អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្ត្រីខ្មែរមិនគួរនឹងក្លាយជាមុខទំនិញ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ត្រី​ខ្មែរ​វ័យក្មេង​រាប់សិប​នាក់​ត្រូវបាន​ឪពុកម្តាយ ឬ​អ្នករត់​ការនាំ​មកឈរ​តម្រៀប​គ្នា​ឲ្យ​បុរស​ចំណាស់​ជនជាតិ​កូរ៉េ​ជ្រើសរើស​ធ្វើជា​ភរិយា។ រឿងរ៉ាវ​បាន​បែកការ​នៅពេលដែល​ប៉ូលិស​ឆ្មក់​ចូលក្នុង​ទីតាំង​ដែល​គេ​បាន​ណាត់​ជួបគ្នា​កាលពី​ថ្ងៃទី៣០កក្កដា​នៅ​ទីក្រុង​ភ្នំពេញ។ នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​តែ​ជា​រឿង​ដែល​មិនអាច​បញ្ចប់​បាន។ មាន​ស្ត្រី​ខ្មែរ​ជាច្រើន​ណាស់​មកហើយ​ដែល​បានក្លាយ​ចា​ប្រពន្ធ​ជនបរទេស​តាមរយៈ​ការជ្រើសរើស​ដែល​មិនគួរ​គប្បី​បែបនេះ។ តើ​ហេតុអ្វី​បានជា​ស្ត្រី​ខ្មែរ​ទាំងនោះ​ក្លាយជា​មុខទំនិញ​សម្រាប់​ជនបរទេស​ជ្រើសរើស​យ៉ាង​ដូច្នេះ?

ស្ត្រី​វ័យ​ក្មេង​ទាំងនេះ​ ដែល​មក​ពី​បណ្តាល​ខេត្តនានា​ ដោយ​ចង់​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ ​ត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ដើម្បី​សាក​សួរ​ការ​ពីថ្ងៃ ​ទី ៣០ ខែ កក្តដា ឆ្នាំ២០១២។
ស្ត្រី​វ័យ​ក្មេង​ទាំងនេះ​ ដែល​មក​ពី​បណ្តាល​ខេត្តនានា​ ដោយ​ចង់​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ ​ត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ដើម្បី​សាក​សួរ​ការ​ពីថ្ងៃ ​ទី ៣០ ខែ កក្តដា ឆ្នាំ២០១២។ ©channa/rfi
ផ្សាយពាណិជ្ជកម្ម

ស្ត្រីវ័យក្មេងៗដែលមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ដល់​ជាង២០ឆ្នាំ​ប្រមាណ​ជា៥០នាក់​មកពី​ទីជនបទ​កម្ពុជា​ត្រូវបាន​គេ​នាំមក​តម្រៀបជួរ​តាំង​ឲ្យ​បុរស​កូរ៉េ​ដែលមាន​វ័យ​ស្ទើរតែ​ស្មើនឹង​ឪពុក​ជ្រើស​រើសយក​ធ្វើជា​ប្រពន្ធ។ ស្ត្រី​ទាំងនោះ​សុទ្ធតែ​ស្ម​គ្រ័​ចិត្ត​ក្រោម​ការជួយ​ជំរុញ​ពី​ឪពុកម្តាយ ឬ​អាណាព្យាបាល​ដែល​ចង់បាន​ស្វាមី​ឬ​កូនប្រសារ​ជា​ជនបរទេស។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ការប្រមូល​ស្ត្រី​ខ្មែរ​មក​ដាក់តាំង​ឲ្យ​បុរស​កូរ៉េ ឬ​ចិនតៃវ៉ាន់​ជ្រើសរើស​ធ្វើជា​ប្រពន្ធ គឺជា​រឿង​ពេញនិយម​និង​បើកចំហ។ ប៉ុន្តែ ក្រោយពី​អាជ្ញាធរ​បាន​ចាត់វិធានការ​មួយចំនួន​បន្ទាប់ពី​មាន​ស្ត្រី​ខ្មែរ​ជាច្រើន​ធ្លាក់​ក្នុង​បណ្តាញ​ជួញដូរ​មនុស្ស​មក​នោះ រឿងនេះ​ក៏​ស្ថិតក្នុង​សភាព​លាក់បាំង​បន្តិច។ ភ្នាក់ងារ​ជ្រើសរើស​គូស្រករ​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​នេះ​ក្លាយជា​រឿង​ស្របច្បាប់។ ជាក់ស្តែង បើទោះបីជា​សមត្ថកិច្ច​បា​នរក​ឃើញថា​ស្ត្រីវ័យក្មេងៗទាំងនោះ​ត្រូវបាន​គេ​នាំមក​ឲ្យ​បុរស​ចំណាស់​កូរ៉េ​ជ្រើសរើស​ដូច​ទំនិញ​ក៏ដោយ ក៏​គ្មាន​ជនណាម្នាក់​ត្រូវបាន​ចោទប្រកាន់​ដែរ ។
ជាការ​ពិត ការជ្រើសរើស​គូស្រករ​គឺជា​សេរីភាព​របស់​មនុស្ស​គ្រប់គ្នា ហើយក៏​គ្មាន​ការហាម​ប្រាម​មិន​ឲ្យ​ជាតិ​សាសន៍​មួយ​ស្រឡាញ់​ជាតិ​សាសន៍​មួយទៀត​នោះដែរ។ ប៉ុន្តែ ជាតិ​សាសន៍នីមួយៗសុទ្ធ​តែមាន​ប្រពៃណី និង​កិត្តិយស​ដែល​មិនអាច​បំពាន​បានជា​ពិសេស​គឺ​ស្ត្រី​តែម្តង។ សង្គម​ខ្មែរ និង​ស្ត្រី​ខ្មែរ​ក៏មាន​តម្លៃ​ជា​ប្រពៃណី និង​កិត្តិយស​របស់ខ្លួន​ដែរ។ ទោះបីជា បុរស​ខ្មែរ​ត្រូវ​ចូល​ស្តីដណ្តឹង និង​ជូន​បណ្ណាការ​ទៅ​ឲ្យ​ភាគី​ខាង​ស្រី ប៉ុន្តែ ទង្វើ​នេះ​ត្រូវបាន​គេ​ផ្តល់​អត្ថន័យ​ជា​កិត្តិយស គឺ​មិនមែន​ជាការ​ទិញដូរ​ឡើយ។ ម្យ៉ាងទៀត បច្ចុប្បន្ន ក៏​គ្មាន​បុរស​ខ្មែរ​ណា​មាន​សិទ្ធិ​ឲ្យ​គេ​ប្រមូលផ្តុំ​ស្ត្រី​មក​ឲ្យ​ខ្លួន​រើស​ធ្វើ​ប្រពន្ធ​នោះដែរ។
ដូច្នេះ វា​ពិតជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំងណាស់​ដែល​ស​ម័​យ​នេះ​ទៅហើយ​នៅតែមាន​បុរស​បរទេស​អាចមក​ប្រមូល​ស្ត្រី​ខ្មែរ​ដើម្បី​រើស​ធ្វើ​ប្រពន្ធ​ដូចជា​រើសមុខ​ទំនិញ​បែបនេះ ហើយ​ទង្វើ​ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​កិត្តិយស​ជាតិ​ទាំងមូល​នេះ បែរជា​ត្រូវបាន​អនុញ្ញាត​ក្រោម​ហេតុផល​ថា​ជា​សិទ្ធិ​ជ្រើសរើស​កូ​ស្រករ​ទៅវិញ។
ក្រុមអ្នកវិភាគ​សង្គម​កម្ពុជា​បាន​មើលឃើញ​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​មួយចំនួន​ធ្លាក់​ក្នុង​សភាព​បែបនេះ។ មូលហេតុ​ទី១ គឺ​ផ្នត់គំនិត​របស់​ពលរ​ដ្ឋ​ខ្មែរ​ដែល​តែង​ផ្តល់​តម្លៃ​ហួសហេតុ​ដល់​អ្វី​ដែលជា​បរទេស មិន​ថា​ជា​មនុស្ស​ឬ​វត្ថុ​នោះឡើយ។ នេះ​មកពី​សង្គម​ខ្មែរ​បាន​ឆ្លងកាត់​សង្គ្រាម​វិនាសកម្ម​ច្រើនពេក​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាត់បង់​មោទនភាព​ជាតិ​របស់ខ្លួន ហើយ​បែរ​ទៅ​ផ្តល់​តម្លៃ​ខ្លាំង​ដល់​បរទេស។ បច្ចុប្បន្ន ទោះបីជា​ប្រទេសជាតិ​បាន​ស្គាល់​សន្តិភាព និង​ការអភិវឌ្ឍន៍​ហើយក៏​ដោយ ប៉ុន្តែ ភាពក្រីក្រ និង​បញ្ហា​សង្គម​ជាច្រើន​នៅតែ​ជា​កត្តា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ជាពិសេស​ស្ត្រី​តែម្តង​ធ្លាក់​ក្នុង​សភាព​ងាយ​រងគ្រោះ​ដដែល។ ពួកគេ​ប្រាថ្នា​ចង់​រៀបការ​ជាមួយ​ជនបរទេស​ពី​ព្រោះតែ​ហេតុផល​ម្យ៉ាង​គត់​គឺ«ប្រាក់»។ ប្រាក់​បានធ្វើ​ឲ្យ​ពួកគេ​ភ្លេច​គិតពី​កិត្តិយស និង​គ្រោះថ្នាក់។
មូលហេតុ​ទី២គឺ ភាពខ្វះ​ចន្លោះ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​ការពារ​កិត្តិយស​ស្ត្រី និង​តម្លៃសង្គម​របស់ខ្លួន។ ភាពខ្វះ​ចន្លោះ​នេះហើយ​ដែលជា​បុព្វហេតុ​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​ជាច្រើន​ធ្លាក់ខ្លួន​ជា​ទាសករ​ផ្លូវភេទ ឬ​ជា​អ្នកបម្រើ​ដាច់​ថ្លៃ​ដែល​រង​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​នៅឯ​បរទេស។ បន្ថែម​ពីលើ​នេះ តម្លៃ​ទឹកប្រាក់​និង​សម្ភារៈ​និយម​ដែល​កំពុងតែ​យកឈ្នះ​កាន់តែខ្លាំងឡើងៗទៅលើ​តម្លៃ​ខាង​សីលធម៌​ក៏​ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​រុញច្រាន​សង្គម​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដែរ។
ដូច្នេះ ខ្មែរ​គ្រប់គ្នា ជាពិសេស​អ្នកនយោបាយ​តែម្តង ត្រូវ​រួមគ្នា​ដើម្បី​កសាង​មោទនភាព​ជាតិ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន។ សន្តិភាព​មាន​ហើយ ការអភិវឌ្ឍន៍​ក៏មាន​ហើយ​ដែរ ប៉ុន្តែ អ្វីដែល​នៅ​សេសសល់​គឺ​ការ​ប្រែក្លាយ​សន្តិភាព និង​ការអភិវឌ្ឍន៍​នោះ​ឲ្យ​ទៅជា​ប្រយោជន៍​របស់​ពលរដ្ឋ​គ្រប់គ្នា​ដោយ​គ្មាន​លើកលែង។ នៅពេលដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​ជីវភាព​ធូរធា និង​មាន​សន្តិភាព​ទាំង​ផ្លូវការ និង​ផ្លូវចិត្ត មោទនភាព​ជាតិ​នឹង​កើតមាន​ជា​ស្វ័យប្រវត្តិ។ ស្ត្រី​ខ្មែរ ក៏​នឹងមិន​ចាំបាច់​មក​តម្រៀប​ជួរ​ឲ្យ​បរទេស​រើស​ធ្វើ​ប្រពន្ធ​ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ