អានតួអត្ថបទ
ចិន-ប៉ាគីស្តង់

នាយករដ្ឋមន្រ្តី​ចិន​ទៅដល់​ប៉ាគីស្តង់​ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ឥណ្ឌា

លោក​នាយករដ្ឋមន្រ្តី​ចិន វេន ជាប៉ាវ (Wen Jiabao) បាន​ទៅ​ដល់​ប្រទេស​ប៉ាគីស្តង់​ហើយ នៅថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ថ្ងៃ។ លោក​វេន ជាប៉ាវ ទើប​នឹង​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​ដូចគ្នា នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​គូសត្រូវ​របស់​ប៉ាគីស្តង់។ ក្រៅ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ក៏​អាច​ជា​ប្រធានបទ​មួយ​ សំខាន់​ដែរ ក្នុង​ដំណើរទស្សនកិច្ច​នេះ។

លោក​វេន ជាប៉ាវ ពេល​ទៅដល់​ប៉ាគីស្តង់ ថ្ងៃ​សុក្រ ១៧ ធ្នូ ២០១០
លោក​វេន ជាប៉ាវ ពេល​ទៅដល់​ប៉ាគីស្តង់ ថ្ងៃ​សុក្រ ១៧ ធ្នូ ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

02:03

សេចក្តីរាយការណ៍​របស់ សេង ឌីណា

៣ថ្ងៃ នៅ​ឥណ្ឌា ៣ថ្ងៃ​ដូចគ្នា​​ នៅ​ប៉ាគីស្តង់ មើលទៅ​ទំនង​មិនមែន​ជា​រឿង​ចៃដន្យ​ទេ សម្រាប់​ទស្សនកិច្ច​​របស់​នាយករដ្ឋមន្រ្តី​ចិន នៅ​ក្នុង​ប្រទេស​ជា​គូសត្រូវ​ទាំងពីរ​នេះ។ អ្នកជំនួញ​ចិន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​អមដំណើរ​លោក​វេន ជាប៉ាវ ទៅ​ឥណ្ឌា ក៏​នឹង​ត្រូវ​អមដំណើរ​ទៅ​ប្រទេស​ប៉ាគីស្តង់​ដែរ។

កាល​ពី​នៅ​ឥណ្ឌា ចិន​បាន​ចុះ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា ក្នុង​តម្លៃ១៦​ពាន់​លាន​ដុល្លារ។ នៅ​ប៉ាគីស្តង់ ចិន​ក៏​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​គ្នានេះដែរ ពោល​គឺ​ ប្រមាណ​ជា ១៤ពាន់​លាន​ដុល្លារ។

នេះ​បង្ហាញ​យ៉ាងច្បាស់​អំពី​នយោបាយ​របស់​ចិន ដែល​កំពុង​តែ​ថ្លឹងថ្លែង​រវាង​ផលប្រយោជន៍​​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​ និង​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច។ ប៉ាគីស្តង់​គឺ​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​​របស់​ចិន ក៏ប៉ុន្តែ ឥណ្ឌា ដែល​ជា​គូសត្រូវ​ប៉ាគីស្តង់ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តា​នុពល ដែល​ចិន​​មិន​អាច​មិនរវីរវល់ បើទោះជា​ឥណ្ឌា​ជាប់​មាន​ជម្លោះ​ច្រើន​ជាមួយ​នឹង​ចិន​ក៏ដោយ។

ការផ្តោះប្តូរ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ ​រវាង​ចិន ជាមួយ​​ឥណ្ឌា មាន​​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ ៦០​ពាន់​លានដុល្លារ ធៀប​នឹង​ប៉ាគីស្តង់ ដែល​មាន​ប្រមាណតែ ៧ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នាយករដ្ឋមន្រ្តី​ប៉ាគីស្តង់​បាន​បង្ហាញ​នូវក្តី​សង្ឃឹម​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​វេន ជាប៉ាវ អាច​នឹង​មាន​កិច្ចព្រមព្រៀង ​បង្កើន​​ទំនាក់ទំនង​ពាណិជ្ជកម្ម​រហូត​ដល់ ១៥ ទៅ​ ១៨​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥ឆ្នាំ​ទៀត។ ក៏ប៉ុន្តែ ៥ឆ្នាំ​ទៀត ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ឥណ្ឌា នឹង​កើន​ឡើង រហូត​ដល់ ១០០ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ការព្រមព្រៀង​ ធ្វើ​ឡើង​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​ លោក​វេន ជាប៉ាវ នៅ​ឥណ្ឌា។

នេះ​បង្ហាញ​ថា ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ជាមួយ​ចិន ប៉ាគីស្តង់​ដើរ​ក្រោយ​ឥណ្ឌា​ឆ្ងាយ​ណាស់។ ក៏ប៉ុន្តែ ប៉ាគីស្តង់​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​ចិន ដែល​ឥណ្ឌា​មិនមាន នោះ​គឺ​ទំនាក់ទំនង​ផ្នែក​យោធា។ ចិន​ គឺ​ជា​ប្រភព​​ផ្តល់​គ្រឿងសព្វាវុធ​​​ដ៏ចម្បង សម្រាប់​ប៉ាគីស្តង់។ ចិន​ធ្លាប់​​ទាំងបាន​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​​ឲ្យ​ប៉ាគីស្តង់​ទៀតផង។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​​​នៅពេលនេះ លោក​វេន ជាប៉ាវ​ គ្រោង​នឹង​​ជជែក​ជាមួយ​ប៉ាគីស្តង់​ អំពី​គម្រោង​ជួយ​​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មី​មួយ​ទៀត​ឲ្យ​ប៉ាគីស្តង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ