អានតួអត្ថបទ
កម្ពុជា

សហជីព​៖ កម្មករ ផ្ទុះ​កូដកម្ម ច្រើន​កន្លែង​ប្រឆាំង​នឹង​ការ​សម្រេច​តម្លើង​ប្រាក់​ខែ​តិចតួច​

រហូតដល់​ព្រឹក​ថ្ងៃ​ពុធ ទី២៥ ខែធ្នូ​នេះ ក្រុមកម្មករ​រោងចក្រ​កាត់ដេរ​រាប់ម៉ឺន​នាក់ បាន​បន្ត​កូដកម្ម នៅ​ច្រើន​កន្លែង​ផ្សេងទៀត នៅតាម​បណ្តា​រោងចក្រ​ជាច្រើន​នៅ​ភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង ខេត្តស្វាយរៀង និង​នៅ​កន្លែងផ្សេងៗទៀត។ កម្មករ តវ៉ា​បិទផ្លូវ នៅថ្ងៃនេះ ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​តម្លើង​ប្រាក់ខែ​ត្រឹមតែ ៩៥ ដុល្លារ នៅ​ឆ្នាំ២០១៤។ ក្រុម​សហជីព និង​កម្មករ អ្នក​តវ៉ា ទាមទារ​ឲ្យ​មានការ​ចរចា​ឡើងវិញ និង​ទារ​តម្លើង​ប្រាក់ខែ ពី ៨០ ដុល្លារ ទៅ ១៦០ដុល្លារ នៅ​ឆ្នាំ២០១៤ តែម្តង។

លោក សម រង្ស៊ី និង​ក្រុម​កម្មករ នៅ​ក្នុង​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅថ្ងៃទី២៥ធ្នូ២០១៣។
លោក សម រង្ស៊ី និង​ក្រុម​កម្មករ នៅ​ក្នុង​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅថ្ងៃទី២៥ធ្នូ២០១៣។ @Facebook
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​សហជីព​កម្មករ លោក អាត់ ធន់ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ មាន​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់ បាន​បន្តធ្វើ​កូដកម្ម នៅ​ច្រើន​កន្លែងផ្សេងៗគ្នា ប្រឆាំងនឹង​ការ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ ដែល​គេ​ចាត់ទុកថា មាន​ចំនួន​តិចតួច។

 
តាម​លោក​អាត់​ធន់ កូដកម្ម​ទាំងនោះ បាន​ផ្ទុះឡើង​នៅ​ភ្នំពេញ តាម​បណ្តា​រោងចក្រ នៅ​ទួល​សង្កែ ចាក់អង្រែ តំបន់​ទ្រុងមាន់ អូរ​បែកក្អម នៅ​ចោមចៅ និង​នៅ​កាណាឌីយ៉ា ជាដើម។ កូដកម្ម​របស់​កម្មក​រ​រាប់ពាន់នាក់​ផ្សេងទៀត នៅថ្ងៃនេះ ក៏​កើតមាន​ផងដែរ នៅ​ខេត្តកំពង់ស្ពឺ កំពង់ចាម និង​នៅ​ខេត្តស្វាយរៀង។

លោក អាត់ ធន់ បាន​បញ្ជាក់ថា សហជីពធំៗ ដែល​បាន​ថ្លែងការណ៍​ជំទាស់​នឹង​ការ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ កាលពី​ថ្ងៃទី២៤ធ្នូ គឺ​រហូតដល់​ព្រឹក​ថ្ងៃទី២៥ធ្នូ​នេះ មិនទាន់​បានកំនត់​ថ្ងៃ ដើម្បី​ដឹកនាំ​បាតុកម្ម​តវ៉ា​នៅឡើយ​ទេ។ ប៉ុន្តែ​ការតវ៉ា​របស់​កម្មករ​នៅពេលនេះ ចេញពី​ទឹកចិត្ត​របស់​កម្មករ​និមួយៗ ដើម្បី​ទាមទារ​ឲ្យ​មានការ​ជជែក​ចរចា​ឡើងវិញ ឲ្យ​ឡើងដល់ ១៦០ ដុល្លារ នៅ​ឆ្នាំ២០១៤។

មន្ត្រី​រដ្ឋាភិបាល លោក វង្ស សុវណ្ណ ដែល​ទទួលបន្ទុក​ខាង​ដោះស្រាយ​ជម្លោះ​បាតុកម្ម​កូដកម្ម របស់​ក្រសួង​ការងារ មិនទាន់​ដឹងថា ក្រសួង និង​ថៅកែ​រោងចក្រ យល់ព្រម​ប្រជុំ​ចរចា​ជាថ្មី  លើ​ការកំណត់​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ ដូច​ការទាមទារ ឬ​យ៉ាងណាទេ។ ប៉ុន្តែ​លោក​ថា ការសម្រេច​តម្លើង​ប្រាក់ខែ​ដល់ក​ម្មករ កាលពី​ថ្ងៃទី២៤ធ្នូ ជា​រូបមន្ត​ល្អ ហើយ​បើ​ទាមទារ​ឡើងដល់ ១៦០ ដុល្លារ ឬ​ឡើង ១០០% នោះ ជាការ​ទាមទារ​ខ្ពស់​ពេក ដែល​ថៅកែ មិនអាច​ទៅរួច​ទេ។

ចំពោះមុខ​ការមិន​ពេញចិត្ត និង​កូដកម្ម​តវ៉ា​ដូច្នេះ ក្រសួង​ការងារ កាលពី​រសៀល​ថ្ងៃទី២៤ធ្នូ​ម្សិលមិញ បានចេញ​សេចក្តីអំពាវនាវ ដល់ក​ម្មករ និង​សហជីព សូមមេត្តា​រក្សា​ភាពស្ងប់ស្ងាត់ និង​បន្តការងារ​ជាធម្មតា ជៀសវាង​ការធ្វើសកម្មភាព​ណាមួយ ដែល​អាច​ធ្លាក់​ក្នុង​អន្ទាក់​នយោបាយ ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​របស់​កម្មករ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល។

តាម​ក្រសួង​ការងារ លទ្ធផល​នៃ​ការចរចា​តម្លើង​ប្រាក់ខែ​កម្មករ កាលពី​ថ្ងៃទី២៤ធ្នូ ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ និង​រក្សា​ដំណើរការ​រោងចក្រ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​ផង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ