អានតួអត្ថបទ
ហ្វីលីពីន

ការ​ពន្យារកំណើត​ឥត​បង់ប្រាក់៖​ តុលាការ​ហ្វីលីពីន​ទាត់ចោល​បណ្តឹង​របស់​វិហារ​កាតូលិក​

នៅ​ហ្វីលីពីន​ថ្ងៃអង្គារ​នេះ ​តុលាការ​កំពូល​បាន​ទាត់ចោល​​បណ្តឹង​​​របស់​វិហារ​កាតូលិក ដែល​បាន​សុំអោយ​តុលាការ​​កាត់ផ្តាច់​សុពលភាព​​​​នៃច្បាប់​ដែល​អនុញ្ញាត​អោយ​​​​ប្រជាជន​ក្រីក្រ​បាន​ទទួលការពន្យារកំណើត​ដោយ​ឥត​​បង់ប្រាក់​កាស។ ​អង្គការ​សហ​ប្រជាជាតិ​បាន​ស្វាគមន៍​​​ការ​សម្រេច​​របស់​​តុលាការ​​កំពូល​ហ្វីលីពីន​ និង​បាន​​​គាំទ្រ​ក្រុងម៉ានីល​ក្នុង​ការ​អនុវត្តន៍​​ច្បាប់​នេះ​អោយបានពេញលេញ​ទៀតផង។

ប្រជាជន​ហ្វីលីពីន​ច្រើនលាននាក់​ ត្រូវនឹង​មួយភាគបួន នៃប្រជាជន​សរុប​១០០លាននាក់ រកបានចំណូលប្រចាំថ្ងៃ​មិនដល់​​១ដុល្លារ​ទេ។
ប្រជាជន​ហ្វីលីពីន​ច្រើនលាននាក់​ ត្រូវនឹង​មួយភាគបួន នៃប្រជាជន​សរុប​១០០លាននាក់ រកបានចំណូលប្រចាំថ្ងៃ​មិនដល់​​១ដុល្លារ​ទេ។ (S. Farcis/RFI)
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារនេះ តុលាការ​កំពូល​ហ្វីលីពីនបាន​សម្រេច​ទាត់ចោល​បណ្តឹង​របស់​វិហារ​កាតូលិក ដែល​បាន​សុំអោយ​តុលាការ​​​បដិសេធ​​ផ្តល់សុពលភាព​ដល់​ច្បាប់​អនុញ្ញាត​អោយ​​ប្រជាជន​ក្រីក្រ​ទទួលបាន​ការពន្យារកំណើត​ដោយ​ឥតគិតថ្លៃ​នោះ។ ​លោក​ ថេអូដរ តេ ជាអ្នកនាំពាក្យ​របស់តុលាការ​​ បាន​លើកឡើងថា ច្បាប់​នេះ​​គ្មាន​​លក្ខណៈ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​​ហ្វីលីពីន​នោះ ទេ។ មេធាវី​នានា​របស់​វិហារ​កាតូលិក​ហ្វីលីពីន​នឹង​ធ្វើការ​ពិនិត្យ​ពី​ផ្លូវដោះស្រាយ​​​​​ផ្សេងទៀត​សម្រាប់​​បណ្តឹង​របស់​វិហារ​កាតូលិក។

គួរ​រំលឹក​ថា ច្បាប់​គ្រប់គ្រងអត្រា​​កំណើត ត្រូវបាន​​​​​ប្រធានាធិបតី​បេនីញ៉ូ អាគីណូ​ ប្រកាស​អោយប្រើ​កាលពី ខែ​ធ្នូ​ឆ្នាំ​២០១២។ ច្បាប់​នេះ​​មានទិសដៅ​​​​ជួយសម្រួល​​ប្រជាជន​ក្រីក្រ​ទាំងឡាយ​អោយ​ទទួល​បាន​​ការ​​​ពន្យារ​កំណើតដោយ​ឥតបង់​ប្រាក់កាស​អ្វីទាំងអស់។ ច្បាប់​នេះ​តំរូវ​​​អោយ​​មណ្ឌល​សុខភាព​ក្នុង​ស្រុកនានា​ ​ផ្តល់​ស្រោម​អនាម័យ​ និង​ថ្នាំ​ពន្យារ​កំណើត​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន។ ​ច្បាប់​នេះ​​​ហាម​​​ឃាត់​ការ​ពន្លូត​កូន​ ប៉ុន្តែ​ខ្លឹមសារ​ច្បាប់​ជួយ​សំរួល​អោយ​មាន​ការ​ថែទាំ​ដល់​ស្ត្រី​ក្រោយពេល​​ពន្លូត​កូន​រួច។

ច្បាប់​​គ្រប់គ្រងអត្រាកំណើត​​​ហ្វីលីពីន​​ ត្រូវបាន​ព្យួរចោល​កាលពី​ដើមឆ្នាំ​​២០១៣កន្លងទៅ ដោយសារ​តែ​​​​វិហារ​កាតូលិក​បាន​ដាក់ពាក្យប្តឹង​​អោយតុលាការ​​​កាត់ផ្តាច់​សុពលភាព​ច្បាប់​នេះ។ គួររំលឹក​ថា ប្រជាជន​​ហ្វីលីពីន​កាន់សាសនា​កាតូលិក។ ប៉ុន្តែ ​យោងតាម​ការ​​ស្ទាបស្ទង់​មតិមួយ​នៅពេល​ថ្មីៗនេះ ប្រជាជន​ហ្វីលីពីន​​៧២ភាគរយ ពេញចិត្ត​ច្បាប់​គ្រប់គ្រង​អត្រា​កំណើត​​របស់​រដ្ឋាភិបាល។ ពួកគេ​យល់​ថា ​ច្បាប់​នេះ​​មាន​សារៈសំខាន់​​ក្នុង​ការ​ប្រយុទ្ធ​នឹង​ភាពក្រីក្រ និង​អាច​បន្ថយ​អត្រាកំណើតក្នុង​ស្រុក​បាន។

ជាទូទៅ ​ស្ត្រីហ្វីលីពីន​ម្នាក់ អាច​មាន​កូន​​ប្រមាណជាង​៣នាក់​។ យោងតាមតួលេខ​​អង្គការ​មនុស្សធម៌​ ​មែរលីន Merlin របស់​អង់គ្លេស ​​ នៅហ្វីលីពីន ​រៀងរាល់ថ្ងៃ ស្ត្រី​ជាម្តាយ​​១៥នាក់ បាន​បាត់បង់ជីវិត​ ​​ក្រោយពេល​សម្រាល​កូនរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ