អានតួអត្ថបទ
កម្ពុជា

អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​ ខេត្ត​កំ​ពង់​ឆ្នាំង​ ស្នើ​ឲ្យ​អា​ជ្ញា​ធរ​គោរ​ពតាម​ប្រ​កាស​របស់​​នាយក​រដ្ឋមន្ត្រី​

ក្រុម​អ្នក​ភូមិ ​៥ ​ភូមិ​ គឺ​ភូមិ​ឡ​ពាង សូរ​វង្ស បឹង​កក់​ បន្ទាយ​មាស​ និង​ភូមិ​សំ​រោង ក្នុង​ឃុំ​តា​ជេស ស្រុក​កំ​ពង់​ត្រ​ឡាច ​ខេត្ត​កំ​ពង់​ឆ្នាំង សរុប ៨២ ​គ្រួ​សារ​ បាន​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​ មក​ភ្នំ​ពេញ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១២​សី​ហា​។ ​ក្រុម​អ្នក​ភូមិ​ អះ​អាង​ថា​ ពួក​គេ​មាន​ជម្លោះ​ដី​ស្រែ ​ជា​មួយ​ក្រុម​ហ៊ុន​ K​D​C​ តាំង​ពី​ឆ្នាំ​២០០៦​ ដែល​ជា​ក្រុម​ហ៊ុន​ឯក​ជន​ មាន​ប្រ​ធាន​ឈ្មោះ ​លោក​ស្រី​ ជា​ខេង។

ក្រុមអ្នកភូមិ ៥ ភូមិ គឺភូមិឡពាង សូរវង្ស បឹងកក់ បន្ទាយមាស និងភូមិសំរោង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សរុប ៨២ គ្រួសារ បាននាំគ្នាមកតវ៉ារកដំណោះស្រាយលើបញ្ហាដីធ្លី។
ក្រុមអ្នកភូមិ ៥ ភូមិ គឺភូមិឡពាង សូរវង្ស បឹងកក់ បន្ទាយមាស និងភូមិសំរោង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សរុប ៨២ គ្រួសារ បាននាំគ្នាមកតវ៉ារកដំណោះស្រាយលើបញ្ហាដីធ្លី។ RFI/ Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ភូមិ ​ចំ​នួន ​៥ ​ភូមិ ​នៅ​ឃុំ​តា​ជេស ស្រុក​កំ​ពង់​ត្រ​ឡាច​ ខេត្ត​កំ​ពង់​ឆ្នាំង​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ ជា​មួយ​នឹង​ក្រុម​ហ៊ុន KDC របស់​លោក​ស្រី ​ជា ​ខេង​ ភរិយា​លោក​ស៊ុយ​សែម​ បាន​ស្រែក​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ខេត្ត​ស្រុក​ឃុំ ​គោ​រព​តាម​អ្វី​ដែល​លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ បាន​ប្រ​កាស​កាល​ពី​ថ្ងៃ​ទី​១៨​សី​ហា​។​ អ្នក​ភូមិ​ទាម​ទារ​ដី​ធ្លី​មក​វិញ ​និង​ស្នើ​សុំ​ឲ្យ​ដោះ​លែង​តំ​ណាង​ទាំង ​៥​ រូប​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អ​យុត្តិ​ធម៌​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២២​កក្កដា​ រហូត​ដល់​ថ្ងៃ​ទី​១២​សី​ហា​។

ក្រុម​អ្នក​ភូមិ បាន​ស្នាក់​នៅ​ផ្ទះ​របស់​ស​កម្ម​ជន​ដី​ធ្លី​នៅ​បឹង​កក់ អ្នក​ស្រី ​ទេព ​វន្នី។ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ក្រុម​អ្នក​ភូមិ​បាន​លើក​បដា ធ្វើ​សន្និ​សីទ​កា​សែត​ នៅ​កណ្តាល​ផ្លូវ​ ក្នុង​តំ​បន់​បឹង​កក់​។​ អ្នក​ភូមិ​នៅ​ឃុំ​តា​ជេស ទាម​ទារ​ដី​មក​វិញ​ ហើយ​សុំ​ឲ្យ​ដោះ​លែង​តំ​ណាង​ទាំង​ ៥​ រូប​ ជា​បន្ទាន់​ ដែល​ត្រូវ​បាន​ចាប់​ឃុំ ​ដោយ​អ​យុត្តិ​ធម៌ ​កាល​ពី​ថ្ងៃ​ទី​២២​កក្កដា​ ចំនួន​ ២​នាក់ ​និង​ថ្ងៃ​ទី​១២​សី​ហា ​ចំ​នួន​ ៣ ​នាក់​។

អ្នក​ភូមិ​ក៏​បាន​ទទូច​សុំ​ឲ្យ​រដ្ឋា​ភិ​បាល​ និង​សមា​ជិក​សភា​ ចាត់​វិ​ធាន​ការ​អន្ត​រា​គមន៍​ដោយ​បញ្ឈប់​ក្រុម​ហ៊ុន ខេ​ឌី​ស៊ី​អន្តរ​ជាតិ កុំ​ឲ្យ​បន្ត​រំ​លោភ​យក​ដី និង​បញ្ឈប់​ការ​សង់​រ​បង​លើ​ដី​ទំ​នាស់​នោះ​ទៀត​ ពិ​សេស​ត្រូវ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​តុ​លា​ការ​ជា​ឧប​ករណ៍​បំ​បែក​ការ​ទាម​ទារ​ និង​ចាប់​ចង​អ្នក​ភូមិ​។ អ្នក​ភូមិ​លើក​ឡើង​ថា ​អា​ជ្ញា​ធរ​ និង​តុ​លា​ការ​ ខេត្ត​កំ​ពង់​ឆ្នាំង​ បាន​លម្អៀង​ទៅ​ក្រុម​ហ៊ុន​ ខេ​ឌី​ស៊ី​ ព្រោះ​អ្នក​ភូមិ​ ប្តឹង​ក្រុម​ហ៊ុន​រំ​លោភ​ដី យូរ​ឆ្នាំ​ហើយ ​តុ​លា​ការ​មិន​ដោះ​ស្រាយ​ទេ ​តែ​នៅ​ពេល​ក្រុម​ហ៊ុន​ ធ្វើ​របង​ព័ទ្ធ​ដី​ជម្លោះ ​ហើយ​បង្ក​ជម្លោះ ​ក៏​ប្តឹង​ចាប់​អ្នក​ភូមិ​ដាក់​ពន្ធនា​គារ​ទៅ​វិញ។

តំ​ណាង​អ្នក​ភូមិ​ឡ​ពាង អ្នក​ស្រី ​អ៊ុំ ​សុ​ភី ភរិយា​លោក​ស្ងួន​ញឿន ដែល​ត្រូវ​ប៉ូ​លិស​ចាប់​ កាល​ពី​ថ្ងៃ​ទី​១២​សី​ហា ​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាំង​ ៨២​ នាក់​ បន្ត​ស្នាក់​នៅ​ភ្នំ​ពេញ ​និង​រៀប​ចំ​ដាក់​ញត្តិ​ជា​ថ្មី​ ស្វែង​រក​អន្ត​រា​គមន៍​ពី​ក្រ​សួង​យុត្តិ​ធម៌ ​ក្រ​សួង​ពាក់​ព័ន្ធ​ ទូត​ និង​រដ្ឋ​ស​ភា​ ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី ​និង​សុំ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​ទាំង​ ៥​ នាក់​។​ ក្រុម​អ្នក​ភូមិ​ ក៏​បាន​ជំ​រុញ​ឲ្យ​អា​ជ្ញា​ធរ​ខេត្ត​កំ​ពង់​ឆ្នាំង​ គោរព​តាម​សេច​ក្តី​ប្រ​កាស​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី ​កាល​ពី​ថ្ងៃ​ទី​១៨​សី​ហា​។​ នោះ​គឺ​អា​ជ្ញា​ធរ​ខេត្ត​ ត្រូវ​ទទួល​ខុស​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ដល់​អ្នក​ភូមិ​ មិន​ត្រូវ​ព្រ​ងើយ​កន្តើយ​ មិន​ជួប​ដោះ​ស្រាយ​ជា​មួយ​អ្នក​ភូមិ​ដូច​ពេល​កន្លង​មក​នោះ​ទេ​។

ជម្លោះ​ដី​នៅ​ឃុំ​តា​ជេស​ត្រូវ​បាន​លោក​អង្គ​វង្ស​វឌ្ឍា​នា​ រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​ បាន​បញ្ជូន​លិខិត​ទៅ​កាន់​ប្រ​ធាន​តុ​លា​ការ​ខេត្ត​កំ​ពង់​ឆ្នាំង​ ដើ​ម្បី​ពិ​និត្យ​ និង​ដោះ​ស្រាយ​ កាល​ពី​ថ្ងៃ​ទី​១ ​ខែ​កក្កដា​ ឆ្នាំ​២០១៤​។ ​ប៉ុ​ន្តែ​នៅ​ថ្ងៃ​ទី​១៧​កក្កដា​ ក្រុម​អ្នក​ភូមិ ​និង​ក្រុម​កម្ម​ករ​ធ្វើ​របង​របស់​ក្រុម​ហ៊ុន ខេ​ឌី​ស៊ី ប៉ះ​ទង្គិច​ ដោយ​ហិ​ង្សា ​បណ្តាល​ឲ្យ​របួស​ទាំង​សង្ខាង​។ ​ក្រុម​កម្ម​ករ​របស់​ក្រុម​ហ៊ុន​ ដែល​រង​របួស​ បាន​ប្តឹង​ក្រុម​អ្នក​ភូមិ​ ទើប​មាន​ការ​ចាប់​ខ្លួន​បុរស​តំ​ណាង​អ្នក​ភូមិ​ទាំង​ ៥​ នាក់​។

មក​ដល់​ពេល​នេះ ​អ្នក​ស្រី ​អ៊ុំ ​សុ​ភី​ បាន​អះ​អាង​ថា ​អ្នក​ភូមិ​ទាំង​ ៥​ ភូមិ​ ចំ​នួន​ ៨២ ​គ្រួ​សារ​ មាន​ទំ​ហំ​ដី ​១៨២ ហិក​តា ​មិន​ទាន់​ដោះ​ស្រាយ​។ ​ប៉ុ​ន្តែ​តំ​ណាង​ក្រុម​ហ៊ុន​ខេ​ដី​ស៊ី លោក​មេ​ធា​វី​ ផាត់​ ពៅ​ស៊ា​ង បាន​ឲ្យ​ដឹង​ថា នៅ​សល់​តែ​អ្នក​ភូមិ ​១៦​ គ្រួ​សារ​ប៉ុ​ណ្ណោះ ​ដែល​មិន​ទាន់​ដោះ​ស្រាយ​ ទទួល​យក​សំ​ណង​ពី​ក្រុម​ហ៊ុន​។ ក្រុម​ហ៊ុន​ ខេ​ឌី​ស៊ី ​អះ​អាង​ថា​ មាន​ប្លង់​ដី​ត្រឹម​ត្រូវ ដើ​ម្បី​អភិ​វឌ្ឍន៍​ជា​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ លើ​ដី​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​ឃុំ​តា​ជេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ