អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភាព​ឯរាជ្យ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជា​គន្លឹះ​ដោះស្រាយ​វិបត្តិ​ធម្មនុញ្ញ​នៅ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេល​មាន​វិបត្តិ​នយោបាយ​កើតឡើងម្តងៗ គណបក្សនយោបាយនីមួយៗរួមទាំង​ក្រុម​អ្នក​ច្បាប់​​សង្គម​ស៊ីវិល​ផង​តែង​បកស្រាយ​អត្ថន័យ​នៃ​មាត្រា​រដ្ឋធម្មនុញ្ញ​ទៅតាម​ចិត្ត​ដែល​ខ្លួន​​យល់ ឃើញ​។ បញ្ហា​នេះ​បាន​បង្កើត​ឲ្យ​មាន​ចោទប្រកាន់​គ្នា​អំពី​ការបំពាន​រដ្ឋធម្មនុញ្ញ។ តាមពិត​មាន​តែ​​ក្រុមប្រឹក្សាធម្មនុញ្ញ​ទេ​ដែលជា​អ្នកបកស្រាយ​រដ្ឋធម្មនុញ្ញ​ផ្លូវការ​និង​បិទផ្លូវ​តវ៉ា។ ប៉ុន្តែ ដោយសារ​តែ​ក្រុមប្រឹក្សាធម្មនុញ្ញ​មិនអាច​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទុកចិត្តបាន​ថា​ជា​ស្ថាប័ន​ឯករាជ្យ​​នោះ ហេតុ​ដូច្នេះហើយ​បានជា​ការបកស្រាយ​រប​ស់​ស្ថាប័ន​នេះ​មិនត្រូវ​បាន​ទទួល​​ស្គាល់​ជាទូទៅ​ឡើយ។ ដូច្នេះ​ការធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ​ពិតប្រាកដ​គឺជា​គន្លឹះ​ក្នុ​ដោះស្រាយ​វិបត្តិ​ធម្មនុញ្ញ​នៅ​កម្ពុជា។

ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

នៅ​កម្ពុជា ការបកស្រាយ​ខ្លឹមសារ​មាត្រា​រដ្ឋធម្មនុញ្ញ​ធ្វើឡើង​ទៅតាម​ការយល់ឃើញ​របស់​អ្នកនយោបាយ។ ការបកស្រាយ​ដើម្បី​ការពារ​ប្រយោជន៍​នយោបាយ​កំពុង​ធ្វើ​ឲ្យ​រដ្ឋធម្មនុញ្ញ​រងគ្រោះ​ដោយ​ការរំលោភបំពាន​ជា​បន្តបន្ទាប់។ ម្យ៉ាងទៀត ការបកស្រាយ​យក​ត្រូវរៀងៗខ្លួន​ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនសូវ​យល់ដឹង​អំពី​រដ្ឋធម្មនុញ្ញ​វង្វេង​តាម​អ្នកនយោបាយ​ដែរ។

ជាក់ស្តែង មាត្រា ៧៦ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា រដ្ឋសភា​មាន​សមាជិក​តំណាងរាស្ត្រ​យ៉ាងតិច ១២០ ។ មាត្រា​នេះ​ត្រូវបាន​គណបក្សប្រឆាំង​និង​អ្នកច្បាប់​មួយចំនួន​បកស្រាយ​ថា ទាល់​តែមាន​អ្នកតំណាងរាស្ត្រ​យ៉ាងតិច ១២០ រូប​ក្នុង​សភា​ទើប​រដ្ឋសភា​អាច​បើក​កិច្ច​ប្រជុំបាន។ ក្នុងន័យនេះ​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​ដែលមាន​សមាជិក​តែ ៦៨ រូប​ជា​រដ្ឋសភា​មិន​ស្របច្បាប់​និង​អធម្មនុញ្ញភាព។ បើ​រដ្ឋសភា​មិន​ស្របច្បាប់ រដ្ឋាភិបាល​ដែល​បង្កើតឡើង​ដោយ​សភា​នេះ​ក៏​មិន​ស្របច្បាប់​ដែរ។

ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​បកស្រាយ​ថា សមាជិក​យ៉ាងតិច ១២០ រូប​ដែល​មានចែង​ក្នុង​មាត្រា ៧៦ មិនមែនជា​លក្ខខណ្ឌ​នៃ​ការបង្កើត​សភា​ទេ​ពោល​គឺមាន​ត្រា​នេះ​ត្រូវបាន​បំពេញ​នៅពេលដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត១២៣នាក់​ដែល​ទទួលស្គាល់​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ។ ចំណែកឯ​ការចូល​ប្រជុំ​ត្រូវការ​កូរ៉ុម​តែ​ចំនួន ៥០ ភាគរយ​បូក​មួយ​ឬ​ស្មើនឹង ៦៣ នាក់​តែប៉ុណ្ណោះ​ក្នុងចំណោម ១២៣ នាក់​រដ្ឋសភា។ ក្នុងន័យនេះ គណបក្ស​ប្រជាជន​កម្ពុជា​បកស្រាយ​តាម​ក្រុមប្រឹក្សាធម្មនុញ្ញ​ថា រដ្ឋសភា​និង​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវបាន​បង្កើតឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ​​ទាំងស្រុង។

នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​កើត​ឡើងជា​ញឹកញាប់​ដោយសារ​ការបកស្រាយរ​ដ្ឋ​ធម្មនុញ្ញ​យក​ត្រូវរៀងៗខ្លួន​របស់​អ្នកនយោបាយ។ តើ​បញ្ហា​នេះ​បណ្តាល​មកពី​រដ្ឋធម្មនុញ្ញ​ចែង​មិន​ច្បាស់ ឬ​មកពី​អ្នកនយោបាយ​មិន​យល់​រដ្ឋធម្មនុញ្ញ ឬក៏​មកពី​ពួកគេ​ធ្វើ​ពុត​ជា​មិន​យល់? នេះ​ជា​សំណួរ​ដែល​ពិបាក​រក​ចម្លើយ​ហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​មហាជន​ពិបាក​វាយតម្លៃថា​តើ​អ្នកណា​ជា​អ្នក​បំពាន​រដ្ឋធម្មនុញ្ញ​ពិតប្រាកដ?

ជាការ​ពិតណាស់ រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់កំពូល​របស់​ប្រទេស​ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់គ្នា​ដែល​រស់​ក្រោម​ដំបូល​ច្បាប់​នេះ​ត្រូវគោរព​ឲ្យ​បាន​ហ្មត់ចត់​បំផុត។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ការអនុវត្ត​ច្បាប់​នឹង​ក្លាយជា​អនាធិបតេយ្យ រីឯ​ប្រទេសជាតិ​ក៏​មិនអាច​ក្លាយជា​នីតិរដ្ឋ​បានដែរ ចំណែក​ប្រជាជន​វិញ​ដែល​មិនសូវ​យល់​ច្បាប់​នឹង​ទទួលរង​គ្រោះ​មុនគេ។ ទាំងអស់នេះ​គឺជា​ផលវិបាក​ដែល​បណ្តាលមកពី​ភាពទន់ខ្សោយ​នៃ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ។

តាមពិត ដោយសារតែ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល ដូច្នេះ​រដ្ឋធម្មនុញ្ញ​មិនអាច​ចែង​លម្អិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដូច​ច្បាប់ផ្សេងៗទៀតឡើយ។ ប៉ុន្តែ ការចែង​ក្នុង​មាត្រានីមួយៗពិត​ជាមាន​ស្មារតី​ច្បាស់លាស់​របស់​វា។ អ៊ីចឹង​ហើយ​បានជា​គេ​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​បកស្រាយ​​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ។ មានតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​តែមួយគត់​ដែលជា​អ្នក​បកស្រាយ​​ផ្លូវការ​និង​បិទផ្លូវ​តវ៉ា​មានន័យថា បើ​ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​បែបណា ទាំងអស់​គ្នា​ត្រូវតែ​ទទួលយក​និង​អនុវត្ត​ទៅតាម​នោះ។ ការបកស្រាយ​ផ្ទុយ​ពីនេះ​គ្មាន​តម្លៃ​ខាង​ផ្លូវច្បាប់​ឡើយ។

ប៉ុន្តែ បញ្ហា​នៅត្រង់ថា ដោយសារតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវគេ​មើលឃើញថា​លម្អៀង​ទៅរក​បក្ស​កាន់អំណាច ហេតុ​ដូច្នេះហើយ​បានជា​ការបកស្រាយ​រប​ស់​ស្ថាប័ន​នេះ​មិន​ត្រូវបាន​បក្ស​ប្រឆាំង​​ឬ​ក្រុម​សង្គម​មួយចំនួន​ទទួលយក​ទេពី​ព្រោះ​ពួកគេ​ចាត់ទុក​ការបកស្រាយ​នោះ​ថា​មាន​ចរិត​ការពារ​បក្ស​កាន់អំណាច។ ដូច្នេះ មិន​ខុសពី​ប្រព័ន្ធតុលាការ​ទេ ការធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ពិតប្រាកដ គឺជា​គន្លឹះ​តែមួយគត់​ឈានទៅ​បំបាត់​វិបត្តិ​ធម្មនុញ្ញ​នៅ​កម្ពុជា។

តើ​ពេលណា​ទើប​កម្ពុ​ជាមាន​ស្ថាប័ន​ជាតិកំពូលៗបែងចែក​ដាច់ពីគ្នា​ដោយ​មិន​ចំណុះ​ឲ្យ​បក្ស​នយោបាយ​? ផ្លូវ​ទៅកាន់​គោលដៅ​នេះ​ជិត​ឬ​ឆ្ងាយ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អ្នក​នយោបាយ​​ដែល​ត្រូវ​ថ្លឹងថ្លែង​រវាង​ប្រយោជន៍​នយោបាយ​និង​ប្រយោជន៍​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ