អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ជំនួយ​ច្រើន​រយ​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​ចិន

កម្ពុជា​បាន​ចុះហត្ថលេខា​ទទួល​ជំនួយ​សហប្រតិបត្តិការ​ និងឥណទាន​ដែល​មាន​តម្លៃ​ជា​ច្រើន​រយលាន​ដុល្លារ ពី​រដ្ឋាភិបាល​ចិន​រួច​ហើយ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣​ធ្នូ។ ក្នុង​ចំណោម​ឯកសារ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នោះ ក៏​មាន​ពិធីសារ​ស្តី​ពី​ការ​នាំចេញ​ផលិតផល​ដំឡូងមី​កម្ពុជា ទៅ​ប្រទេស​ចិន​ផងដែរ។ លោកនាយក រដ្ឋមន្ត្រីខ្មែរហ៊ុន សែន​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​Xinhuaថា លោក​មាន​គម្រោង​នឹង​ចុះ​ហត្ថលេខា​នាំចេញ​ដំណាំ​ពោត​ទៅ​ប្រទេស​នៅ​ពេល​អនាគត​ទៀត។

នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោក​ហ៊ុន​សែន​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន
នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោក​ហ៊ុន​សែន​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:52

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ភ្នំពេញ និង​ប៉េកាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ជំនួយ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​ឯកសារ​ជាង​១០រួច​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣​ធ្នូ។ យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ចិន ឯកសារ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ទាំងនោះ​រួមមាន ការ​ផ្លាស់ប្តូរ​សច្ចាប័ន​ស្តីពី​អនុសញ្ញា​កុងស៊ុល​ចិនកម្ពុជា កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​តម្លៃ​១០០លាន​យ័ន ការ​ផ្តល់​ឡ​ជីវឧស្ម័ន​ចំនួន​៣០០​ឡ​ដែល​មាន​តម្លៃ​២លាន៥សែន​យ័ន កិច្ចព្រមព្រៀង​ឥណទាន​លើ​គម្រោង​សាងសង់​ស្ពាន​ជ្រោយ​ចង្វា​ទី២​តម្លៃ​២៧​លាន​ដុល្លារ កិច្ចព្រមព្រៀង​ឥណទាន​លើ​គម្រោង​សាងសង់​ស្ពាន​តាខ្មៅ​តម្លៃ​៣២​លាន​ដុល្លារ កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​តម្លៃ​ជាង​៥៣​លាន​ដុល្លារ។ ក្នុងចំណោម​ឯកសារ​កិច្ចព្រមព្រៀង​ទាំងអស់ ក៏​មាន​ពិធីសារ​ស្តី​ពី​ការ​នាំ​ផលិតផល​ដំឡូងមី​កម្ពុជា​ចូល​ទៅ​ប្រទេស​ចិន​ផងដែរ។

យោងតាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​Xinhua លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន​បាន​ថ្លែង​អោយ​ដឹង​ថា លោក​មាន​បំណង​ពង្រីក​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្ម​ផ្សេង​ទៀត ជាមួយ​ប្រទេស​ចិន ដោយសារ​តែ​ចិន គឺ​ជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុជា។ សារព័ត៌មាន​Xinhua​បាន​ដកស្រង់​សំដី​លោក​ហ៊ុន សែន​ដែល​បញ្ជាក់ថា កន្លងមក កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​កម្ពុជា ជាមួយ​ប្រទេស​ចិន​រួច​ហើយ។ ពេលនេះ កម្ពុជា​ក៏​កំពុង​ជំរុញ​អោយ​មាន​កិច្ចព្រមព្រៀង​នាំចេញ​ផលិតផល​ពោត​កម្ពុជា ជាមួយ​ប្រទេស​ចិន​ផងដែរ។

ទាក់ទងនឹង​វិស័យ​ពាណិជ្ជកម្ម​នេះ លោក​នាយក​រដ្ឋមន្ត្រី​ចិន វេន ជាបាវ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​រដ្ឋXinhuaថា ប្រទេស​ទាំង​២​គ្រោងនឹង​បង្កើន​តម្លៃ​នៃ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រហូត​ដល់​២៥០០លាន​ដុល្លារ​នៅឆ្នាំ​២០១៥។ លោក​នាយករដ្ឋមន្ត្រី​ចិន​ក៏​បាន​សន្យា​នឹង​បន្ត​ជំនួយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​បន្តទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ