អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​អាណត្តិ​ទី​៥ បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ដំបូង​ដោយ​គ្មាន​បក្ស​ប្រឆាំង​

ដូច​ការ​គ្រោង​ទុក រដ្ឋសភា​អាណត្តិ​ទី​៥​បាន​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី ១២ វិច្ឆិកា​នេះ។ សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ដំបូង​នៃ​រដ្ឋសភា​ឯក​បក្ស​នេះ​បាន​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​មុខងារ​សាធារណៈ និង​ច្បាប់​ស្តី​ពី​ការ​បំបែក​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ជា​ពីរ។ ចំណែក​ច្បាប់​ស្តី​ពី​ថវិកា​ឆ្នាំ ២០១៤ ត្រូវ​បាន​លើក​យក​ទៅ​ពិភាក្សា​ក្រោយ​គេ។ កិច្ច​ប្រជុំ​សភា​ថ្ងៃ​នេះ​ក៏​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

រដ្ឋសភាជាតិបើកកិច្ចប្រជុំកាលពីពេលកន្លងទៅ។
រដ្ឋសភាជាតិបើកកិច្ចប្រជុំកាលពីពេលកន្លងទៅ។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

តំណាង​រាស្ត្រ ៦៦ នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូល​រួម​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយចំនួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា​លើក​មក​ពិភាក្សា និង​អនុម័ត​នៅថ្ងៃនេះ​រួមមាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ថ្មី​ចំនួន៣ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិការ​ជាតិ​ឆ្នាំ ២០១៤ ។

 
ក្រសួង​ថ្មី​ទាំងបី​ដែល​រដ្ឋាភិបាល​អាណត្តិ​ទី៥សម្រេច​បង្កើត​នោះ​រួមមាន​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​ពីរ​ទៀត​កើតចេញពី​បំបែក​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ឲ្យ​ទៅជា​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល។ ចំណែកឯ​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកាជាតិ​ឆ្នាំ ២០១៤ ត្រូវបាន​លើក​មក​ពិភាក្សា​ក្រោយ​គេ​បន្ទាប់ពី​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ត្រូវបាន​អនុម័ត​រួចរាល់។

កួរ​បញ្ជាក់ថា កិច្ចប្រជុំ​សភាពេញអង្គ​ព្រឹក​នេះ​ដឹកនាំ​ដោយ លោក ហេង សំរិន ប្រធានរដ្ឋសភា និង​ដោយមាន​វត្តមាន​ចូលរួម​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ប៉ុន្តែ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៥៥ នាក់​នៅតែ​បន្តធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភា​ដដែល។ កិច្ចប្រជុំសភា​ឯក​បក្ស​បាន​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ទំនាស់​ផ្លូវច្បាប់​ទេពី​ព្រោះ​សេចក្តីព្រាងច្បាប់​ទាំងឡាយ​នេះ​អាច​អនុម័ត​ដោយ​ត្រូវការ​សំឡេង​ភាគច្រើន​ដាច់ខាត​ឬ​ស្មើនឹង ៥០ ភាគរយ​បូក​មួយ​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ពហិការ​មិន​ចូល​រដ្ឋសភា​របស់​បក្ស​ប្រឆាំង​បានបង្ហាញ​ពី​ការបែកបាក់​នយោបាយ និង​បានធ្វើ​ឲ្យ​រដ្ឋសភា​ដំណើរការ​មិនបាន​ពេញលេញ​ទេ។ គណបក្ស ជាប់ឆ្នោត​ទាំងពីរ​ដែល​ព្យាយាម​រក​ដំណោះស្រាយ​នយោបាយ​ជាមួយគ្នា​នោះបាន​ជួបនឹង​បរាជ័យ​នៅក្នុង​ជំនួប​ចរចា​ថ្នាក់​បច្ចេកទេស​ជាន់ខ្ពស់​កាលពី​ថ្ងៃ៥វិច្ឆិកា។

រីឯ​ការ​សន្យាថា​នឹង​ជួបគ្នា​ជាថ្មី​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ក៏​នៅ​មិនទាន់​កើតមាន​ដែរ​រហូតមកទល់​ថ្ងៃនេះ។ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋសភា និង​រដ្ឋាភិបាល​ដែលមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ឯង​នៅតែ​ដំណើរការ​ទៅមុខ​ដោយ​មិន​រង់ចាំ​ដំណោះស្រាយ​នយោបាយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ