អានតួអត្ថបទ
ជប៉ុន

សន្និសីទអន្តរជាតិ​ក្នុង​ប្រទេស​ជប៉ុន​ដើម្បី​និយាយ​ពី​សុវត្ថិភាព​នុយក្លេអ៊ែរ

នៅ​ថ្ងៃ​សៅរ៍ ទី១៥ ធ្នូ​នេះ សន្និសីទ​អន្តរជាតិ​ដើម្បី​និយាយ​ពី​សុវត្ថិភាព​នុយក្លេអ៊ែរ​បាន​រៀប​ចំ​នៅ​ក្នុង​ទីក្រុង Fukushima ប្រទេស​ជប៉ុន។ បណ្តា​រដ្ឋមន្រ្តី ក្រុមអ្នកតំណាង​រដ្ឋាភិបាល និង​ក្រុម​អ្នកឯកទេស​មក​ពី ៥០ប្រទេស ព្រម​ទំាង​អង្គការក្រៅរដ្ឋាភិបាល​បាន​សហការណ៍​គ្នា​ដើម្បី​ទាញ​យក​មេរៀន​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima កាល​ពី​ថ្ងៃទី ១១ មីនា​ឆ្នំា ២០១១។

ក្បួន​បាតុកម្ម​របស់​ក្រុមអ្នកប្រឆំាង​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​ជប៉ុន
ក្បួន​បាតុកម្ម​របស់​ក្រុមអ្នកប្រឆំាង​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​ជប៉ុន Reuters
ផ្សាយពាណិជ្ជកម្ម

មហន្តរាយ​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល Fukushima កាល​ពី​ជាង ១ឆ្នំា​មុន ពិត​ជា​មេរៀន​ដ៏​ល្វីញជូរចត់​មួយ​ដែល​គ្មាន​នរណា​ចង់​ឲ្យ​កើត​មាន​ជា​ថ្មី​ទៀត​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​គោលដៅ​នៃ​សន្និសីទ​អន្តជាតិ​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការ​សាងសង់​នុយក្លេអ៊ែរ តាម​រយៈ​ការ​បែងចែក​បទពិសោធន៍ និង​ចំណេះដឹង​ឲ្យ​គ្នា​ទៅ​វិញ ទៅមក។ ថ្លែង​នៅ​ក្នុង​ការ​បើក​សន្និសីទ លោក​រដ្ឋមន្រ្តី​ក្រសួង​កាបរទេស​ជប៉ុន Koichiro Gemba បាន​បញ្ជាក់​ពី​ភាព​ចំាបាច់​ក្នុង​ការ​ទាញ​យក​មេរៀន​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​មជ្ឈមណ្ឌល Fukushima កាល​ពី​ថ្ងៃទី ១១ មីនា​ឆ្នំា ២០១១ និង​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ព្រឹត្តការណ៍​ថ្ងៃ ១១ មីនា​កើត​មាន​ជា​ថ្មី​ម្តង​ទៀត។

ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​ជប៉ុន​ក៏​បាន​រម្លឹក​ឡើង​វិញ​ថា ទោះ​បី​ជា​គ្រោះមហន្តរាយ​បាន​កើត​មាន​ជិត ២ឆ្នំា​ក៏​ដោយ ក៏​ស្នាមរបួស និង​ក្តីឈឺចាប់​កំពុង​មាន​នៅ​ក្នុង​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន។ យោង​តាម​លោក Gemba រដ្ឋាភិបាល​ជប៉ុន​មាន​កតាព្វកិច្ច​ក្នុង​ការ​ជួសជុល​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ព្រម​ទំាង​បំបាត់​ឲ្យ​អស់​នូវ​ជាតិវិទ្យុសកម្ម​ដែល​នំា​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ក៏​ប៉ុន្តែ កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ​ជា​រឿង​មួយ​ចំា​បាច់​ដោយ​ខាន​មិន​បាន។

លោក Yukiya Amano នាយក​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​គូសបញ្ជាក់​ថា ដំណើរការ​ជួសជុល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima កំពុង​បន្ត​មាន តែ​ការ​ខូតខាត​មាន​ទំហំ​ធំ​ក្រៃលែង។ ចំណែក​លោកស្រី Delphine Batho រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បារំាង​បាន​ថ្លែង​ថា ការ​ពង្រឹង​សុវត្ថិភាព​កម្រិត​ខ្ពស់ និង​តម្លាភាព​គឺ​ជា​រឿង​មួយ​ចំា​បាច់​ដើម្បី​អាច​ទទួល​បាន​សេចក្តី​ទុកចិត្ត​ពី​ប្រជាជន​ទាក់ទង​នឹង​បញ្ហា​ថាមពល​នុយក្លេអ៊ែរ។ ក្នុង​ប្រទេស​បារំាង ភ្លើងអគ្គិសនី​ប្រមាណ​ជា ៨០% បាន​មក​ពី​ថាមពល​នុយកក្លេអ៊ែរ។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​ក្រោយ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ Fukushima មក មាន​កិច្ចប្រជុំ​ថ្នាក់​ក្រសួង​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​ជា​បន្តបន្ទាប់ និង​បាន​អនុម័ត​ចេញ​នូវ​ផែនការ​មួយ​ចំនួន​ក្នុង​ការ​ពង្រឹង​សុវត្ថិភាព​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង​បង្កើន​ការ​គ្រប់គ្រង​វិបត្តិ។ ដោយឡែក ក្នុង​ថ្ងៃ​នេះ​ដែរ ក៏​មាន​ការ​រៀបចំ​ក្បួនបាតុកម្ម​របស់​ក្រុមអ្នកប្រឆំាងនុយក្លេអ៊ែរ ដើម្បី​ប្រឆំាង​នឹង​សន្និសីទ​ក្នុង​ថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ