អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

Gender​ នៅក្នុង​សង្គមខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​បាន​ចូល​មក​ដល់​ទៀត​ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ។ ​នៅកម្ពុជា ថ្ងៃ​៨​មីនា​ឆ្នាំ​នេះ​នឹង​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​«អ្នកម្តាយ​ដ៏ឆ្នើម​របស់​ខ្ញុំ»។ ​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពាក្យ​ថា​ Gender​ដែល​គេ​សំដៅ​ទៅលើ​សមភាព​រវាង​បុរស​និង​ស្ត្រី​បាន​និង​កំពុង​ក្លាយ​ជា​ពាក្យ​ពេញ​និយម​មួយ​នៅ​កម្ពុជា។ ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ រួម​ទាំង​ក្រសួង​ស្ថាប័ន​រដ្ឋ​ ក៏​ដូច​ជា​គណបក្ស​នយោបាយ​ដែរ​បាន​នាំគ្នា​បង្ហាញ​យុទ្ធសាស្ត្រ ​និង​សកម្មភាព​ជាច្រើន​ក្នុង​ន័យ​លើក​ស្ទួយ​ស្ត្រី​ឲ្យ​មាន​សិទ្ធិ​ស្មើនឹង​បុរស។​ តើ​អ្វីទៅជាទស្សនៈ​ Gender​ នៅក្នុង​សង្គមខ្មែរ?

Gender​ នៅក្នុង​សង្គមខ្មែរ
Gender​ នៅក្នុង​សង្គមខ្មែរ Sami Sarkis/Getty Images
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​ នៅ​ទីណា​ក៏​គេ​នាំគ្នា​និយាយ​ពី​ Gender​ ដែរ។ ​Gender ​បាន​ក្លាយ​ជា​ពាក្យ​ពេញ​និយម​មួយ​ដែល​គេ​នាំគ្នា​និយាយ​ស្ទើរ​តែ​គ្រប់​មាត់ ​ហើយ​ពេល​ខ្លះ​ពាក្យ​នេះ​បាន​ក្លាយ​ទៅ​ជា​ពាក្យ​ចំអន់​គ្នា​លេង​ក្នុង​ន័យ​កំប្លែង​ផង​ក៏​មាន។ ​ការ​បំផុស​ចលនា​លើក​ស្ទួយ​សមភាព​រវាង​បុរស​និង​ស្ត្រី ​ឬ​ក៏​ហៅ​ដោយ​ខ្លី​ថា​Gender​ គឺជា​ប្រធានបទ​សំខាន់​និង​សមស្រប​តាម​ស្ថានភាព​សង្គម​ខ្មែរ។ ​សង្គម​ខ្មែរ​ដែល​គេ​ច្រើន​តែ​ចាត់​ទុក​ស្ត្រី​ជា​ភេទ​ទន់​ខ្សោយ​ដែល​ចាស់​បុរាណ​ថា «បញ្ញា​ខ្លី ​សំដី​តិច» ​ដែល​ត្រូវ​ពឹង​ផ្អែក​ជា​សំខាន់​ទៅ​លើ​បុរស។

 

ជាការ​ពិត​ណាស់ ​ក្នុង​សង្គម​ខ្មែរ​បុរាណ ​កូន​ស្រី​រស់​ក្នុង​គំនាប​ប្រពៃណី​យ៉ាង​តឹងរ៉ឹង ​ពោលគឺ​កូនស្រី​តែងតែ​តោង​កន្ទុយ​ក្បិន​ឪពុក​ម្តាយ ​និង​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​ភ្នែក​ឳពុក​ម្តាយ​បាន​ឡើយ ​ហើយ​ថែម​ទាំង​ត្រូវ​រវល់​វក់វី​តែ​នឹង​ចង្ក្រាន​ជើង​ឆ្នាំង​ជា​ប្រចាំ។ ​នេះ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​កូន​ស្រី​មិន​អាច​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ដូច​កូន​ប្រុស។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រោយ​ពេល​រៀបការ​រួច​ ស្ត្រី​ខ្មែរ​ជា​ទូទៅ​ច្រើន​រស់​ក្រោម​ឥទ្ធិពល​របស់​ប្តី។ ​នេះជា​ផ្នត់​គំនិត​ចាស់​គំរឹល​ម្យ៉ាង​ដែល​គេ​កំពុង​តែ​នាំគ្នា​លុប​បំបាត់​ក្នុង​ពេល​បច្ចុប្បន្ន។

ក៏ប៉ុន្តែ ​និយាយ​ពី​ Gender​ ក្នុង​សង្គម​ខ្មែរ​ គេ​ក៏​មិន​អាច​បំភ្លេច​ចោល​ជ្រុង​មួយទៀត​នៃ​អំណាច​ពិសេស​របស់​ស្ត្រី​បាន​ដែរ ​ជាក់ស្តែង ​អំណាច​កាន់​កាប់​លុយ​កាក់ ​ឬ​អំណាច​លូក​លាន់​និង​ប្រើ​ប្រាស់​ឥទ្ធិពល​ទៅ​លើ​ការងារ​របស់​ប្តី​ជាដើម។ ​ត្រង់​ចំណុច​នេះ​ គេ​ប្រាកដ​ជា​នៅ​ចាំ​បាន​ពាក្យ​ថា​«ប្តីស័ក្តិ៣​ ប្រពន្ធ​ស័ក្តិ៤ ​កូន​ស័ក្តិ៥»។ ​នេះ​ក៏​ជា​ទស្សនៈ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​ខ្មែរ​មួយ​ជ្រុង​ដែរ។ ​ដូច្នេះ ​ប្រសិន​បើ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​មែនទែន​ សង្គម​ខ្មែរ​មិន​ប្រាកដ​ថា​ជា​សង្គម​ដែល​ស្ត្រី​គ្មាន​អំណាច​ ឬ​គ្មាន​ឥទ្ធិពល​នោះ​ឡើយ ​តែ​ជា​សង្គម​ដែល​ស្ត្រី​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ ​ជា​មេដឹកនាំ​និង​ជា​អ្នក​មាន​ឥទ្ធិពល​ពិសេស​ពី​ធម្មជាតិ​រួច​ស្រេច​ទៅ​ហើយ។ ​គ្រាន់តែ​ថា​ ការ​បត់​បែន​នៃ​របប​នយោបាយ​ដឹកនាំ​ និង​កំហុស​ឆ្គង​របស់​អ្នកនយោបាយ​មួយចំនួន​បាន​រុញ​ច្រាន​សង្គម​ឲ្យ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​វិនាស​អន្តរាយដែល​ជាទូទៅ​ផល​វិបាក​បាន​ធ្លាក់​ធ្ងន់​ទៅ​លើ​ស្ត្រី។

បច្ចុប្បន្ន​នេះ ​ដោយសារ​តែ​ការ​បំផុស​ចលនា​លើកស្ទួយ​ស្ត្រី​ដែល​គេ​និយម​ហៅ​ថា ​Gender​ ស្ត្រី​ខ្មែរ​បាន​កែប្រែ​ស្ថានភាព​មួយចំនួន​គួរ​ឲ្យ​កត់​សម្គាល់។ ​ជាក់ស្តែង​ ស្ត្រី​ខ្មែរ​មាន​វត្តមាន​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ស្ថាប័ន​កំពូលៗ​ទាំងបី​របស់​ជាតិ ​ក្នុង​នោះ​ស្ថាប័ន​ព្រឹទ្ធសភា​ ៩​ រូប ​ស្ថាប័ន​រដ្ឋសភា ​២៣​ រូប និង​ក្នុង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ជាច្រើន​​ទៀត​មាន​ដូចជា​ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី​មួយ​រូប​ ថ្នាក់​រដ្ឋមន្ត្រី ២ រូប ​រដ្ឋលេខាធិការ​ ១៦​ រូប​ និង​ថ្នាក់​អនុរដ្ឋលេខាធិការ​ ៣១​ រូប។ នេះ​នៅ​មិន​ទាន់​រាប់​ស្ត្រីខ្មែរ​ជាច្រើន​ទៀត​ដែល​កំពុង​បម្រើការ​នៅថ្នាក់​មូលដ្ឋាន​ ស្ត្រីជាអ្នក​ដឹកនាំ​​សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​ជាច្រើនទៀតផង​នោះ​ផង​ទេ។

យ៉ាងណា​ក៏ដោយ​ សង្គម​ស៊ីវិល ​គណបក្ស​នយោបាយ​ ក៏ដូច​ជា​ស្ថាប័ន​រដ្ឋ​ដែរ​កំពុង​តែ​ ខិតខំ​ដើម្បី​លើក​ស្ទួយ​ស្ត្រី​បន្ត​ទៀត​រហូត​ដល់​ចង់​កំណត់​កូតា​ស្ត្រី​ឲ្យ​បាន​២០​ឬ​៣០​ភាគរយ​ជាដើម។​ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ជា​ការ​ត្រឹមត្រូវ ​និង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ​ប៉ុន្តែ​ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ​ដើម្បី​សម្រេច​គោលដៅ​នេះ ​គេ​មិន​អាច​ចាប់​បង្ខំ​ស្ត្រី​ឲ្យ​ចូល​រួម​ហួស​ពី​សមត្ថភាព​របស់​ខ្លួន​បាន​ទេ។ អ្វី​ដែល​សំខាន់​គឺ​គេ​ត្រូវ​កសាង​គ្រឹះ​តាំង​ពី​កុមារ​ទៅ​ឲ្យ​ហើយ​ពោល​គឺ​ត្រូវ​ទ្រទ្រង់​ការ​សិក្សា​របស់​កុមារី​ឲ្យ​បាន​ខ្ពស់។ ម្យ៉ាងទៀត ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា​ គុណវិបត្តិ​មួយចំនួន​របស់​ស្ត្រី​ខ្មែរ​ក៏​ជា​ចំណុច​ដែល​ត្រូវ​កែប្រែ​ជា​ចាំបាច់​ដែរ​ពីព្រោះ​ថា​ ជួនកាល​គុណវិបត្តិ​ទាំង​នោះ​អាច​ជា​ឧបសគ្គ​សម្រាប់​ការ​ឈាន​ឡើង​របស់​ស្ត្រីខ្លួនឯង។

សរុប​មក​វិញ ​ភាព​ជាដៃ​គូ​ពិត​ប្រាកដ​រវាង​បុរស​ និង​ស្ត្រី​ពិតជា​មាន​សារសំខាន់​ណាស់​ទាំង​ក្នុង​គ្រួសារ​ក៏​ដូច​ជា​ក្នុង​សង្គម​ទាំងមូល។ ដើម្បី​ឈាន​ដល់​គោលដៅ​នេះ ​ការ​ជំរុញ​ឲ្យ​កុមារី​ និង​និស្សិត​ស្ត្រី​ឲ្យ​រៀន​បាន​ខ្ពស់​គឺ​ជា​គ្រឹះ​មិន​អាច​ខ្វះ​បាន។ ​ទន្ទឹម​នឹង​នោះ ​ការ​រៀន​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បុរស​និង​ស្ត្រី ​គឺជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​បន្ស៊ាំ។ ​នេះ​ហើយ​ជា​សមភាព​រវាង​បុរស ​និង​ស្ត្រី ​ឬ​ទស្សនៈ​ Gender​ ក្នុង​ន័យ​ត្រឹម​ត្រូវ​របស់​វា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ