អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កង្វះ​«វប្បធម៌​រៀន និង​បង្រៀន» ក្នុង​សង្គម​គ្រួសារ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​ ប្រព័ន្ធ​អប់រំ​ជាតិ​មាន​គុណភាព​ខ្សោយ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ ជាពិសេស​ក្នុង​បរិបទ​ដែល​កម្ពុជា​ត្រូវ​ធ្វើ​សមាហរ័ណកម្ម​ទៅ​ក្នុង​សហគមន៍​អាស៊ាន​តែមួយ​នៅ ពេល​ខាង​មុខ​នេះ។ មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​គុណភាព​អប់រំ​មាន​កម្រិត​ទាប​ ក្នុង​ចំណោម​នោះ ​ឪពុក​ម្តាយ​មាន​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​បង្កើន​ចំណេះ​ដឹង​ឲ្យ​កូន​ ប៉ុន្តែ ​ដោយហេតុ​ថា ​ឪពុក​ម្តាយ​នៃ​គ្រួសារ​ខ្មែរ​ជាច្រើន​មាន​ចំណេះដឹង​ទាប​ ឬ​មិន​សូវ​រវីរវល់​នឹង​ការសិក្សា​របស់​កូន ​ពួកគេ​មិន​បាន​ជួយ​អ្វី​ដល់​កូន​បន្ថែម​ពី​លើ​ការសិក្សា មិន​គ្រប់គ្រាន់​នៅ​សាលា​នោះ​ឡើយ។

សិស្ស​សាលា​នៅទីក្រុង​ភ្នំពេញ
សិស្ស​សាលា​នៅទីក្រុង​ភ្នំពេញ ©RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

 

នៅ​ពេល​ដែល​គេ​និយាយ​អំពី​សមាហរ័ណកម្ម​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ឲ្យ​ទៅ​ជា​សហគមន៍​តែ​មួយ គុណភាព​អប់រំ​នៅ​កម្ពុជា​ក៏​បាន​ក្លាយជា​ប្រធានបទ​សំខាន់​ម្តង​ទៀត។ តើ​ធនធាន​មនុស្ស​របស់​កម្ពុជា​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​បាន​ដែរ​ឬ​ទេ​ ខណៈ​ដែល​ធនធាន​មនុស្ស​របស់​ប្រទេស​ផ្សេង​អាច​ដណ្តើម​ការងារ​នៅ​កម្ពុជា​បាន​យ៉ាង​ងាយ?

សំណួរ​នេះ​បាន​ចោទ​ឡើង​ដោយសារ​តែ​ធនធាន​មនុស្ស​នៅ​កម្ពុជា​មាន​សមត្ថភាព​ទាប​ជាង​ប្រទេស​ជិត​ខាង។ ​មាន​កត្តា​ច្រើន​យ៉ាង​ណាស់​ដែល​បណ្តាល​ឲ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន។ ​ក្រៅពី​បញ្ហា​ប្រពន្ធ័​អប់រំ​ជាទូទៅ​ដែល​នៅ​ទន់​ខ្សោយ​យ៉ាង​ខ្លាំង​ កត្តា​ឪពុក​ម្តាយ​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ពិចារណា និង​កែប្រែ។ ​ក្រៅ​ពី​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ ឪពុក​ម្តាយ ឬ​អាណាព្យាបាល​មាន​តួនាទី​សំខាន់​មួយ​ទៀត​ដែល​ត្រូវ​បំពេញ​ នោះ​គឺ​ការ​ជួយ​ផ្តល់​ចំណេះដឹង​ដល់​កូន​បន្ថែម​ពី​លើ​អ្វី​ដែល​ពួកគេ​ទទួល​បាន​ពី​សាលា។

ប៉ុន្តែ ​ជាអកុសល គ្រួសារ​ខ្មែរ​ជាច្រើន​មាន​ចំណេះដឹង​តិចតួច​មិន​សមល្មម​នឹង​អាច​ជួយ​បង្រៀន​កូន​បាន។ ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ខ្លះ​ទៀត​មិន​យក​ចិត្ត​ទុកដាក់​ជួយ​បង្រៀន​កូន ឬ​ធ្វើ​ជា​គំរូ​ដល់​កូន​ក្នុង​ផ្នែក​សិក្សាធិការ​ឡើយ។ ​ជាក់ស្តែង ​តើ​មាន​គ្រួសារ​ខ្មែរ​ប៉ុន្មាន​ភាគរយ​ដែល​មាន​សៀវភៅ​នៅ​ក្នុង​ផ្ទះ ​និង​មាន​ទម្លាប់​អាន​សៀវភៅ​ជាប្រចាំ​ថ្ងៃ? ​ចម្លើយ​តប​ទៅ​នឹង​សំណួរ​នេះ​អាច​ពន្យល់​បាន​អំពី​កង្វះ​វប្បធម៌​រៀន និង​បង្រៀន​នៅ​ក្នុង​គ្រួសារ​ខ្មែរ។ ​ភាពក្រីក្រ ​ឬ​ការ​ជាប់​រវល់​ការងារ​ជារឿង​មួយ​ហើយ​ ប៉ុន្តែ ​ប្រសិន​បើ​គេ​មាន​លុយ​ប្រហែល​ជា​គេ​គិត​ដល់​វត្ថុ​ផ្សេង​ទៀត ច្រើន​ជាង​សៀវភៅ​សម្រាប់​អាន​ខ្លួន​ឯង ​ឬ​ក៏​សម្រាប់​កូន។ ​ប្រសិនបើ​គេ​មាន​ពេល​ ប្រហែល​ជា​គេ​នាំ​កូន​អង្គុយ​មើល​រឿងភាគ​ ឬ​ការ​ប្រគំ​តន្ត្រី​ក្នុង​ទូរទស្សន៍​ជាង​ការនាំ​កូន​ឲ្យ​រម្លឹក​មេរៀន ​ឬ​ឲ្យ​អាន​សៀវភៅ។

ធ្ងន់ធ្ងរ​ជាង​នេះ ​គ្រួសារ​ខ្មែរ​ជាច្រើន​ជាពិសេស​គ្រួសារ​អ្នក​ក្រីក្រ​តែម្តង​ចូល​ចិត្ត​ប្រើប្រាស់​កម្លាំង​ពលកម្ម​កូន​ឲ្យ​ជួយ​ជំនួស​ដៃជើង ឬ​ជួយ​រកប្រាក់​សម្រាប់​គ្រួសារ​ដោយ​សុខចិត្ត​ឲ្យ​ពួកគេ​ទុក​ការសិក្សា​មួយ​អន្លើ​សិន។ ​ទាំងអស់​នេះ​សុទ្ធ​សឹង​ជា​ទម្លាប់​មិន​ល្អ ​និង​ជា​កត្តា​បន្ទុច​បង្អាក់​ការសិក្សា​របស់​កូន​មិន​ឲ្យ​លូតលាស់​ទៅ​មុខ​បាន។ ​នៅ​ពេល​ដែល​សាលារៀន​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង​រឹងមាំ​ដល់​សិស្ស រីឯ​គ្រួសារ​មិន​ត្រឹម​តែ​មិន​បាន​ជួយ​អ្វី​សោះ​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​របស់​កូន​ តែ​ថែម​ទាំង​បាន​បន្ទុច​បង្អាក់​ការ​សិក្សា​របស់​កូន​ថែម​ទៀត​នោះ ​គេ​អាច​យល់​បាន​យ៉ាង​ងាយ​អំពី​គុណភាព​នៃ​ធនធាន​មនុស្ស​នៅ​កម្ពុជា។ ​ក្នុង​ស្ថានភាព​បែប​នេះ​ តើ​ធនធាន​មនុស្ស​កម្ពុជា​អាច​ប្រកួត​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​បាន​យ៉ាង​ដូចម្តេច​ទៅ?​ សំណួរ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​ការងារ​ក្នុង​វិស័យ​អប់រំ​ ក៏​ដូច​ជា​ទម្លាប់​មិន​ល្អ​ទាំងឡាយ​របស់​សង្គម​គ្រួសារ​ខ្មែរ​ដែល​ត្រូវ​កែប្រែ​ជា​ចាំបាច់ ​និង​ជា​បន្ទាន់។

សម្រាប់​ក្រសួង​អប់រំ​ជាតិ​ មាន​ចំណុច​គួរ​ឲ្យ​មោទនៈ​ប្រសិន​បើ​គេ​ក្រឡេក​មើល​ទៅ​អតីតកាល​ក្រោយ​របប​ខ្មែរក្រហម។ ​ប៉ុន្តែ​ ប្រសិន​បើ​គេ​ក្រឡេក​មើល​ទៅ​មុខ​វិញ​ វិស័យ​អប់រំ​កម្ពុជា​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ឯង​ហៅ​មិន​លឺ។ ​ចូរ​កុំ​ភ្លេច​ថា​ បច្ចុប្បន្ន​នេះ​ មិនមែន​ជា​ពេលវេលា​ដែល​អ្នក​ដើរ​លឿន ត្រូវ​ឈប់​ចាំ​អ្នក​ដើរ​យឺត​ទេ​ តែ​ជា​ពេល​វេលា​ដែល​អ្នក​ដើរ​យឺត​ត្រូវ​ខំ​រត់​ដើម្បី​ឲ្យ​ទាន់​គេ ជាពិសេស​ក្នុង​បរិបទ​នៃ​សមាហរ័ណកម្ម​ក្នុង​ក្របខណ្ឌ​អាស៊ាន​ ក៏ដូច​ជា​ក្នុង​ក្របខណ្ឌ​ពិភពលោក​ដែរ។ ​ក្នុង​ន័យ​នេះ ​ទាំង​ក្រសួង​អប់រំ​ជាតិ​ ទាំង​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ត្រូវ​តែ​រួម​ដៃ​គ្នា​បង្កើន​គុណភាព​អប់រំ ដើម្បី​ធ្វើ​ឲ្យ​ធនធាន​មនុស្ស​របស់​កម្ពុជា​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​គេឯង​បាន។ ​បើ​មិន​ដូច្នោះ​ទេ​ កម្ពុជា​មិន​គ្រាន់​តែ​មិន​អាច​ទាញ​យក​ផល​ប្រយោជន៍​អ្វី​បាន​ពី​សហគមន៍​អាស៊ាន​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ត្រូវ​ខាត​បង់​ប្រយោជន៍​ទៅ​វិញ​ទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ