អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​ព្យាករណ៍​សេដ្ឋកិច្ច​សាកល​​​សម្រាប់​​​​ឆ្នាំ​​​២០១៩​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កំណើន​សេដ្ឋកិច្ច​សាកលត្រូវ​ព្យាករណ៍​ថា​អាចនឹង​ធ្លាក់​ចុះ​ពី ៣,២ភាគរយ នៅ​ឆ្នាំ​២០១៨ មក​ត្រឹម​ ៣,១ភាគរយ​ នៅ​ឆ្នាំ​២០១៩។ កំណើន​ថម​ថយ​របៀប​នេះ​ ក៏​ព្រោះ​ដោយសារ ហេតុផលចម្បង​ៗ ​ពាក់ព័ន្ធ​នឹង​ ការ​ធ្លាក់​ចុះ​កំណើន​ពាណិជ្ជកម្មអន្តរជាតិ សង្គ្រាម​ពាណិជ្ជកម្ម និង​ហានិភ័យផ្សេង​ៗក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ។ លើស​ពីនេះ ​ប្រសិន​ពពក​ខ្មៅរបៀប​នេះ​ចេះ​តែបន្តមាន​ គេ​អាច​រំពឹង​ថា សេដ្ឋកិច្ច​សាកល​ទាំង​មូល​នឹង​កាន់​តែ​មាន​​ភាពផុយស្រួយ ហើយ​វត្តមាន​របស់​​វិបត្តិសេដ្ឋកិច្ច​សាកល ក៏​អាច​នឹង​កើត​មាន ​នៅ​​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

លោកស្រី​ Angela Merkel  នាយករដ្ឋមន្ត្រី​ អាល្លឺម៉ង់ ​បានថ្លែង​​នៅក្នុង​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​​របស់​វេទិកាសេដ្ឋកិច្វ​ពិភពលោក​ (WEF) ​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស​ស្វីស​ថ្ងៃ​ទី ២៣​ ខែមករា​ ឆ្នាំ ២០១៩។
លោកស្រី​ Angela Merkel នាយករដ្ឋមន្ត្រី​ អាល្លឺម៉ង់ ​បានថ្លែង​​នៅក្នុង​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​​របស់​វេទិកាសេដ្ឋកិច្វ​ពិភពលោក​ (WEF) ​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស​ស្វីស​ថ្ងៃ​ទី ២៣​ ខែមករា​ ឆ្នាំ ២០១៩។ REUTERS/Arnd Wiegmann/File Photo
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​សាកល​ កាល​ពី​ឆ្នាំ​២០១៨ បាន​ចាប់​ផ្តើម​ជាមួយ​នឹង​កំណើន​យ៉ាងរឹងមាំ។ កំណើន​សេដ្ឋកិច្ចរបស់​សហរដ្ឋ​អាមេរិក ​បាន​បង្កើន​ល្បឿន។ នោះ​​ក៏ព្រោះ​​​នយោបាយ​សារពើពន្ធ ដោយ​រដ្ឋាភិបាល​​អាមេរិក​បាន​បង្កើន​​ចំណាយ​សាធារណៈ រួមជាមួយ​ការ​បញ្ចុះ​ការយក​ពន្ធ។ ក្នុង​ពេល​ជាមួយ​គ្នា សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប ចក្រភពអង់គ្លេស ជប៉ុន និង​ចិន បាន​ចាប់​ផ្តើម​មាន​ល្បឿន​ថមថយ។ និន្នាការ​សេដ្ឋកិច្ច​សាកល​របៀប​នេះ​ អាច​បន្ត​​វត្តមានតទៅ​​ទៀត នៅ​ឆ្នាំ​២០១៩។ នេះ​បើយោង​​តាម​ការព្យាករណ៍​​របស់​ របាយការណ៍​​​ពី ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​បាន​​ធ្វើ​ឡើង​នៅទីក្រុង Davos ប្រទេស​​ស្វីស កាល​ពី​ចុង​ខែ​មករា​នេះ។ ខាង​ក្រោម​នេះ​ជា​និន្នាការសេដ្ឋកិច្ច​សាកល​ចម្បង​ៗ​​ សម្រាប់​ឆ្នាំ​២០១៩៖

សេដ្ឋកិច្ច​អាមេរិក​នៅ​តែ​ធ្វើ​បាន​ល្អ​ជាង​កម្រិត​​មធ្យម​

ដោយសារ​កំណើន​យ៉ាង​រឹងមាំ​របស់​ កម្លាំង​ពលកម្ម និង​ផលិតភាព សេដ្ឋកិច្ច​អាមេរិក​​អាច​នឹង​មាន​កំណើន​នៅ​ចន្លោះ ២,៦ភាគរយ​​​ នៅ​ឆ្នាំ​២០១៩។ បើ​ទោះ​ជា​អត្រា​នេះ​ទាប​ជាងពី​ឆ្នាំ​២០១៨ ដែល​មាន ២,៩ភាគរយ ក៏​វា​ជា​អត្រា​មួយ​ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​សាកល​។

កំណើន​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​នឹង​កាន់តែ​បន្ត​ថមថយ

តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​នៅ​ពាក់កណ្តាល​ឆមាស​ទីពីរ កាល​ពី​ឆ្នាំ​២០១៧ តែ​​ក្រោយ​មក​បាន​បន្តធ្លាក់ចុះ​រហូត។​ កំណើន​អាច​នឹង​បន្ត​ធ្លាក់​មក​ត្រឹម​ ១,៥​ភាគរយ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៩។ ហេតុផល​ចម្បង ក៏ព្រោះ​ដោយសារ ភាពមិន​ច្បាស់​លាស់​​នយោបាយ រួមមាន ការ​ចាកចេញ​របស់​ចក្រភពអង់គ្លេស​ពីសហភាពអឺរ៉ុប (Brexit) បញ្ហា​ប្រឈម​របស់​រដ្ឋាភិបាល​លោក​ Emmanuel Macron និង​ការ​ធ្លាក់​ចុះប្រជាប្រិយភាព​របស់​លោក​ស្រី​ Angela Merkel ដែល​វា​បាន​រុញ​ច្រាន​ឱ្យ​មាន​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាង​ចម្បង​លើ​ពាណិជ្ជកម្ម។ កត្តាសេដ្ឋកិច្ច​ ដូចជា ការកើន​ឡើងជម្លោះ​​ពាណិជ្ជកម្ម​អន្តរជាតិ និង​ ការរឹតត្បិតលក្ខខណ្ឌ​ខ្ទីប្រាក់​ ក៏​ជា​ហេតុផល​ចម្បង​ផងដែរ។

ការ​ងើប​ឡើង​វិញ​របស់​​សេដ្ឋកិច្ច​ជប៉ុន​នៅ​តែបន្ត​ទន់​ខ្សោយ ខណៈ​សេដ្ឋកិច្ច​ចិន​នឹង​ធ្លាក់​ចុះ​ជាង​មុន

កំណើន​សេដ្ឋកិច្ច​ជប៉ុន​នឹង​បន្ត​មាន​មិន​ដល់​ ១ភាគរយ​ដដែល នៅ​ឆ្នាំ​២០១៩។ ហេតុ​ផល​ចម្បង ពាក់ព័ន្ធ​នឹង​​ កំណើន​សេដ្ឋកិច្ច​ថមថយ​របស់​ចិន និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​​សហរដ្ឋអាមេរិក។ ផងដែរ ទោះ​ជា​មាន​ការដាក់​ចេញនូវ នយោបាយ​​រូបិយវត្ថុ និង​វិធានការ​​​កំណែ​ទម្រង់​ផ្សេង​ៗ ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច ក៏​ការធ្លាក់​ចុះ​ចំនួន​ប្រជាសាស្រ្ដ​នៃ​​ពលរដ្ឋ​ជប៉ុន នៅ​តែ​ជាឧបសគ្គយ៉ាង​ចម្បង។

សេដ្ឋកិច្ច​របស់​ចិន​ ដែល​មាន​កំណើន​ ៦,៩ភាគរយ​នៅ​ឆ្នាំ​២០១៧ និង​ ៦,៦​ភាគរយ​នៅ​ឆ្នាំ​២០១៨ នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​ មក​ត្រឹម​ ៦,៣ភាគរយ ប៉ុណ្ណោះ​ នៅ​ឆ្នាំ​២០១៩។ ប្រឈម​ជា​មួយ​នឹង​ការ​ដំឡើង​ពន្ធនាំ​ចូល​ពីសហរដ្ឋអាមេរិក រដ្ឋាភិបាល​ចិន​ បាន​ដាក់​ចេញ​នូវ​វិធានការ​​ផ្សេង​ៗ រួម​មាននយោបាយហិញ្ញវត្ថុ និង​សារពើពន្ធ ​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច និង​​ស្ថេរភាព​ទីផ្សារ​ហិរញ្ញវត្ថុ។ ទោះ​ជាយ៉ាង​ណា វិធានការ​ទាំង​នេះ ទំនង​ជាមាន​លទ្ធផល​មធ្យម​តែប៉ុណ្ណោះ ខណៈ​​បំណុល​ទាំងសាធារណៈ និង​ឯកជន ក្នុង​ប្រទេស​​ចិន ​កំពុង​បន្ត​កើន​ឡើង​។

សេដ្ឋកិច្ច​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​​នឹង​ធ្លាក់​មក​ត្រឹម​ ៤,៦ភាគរយ នៅ​ឆ្នាំ​២០១៩

ដោយសារ​​ពពក​ខ្មៅ​នៃ​សេដ្ឋកិច្ច​សាកល រួមមាន​កំណើន​ថមថយ​នៃ​ប្រទេស​អភិវឌ្ឍ និង​ពាណិជ្ជកម្ម​អន្តរជាតិ ការ​កើនឡើង​តម្លៃ​លុយ​ដុល្លារអាមេរិក ការ​រឹតបណ្ដឹង​លក្ខខណ្ឌ​ទីផ្សារ​ហិរញ្ញវត្ថុ និង​ភាព​មិន​ច្បាស់​លាស់របស់​​នយោបាយសកល កំណើន​សេដ្ឋកិច្ច​ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ទាំងនៅ​អាស៊ី អាមេរិកឡាទីន និង​អាហ្រ្វិក ត្រូវ​រំពឹង​ថា​នឹងធ្លាក់មកត្រឹម ៤,៦ភាគរយ ប៉ុណ្ណោះនៅឆ្នាំ២០១៩។

ទីផ្សារ​វត្ថុធាតុដើម​មិនសូវ​ប្រែប្រួលខ្លាំង ខណៈ​អតិផរណា​សាកល​​​នៅ​បន្តមាន​អត្រា​ជិត​ ៣ភាគរយ​

ទីផ្សារ​វត្ថុ​ធាតុដើម​ អាច​នឹង​មាន​ភាព​ប្រែប្រួល​បន្តិច​ នៅ​ឆ្នាំ​២០១៩ ជាពិសេស​​តម្លៃ​ប្រេង ទោះ​​ជា​​កំណើន​តម្រូវការ​ធ្លាក់​ចុះ ស្របនឹង​​ការ​ផ្គត់​ផ្គង់​កើន​ឡើង។ ដោយសារ​តែ​​តម្លៃ​ទំនិញ​សាកលមិនសូវ​ប្រែប្រួល​ខ្លាំង ខណៈភាគច្រើន​ធនាគារ​កណ្តាល​នៃ​ប្រទេស​មហា​អំណាច​​សេដ្ឋកិច្ច​ធំៗ បានដាក់​ចេញ​គោល​នយោបាយ​កំណត់​អត្រា​អតិផរណា តាម​រយៈ​ការ​បង្កើន​អត្រា​ការប្រាក់​ ទោះ​ជា​ត្រូវ​ប្រឈម​នឹង​កំណើន​សេដ្ឋកិច្ច​តិចតួច ព្រោះ​ការ​ប្រាក់​នៃ​កម្ចី​​កើន​ឡើង​ ​មាន​ន័យ​ស្មើ​នឹងចំណូល​របស់​គ្រួសារ​មួយផ្នែក​ធ្លាក់​ចុះ និង​ការ​វិនិយោគ​ក៏​ធ្លាក់​ចុះផង​ដែរ។ ដូច្នេះ គេ​រំពឹង​ថា អត្រា​អតិផរណាសាកល​នៅ​ឆ្នាំ​២០១៩ អាច​មាន​កម្រិត​ប្រហែល ៣ភាគរយ និង​សម្រាប់​ប្រទេស​អភិវឌ្ឍ អត្រា​អាច​មាន​ត្រឹម​ ២​ភាគ​រយ​ ប៉ុណ្ណោះ។

ប្រូបាប៊ីលីតេ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សាកល​នៅ​ពេល​ខាង​មុខ

ជាចុងក្រោយ កំហុសនយោបាយ កំពុង​បង្ក​ភាព​តាន​តឹង​ និង​ភាព​មិន​ច្បាស់​លាស់​ ចំពោះ​សេដ្ឋកិច្ច​សាកល​ ដូចជា បញ្ហាសង្រ្គាម​ពាណិជ្ជកម្ម ឬការ​កើន​ឡើង​បំណុល​សាធារណៈ​ នៃ​ប្រទេស​មហាអំណាច។ ទោះ​ជាយ៉ាង​ណា អ្នក​ជំនាញ​បាន​វាយ​តម្លៃ​ថា ស្ថាន​ភាព​មិន​ល្អ​នេះគ្រាន់តែ​អាច​បង្ក​ជាផល​ប៉ះពាល់​សម្រាប់​កំណើន​សេដ្ឋកិច្ច​សាកល តែប៉ុណ្ណោះ​ តែវា​នៅ​​មិន​ទាន់​ខ្លាំង​គ្រប់គ្រាន់​សម្រាប់​បង្ក​ជា​វិបត្តិ​សេដ្ឋកិច្ច​សាកល​ នៅ​ឡើយ​​នោះទេ នៅ​ឆ្នាំ​២០១៩ លើក​លែង​តែ​កំហុស​ទាំង​នោះ​នៅ​តែ​បន្ត​ទៅថ្ងៃ​មុខតទៅ​ទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ