អានតួអត្ថបទ
ស៊ីរី

លោក កូហ្វី អាណាន់​ទៅ​ស៊ីរី​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​អំពើ​ហិង្សា

នៅ​ថ្ងៃ​សៅរ៍ ទី១០ មីនា ឆ្នំា ២០១២​នេះ ជំនួប​រវាង​លោក​ប្រធានាធិបតី​ស៊ីរី Bachar el-Assad និង​លោក កូហ្វី អាណាន់ បេសកជន​របស់​អង្គការ​សហប្រជាជាតិ និង​របស់​សម្ព័ន្ធអារ៉ាប់​បាន​ផ្តើម​កាល​ពី​ព្រឹកមិញ​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ដាម៉ាស់។ ទន្ទឹម​គ្នា​នឹង​ជំនួប​នេះ កម្លំាង​រដ្ឋាភិបាល​ក៏​កំពុង​បន្ត​ទម្លាក់​គ្រាប់បែក​លើ​ស្រុក Idleb ដែល​ជា​មូលដ្ឋាន​របស់​ក្រុមអ្នក​បះបោរ​នៅ​ប៉ែក​ពាយ័ព្យ។

លោក កូហ្វី អាណាន់​ទៅ​ស៊ីរី​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​អំពើ​ហិង្សា
លោក កូហ្វី អាណាន់​ទៅ​ស៊ីរី​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​អំពើ​ហិង្សា Reuters
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​របស់​លោក​កូហ្វី អាណាន់​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កម្លំាង​រដ្ឋាភិបាល​កំពុង​បង្កើន​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​អ្នក​បះបោរ​យ៉ាង​ហិង្សា ពិសេស​នៅ​ស្រុក Idleb ស្ថិត​ប៉ែក​ពាយ័ព្យ​ប្រទេស។ អង្គការ​ឃ្លំា​មើល​សិទ្ធិមនុស្ស​ស៊ីរី​បាន​កត់សម្គាល់​ឃើញ​ថា ការ​វាយប្រហារ​លើ​ស្រុក Idleb កាល​ពី​ព្រឹកមិញ​មាន​លក្ខណៈ​ហិង្សា​ខ្លំាង​ជាង​គេ ពិសេស​តំាង​ពី​មាន​ការ​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​ទី​នោះ​មក។

គេ​នៅ​មិន​ទាន់​អាច​ដឹង​បាន​ទេ អំពី​ខ្លឹមសារ​នៃ​ជំនួប​រវាង​លោក កូហ្វី អាណាន់ និង​លោក Bachar el-Assad។ អ្វី​ដែល​គេ​ដឹង លោក កូហ្វី អាណាន់​គ្រោង​នឹង​ចាក​ចេញ​ពី​ស៊ីរី​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ស្អែក បន្ទាប់​ពី​បាន​ជួប​ថ្នាក់​ដឹក​នំា​រដ្ឋាភិបាល​ផ្សេង​ទៀត និង​អង្គការ​សង្គមស៊ីវិល។ លោក កូហ្វី អាណាន់​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ដើម្បី​ជួបចរចា​ជាមួយ​ក្រុម​អ្នក​ប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្រៅ​ប្រទេស។

យោង​តាម​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមូន បេសកកម្ម​ដែល​លោក​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កូហ្វី អាណាន់​ត្រូវ​បំពេញ​មាន​បី ទីមួយ៖ បញ្ឈប់​ការ​បាញ់​គ្នា​ជា​បន្ទាន់, ទីពីរ៖ ស្វែង​រក​ដំណោះស្រាយ​នយោបាយ​រួម​សម្រាប់​គ្រប់​ភាគី និង​ទីបី៖ រៀបចំ​បញ្ជូន​ជំនួយ​មនុស្សធម៌។ ដោយ​ឡែក ក្នុង​ពេល​ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​នៃ​សម្ព័ន្ធអារ៉ាប់​កំពុង​រួម​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Caire ប្រទេស​អេហ្ស៊ីប។ បន្ទាប់​មក​ទៀត គឺ​ជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អារ៉ាប់​ជាមួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Sergueï Lavrov៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ