត្រ​បំណុលរួម គឺមានន័យថា គេ​ត្រូវ​យក​បំណុល​របស់​រដ្ឋាភិបាល​ជា​សមាជិក​តំបន់​អឺរ៉ូ​មក​ដាក់​រួមគ្នា​ជា​បំណុល​តែមួយ។ វា​គឺ​​ជា​បំណុលរួម ហើយ​គ្រប់​ប្រទេស​ជាសមាជិក​ទាំងអស់​ត្រូវ​ជាប់កាតព្វកិច្ចសាមគ្គី ក្នុងការ​សងបំណុលនេះ។ ក្នុងយន្តការនេះ ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​ឥណទាន​ខ្ពស់ (អាល្លឺម៉ង់ និង​បារាំង) អាច​ជួយ​យោង​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់ទាប (ក្រិក ព័រទុយហ្កាល់ អៀរឡង់ ។ល។) ហើយ​គ្រប់​ប្រទេស​ជាសមាជិក​តំបន់​អឺរ៉ូ​ទាំងអស់​នឹង​អាចខ្ចី​បំណុល​ក្នុង​អត្រាការប្រាក់​ដូចគ្នា។

អ៊ីតាលី បារាំង និង​អង់គ្លេស សុទ្ធតែបាន​គាំទ្រ​សំណើ​នេះ ក៏ប៉ុន្តែ អាល្លឺម៉ង់​ជំទាស់។ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​​បាន​ថ្លែងថា “អាល្លឺម៉ង់​មិនអាច​ទទួល​យក​យន្តការ​បោះមូលបត្រ​បំណុលរួម​បាន​ជា​ដាច់ខាត ដរាបណា​នយោបាយ​សារពើពន្ធ​នៅតែ​ស្ថិត​ក្នុង​ដៃ​​ប្រទេស​ជា​សមាជិក​នីមួយៗ​”។

អាល្លឺម៉ង់​ប្រឆាំង​នឹង​ការ​បោះមូលបត្រ​បំណុល​រួម ព្រោះបើធ្វើ​បែបនេះ អាល្លឺម៉ង់​អាច​នឹង​ត្រូវ​ខ្ចីលុយ​ដោយ​អត្រាការប្រាក់​ខ្ពស់​ជាង​បច្ចុប្បន្ន។ ម្យ៉ាងទៀត អាល្លឺម៉ង់​នឹង​ត្រូវ​ទទួលរ៉ាប់រង​ធានាបំណុល​របស់​ប្រទេស​ផ្សេងទៀត។

ក៏ប៉ុន្តែ កាលពីថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ កាសែត​ស្និទ្ធនឹង​​គណបក្ស​​របស់​លោកស្រី​មែរកិល បាន​ចុះផ្សាយ​ថា ជាជម្រើស​ចុងក្រោយ រដ្ឋាភិបាល​អាល្លឺម៉ង់​អាច​នឹង​ទទួល​យក​យន្តការ​មូលបត្រ​បំណុលរួម ប្រសិនបើ​វាជា​មធ្យោបាយ​​ចាំបាច់​ខានមិនបាន ដើម្បី​សង្រ្គោះ​តំបន់​អឺរ៉ូ​ពី​ការ​ដួលរលំ។

ក៏ប៉ុន្តែ គេរំពឹង​ថា អាល្លឺម៉ង់​ប្រាកដ​ជា​ដាក់​លក្ខខណ្ឌ​ច្រើន​ មុននឹង​សុខចិត្ត​ទទួល​យក​យន្តការ​នេះ​។ ដើម្បី​ដាក់បំណុលរួមគ្នា​បាន ប្រទេស​ជា​សមាជិក​ទំនង​ជា​ត្រូវ​ប្រគល់​នយោបាយ​ថវិកា​ជាតិ​ទៅ​ឲ្យ​ស្ថាប័ន​អឺរ៉ុប​ជា​អ្នក​គ្រប់គ្រង ពោលគឺ រដ្ឋជាសមាជិក​ត្រូវ​លះបង់​អធិបតេយ្យ​ខាងផ្នែក​សេដ្ឋកិច្ច ទៅឲ្យ​អឺរ៉ុប​គ្រប់គ្រង​ទាំងស្រុង។

នៅ​អឺរ៉ុប ក៏ដូចជា នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ អធិបតេយ្យ គឺ​ជា​បញ្ហា​ដ៏រសើប​បំផុត។ តើ​ប្រទេស​ជាសមាជិក​តំបន់​អឺរ៉ូ​ពិត​ជា​សុខចិត្ត​លះបង់​អធិបតេយ្យ​របស់​ខ្លួន​​ទៅ​ឲ្យ​ស្ថាប័ន​អឺរ៉ុប​ដែរ​ឬទេ? តើ​ប្រជាពលរដ្ឋ​នៅតាម​ប្រទេស​សមាជិក​នីមួយៗ​សុខចិត្ត​ឬទេ?

ទោះជាយ៉ាងណា អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ស្ទើរតែ​គ្រប់​គ្នា សុទ្ធតែ​យល់​ថា សហភាព​អឺរ៉ុប​មិនអាច​បន្ត​អនុវត្ត​យន្តការ​បច្ចុប្បន្ន​នេះ​បានទេ។ ប្រទេស​សមាជិក​អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​ជ្រើសរើស​ផ្លូវដើរមួយ៖ ឬមួយ លះបង់​អធិបតេយ្យ​មួយផ្នែក ហើយ​បង្កើត​ជា​រដ្ឋបាល​សេដ្ឋកិច្ច​រួម ឬមួយ​ ចែកផ្លូវ​គ្នា​ដើរ​ត្រឹមនេះ ហើយ​វិលត្រឡប់​ទៅ​ចាយលុយ​ជាតិ​រៀងៗខ្លួន​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ