ចិនមានមូលដ្ឋានបង្ហោះអវកាសទីបួន ដ៏ទំនើប និងប្រកបដោយបច្ចេកវិទ្យាខ្ពស់
ស្ថិតនៅលើកោះត្រូពិកហៃណាន់ មូលដ្ឋានបង្ហោះអវកាសទីបួនបានសាងសង់ចប់សព្វគ្រប់ហើយ ! នេះបើតាមសារព័ត៌មានផ្លូវការចិន។ មជ្ឈមណ្ឌលនេះជាមូលដ្ឋាន មហាទំនើប និងអាចបង្ហោះកាំជ្រួចធ្ងន់ៗធំៗទៅឋានអវកាស និងមានបំពាក់កម្មវធី ប្រកបដោយបច្ចេកវិទ្យាខ្ពស់បំផុត។ មូលដ្ឋានអវកាស វេនចង់ ត្រៀមខ្លួនរួចជាស្រេចនឹងដំណើរការ រង់ចាំតែថ្ងៃចាប់ផ្តើមប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
មជ្ឈមណ្ឌលអវកាសវេនចង់ Wenchang ជាមូលដ្ឋានអវកាសចិនដែលស្ថិតនៅភាគខាងត្បូងបំផុតនៃប្រទេស អាចធានារ៉ាប់រងបញ្ជូនផ្កាយរណបជាស្ថានីយ៍ភូមិសាស្ត្រទៅកាន់គន្លងតារាវិថីអេក្ខាទ័រ។ នេះបើតាមការបញ្ជាក់ក្នុងទំព័រកាសែត China Daily។ ទីតាំងរបស់មជ្ឈមណ្ឌលទីបួន ត្រង់តំបន់ត្រូពិក ក៏អាចបង្កើនសមត្ថភាពនៃទម្របាញ់បង្ហោះ ដែលជាគន្លឹះដ៏សំខាន់ក្នុងកម្មវិធីអវកាសដែលមនុស្សអាចស្នាក់នៅបាន ដែលមានបេសកកម្មរុករកវែង ឬដើម្បីស្ថាបនាស្ថានីយ៍អវកាសក្នុងគន្លងតារាវិថី ដែលជាកម្មវត្ថុចម្បងរបស់បក្សកុម្មុយនិស្តចិន។
ជាមួយមូលដ្ឋានថ្មីនេះ ការបង្ហោះកាំជ្រួចអាចសន្សំសំចៃថាមពលប្រេងបាន១៥% បើប្រៀបទៅនឹងការបង្ហោះចេញពីមូលដ្ឋាន ស៊ីចង់ នៅខេត្តស៊ីនឈន់។ ជាចុងក្រោយ ទីតាំងវេនចង់ នៅលើកោះ សម្រួលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្ទ សម្រាប់ពេលអនាគត ! ចិនមានគម្រោងអភិវឌ្ឍន៍កាំជ្រួចធុនវែង Longue Marche ៥ ដែលមានសមត្ថភាពអវកាសប្រហាក់ប្រហែលនឹងកាំជ្រួចអឺរ៉ុប Ariane 5។
វាមិនមែនជាការកម្រឡើយសម្រាប់ចិន ដែលនៅរាល់ពេលមានការបង្ហោះអវកាសម្តងៗ មានបំណែកធ្លាក់មកលើដីចំផ្ទះប្រជាជននោះ ! ដូច្នេះ ការបង្ហោះលើផ្ទៃសមុទ្ទចិនខាងត្បូង ពិតជាអាចកាត់បន្ថយគ្រោះបន្ទាប់បន្សំនេះបានច្រើន។ មានកន្លែងសម្រាប់ទទួលភ្ញៀវដែលចង់គយគន់ការបង្ហោះកាំជ្រួចអវកាសដោយផ្ទាល់ បូកផ្សំនឹងឆ្នេរខ្សាច់សស្អាត មូលដ្ឋានវេនចង់ ជាប្រភពទាក់ទាញទេសចរថ្នាក់មធ្យមផង និងជាន់ខ្ពស់ផង។
ចិន បានចំណាយថវិការាប់ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍វិស័យអវកាស ដែលជានិមិត្តរូបថ្មីនៃភាពជាមហាអំណាចមួយលើពិភពលោកក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត។ ចិនចង់រត់ឱ្យទាន់ អាមេរិកនិងសូវៀត ដែលឈានទៅមុខក្នុងវិស័យអវកាសនេះ តាំងពី៣០ឆ្នាំមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ