អានតួអត្ថបទ
ចិន

បន្ទាប់​ពី​អាមេរិក ចិន​ទើប​បាន​សាកល្បង​ឧបករណ៍​ហោះហើរ​មួយ​ដែល​មាន​ល្បឿន​លឿន​ជាង​សម្លេង

ចិន​ទើប​បាន​ធ្វើ​ការ​សាកល្បង​ជា​លើក​ទីមួយ​កាល​ពី​សប្តាហ៍​កន្លង​ទៅ នូវ​សព្វាវុធហោះហើរ​មួយ​ដែល​អាច​ហោះ​ក្នុង​ល្បឿនលឿន​ជាង​សម្លេង។ គឺ​ជា​បច្ចេកវិជ្ជា​ថ្មី​ចុង​ក្រោយ​មួយ​ដែល​ចិន​ទើប​បាន​អភិវឌ្ឍន៍​ឡើង​សម្រាប់​ធ្វើ​ការ​វាយប្រហារ​ឆាប់រហ័ស និង​ចំគោលដៅ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​នៅ​ក្នុង​លោក នេះ​ជា​ព័ត៌មាន​មួយ​ដែល​ក្រសួងការពារជាតិ​អាមេរិក​ទើប​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី១៥ មករា​ម្សិលមិញ។

ក្រសួង​ការពារជាតិ​អាមេរិក នៅ​ពេល​រាត្រី
ក្រសួង​ការពារជាតិ​អាមេរិក នៅ​ពេល​រាត្រី (Bill O'Leary/Washington Post/Getty Images)
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ព័ត៌មាន​នេះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​ក៏​ដោយ ក៏​គេ​អាច​ចាត់​ទុក​ថា ចិន​បាន​ក្លាយ​ជា​ប្រទេសទី២ ក្នុង​លោក បន្ទាប់​ពី​អាមេរិក​ដែល​បាន​ធ្វើ​ការ​សាកល្បង​សព្វាវុធហោះហើរ​មួយ​ដែល​មាន​ល្បឿន​លឿន​ជាង​ល្បឿន​សម្លេង​ទៅ​ទៀត។ មួយ​វិញ​ទៀត និង​ក្រៅ​ពី​មាន​ល្បឿនលឿន​ជាង​សម្លេង ឧបករណ៍​មួយ​នោះ​ក៏​អាច​ហោះ​បាន​កម្ពស់ខ្ពស់​សែនខ្ពស់​នៅ​ក្នុង​បរិយាកាស ព្រម​ទំាង​អាច​វាយប្រហារ​លើ​គោលដៅ​មួយ​ច្បាស់លាស់​នៅ​កន្លែង​ណា​មួយ​ក៏​បាន​លើ​ភពផែនដី​យើង​នេះ។ អ្នកនំាពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ពី​វត្តមាន​សព្វាវុធហោះហើរ​របស់​ចិន​នោះ តែ​បាន​ព្យាយាម​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។

យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​លើ​ទំព័រ​អ៊ីនធឺណែត​ដោយ Washinton Free Beacon ឲ្យ​ដឹង​ថា សព្វាវុធហោះហើរ​របស់​ចិន​នោះ​មាន​ឈ្មោះ​ថា WU-១៤ និង​ដែល​ចិន​បាន​ធ្វើ​ការ​សាកល្បង​កាល​ពី​ថ្ងៃទី៩ មករា​កន្លង​ទៅ។ ម្យ៉ាង​ទៀត WU-១៤ មាន​ល្បឿនលឿន​ជាង​សម្លេង​រហូត​ដល់​ទៅ ១០ដង។ តែ​ក្រសួង​ការពារជាតិ​អាមេរិក​មិន​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ទេ។ នៅ​ខាង​ចិន​ឯណោះ​វិញ អ្នកនំាពាក្យ​ក្រសួងការពារជាតិ​គ្រាន់​តែ​បាន​អះអាង​ថា ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត និង​ការ​សាកល្បង​នានា​បាន​ធ្វើ​ជា​បន្តបន្ទាប់ និង​ជា​ធម្មតា ដោយ​គ្មាន​គោលដៅ​វាយប្រហារ​ប្រទេស​ណា ឬ​មួយ​ក៏​គោលដៅ​ណា​មួយ​ទេ។ ទាក់ទង​នឹង​ព័ត៌មាន​ជុំវិញ​ការ​សាកល្បង​សព្វាវុធហោះហើរ​របស់​ចិន​ឈ្មោះ​ថា WU-១៤ ដែល​លើក​ឡើង​ដោយ​ក្រសួងការពារជាតិ​អាមេរិក​នោះ រូបលោក​អ្នកនំាពាក្យ​ក្រសួងការពារចិន​មិន​បញ្ជាក់ ហើយ​ក៏​មិន​ឆ្លើយ​បដិសេធ​ដែរ។

អ្វី​ជា​ការ​កត់សម្គាល់ ព័ត៌មាន​នេះ​បាន​លេច​ចេញ​មក ចំ​ពេល​ដែល​ចិន​បាន​តម្លើង​ថវិកា​យោធា​របស់​ខ្លួន​ជា​រៀងរាល់ឆ្នំា​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ ការ​ចំណាយ​សម្រាប់​វិស័យ​ស្រាវជ្រាវ ក៏​ដូច​ជា​ការ​បំពាក់​នូវ​គ្រឿង​សព្វាវុធ​ថ្មីៗ ដូច​យ៉ាង​នាវា​ផ្ទុកយន្តហោះចម្បំាង គ្រាប់មីស៊ីលអន្តរទ្វីប​ប្រឆំាង​នាវា​ជាដើម។ គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​បច្ចេកវិទ្យា​ល្បឿនលឿន​ជាង​សម្លេង​នេះ អាមេរិក​ជាប់​លេខ១ ដោយ​បាន​ចំណាយ​ថវិកា​ស្រាវជ្រាវ​ចំនួន ២០០លានដុល្លារ​ក្នុង​ឆ្នំា ២០១៣ ព្រម​ទំាង​បាន​ធ្វើ​ការ​សាកល្បង​ហោះហើរ​ជា​ច្រើន​នា​រយៈពេល​ចុងក្រោយ​នេះ។ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវត្ថុ « វាយប្រហារ​ពិភពលោក​ឆាប់រហ័ស » ក្រសួងការពារជាតិ​អាមេរិក​កំពុង​សាកល្បង​សព្វាវុធ​ដែល​អាច​ហោះ​បាន​ក្នុង​ល្បឿន ២៧ ០០០គីឡូម៉ែត​ក្នុង​មួយ​ម៉ោង និង​សព្វាវុធ​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​អាច​ហោះ​ក្នុង​ល្បឿន ៦ ៧០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ