អានតួអត្ថបទ
កូរ៉េខាងត្បូង​-ចិន

ប្រធានាធិបតី​​ចិន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​កូរ៉េខាងត្បូង

យោង​តាមអ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន​ និង​កូរ៉េខាងត្បូង​ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​នៅ​ប្រទេស​កូរ៉េខាងត្បូង រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​៣​ និង​ទី៤ ​កក្កដា ​ខាង​មុខ​នេះ។​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​​របស់​លោក​ប្រធានាធិបតី​ចិន​​នៅ​លើ​ឧបទ្វីប​កូរ៉េ។​ ជាង​នេះ​ទៅ​ទៀត​ ចិន​បាន​ផ្តល់អាទិភាព​ដល់​កូរ៉េខាងត្បូង ដោយ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​មុន ហើយ​ទុក​កូរ៉េខាងជើង​ចោល​មួយ​អន្លើ។​ 

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​៣​កក្កដា​ខាង​មុខ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ នឹង​អញ្ជើញ​ទៅ​ដល់​ទី​ក្រុង​សេអ៊ូល​ ក្រោម​ការទទួល​ស្វាគមន៍​ពី​សំណាក់​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​វិញ ក្រោយ​ការអញ្ជើញ​ទៅ​​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង កាល​ពី​ខែ​មិថុនា ឆ្នាំ​ទៅ។ បើ​តាមអ្នកនាំពាក្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ប្រមុខ​រដ្ឋ​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

តាំង​ពី​ដើម​មក​​ គេ​ចាំ​មិន​ភ្លេច​ទេ​ថា ​ចិន​ និង​កូរ៉េខាងជើង​ជា​បង​ប្អូន​ម៉ឺន​ឆ្នាំ​នឹង​គ្នា​ ប្តូរ​ស្លាប់​ប្តូរ​រស់។​ កាល​ពី​ជំនាន់​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០ កង​ទ័ព​ចិន​របស់​សេនា​ប្រមុខ​ ម៉ៅ សេទុង បាន​ស្ម័គ្រ​ជួយ​ច្បាំង​កូរ៉េខាងជើង ដើម្បី​ការពារ​លទ្ធិ​កុម្មុយនីស្ត។ ប៉ុន្តែ​ពេល​នេះ ចិន​បាន​ងាក​ទៅ​ប្រាស្រ័យ​ជាមួយ​កូរ៉េខាងត្បូង​វិញ ដោយ​លោក​ប្រធានាធិបតី ស៊ី ជីនពីង​ ដែល​មិន​ទាន់​បាន​ទៅ​ជួប​ផ្ទាល់​ជា​មួយ​មេដឹកនាំ​​កូរ៉េខាងជើង​ថ្មី​ផង​ បែរ​ជា​ឈាន​ជើង​ទៅ​ជាន់​ទឹក​ដី​កូរ៉េខាងត្បូង​មុន។ ​តាម​ពិត​ទៅ ទំនាក់​ទំនង​រវាង​ចិន​ និង​កូរ៉េខាងជើង​បាន​ជួប​ភាព​ល្អក់​កករ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​ ដែល​កាល​ណោះ​ កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​បាញ់​កាំជ្រួចមីស៊ីល ដែល​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត និង​​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​​​របស់​ខ្លួន។

តាម​ការ​វិភាគ​ ទស្សនកិច្ច​នេះ​ហាក់​ដូច​ជា​ការ​ផ្ញើ​សារ​ទៅ​ដល់​កូរ៉េខាងជើង ដែល​ថា​ចិន​លែង​ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ ​ជា​មួយ​របប​កុម្មុយនីស្ត​ផ្តាច់​ការ​កូរ៉េខាងជើង​ ដូច​មុន​ទៀត​ហើយ។

យ៉ាងណាមិញ ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅ​កូរ៉េខាងត្បូង ក៏​ធ្វើ​ឡើង​ក្នុង​ហេតុផល​​សេដ្ឋកិច្ច​ដែរ។​​ កូរ៉េខាងត្បូង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ចិន។​ បើ​ប្រៀប​ធៀប​ជាមួយ​កូរ៉េខាងជើង ទំនាក់​ទំនង​ពាណិជ្ចកម្ម​រវាង​ចិន ​និង​កូរ៉េខាងត្បូង​ មាន​លើស ​ដល់​ទៅ​៤០​ដង​ឯណោះ។ ដូច្នេះ​ជា​រឿង​ធម្មតា​ទេ​ដែល​ពេល​នេះ​ចិន​ងាក​ទៅ​ល្អូកល្អឺន​ជាមួយ​កូរ៉េខាងត្បូង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ