អានតួអត្ថបទ
ឧបទ្វីប​កូរ៉េ-ចិន

ក្រុងព្យុងយ៉ាង​ត្រៀមខ្លួន​ឈប់​ផ្គើន​ក្រុង​សេអ៊ូល​ មុន​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​នៅ​កូរ៉េ​​ខាងត្បូង​

ក្រោយ​បាន​បាញ់​មីស៊ីល​បាល់លិសស្ទិក​រយៈ​ចំងាយ​ខ្លី​ នៅ​ភាគខាងកើត​ប្រទេស​ម្សិលមិញ ​នៅថ្ងៃ​ចន្ទនេះ ​រដ្ឋាភិបាល​​​​កូរ៉េខាងជើង​បាន​​​ស្នើ​ទៅ​កូរ៉េខាងត្បូង​​ ​អោយបញ្ឈប់​ការជេរ​ប្រមាថ​ផ្គើន​គ្នា បញ្ឈប់​ការ​បាញ់​គ្រាប់ពិត ​​នៅតាម​ព្រំដែន​​រវាង​​កូរ៉េទាំង២​។ កូរ៉េខាងជើង​​បាន​ប្រកាស​ថា ខ្លួន​ត្រៀម​ព្យួរ​សកម្មភាព​ផ្គើន ​ចាប់ពីថ្ងៃ​សុក្រ​ខាងមុខ​នេះ​ហើយ។ ​មេដឹកនាំ​គឹម ជុងអ៊ុន​ប្រហែល​ចង់​បង្ហាញ​​ប្រធានាធិបតីចិន ដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​​នៅ​ក្រុង​សេអ៊ូល​ ថ្ងៃ​៣កក្កដា​នេះ ថាកូរ៉េខាងជើង​​​ចង់​បាន​សន្តិភាព​ជាមួយ​កូរ៉េខាងត្បូង។

មេដឹកនាំ​កូរ៉េខាងជើងគឹម ជុងអ៊ុន​​ ​
មេដឹកនាំ​កូរ៉េខាងជើងគឹម ជុងអ៊ុន​​ ​ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើងទើប​បាន​​ប្រើ​ធម៌​ក្តៅ បាញ់មីស៊ីល​រយៈចំងាយខ្លី​​​២ដើម ​​​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​កំញ៉ើញ​ប្រធានាធិបតី​ចិនស៊ី ជីនពីង ​​​ដែល​បានជ្រើស​យក​ក្រុង​សេអ៊ូល​បំពេញ​ទស្សនកិច្ច ​មុន​ក្រុង​ព្យុងយ៉ាង។ តែ​​​​​ថ្ងៃ​ចន្ទ​នេះ មេដឹកនាំ​គឹម ជុងអ៊ុន​ បានបន្ទន់​​ឥរិយាបថ​ខ្លួន​មកវិញ ដោយបាន​អំពាវនាវ​ស្នើកូរ៉េខាងត្បូង​អោយ​ឈប់​ជេរប្រមាថ បញ្ឈប់​​រាល់​សកម្មភាព​​ផ្គើន​ សកម្មភាព​យោធា​នានា ​មាន​ដូចជា​ការ​បាញ់​គ្រាប់ពិត​តាម​ព្រំដែនទឹក​រវាង​កូរ៉េទាំង២ នៅ សមុទ្រ​លឿង​ផងដែរ។

គណៈកម្មការ​ការពារ​ជាតិ​កូរ៉េខាងជើង ជា​ផ្នែកយោធា​ជាន់ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ​​បាន​ប្រកាសបំណងល្អ​ ចង់​បាន​សន្តិភាពនេះ ដោយ​បាន​សន្យា​ថា ​កូរ៉េខាងជើង​ត្រៀម​ព្យួរ​រាល់​សកម្មភាព​ផ្គើន ​លើ​កូរ៉េខាងត្បូង ចាប់ពីថ្ងៃ​សុក្រ​នេះហើយ។ កូរ៉េខាងជើង​ក៏​​ជំរុញកូរ៉េខាងត្បូង​អោយ​បញ្ឈប់​សមយុទ្ធ​យោធា​​ ជាមួយ​អាមេរិក ដែលត្រូវរៀបចំធ្វើ​នៅ​ខែ​សីហា​ខាងមុខ​នេះដែរ ដើម្បី​​បង្ក​បរិយាកាស​ល្អប្រសើរ​ដល់​ការប្រកួត​កីឡា​អាស៊ាន​​ ដែលត្រូវធ្វើ​​នៅ​​​​កូរ៉េខាងត្បូង ក្នុង​ខែ​កញ្ញា​ឆ្នាំ២០១៤នេះ។ ក្រុង​ព្យុងយ៉ាងសន្យា​បញ្ជូន​​​កីឡាករ​ខ្លួន​ទៅ​ចូលរួម​ប្រកួត​​​នៅ​កូរ៉េខាងត្បូងដែរ។ ​

ការប្តូរ​ជំហរ​ពី​​បាញ់​មីស៊ីល មក​គាំទ្រ​សន្តិភាព បញ្ជាក់​ច្បាស់​ថា មេដឹកនាំ​កូរ៉េខាងជើង​​ចង់​ទាក់ទាញ​​ចំណាប់អារម្មណ៍របស់ប្រធានាធិបតីចិន​ ស៊ី ជីនពីង ដែល​​ត្រូវ​ទស្សនកិច្ច​ក្រុងសេអ៊ូល​នៅថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​​ ក្នុង​សប្តាហ៍​នេះ។ ទោះ​ជា​​លោក​ស៊ី ជីនពីង​ មិនដែល​​បាន​ជួបមុខ​មេដឹកនាំ​គឹម ជុងអ៊ុន ក៏​លោក​​បាន​សម្រេច​ទស្សនកិច្ច​ក្រុង​សេអ៊ូល​ មុន​ក្រុង​ព្យុងយ៉ាង​ដែរ ប្រហែល​ដោយសារ​តែ​​លោក​មិនពេញចិត្ត​នឹង​សកម្មភាព​​និង​ឥរិយាបថ​​ឥតព្រាងទុក​របស់​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ជាក់ស្តែង ​កន្លងមក កូរ៉េ​ខាងជើង​តែង​ប្រតិកម្ម​​​បាញ់​​​មីស៊ីល ​ករណី​​​កូរ៉េខាងត្បូង​​ប្រើពាក្យសំដីផ្គើន​ណាមួយ រឺ​ក៏​ពេល​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធារួមគ្នា​ជាមួយ​អាមេរិក។ ក្រៅ​ពី​ការបាញ់​មីស៊ីល​អន្តរទ្វីប​២ដើម នៅថ្ងៃ​អាទិត្យ​ម្សិលមិញ ក្នុង​សប្តាហ៍​កន្លង​ទៅ​​​នេះ ​ក្រុង​ព្យុងយ៉ាង​ក៏បាន​បាញ់​មីស៊ីល​ច្រើនដើម​ផ្សេងទៀត តំរង់​ទៅ​សមុទ្រ​​ដែរ៕ ​ ​

នៅថ្ងៃ​ចន្ទ​នេះដែរ កូរ៉េខាងជើង​បាន​ប្រកាស​ថា​ អ្នកទេសចរ​​ពលរដ្ឋ​អាមេរិក​២រូប ​ដែល​អាជ្ញាធរ​ក្រុងព្យុងយ៉ាង​ចាប់ខ្លួន​ កាលពី​ខែ​​មេសា នឹង​ត្រូវ​ឡើង​សវនាការ​កាត់ទោស។ ​ពួកគេ​ជាប់ចោទ​ពីបទ​បង្ក​សកម្មភាព​ប្រឆាំងរដ្ឋាភិបាល​កូរ៉េខាងជើង។ ​បច្ចុប្បន្ន​នេះ ​កូរ៉េខាងជើង​​មាន​អ្នកទោស​អាមេរិក​ក្នុង​ដៃ​៣រូប។ អ្នកវិភាគ​នានា​គិតថា កូរ៉េខាងជើង​​យក​សំណុំ​រឿង​​​អ្នកទោស​ទាំងនេះ ដាក់សម្ពាធ​លើ​អាមេរិក​ ដើម្បី​ជំរុញ​អោយ​មាន​ការចរចា​​ក្រុម​៦ប្រទេស​​ឡើងវិញ។ ការចរចា​នេះ​មានទិសដៅ​អោយ​ក្រុង​ព្យុងយ៉ាង​​​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ ជាការ​ដោះដូរ​ជាមួយ​ជំនួយ​សេដ្ឋកិច្ច៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ