អានតួអត្ថបទ
សេដ្ឋកិច្ចពិភពលោក

ប្រធាន​ធនាគារ​ពិភពលោក៖វិបត្តិ​សេដ្ឋកិច្ច​ដែល​នឹង​ធ្វើ​ឲ្យភូមិសាស្រ្ត​នយោបាយ​ផ្លាស់ប្តូរ

ការធ្លាក់ចុះ​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​អាមេរិក និង​ភាពវឹកវរ​នៅទីផ្សារ​មូលបត្រ បាន​ធ្វើ​ឲ្យ​ប្រធាន​ធនាគារ​ពិភពលោក បាន​បង្ហាញ​ពី​គំនិត​ទុទិ្ទដ្ឋិនិយម​ទៅ​លើ​អនាគត​សេដ្ឋកិច្ច​ពិភពលោក។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​អូស្ត្រាលី Weekend Austraian នៅ​ថ្ងៃសៅរ៍​ម្សិលមិញ លោក Robert Zoellick បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន ដោយបាន​លើកឡើង​ពី​ដំណើរ​សេដ្ឋកិច្ច​ពិភពលោក ឈាន​ចូល​ទៅក្នុង​ស្ថានភាព​គ្រោះថ្នាក់។

ប្រធាន​ធនាគារ​ពិភពលោក​ លោក​Robert Zoellick ៖ សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​គ្រោះថ្នាក់មួយ
ប្រធាន​ធនាគារ​ពិភពលោក​ លោក​Robert Zoellick ៖ សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​គ្រោះថ្នាក់មួយ
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រធាន​ធនាគារ​ពិភពលោក សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន​គ្រាន់តែ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​​ដំបូង​នៃ​ខ្យល់ព្យុះ​សង្ឃរា​ថ្មី ប៉ុណ្ណោះ ហើយ​វា​ក៏​កំពុង​តែ​ឈាន​ចូល​បន្តិចម្តងៗ ទៅ​ក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់​មួយ។ វិបត្តិ​សេដ្ឋកិច្ច​លើកនេះ គឺ​ខុស​ពី​វិបត្តិសេដ្ឋកិច្ច​សកល ឆ្នាំ ២០០៨។ លោក​Robert Zoellick វាយតម្លៃថា ក្នុង​រយៈពេល ប្រហែល ១៥​ថ្ងៃ គេនឹង​ឃើញ ការរីកចម្រើន​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​រីកលូតលាស់​ថ្មី ដូចជា​ចិន និង​អូស្ត្រាលី​ជាដើម ប៉ុន្តែ ក្នុង​ប្រទេស​អភិវឌ្ឍ​ដូចជា អាមេរិក និង​អឺរ៉ុប វិញ គេ​នឹង​ឃើញ​ដំណើររារែក ដោយសារ​តែ​វិបត្តិ​ប្រាក់បំណុល។

 
ប្រធាន​ធនាគារ​ពិភពលោក​បាន​ព្រមាន​ទុកមុន​រួចហើយថា គេត្រូវ​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​នៅអឺរ៉ុប ឲ្យ​បាន​ឆាប់​រហ័សបំផុត ជាពិសេស​បំណុល​របស់​ក្រិក និង​របស់​អេស្ប៉ាញ បើមិន​ដូច្នោះទេ មិនមែន​តែ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ដែល​ត្រូវ​គំរាមកំហែង សូម្បី​តែ​ប្រាក់អឺរ៉ូ​ក៏​អាច​ប្រឈមនឹង​ការរលាយ​បាត់មុខ​ដែរ។

បើតាម​គំនិត​របស់​ប្រធាន​ធនាគារ​ពិភពលោក​មាន​តែ​នយោបាយ​រឹតត្បិត និង​ការបង្កើន​ពន្ធ​ដែល​ជា​ដំណោះស្រាយ​ចាំបាច់ និង​បន្ទាន់​ដើម្បី​ស្រោចស្រង់​អឺរ៉ុប។ សេដ្ឋកិច្ច​អឺរ៉ុប​ដែល​ដើរ​តួនាទី​សំខាន់ មួយដែរ​ក្នុង​ការរក្សា​លំនឹង​សេដ្ឋកិច្ច​ពិភពលោក។

ម្យ៉ាងវិញទៀត ក្រៅតែ​ពី​ផលប៉ះពាល់​លើ​ផ្នែក​ហិរញ្ញវត្ថុ លោក​ Robert Zoellick​បាន​កត់សំគាល់​ថា វិបត្តិសេដ្ឋកិច្ច​នឹង​ធ្វើ​ឲ្យ​មាន​ការប្រែប្រួល ក្រឡាប់​ចាក់ខ្លាំង​ខាង​ផ្នែកភូមិសាស្រ្ត​នយោបាយ នោះគឺ អំណាច​និង​ឥទ្ធិពល​រត់​ពី​ប្រទេស​លោកខាងលិច ទៅនៅតំបន់​អាស៊ី ជាពិសេស​នៅប្រទេស​ចិន។ ចក្ខុ​ប្រវត្តិសាស្ត្រ​នឹង​ផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពី​អំណាច​សេដ្ឋកិច្ច​ធ្លាក់​ពី​ដៃអាមេរិក និង​អឺរ៉ុប ទៅ​នៅ​មហាអំណាចចិន។

ចិន​ពេលនេះ​កំពុង​ជួបបញ្ហា​ក្នុង​ស្រុក ដូចជា​អតិផរណា ការផ្លាស់ប្តូរ​ប្រព័ន្ធ​ពន្ធអាករ ការបំពុល​បរិស្ថាន និង​ការរក្សា​លំនឹង​ហិរញ្ញវត្ថុ​រវាង​សហគ្រាស​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​មិនទាន់​អាច​ទទួល​យក​អំណាច​ឥទ្ធិពល​មក​គ្រប់គ្រង​ភ្លាមៗទេ។ ប៉ុន្តែ គេ​បាន​ប្រមាណ​ថា ពីពេលនេះ ដល់​ឆ្នាំ ២០៥០ ប្រសិនបើ​ចិន នៅបន្ត​មាន​កំណើនសេដ្ឋកិច្ច ហើយ​ប្រទេស​លោកខាងលិច​នៅបន្ត​ជួប​បញ្ហា​វិបត្តិ​បំណុល និង​ការដើរថយក្រោយ​សេដ្ឋកិច្ច នោះ​មិន​យូរ មិនឆាប់ ចិន​នឹងចូល​ទៅ​ជំនួស​អាមេរិក ក្នុង​តំណែង​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ