អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

លើក​ស្ទួយ​វិស័យ​អប់​រំ​ត្រូវ​ផ្តើម​ពី​ការ​បំបាត់​ពុក​រលួយ​និង​លើក​ស្ទួយ​ជីវ​ភាព​គ្រូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិស័យ​អប់​រំ​ត្រូវ​បាន​ចាត់​ទុក​ជា​វិស័យ​អាទិភាព​មួយ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ពី​ព្រោះ​វា​ជា​ថ្នាល​បណ្តុះ​ធន​ធាន​មនុស្ស​សម្រាប់​កសាង​ប្រទេស​ទៅ​ថ្ងៃ​អនាគត។ ជា​ពិសេស​នៅ​ក្នុង​យុគ​សម័យ​បច្ចុប្បន្ន​ដែល​ការ​អភិវឌ្ឍ​ប្រទេស​ត្រូវ​ផ្អែក​លើ​ចំណេះ​ដឹង។ ក្នុង​អាណត្តិ​របស់​លោក ហង់​ជួន ណា​រ៉ុន ក្រសួង​អប់រំ​កំពុង​ប្រកាស​សង្គ្រាម​ប្រឆាំង​ជា​មួយ​អំពើ​ពុករលួយ​នៅ​ពេល​ប្រឡង​ដែលជា​ជំងឺ​ដ៏​ចំណាស់​មួយ​ក្នុង​វិស័យ​អប់រំ​កម្ពុជា។ នេះ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​គួរ​ឲ្យ​សាទរ ប៉ុន្តែ ដើម្បី​ពង្រឹង​គុណភាព​អប់រំ​គេ​ក៏​ប្រាកដ​ជា​មិន​អាច​មើល​រំលង​ជីវភាព​គ្រូ​បង្រៀន​បាន​ដែរ​។

សិស្សសលាប្រលង
សិស្សសលាប្រលង ©channa/rfi
ផ្សាយពាណិជ្ជកម្ម

 

ការ​សូក​ប៉ាន់ ការ​បែក​ធ្លាយ​វិញ្ញាសា ការ​លួច​ចម្លង សុទ្ធ​សឹង​ជា​ភាព​អនាធិប​តេយ្យ​ដែល​តែង​កើត​ឡើង​រាល់​ពេល​ប្រឡង​ម្តងៗ​។ ភាព​អនាធិប​តេយ្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​អប់រំ​កម្ពុជា​អាប់​ឱន​ជា​យូរ​ណាស់​មក​ហើយ។ ប៉ុន្តែ គ្មាន​អ្នក​ណា​ទាន់​អាច​កែ​ប្រែ​ស្ថាន​ការណ៍​បាន​នៅឡើយ​ទេ។ បច្ចុប្បន្ន ក្រសួង​អប់រំ​ក្រោម​អាណត្តិ​របស់​លោក​រដ្ឋ​មន្ត្រី​ថ្មី ហង់​ជួន ណា​រ៉ុន កំពុង​វាយ​គង​ទូងស្គរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដ៏​ចំ​ណាស់​នេះ​។

ការ​បំបាត់​អំពើ​ពុក​រលួយ​ជា​រឿង​សំ​ខាន់​មួយ ប៉ុន្តែ និយាយ​ពី​កំណែ​ទម្រង់​វិស័យ​អប់រំ​កម្ពុជា គេ​ប្រាកដ​ជា​មិន​អាច​មើល​រំ​លង​ជីវភាព​គ្រូបង្រៀន​បាន​ឡើយ។ គ្រូ​គឺ​ជា​គម្រូ ជា​អ្នក​មាន​គុណ ជា​ឳ​ពុក​ម្តាយ​ទី២ និង​ជា​មនុស្ស​ជា​ទី​គោរព​នៃ​អ្នក​ផង​ទាំង​ពួង។ គុណ​សម្បត្តិ​ដ៏​លើស​លប់​របស់​គ្រូ​ត្រូវ​បាន​ជា​ជន​ជាតិ​ខ្មែរ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង។ តម្លៃ​និង​គុណ​បំ​ណាច់​របស់​គ្រូ​នៅ​តែ​ដិត​ដាម​ជាប់​ក្នុង​ផ្នត់​គំនិត​របស់​ខ្មែរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ អ៊ី​ចឹង​ហើយ​បាន​ជា​ខ្មែរ​យើង​តែង​ហៅ​មនុស្ស​ដែល​ខ្លួន​គិតថា​ជា​អ្នកចេះ​ដឹងថា«លោកគ្រូ» បើ​ទោះ​បីជា​អ្នក​នោះ​មិន​ប្រកបរ​បរជា​គ្រូបង្រៀន​ក៏ដោយ។ ពាក្យ​ថា«លោកគ្រូ»គឺជា​តំណាង​នៃ​ការ​គោរព​និង​ផ្តល់​តម្លៃ​ដល់​មនុស្ស​ក្នុងសង្គម។

ប៉ុន្តែ បច្ចុប្បន្ន គុណ​តម្លៃ​របស់​គ្រូបង្រៀន​បាន​និង​កំពុង​ទទួលរង​ការ​ប៉ះ​ពាល់​អវិជ្ជ​មាន​ដោយ​សារតែ​ជីវភាព​ខ្សត់​ខ្សោយ​របស់​ពួកគេ។ មុខរបរ​គ្រូ​បង្រៀន​ដែល​ធ្លាប់តែ​ជា​ជម្រើស​ទី១និង​ជាទី​កោតស្ញប់ស្ញែង​របស់​មនុស្ស​ទូទៅ​បាន​ក្លាយជា​ជម្រើស​បន្ទាប់បន្សំ​ឬ​ជា​ជម្រើស​ចុងក្រោយ​បំផុត​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ។

ចំណោទ​ដ៏​សំខាន់​មួយ​គឺ​បញ្ហា​ជីវភាព។ សូម្បីតែ​កូនសិស្ស​មួយចំនួន​ក៏​មិនសូវ​គោរព​គ្រូ​និង​មិនសូវ​ស្តាប់បង្គាប់​គ្រូ​ទៀត​ដែរ។ ពិតណាស់ថា​ការស្រុតចុះ​សីលធម៌​សង្គម​ជា​រឿង​សំខាន់​មួយ ប៉ុន្តែ ជីវភាព​ខ្សត់ខ្សោយ​របស់​គ្រូ​គឺជា​ចំណែក​ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​តម្លៃ​នៅ​ចំពោះមុខ​សិស្ស។

ពិត​ហើយ​ថា គ្រូបង្រៀន​មិនមែន​សុទ្ធតែ​យ៉ាប់យ៉ឺន​នោះទេ។ ពិតជា​មាន​គ្រូពូកែៗ និង​នៅ​រក្សាបាន​ភាពជា​គំរូ​ដ៏​គួរ​ឲ្យ​គោរព។ ប៉ុន្តែ គ្រូបង្រៀន​ជាច្រើន​បាននិងកំពុង​ជួបប្រទះ​បញ្ហា​ជីវភាព​ដ៏​លំបាកលំបិន។ លើកលែងតែ​គ្រូ​មួយចំនួន​តូច​ដែល​អាច​រកប្រាក់​បាន​ពី​អាជីព​របស់ខ្លួន​តាមរ​យៈ​ការបង្រៀន​ក្រៅ​ម៉ោង​ឬ​បង្រៀន​នៅ​សាលា​ឯកជន ក្រៅពីនោះ គ្រូ​ជាទូទៅ​មិនអាច​យក​កម្រៃ​ពី​ការបង្រៀន​ទៅ​ផ្គត់ផ្គង់​ជីវភាព​ឲ្យ​សមរម្យ​បានទេ។

ដើម្បី​បង្គ្រប់​ជីវភាព លោកគ្រូ អ្នកគ្រូ ជាច្រើន​បាន​ឆ្លៀតពេល​រក​ប្រភព​ចំណូល​បន្ថែម​បើទោះបីជា​ពួកគេ​ដឹងថា របរ​ខ្លះ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូ​របស់ខ្លួន​ក៏ដោយ។ លោកគ្រូ អ្នកគ្រូ ខ្លះទៀត​ឆ្លៀត​រត់​ម៉ូតូឌុប ឬ​ប្រកប​របរ​កំប៉ិកកំប៉ុក​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​តែ​តម្រូវការ​របស់​ក្រពះ។ បើ​ទោះ​បីជា​រស់ក្នុង​ស្ថានភាព​លំបាក​លំបិន​យ៉ាងណា​ក៏ដោយ ក៏​លោកគ្រូ​អ្នកគ្រូ​នៅតែ​តស៊ូ អត់ធ្មត់​ដើម្បី​បំពេញការងារ​របស់​ខ្លួន​ដោយ​ឥត​រួញរា។ ដោយសារ​ការតស៊ូ​រប​ស់​គ្រូបង្រៀន​នេះហើយ​បានជា​សិស្ស និស្សិត រាប់​ម៉ឺន រាប់​សែន​នាក់​បាន​បញ្ចប់​ការសិក្សា​ជា​រៀងរាល់ឆ្នាំ។

ជាការ​ពិត​ណាស់ បច្ចុប្បន្ន​នេះ គុណភាព​នៃ​ធន​ធាន​មនុស្ស​គឺជា​បញ្ហា​ស្លាប់​រស់​សម្រាប់​ប្រទេស​នីមួយ។ ដោយឡែក កម្ពុជា​ដែល​នៅ​ដាច់​យ៉ាង​ឆ្ងាយ​ពី​គេឯង​ដោយសារតែ​របប​ខ្មែរក្រហម​រឹតតែ​ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់​លើសពី​អ្វី​ទាំងអស់។ នៅក្នុង​បរិបទ​នេះ ការពង្រឹង​គុណភាព​អប់រំ​គឺជា​អាទិភាព​ចម្បង​ជាងគេ​បំផុត។ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ គេ​ត្រូវ​ផ្តើម​ពី​ការលើកតម្លៃ​គ្រូបង្រៀន​ជា​ចាំបាច់។

ពិត​ហើយ​ថា ស្ថានភាព​សេដ្ឋកិច្ច​ប្រទេសជាតិ​នៅ​ទាប​ដែល​រដ្ឋ​មិនអាច​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​បាន​សមរម្យ ប៉ុន្តែ ហេតុអ្វី​ក៏​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​មាន​ជីវភាព​ខុសស្រឡះ​ពី​គ្រូបង្រៀន? នេះ​ជា​សំណួរ​ដែល​គួរ​ពិចារណា។

សរុប​មកវិញ ដើម្បី​លាង​សម្អាត​វិស័យ​អប់រំ​កម្ពុជា​ក៏ដូចជា​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​ដែរ ការលុបបំបាត់​ឲ្យ​បាន​នូវ​អំពើពុករលួយ​និង​ការលើកកម្ពស់​ជីវភាព​គ្រូ​គឺជា​កិច្ចការ​សំខាន់​ពីរ​ជា​អាទិភាព​មុននឹង​និយាយ​ពី​កំណែទម្រង់​ផ្សេងទៀត​ពីព្រោះ​ប្រសិនបើ​គ្រូ​រវល់​គិតគូរ​តែ​ជីវភាព​របស់ខ្លួន​ធំ​ជាង​កិច្ចការ​បង្រៀន និង​ប្រសិនបើ​ការ​សូកប៉ាន់​នៅតែមាន​ប្រសិទ្ធភាព គេ​ប្រាកដជា​មិនអាច​និយាយ​ពី​គុណភាព​នៃ​វិស័យ​អប់រំ​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ