ក្រុមប្រទេសG20កែទម្រង់FMIមូលនិធិរូបិយវត្ថុអន្តរជាតិ
ថ្ងៃសៅរ៍ទី២៣តុលានេះ ក្រុមប្រទេសG20បានបោះជំហានឈានទៅរកកិច្ចព្រមព្រៀងដើម្បីធ្វើការ កាត់បន្ថយវិសមតាក្នុងការដោះដូរពាណិជ្ជកម្មនិងដើម្បីបញ្ចៀសកុំឲ្យ កើតមានសង្គ្រាមរូបិយវត្ថុ។ ទាំងនេះ ក្រោយពីមានការពិភាក្សាអស់រយៈពេលពីរថ្ងៃនៅប្រទេសកូរ៉េខាងត្បូងដែល អនុញ្ញាតឲ្យសម្រេចបាននូវកំណែទម្រង់ជាប្រវត្តិសាស្ត្រពាក់ព័ន្ធ នឹងអភិបាលកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMI។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បទវិភាគរបស់ សៀក សារិន
កំណែទម្រង់ពាក់ព័ន្ធនឹងអភិបាលកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMIដែលសម្រេចបានដោយក្រុមប្រទេសG20 ក្រោយពីមានការពិភាក្សាអស់រយៈពេលពីរថ្ងៃនៅប្រទេសកូរ៉េខាងត្បូងគឺពិតជាកំណែទម្រង់មួយដ៏សែនធំធេងពុំដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMI។
គម្រោងនៃកំណែទម្រង់នេះត្រូវទទួលការអនុញ្ញាតពីក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMI ជាមុនសិន។ គេគ្រោងធ្វើការដំឡើងមូលធនរបស់FMI បន្ថែមចំនួនអាសនៈនៃប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMI ពង្រឹងពង្រីកអំណាចក្នុងការត្រួតពិនិត្យទៅលើនយោបាយសេដ្ឋកិច្ចនៃប្រទេសជាសមាជិក។
សមាជិកភាគហ៊ុនសំខាន់ៗជាងគេទាំង១០ប្រទេសនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMIមាន៖
សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសអឺរ៉ុបសំខាន់ៗទាំងបួនគឺប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសអង់គ្លេសនិងប្រទេសអ៊ីតាលី បូកបន្ថែមប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេបួនប្រទេសដែលក្នុងនោះមាន ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងប្រទេសចិន។
គួរកត់សម្កាល់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកLee Myung-Bakបានសុំឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលនៃក្រុមប្រទេសG20 ខិតខំសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងស្ដីពីកំណែទម្រង់ជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងអភិបាលកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMI ដើម្បីពង្រឹងឲ្យមានជំនឿទុកចិត្តទៅលើជំនួបប្រជុំកំពូលនៃក្រុមប្រទេសG20ដែលនឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូលនៅថ្ងៃទី១១និង១២វិច្ឆិកាខាងមុខនេះ។
ក្រៅពីនេះ ក្រុមប្រទេសG20គ្រោងចាត់វិធានការមួយចំនួនទៀតមានដូចជា ការរិះរកកាត់បន្ថយវិសមតាក្នុងការដោះដូរពាណិជ្ជកម្មនិងដើម្បីបញ្ចៀសកុំឲ្យកើតមានសង្គ្រាមរូបិយវត្ថុ។
បើប្រសិនជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលនៃក្រុមប្រទេសG20 សម្រចបាននូវកិច្ចព្រមព្រៀងមែន នោះវាប្រាកដជាកត្តាមួយដ៏ប្រពៃសម្រាប់មកជួយរំងាប់ក្តីបារម្ភដែលកើតមាននៅលើទីផ្សារនៅចំពោះមុខភាពតានតឹងដែលមាននៅជុំវិញបញ្ហាអត្រាប្តូររូបិយប័ណ្ណ។
ក្រុមប្រទេសសមាជិកG20ត្រូវតែឈប់អនុវត្តនយោបាយអត្រាប្តូររូបិយប័ណ្ណដែលធ្វើឡើងសម្រាប់បញ្ចុះតម្លៃរូបិយវត្ថុរបស់ខ្លួនក្នុងគោលបំណងនាំផលិតផលចេញទៅលក់ក្រៅប្រទេស។
អន្តរាគមន៍ថ្មីៗនៃធនាគារកណ្តាលជាច្រើនដើម្បីខាឃាំងកុំឲ្យរូបិយប័ណ្ណរបស់ខ្លួនឡើងថ្លៃនៅចំពោះមុខប្រាក់ដុល្លារអាមេរិកបានធ្វើឲ្យគេបារម្ភខ្លាចកើតមានគ្រោះមហន្តរាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ចដោយហេតុតែការវិលត្រឡប់ទៅរកនយោបាយការពារផលិតផលក្នុងស្រុកជ្រុលហួសហេតុពេក។
សហរដ្ឋអាមេរិកបានចោទប្រទេសចិនថា បានរក្សាតម្លៃប្រាក់យ័នឲ្យឋិតនៅកម្រិតទាបជ្រុលពេក។ រីឯប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនវិញ បានចោទទីក្រុងវ៉ាស៊ីនតោនថា បានអនុវត្តនយោបាយទម្លាក់ប្រាក់ដុល្លារអាមេរិកឲ្យឋិតនៅក្នុងតម្លៃមួយដ៏សែនទាបដែលជាការងាយស្រួលក្នុងការនាំផលិតផលអាមេរិកាំងចេញទៅលក់ក្រៅប្រទេស។
នៅឆមាសទីមួយឆ្នាំ២០១០នេះ ការសល់ផលសរុបនៃការដោះដូររបស់ប្រទេសចិនបានកើនឡើងដល់ទៅ៤,៩%នៃផលិតផលដុលក្នុងប្រទេស។ សហរដ្ឋអាមេរិកបានទាមទារឲ្យការសល់ផលសរុបនៃការដោះដូររបស់ប្រទេសនីមួយៗមានត្រឹមតែ៤%ប៉ុណ្ណោះ។
នៅថ្ងៃសៅរ៍ទី២៣តុលានេះ ក្រុមប្រទេសសមាជិកG20សម្រេចបាននូវកិច្ចព្រមព្រៀងមួយទៀតស្ដីពីកំណែទម្រង់ទៅលើប្រព័ន្ធធនាគារនិងទៅលើស្ថាប័នហិរញ្ញវត្ថុសំខាន់ៗដែលជាប់ចោទពីបទបានបង្កឲ្យកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ២០០៨/២០០៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ