អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការពារ​ជាតិ​កំពុង​ត្រៀម​បញ្ជូន​រថយន្ត​ជំនួយ​របស់​ចិន​មក​ភ្នំពេញ

អ្នកជំនាញការ​យោធា​ចិន​មួយ​ក្រុម​ កំពុង​បង្ហាត់​បង្រៀន​អ្នកបើកបរ​​និង ​អ្នកបច្ចេកទេស​​យោធា​ខ្មែរ​អំពី​ ការ​ប្រើប្រាស់​រថយន្ត​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។​​ ការ​បង្ហាត់​​បង្រៀន​អំពី​ការ​ផ្ទេរ​បច្ចេក​ វិជ្ជា​ថ្មី​នេះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ឯ​កំពង់ផែ​ ក្រុង​ព្រះសីហនុ​​ទី​ដែល​រថយន្ត​យោធា​ដែល​ជា​ជំនួយ​របស់​ចិន​បាន​មក​ដល់​កាល ​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​រថយន្ត​ យោធា​ទាំង​២៥៧​គ្រឿង​នឹង​ត្រូវ​គេ​បញ្ជូន​បន្ត​មក​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​ដើម ​សប្តាហ៍​​ក្រោយ​នេះ​ដើម្បី​ប្រារព្ធ​ពិធី​ប្រគល់​​និង​ទទួល​ជា​ ផ្លូវការ។

រថយន្ត​​យោធា​ដែល​ចិន​ផ្តល់​ជា​ជំនួយ បាន​មក​ដល់​កំពង់​ផែ​​កំពង់​សោម
រថយន្ត​​យោធា​ដែល​ចិន​ផ្តល់​ជា​ជំនួយ បាន​មក​ដល់​កំពង់​ផែ​​កំពង់​សោម © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:37

សេចក្តី​រាយការណ៍​​របស់ ប៉ែន បូណា

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បញ្ជូន​អ្នក​បើកបរ​រថយន្ត​យោធា​​រួមទាំង​អ្នកបច្ចេកទេស​ផង​សរុប​ចំនួន​ប្រហែល​៣០០​នាក់​ទៅ​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ដើម្បី​ទទួល​​ការ​ហ្វឹកហាត់​ផ្ទេរ​បច្ចេក​វិជ្ជា​ពី​អ្នកជំនាញការ​ចិន​អំពី​វិធី​ប្រើប្រាស់​​និង​ថែទាំ​រថយន្ត​​យោធា​ថ្មី​ស្រឡាង​ចំនួន​២៥៧​គ្រឿង​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។​​នេះ​បើ​យោង​​តាម​លោក​ឧត្តម​សេនីយ៍​ឈុំ​​សុជាតិ​​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​​ដែល​បាន​ឲ្យ​ដឹង​​នៅ​ថ្ងៃ​សៅរ៍​នេះ។

 
         រថយន្ត​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹក​តាម​កប៉ាល់​ពី​ប្រទេស​ចិន​មក​ដល់​កំពង់​ផែ​ក្រុង​​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ពុធ​និង​ទើប​តែ​ត្រូវ​បាន​គេ​រើ​ចេញ​ពី​កប៉ាល់​កាល​ពី​ថ្ងៃ​ម្សិលមិញ។អ្នកបច្ចេកទេស​ចិន​៩​រូប​ក៏​បាន​មក​ដល់​ជា​មួយ​រថយន្ត​ទាំង​នោះ​ដែរ​ដើម្បី​បង្ហាត់​បង្រៀន​យោធា​ខ្មែរ​អំពី​បច្ចេកទេស​ប្រើប្រាស់​​និង​ថែទាំ​រថយន្ត។​​ការ​ហ្វឹកហាត់​ដែល​មាន​រយៈ​​ពេល​ពីរ​ថ្ងៃ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទីក្រុង​មាត់​សមុទ្រ។​បន្ទាប់​មក​​អ្នកបើកបរ​នឹង​នាំ​​យក​រថយន្ត​ទាំង​នោះ​មក​កាន់​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ។

         ជំនួយ​យោធា​របស់​ប្រទេស​ចិន​ដែល​រួម​មាន​រថយន្ត​យោធា​ចំនួន​២៥៧​គ្រឿង​​និង​សម្លៀក​បំពាក់​យោធា​ចំនួន​៥​ម៉ឺន​សម្រាប់​ផង​ត្រូវ​បាន​លោក​ប្រធានាធិបតី​ចិន​​ហ៊ូ​ជីនតាវ​​ប្រកាស​ផ្តល់​ជូន​កម្ពុជា​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​​ហ៊ុន​​សែន​​នៅ​ទីក្រុង​សៀងហៃ​កាល​ពី​ពីរ​ខែ​មុន​នេះ។​​ការ​ប្រកាស​ផ្តល់​ជំនួយ​យោធា​របស់​​ចិន​ដល់​​កម្ពុជា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្អាក​ជំនួយ​យោធា​​ដូចគ្នា​នេះ​ដល់​កម្ពុជា​ដោយ​សារ​តែ​ទីក្រុង​វ៉ាស៊ីនតោន​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​កម្ពុជា​​ដែល​បាន​ចាប់​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ចំនួន​២០​នាក់​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោន​នយោបាយ​ទៅ​ឲ្យ​ចិន​វិញ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៩​​តាម​សំណើរ​របស់​ក្រុង​ប៉េកាំង។

         មិន​បង្អង់​យូរ​​ជំនួយ​យោធា​របស់​ចិន​បាន​មក​ដល់​កម្ពុជា​ហើយ។​លោក​ឧត្តម​​សេនីយ៍​ឈុំ​​សុជាតិ​​បាន​ឲ្យ​ដឹង​ថា​​ពិធី​ប្រគល់​​និង​ទទួល​អំណោយ​យោធា​ទាំង​នេះ​​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៣​មិថុនា​ខាង​មុខ​នេះ​នៅ​ឯ​ព្រលាន​យន្តហោះ​យោធា​​ភ្នំពេញ។​លោក​អះអាង​ថា​​ជំនួយ​យោធា​របស់​ចិន​មាន​សារៈសំខាន់​ណាស់​សម្រាប់​​សម្រេច​គោល​ដៅ​កំណែ​ទម្រង់​វិស័យ​យោធា​របស់​កម្ពុជា។
 

         សូម​បញ្ជាក់​ថា​​រថយន្ត​ទាំង​នោះ​មាន​ច្រើន​ប្រភេទ​​ដូចជា​រថយន្ត​ដឹក​ជញ្ជូន​ទ័ព​​ចំនួន​២០០​គ្រឿង​​​រថយន្ត​ពេទ្យ​ចំនួន​២០​គ្រឿង​​​រថយន្ត​សម្រាប់​អគ្គមេបញ្ជាការ​ចំនួន​​៣០​គ្រឿង​​រថយន្ត​សម្រាប់​ជួសជុល​ចល័ត​ចំនួន​៥​គ្រឿង​​និង​រថយន្ត​​សម្រាប់​ដឹក​សម្ភារៈ​​យោធា​ធុនធ្ងន់​ចំនួន​២​គ្រឿង​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ