អានតួអត្ថបទ
ចិន-អាមេរិក

កាសែតផ្លូវការ​ចិន៖ នាវា​ចម្បំាង​អាមេរិកំាង​កំពុង​គំរាមកំហែង​សន្តិសុខ​ចិន

នៅ​ថ្ងៃ​ចន្ទ ទី១៦ ធ្នូ​នេះ សារព័ត៌មាន​ផ្លូវការ​ចិន​បាន​ផ្សាយ​ឲ្យ​ដឹង​ថា វត្តមាន​នាវាចម្បំាង​អាមេរិកំាង​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ប្រទេស​ចិន។ ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​កាសែត​ផ្លូវការ​ចិន​ពេល​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​នាវាចម្បំាង​អាមេរិក និង​នាវាយោធា​ចិន​ហៀប​នឹង​បើក​បុកគ្នា​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​កាល​ពី​សប្តាហ៍​កន្លង​ទៅ។  

នាវាចម្បំាង​អាមេរិក​ធុន USS Cowpens
នាវាចម្បំាង​អាមេរិក​ធុន USS Cowpens
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​កាសែតជាតិនិយម​មួយ​ឈ្មោះ Global Times ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​អំពី​គ្រោះថ្នាក់​ចំពោះ​ប្រទេស​ចិន​ដែល​បង្ក​ឡើង​ដោយ​វត្តមាន​នាវាចម្បំាង​អាមេរិក​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ តាម​ពិត​ទៅ អ្វីៗ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃទី៥ ធ្នូ​កន្លង​ទៅ​ដែល​កាលណោះ មាន​នាវាចម្បំាង​អាមេរិក​មួយ​គ្រឿង​បាន​បង្ខំចិត្ត​កាច់​ចង្កូត​ពង្វាង​កុំ​ឲ្យ​ទៅ​បុក​នាវា​យោធា​ចិន​ដែល​បាន​បើក​កាត់​ចំ​ពី​មុខ​ខ្លួន រួច​ស្រាប់​តែ​ឈប់​ងក់​មួយ​កន្លែង​តែ​ម្តង។ យោង​តាម​អ្នកទទួល​ខុសត្រូវ​ក្រសួង​ការពារជាតិ​អាមេរិក​ឲ្យ​ដឹង​ថា បើ​នាវា​អាមេរិក​មិន​រហ័សរហួន​កាត់​ចង្កូត​ពង្វាង​ទេ នោះ​កាត់​ប៉ះទង្គិច​គ្នា​ជា​រឿង​មួយ​មិន​អាច​ចៀស​ផុត។

កាសែត​ផ្លូវការចិន Global Times ដដែល​បាន​ព្រមាន​ថា ប្រសិន​បើ​កងទាហាន​អាមេរិក និង​នាវាចម្បំាង​របស់​ពួក​គេ​នៅ​តែ​បន្ត​មាន​វត្តមាន​នៅ​ក្នុង​សមុទ្រចិន​របៀប​នេះ​ជា​បន្ត​ទៀត​នោះ ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវយោធា​នឹង​កើត​មាន​ដោយ​ចៀស​មិន​រួច។ ទន្ទឹម​គ្នា​នេះ Global Times ថែម​បាន​ប្រៀនប្រដៅ​អាមេរិក​ថា គួរ​តែ​ត្រូវ​ចេះ​ផ្តល់​ព័ត៌មាន និង​គោរព​ចិន​ខ្លះ​ផង បើ​ខ្លួន​មិន​ឃើញ​ការ​ប្រទូស្រ្តាយ​ជាមួយ​ចិន​ខាង​ផ្លូវអាកាស និង​ផ្លូវ​ទឹក​ទេ​នោះ។

រហូត​មក​ដល់​ពល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ជា​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​ចិន​ចំពោះ​ឧប្បត្តិហេតុ​ខាង​លើ​នោះ​ទេ ហើយ​ក៏​នៅ​មិន​ទាន់​មាន​ភាគី​ណា​មួយ​ចេញ​មុខ​ទួល​ស្គាល់​ថា ជា​កំហុស​របស់​ខ្លួន​ដែរ។ គួរ​រម្លឹក​ជូន​ថា គិត​តំាង​ពី​ឆ្នំា ២០០៩ មក នេះ​ជា​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ទីមួយ​រវាង​ចិន និង​អាមេរិក។ ក្នុង​ឆ្នំា ២០០៩ មាន​នាវាផ្នែកឃ្លំាមើល​របស់​អាមេរិក​មួយ​គ្រឿង​ត្រូវ​បាន​នាវា​យោធា​ចិន​ចំនួន ៥គ្រឿង​ឡោមព័ទ្ធ​នៅ​ក្នុង​តំបន់​ដូច​គ្នា​នោះ។

តាម​រយៈ​ព្រឹត្តិការណ៍​ថ្មី​នេះ​ស បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត​ពី​ភាព​តានតឹង​ជាប់​ជា​ប្រចំា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកំាង ពិសេស តំាង​ពី​ក្រោយ​ចិន​បាន​ប្រកាស​បង្កើត​តំបន់​ការពារ​ដែនអាកាស​ជា​ឯកតោភាគី​កាល​ពី​ថ្ងៃទី២៣ វិច្ឆិកា។ តំបន់ការពារ​ដែនអាកាស​ដែល​បាន​បញ្ឆេះ​កំហឹង​របស់​ប្រទេស​ជិត​ខាង​មួយ​ចំនួន មាន​ជប៉ុន និង​កូរ៉េខាងត្បូង​ជា​ដើម។ សហរដ្ឋអាមេរិក​ធ្លាប់​បាន​អំពាវនាវ​ចិន​ឲ្យ​បោះបង់​ចោល​វិញ​នូវ​តំបន់​ការពារ​ដែនអាកាស​នោះ។ ម្យ៉ាង​ទៀត អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​បាន​នំា​គ្នា​បញ្ជូន​នាវាច្បំាង ព្រម​ទំាង​សារ​ជា​ច្រើន​ប្រាប់​ទៅ​រដ្ឋាភិបាល​ចិន​ថា ពួក​គេ​បដិសេធ​មិន​ទទួល​ស្គាល់​នូវ​តំបន់​ការពារ​ដែនអាកាស​នោះ ព្រម​ទំាង​មិន​គោរព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ