អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ចេះ​គ្មាន​ក្បួន ​ជាប្រភព​នៃ​ភាព​ទន់​ខ្សោយ​នៃ​សង្គម​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្គម​កម្ពុជា កា​រ​ផ្ទេរ​ចំណេះដឹង​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ​ច្រើន​តែ​ធ្វើ​ឡើង​តៗ​គ្នា​ដោយ​ផ្ទាល់ ដោយ​មិន​ឆ្លង​កាត់​សាលារៀន។ ទម្លាប់​នេះ​បាន​ធ្វើ​ឲ្យ​មុខ​ជំនាញ​វិជ្ជាជីវៈ​ទាំង​នោះ​ចេះ​តែ​រេចរឹល និង​ប្រែធាតុ​ខុស​ពី​សភាព​ដើម​កាន់​តែ​ឆ្ងាយ​ទៅ។ ម្យ៉ាងទៀត ទម្លាប់​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្វះ​ឯកសារ​ក្បួនខ្នាត​សម្រាប់​បង្រៀន។ ជាក់​ស្តែង វិជ្ជាជីវៈ​អាចារ្យ​ដែល​ជា​អ្នក​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​ពិធី​ប្រពៃណី​ផ្សេងៗ​នោះ បាន​ចោទ​ជា​បញ្ហា​ធំធេង​ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​បើក​វគ្គប​ណ្តុះ​បណ្តាល​អាចារ្យ​ជា​បន្ទាន់។ តើ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​គួរ​តែ​ដកស្រង់​ចេញ​ពី​បញ្ហា​នេះ?

តាអាចារ្យ​​ដង្ហែក្បួន​​ នៅថ្ងៃ​​បុណ្យ​​ពិសាខ​បូជា
តាអាចារ្យ​​ដង្ហែក្បួន​​ នៅថ្ងៃ​​បុណ្យ​​ពិសាខ​បូជា ©channa/RFI
ផ្សាយពាណិជ្ជកម្ម

 រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អាចារ្យ​សរុប​ជាង ៣.០០០ នាក់​ក្នុង​ចំណោម​អាចារ្យ​ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ២ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​តួនាទី​ និង​ភារកិច្ច​អាចារ្យ​ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ។ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​របស់​អាចារ្យ​ជាច្រើន​ រហូត​ដល់​ប្រមុខ​រដ្ឋាភិបាល​ហៅ​បញ្ហា​នេះ​ថា «វិបត្តិ​អាចារ្យ»ទៀត​ផង។

«វិបត្តិ​អាចារ្យ»គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​វិបត្តិ​ជា​ច្រើន​ទៀត​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។ ក្រុម​អ្នកវិភាគ​ និង​តាមដាន​សង្គម​ខ្មែរ​បាន​មើល​ឃើញ​ថា វិបត្តិ​ទាំង​នោះ​មាន​ឫសគល់​ចេញ​ពី​ទម្លាប់​ដែល​ចេះ​តៗ​គ្នា​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​សិក្សា​តាម​ក្បួនខ្នាត​ត្រឹមត្រូវ។ ចំណេះ​ដែល​មិនបាន​ឆ្លង​កាត់​សាលា​នេះ​ មាន​គុណ​វិបត្តិ​ច្រើន​យ៉ាង។ ទី១៖ អ្នកទទួល​ចំណេះដឹង​ចេះ​មិន​ច្បាស់លាស់ និង​មិន​យល់​ខ្លឹមសារ​នៃ​ពិធី​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លំនាំ​ដើម​នោះ​ឡើយ។ ទី២៖ ចំណេះដឹង​បែប​នេះ​គ្មាន​ស្ថិរភាព ​ពីព្រោះ​ទាំង​អ្នក​ផ្ទេរ ទាំង​អ្នកទទួល​សុទ្ធ​តែ​ចេះ​មិន​ច្បាស់​ដូច​តែ​គ្នា និង​ទី៣៖ នៅ​ពេល​ណា​មួយ ចំណេះដឹង​ទាំង​នោះ​នឹង​បាត់បង់​ទាំងស្រុង​តែម្តង។

មក​ដល់​ចំណុច​នេះ គេ​គួរ​កត់សម្គាល់​ថា សង្គ្រាមស៊ីវិល​ជាច្រើន​ទសវត្សរ៍​បាន​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង។ ភាព​ក្រីក្រ​ខាង​សេដ្ឋកិច្ច​ជា​រឿង​មួយ​ហើយ ប៉ុន្តែ ភាពក្រីក្រ​ខាង​ឯកសារ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ គឺ​ជា​បញ្ហា​ធំធេង​មួយទៀត។ ក្រៅ​ពី​មិន​សូវ​សម្បូរ​អ្នកសរសេរ​ឯកសារ​ទុក​ហើយ​នោះ កម្ពុជា​ក៏​ជួប​នឹង​រឿង​អភ័ព្វ​​ម្យ៉ាង​ទៀត នោះ​គឺ​ឯកសារ​ដែលមាន​បន្តិចបន្តួច​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​គ្មាន​សល់ ​ដោយសារ​សង្គ្រាម និង​មនោគមន៍វិជ្ជា​នយោបាយ។ វិបត្តិ​អាចារ្យ​ក៏​ជា​ផលវិបាក​មួយ​នៃ​បញ្ហា​នេះ​ដែរ។ តាម​ន័យ​ដើម​របស់​វា អាចារ្យ​គឺ​ជា​អ្នក​ប្រដៅ​គេ ជា​គ្រូបង្រៀន​ដែល​ផ្តល់​ចំណេះដឹង​ដល់​គេ និង​ថែម​ទាំង​ជា​អ្នកប្រព្រឹត្ត​ត្រឹមត្រូវ​គួរ​ជាទី​គោរព​ពី​សំណាក់​អ្នកផង​ទាំង​ពួង។ ក្នុង​ន័យ​នេះ អាចារ្យ​ត្រូវ​តែ​ជា​អ្នកចេះដឹង​ក្បួន​ច្បាប់ ទំនៀមទម្លាប់​ប្រពៃណី​សង្គម​យ៉ាង​ច្បាស់លាស់។

នៅ​ពេល​ដែល​អាចារ្យ «ចា​តែ​ថេះ» នោះ​ហើយ​ជា​គ្រោះថ្នាក់​សម្រាប់​សង្គម​ទាំង​មូល។ ដូច្នេះ ការ​តម្រង់​ទិស​អាចារ្យ​គឺ​ជា​ចំណាត់ការ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​គួរ​លើក​ទឹកចិត្ត។ ប៉ុន្តែ ក៏​មាន​បទពិសោធន៍​មួយ​ចំនួន​ដែរ ​ដែល​ត្រូវ​ស្រង់​ចេញ​ពី​វគ្គ​តម្រង់ទិស​នេះ។ គេ​នៅ​ចាំ​បាន​ថា ក្រោយ​​ពេល​ទទួល​អនុសាសន៍​ពី​នាយក​រដ្ឋមន្ត្រី ក្រសួង​ពាក់ពន្ធ័​មួយ​ចំនួន​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អាចារ្យ​នេះ​ឡើង​ក្នុង​ស្ថានភាព​ប្រញាប់ប្រញាល់​មួយ ពី​ព្រោះ​តែ​ប្រធាន​ស្ថាប័ន​ទាំង​នោះ​ខ្លាច​ប្រមុខ​រដ្ឋាភិបាល​ស្តី​បន្ទោស​ពី​ភាពយឺតយ៉ាវ។

ភាព​ប្រញាប់ប្រញាល់​នេះ ប្រាកដ​ណាស់​ថា​មិន​អាច​ធ្វើ​ឲ្យ​វគ្គ​តម្រង់​ទិស​នេះ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​នោះ​ឡើយ​ ពីព្រោះ​គេ​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​ស្រាវជ្រាវ​ និង​ចងក្រង​ឯកសារ​ឲ្យ​ត្រឹមត្រូវ​ និង​គ្រប់​ជ្រុងជ្រោយ។ ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​មិន​ចុះសម្រុង​គ្នា​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ចំណោម​គ្រូបង្រៀន​ក្នុង​វគ្គ​នេះ។ ម្យ៉ាងទៀត ជម្លោះ​អាចារ្យ​ក៏​បាន​ផ្ទុះឡើង​ស្ទើរ​គ្រប់​កន្លែង​ គឺ​ផ្ទុះ​ដោយសារ​តែ​ទំនាស់​រវាង«អាចារ្យ​ចាស់​ដែល​អនុវត្ត​​តាម​ទម្លាប់ និង អាចារ្យ​ថ្មី​ដែល​អនុវត្ត​​តាម​របៀប​ដែល​ទើប​តែ​ទទួល​បាន​ពី​សាលា។

មេរៀន​ដែល​គេ​អាច​ទាញ​បាន​ពី​បញ្ហា​នេះ​គឺ អំណឹះ​តទៅ​ ខ្មែរ​គួរ​តែ​ចេះ​ចង​ក្រង​ឯកសារ​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើន​ និង​គ្រប់​វិស័យ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ឯកសារ​ទាំង​នោះ​ក៏​ត្រូវ​តែ​រក្សាទុក​ឲ្យ​បាន​គង់វង្ស​ចៀស​ផុត​ពី​ការ​បំផ្លិចបំផ្លាញ​ ទោះ​ក្រោម​រូបភាព​ណា​ក៏​ដោយ។ ចំណែក​ឯ​ការ​ចាប់​ផ្តើម​កែទម្រង់​អ្វី​មួយ គេ​គួរ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ជា​អវិជ្ជមាន​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន និង​ចុង​ក្រោយ គេ​គួរ​ចងចាំ​ថា សង្គម​មួយ​មិន​អាច​រឹងមាំ​ និង​មាន​ស្ថិរភាព​បាន​ទេ ដរាប​ណា​សង្គម​នោះ​ឈរ​លើ​ចំណេះដឹង​ដែល​គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ