អានតួអត្ថបទ
ស៊ីរី

វិបត្តិ​ស៊ីរី៖ តើ​មានផ្លូវ​ធ្វើ​អន្តរាគមន៍​យោធា​ដោយ​មិន​ឆ្លងកាត់​ក្រុមប្រឹក្សា​សន្តិសុខ​ឬទេ?

នៅក្នុងពេល​ដែល​បេសកកម្ម​ការទូត​របស់​លោក​កូហ្វ៊ីអាណាន់ នៅស៊ីរី មិនបាន​ទទួលផល ហើយ​ជនស៊ីវិល​ស៊ីរី​នៅតែ​បន្ត​ស្លាប់ និង​របួស​រាល់ថ្ងៃ ដោយ​​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល លទ្ធភាព​នៃ​ការប្រើកម្លាំង​យោធា​ក៏​កំពុងត្រូវបាន​មេទ័ព​អាមេរិក​សិក្សា និង​រៀបចំ​ផែនការ​បម្រុង​ទុក​ដែរ។ ក៏ប៉ុន្តែ គេមិនរំពឹង​ថា អន្តរាគមន៍​យោធា​នៅស៊ីរី​អាច​នឹង​ទទួលបាន​ការ​អនុញ្ញាត​ ពី​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ ដោយសារ​តែ​មាន​វ៉េតូ​របស់​រុស្ស៊ី និង​ចិន។ បើគ្មាន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ តើ​គេ​អាច​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​ តាម​ផ្លូវណាផ្សេង​ដែរ​ឬទេ?

ឧត្តមសេនីយ៍ Martin Demsey (ឆ្វេង) នាយអគ្គសេនាធិការ​ចម្រុះ​ និង​លោក Leon Panetta រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក
ឧត្តមសេនីយ៍ Martin Demsey (ឆ្វេង) នាយអគ្គសេនាធិការ​ចម្រុះ​ និង​លោក Leon Panetta រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

ឧត្តមសេនីយ៍ Martin Demsey នាយអគ្គសេនាធិការ​កងទ័ពចម្រុះ​អាមេរិក (Chairman of the Joint Chiefs of Staff) បាន​ឲ្យដឹង​ថា តាម​បញ្ជា​របស់​លោក​អូបាម៉ា មេទ័ព​អាមេរិក​បាន​ធ្វើការ​សិក្សា​ទៅលើ​លទ្ធភាព​ប្រើកម្លាំងទ័ព​អាមេរិក​នៅស៊ីរី។ ការវាយតម្លៃ​ជាបឋម​អំពី​តួនាទី​កងទ័ព​អាមេរិក ត្រូវបាន​គេ​បញ្ជូន​ទៅ​ឲ្យ​លោក​អូបាម៉ា​រួចហើយ។

យោងតាម​កាសែត The Washington Post ដែលបាន​ដកស្រង់​ប្រភព​មន្រ្តីជាន់ខ្ពស់​អាមេរិក ដែល​សុំ​​មិនបញ្ចេញឈ្មោះ​ សេណារីយ៉ូ​នៃ​អន្តរាគមន៍យោធា​នៅ​ស៊ីរី​រួមមាន៖ ការផ្តល់អាវុធ​ឲ្យ​ក្រុមឧទ្ទាម​ស៊ីរី ការ​បញ្ជូន​ទ័ព​ទៅ​ស៊ីរី ដើម្បី​បើកផ្លូវ​ដឹកជំនួយ​មនុស្ស​ធម៌ ឬ​ដើម្បី​បង្កើត​ជា​ “តំបន់​សុវត្ថិភាព” សម្រាប់​ជនស៊ីវិល​ស៊ីរី និង​ការ​វាយប្រហារ​តាមផ្លូវអាកាស​ទៅលើ​ទីតាំង​យោធា​ស៊ីរី។

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់ថា រហូតមកទល់ពេលនេះ លោក​អូបាម៉ា​មិនទាន់​ធ្វើការ​សម្រេច​ចិត្ត​​ធ្វើអន្តរាគមន៍​យោធា​នៅស៊ីរី​នៅឡើយទេ។ ការសិក្សា​លើ​លទ្ធភាព​ប្រើកម្លាំងទ័ពនេះ គឺ​ធ្វើឡើង ដើម្បី​ឲ្យលោក​អូបាម៉ា​យក​ធ្វើ​ជាមូលដ្ឋាន ក្នុង​ការ​សម្រេច​ចិត្ត​តែប៉ុណ្ណោះ។

មេទ័ព​អាមេរិក​បាន​ប្រាប់​គណៈកម្មការ​ព្រឹទ្ធសភា​ថា អាមេរិក​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​អន្តរាគមន៍យោធា​នៅស៊ីរី ក៏ប៉ុន្តែ បើ​មើលទៅលើ​ស្ថានភាពភូមិសាស្រ្ត​ស៊ីរី (ទីតាំង​យោធា​ស៊ីរី​ភាគច្រើន​ស្ថិតក្នុង​តំបន់​ទីប្រជុំជន) ការវាយប្រហារ​តាម​អាកាស ដូចករណី​ប្រទេស​លីប៊ី អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់​ជនស៊ីវិល​ច្រើន ហើយ​អាច​នឹង​ធ្វើ​ឲ្យ​វិបត្តិ​មនុស្សធម៌​កាន់តែ​ធ្លាក់ដុនដាប​ថែមទៀត។

ក្រៅពីនេះ ភាពស្របច្បាប់​នៃ​ប្រតិបត្តិការ​យោធា​នេះ​ក៏​នឹង​ត្រូវ​ចោទ​ជា​បញ្ហា​ខ្លាំង​ដែរ។ ជាគោលការណ៍ ដើម្បី​ឲ្យ​អន្តរាគមន៍​យោធា​នៅ​ក្នុង​ប្រទេស​អធិបតេយ្យ​មួយ មាន​ភាព​ស្របច្បាប់ពេញលេញ ដោយគ្មាន​មន្ទិលសង្ស័យ គឺ​ចាំបាច់​ត្រូវ​តែ​មាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ ក៏ប៉ុន្តែ ដោយ​មើលឃើញ​ពី​ជំហរ​របស់​រុស្ស៊ី និង​ចិន គេ​មិន​សង្ឃឹមថា ក្រុមប្រឹក្សា​សន្តិសុខ​អាច​នឹង​ចេញ​សេចក្តីសម្រេច​​អនុញ្ញាត​ឲ្យ​​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​នោះទេ។

តើ​មាន​ផ្លូវណា​ដែល​អាច​ចៀសពី​ក្រុមប្រឹក្សា​សន្តិសុខ​បាន?

កាលពី​ឆ្នាំ​១៩៥០ (ក្នុង​អំឡុង​សង្រ្គាម​កូរ៉េ) មហាសន្និបាត​អ.ស.ប.​​បាន​​អនុម័ត​សេចក្តីសម្រេច​មួយ (សេចក្តីសម្រេច​លេខ ៣៧៧) ដែលចែងថា ក្នុងករណី​មាន​ការ​ខ្វែងគំនិត​គ្នា​រវាង​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ (ដែល​មាន​សិទ្ធិវ៉េតូ) ​ធ្វើ​ឲ្យ​​​ក្រុមប្រឹក្សា​សន្តិសុខ​​ត្រូវជាប់គាំង មិនអាច​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ (ដែលជា​ដែនសមត្ថកិច្ច​ផ្តល់​ដោយ​ធម្មនុញ្ញ​អ.ស.ប.) មហាសន្និបាត​អ.ស.ប.​​ សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​មហាសន្និបាត​ជា​អ្នក​អនុវត្ត តាមរយៈ​​ការចេញសេចក្តីសម្រេច​ ដោយ​សំឡេងភាគច្រើន ២ភាគ៣ នៃ​ប្រទេស​ជា​សមាជិក​អ.ស.ប.។

ថ្វីដ្បិត​តែ​មាន​ការ​បកស្រាយ​ផ្សេងៗ​ពីគ្នា ជុំវិញ​ភាព​ស្របច្បាប់​ នៃ​សេចក្តីសម្រេច​​លេខ ៣៧៧​នេះ ក៏ប៉ុន្តែ នៅក្នុង​ការ​អនុវត្ត​ជាក់ស្តែងកន្លងមក គេធ្លាប់ឃើញ​មហាសន្និបាត​អ.ស.ប. ចេញសេចក្តីសម្រេច​​ដាក់ទណ្ឌកម្ម​​​លើ​រដ្ឋ​ជា​សមាជិក និង​អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ទ័ព ដោយ​យោងទៅលើ​​សេចក្តីសម្រេច​ ៣៧៧។

ជាក់ស្តែង នៅ​ក្នុង​ពេល​មាន​​សង្រ្គាម​ទាក់ទង​នឹង​ព្រែកជីកស៊ុយអេ (នៅ​អេហ្ស៊ីប) ឆ្នាំ​១៩៥៦ រាល់ការ​ព្យាយាម​អនុម័ត​សេចក្តីសម្រេច​ ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​ត្រូវ​ជាប់គាំង ដោយសារតែ​មាន​វ៉េតូ​ពី​សំណាក់​ប្រទេស​បារាំង និង​អង់គ្លេស ដែលជា​ភាគី​ជម្លោះ។ មហាសន្និបាត​អ.ស.ប.​ក៏​បាន​សម្រេច​កោះប្រជុំបន្ទាន់ ហើយ​អនុម័ត​សេចក្តីសម្រេច​មួយ​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​ជាបន្ទាន់ ហើយ​បាន​អនុញ្ញាត​ឲ្យ​បញ្ជូនកងកម្លាំង​អ.ស.ប. ទៅ​តំបន់​ជម្លោះ ដើម្បី​ធានា​ឲ្យ​មាន​បទឈប់បាញ់​នេះ។ មហាសន្និបាត​ក៏​បាន​សម្រេច​ផងដែរ ហាមឃាត់​រាល់ការ​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​កាន់​តំបន់​ជម្លោះ ដែល​មានន័យ​ស្មើ​នឹង​ការ​ដាក់ទណ្ឌកម្ម​ផ្នែកយោធា។

នៅឆ្នាំ​១៩៨១ សេចក្តីសម្រេច​លេខ ៣៧៧ ត្រូវបាន​មហាសន្និបាត​អ.ស.ប. លើកយក​មក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់​សាជាថ្មី នៅ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច នយោបាយ ការទូត និង​យោធា ទៅលើ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​បាន​ចូល​ឈ្លានពាន កាន់កាប់​ទឹកដី​ប្រទេស​ណាមីប៊ី ដោយ​ខុសច្បាប់។ នៅ​ក្នុង​សេចក្តីសម្រេច​ថ្មីនេះ មហាសន្និបាត​អ.ស.ប.​បាន​បញ្ជាក់​សាជាថ្មី​ម្តង​ទៀត អំពី​អំណាច​​របស់​មហាសន្និបាត ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ទ័ព ក្នុងករណី​មាន​ការជាប់គាំង ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ។

កាល​ពី​ឆ្នាំ​១៩៩៩ អង្គការ​បក្ស​សម្ព័ន្ធ​​ណាតូ (NATO) ​ធ្លាប់​​បើក​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ទៅ​លើ​សហព័ន្ធ​យូហ្គោស្លាវី ដើម្បី​បញ្ចប់​អំពើ​សម្លាប់​រង្គាល​លើ​ប្រជាជនស៊ីវិល នៅ​កូសូវ៉ូ។ អន្តរាគមន៍​យោធា​​នេះ បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ​អ​.ស.ប.​នោះទេ។

សមាជិក​សភា​អាមេរិក​មួយចំនួន បាន​នាំគ្នា​លើកយក​អន្តរាគមន៍​​របស់​អង្គការ​ណាតូ នៅ​​យូហ្គោស្លាវី​នេះ មក​ធ្វើ​ជា​គំរូ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី។ កាល​ពី​សប្តាហ៍​មុន រដ្ឋមន្រ្តីការពារជាតិ​អាមេរិកក៏​បាន​លើកឡើងផងដែរ​ថា អង្គការ​ណាតូ​គួរតែ​ចេញមុខ​ដោះស្រាយ​វិបត្តិ​ស៊ីរី។

ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​មាន​មតិជាច្រើន​យល់ថា ប្រតិបត្តិការ​របស់​ណាតូ​បាន​ជួយ​ជនស៊ីវិល​នៅ​កូសូវ៉ូ ពី​ការ​សម្លាប់​រង្គាល ក៏ប៉ុន្តែ ភាព​ស្របច្បាប់​នៃ​អន្តរាគមន៍​យោធា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​នេះ នៅតែ​ជា​​ភាព​ចម្រូងចម្រាស​រហូតមកទល់ពេល​បច្ចុប្បន្ន​នេះ។

កាលពីថ្ងៃ​សៅរ៍​កន្លងទៅនេះ មន្រ្តី​ជាន់ខ្ពស់​នៃ​អង្គការ​ណាតូ​បាន​ឲ្យដឹង​ថា វា​ទំនង​ជា​មិន​អាច​ទៅរួច​ទេ ដែល​ឲ្យ​ណាតូ​ចេញ​មុខ​ដោះស្រាយ​បញ្ហាស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ