អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​ជំនាញ​រំឭក​យុវជន​ឲ្យ​ប្រយ័ត្ន​នៅ​ពេល​ចូល​រួម​នៅ​ក្នុង​វិស័យ​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សល់​តែ​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ឈាន​ចូល​មក​ដល់​។​ក្នុង​ឱកាស​នេះ អ្នក​ជំនាញ​បាន​​​រំឭក​យុវជន​​ឲ្យ​ប្រុង​​ប្រយ័ត្ន​ នៅ​ពេល​ចូល​រួម​នៅ​ក្នុង​វិស័យ​នយោបាយ​។ សម្រាប់​អ្នក​ជំនាញ ការ​ចូល​រួម​របស់​យុវជន​​នៅ​ក្នុង​វិស័យ​នយោបាយ គឺ​ជា​សកម្មភាព​ដ៏​សំខាន់​និង​ចាំ​បាច់ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ ប៉ុន្តែយុវជន​ត្រូវ​ពិចារណា​ឲ្យ​ច្បាស់​លាស់​ដែរ​មុន​នឹង​សម្រេច​ចិត្ត​ចូល​រួម ដើម្បី​ចៀសវាង​​ធ្លាក់​ខ្លួន​ទៅ​ជា​ឈ្នាន់​របស់​​អ្នក​នយោបាយ​ទុច្ចរិត​។

អ្នក​​ជំនាញ​​រំឭក​​យុវជន​​ឲ្យ​​ប្រយ័ត្ន​​នៅ​​ពេល​​ចូល​​រួម​​នៅ​​ក្នុង​​វិស័យ​​នយោបាយ
អ្នក​​ជំនាញ​​រំឭក​​យុវជន​​ឲ្យ​​ប្រយ័ត្ន​​នៅ​​ពេល​​ចូល​​រួម​​នៅ​​ក្នុង​​វិស័យ​​នយោបាយ RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ប្រជាជន​សរុប​នៅ​កម្ពុជាប្រមាណ​១៥​លាន​នាក់ មានជិត​​៧០​ភាគ​រយ​ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​។ ​ដោយ​ឡែក នៅ​ក្នុង​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ យុវជន​ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ដល់​៣០​ឆ្នាំ មាន​ចំនួន​២លាន​៦​សែន​នាក់ ឬ​ស្មើ​នឹង​ប្រមាណ៣៣​ភាគ​រយ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់​​ប្រមាណ​៧លាន​៨សែន​នាក់​។

ជា​ការ​កត់​សម្គាល់ បច្ចុប្បន្ននេះ ការ​ចូល​រួម​របស់​យុវជន​ខ្មែរ​នៅ​ក្នុង​ឆាក​នយោបាយ​មាន​លក្ខណៈ​សកម្ម​ជាង​ពេល​ណា​ៗ​ទាំង​អស់​។ យុវជន​ចាប់​ផ្ដើម​ស្គាល់​តម្លៃ​នៃ​សន្លឹក​ឆ្នោត​របស់​ខ្លួន​។ ពួក​គេ​ចូល​រួម​បោះ​ឆ្នោត ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តវ៉ា តាម​ដាន​និង​នាំ​គ្នា​ជជែក​ពី​បញ្ហា​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ និន្នាការ​នៃ​ការ​ចូល​រួម​របស់​យុវជន​នៅ​ក្នុង​វិស័យ​នយោបាយ​ ទំនង​ជា​បន្ត​កើន​ឡើង​ទៀត ដោយ​សារ​តែ​ការ​យល់​ដឹង​ពី​សិទ្ធិ ក៏​ដូច​ជា​​ស្ថានភាព​អំណោយផល​នៃ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម Facebook​។

ដោយ​សារ​តែ​យុវជន​ជា​បុគ្គល​មាន​សក្តានុពល​ខ្លាំង​ទាំង​ផ្នែក​ចំណេះដឹង ការ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​និង​នយោបាយ ពួក​គេ​បានក្លាយ​ខ្លួន​ទៅ​ជា​ផ្ទាំង​ស៊ីប ជា​គោលដៅរបស់​អ្នក​នយោបាយ ក្នុង​ការ​ស្វែង​រក​សំឡេង​គាំទ្រ​​​។ នៅ​ក្នុង​បរិបទ​បែប​នេះ អ្នក​ជំនាញ​មួយ​ចំនួន​បានផ្ដល់​យោបល់​ឲ្យ​យុវជន​សម្រេច​ចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន ធ្វើ​យ៉ាង​ណា​​​កុំ​បណ្ដោយ​ឲ្យ​ខ្លួន​ឯង ក្លាយ​ទៅ​ជា​ឧបករណ៍​បម្រើ​នយោបាយឲ្យ​សោះ​។

សម្រាប់​អ្នក​ជំនាញ យុវជន​គួរ​តែ​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ដោយ ឃ្លាំ​មើល​ការ​អនុវត្ត​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត ថា​ការ​សន្យា​របស់​គណបក្ស​នយោបាយ​ទាំង​នោះ ត្រូវ​បាន​បំពេញ​ក្នុង​កម្រិត​ណា? ហើយ​ប្រសិន​បើ​គណបក្ស​នយោបាយ​មិន​បាន​បំពេញ​តាម​អ្វី​ដែល​បាន​​សន្យា​ទេ នោះ​យុវជន​អាច​ពិចារណា​ឡើង​វិញ​នៅ​ពេល​បោះ​ឆ្នោត​លើក​ក្រោយ​ទៀត​។ យុវជន​គួរតែ​ជជែក​ដេញ​ដោល​គ្នា​អំពី​គោលនយោបាយ​របស់​គណបក្ស​នយោបាយ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាតិ​សំខាន់​ៗ ដើម្បី​អាច​សម្រេច​ចិត្ត​បាន​ថា តើ​ត្រូវ​ជ្រើស​រើស​គណបក្ស​មួយ​ណា​ឲ្យ​ឡើង​កាន់​អំណាច​។

ការ​សម្រេច​ចិត្ត​របស់​យុវជន ដើម្បី​គាំទ្រ ចូល​រួម ឬ​បម្រើ​គណបក្ស​នយោបាយ​ណាមួយ គឺ​ជា​រឿង​សំខាន់​បំផុត​។ យុវជន គួរ​ពិចារណា​ទៅ​លើ​គោលនយោបាយ​និង​ការ​អនុវត្ត​របស់​គណបក្ស ជា​ជាង​​ជឿ​ជាក់​យ៉ាង​ផ្កាប់​មុខ​ទៅ​លើ​គណបក្ស​ណា​មួយ​​។ ការ​ជឿជាក់​ផ្កាប់​មុខ​ដោយ​ឥត​ពិចារណា​ចំពោះ​គណបក្ស​ណាមួយ អាច​ធ្វើ​ឲ្យ​យុវជន​ធ្លាក់​ខ្លួន​ទៅ​ជា​ឧបករណ៍​នយោបាយ ដែល​ងាយ​ស្រួលអនុញ្ញាត​ឲ្យ​គណបក្ស​នោះ ​បង្វិល ពង្វក់ និង​បញ្ជា​តាម​អំពើ​ចិត្ត​។

វា​ជា​រឿង​ល្អ ប្រសិន​បើ​គណបក្ស​ដែល​យុវជន​ជឿជាក់​នោះ គិតគូរ​ពី​ផល​ប្រយោជន៍​ប្រទេស​ជាតិ ហើយ​ពង្វក់​ឲ្យ​យុវជន​ងប់ងល់​ក្នុង​ការងារ​បម្រើ​ប្រទេស​ជាតិ​។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យុវជន​ធ្លាក់​ខ្លួន​ជឿ​លើ​ប្រជាភិថុតិ​របស់​អ្នក​នយោបាយ​ទុច្ចរិត នោះវិបត្តិ​សង្គម​អាច​នឹង​កើត​មាន​ឡើង​​ក៏​ថា​បាន​។ ព្រោះ​សូម​កុំ​ភ្លេច​ថា យុវជន ជា​ជំពូក​មនុស្ស​ដែល​មាន​សក្តានុពល​ខ្លាំង នៅ​ក្នុង​គ្រប់​ការងារ​ទាំង​អស់​ដែល​ពួក​គេ​សម្រេច​ចិត្ត​ចូល​ប្រឡូក​។ កម្លាំង​និង​ថាមពល​របស់​យុវជន ដែល​បម្រើ​បក្ស​នយោបាយ​ទុច្ចរិត មិន​ត្រឹម​តែ​មិន​បាន​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទេ វា​ថែម​ទាំង​រុញ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ទៀត​ផង​។

សរុប​មក​វិញ យុវជន​ត្រូវ​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ មុន​ពេល​សម្រេច​ចិត្ត​គាំទ្រ ចូល​រួម ឬ​បម្រើ​គណបក្ស​នយោបាយ​ណាមួយ​។ ការ​សម្រេច​ចិត្ត​គួរ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​គោលនយោបាយ​និង​ការ​អនុវត្ត​របស់​គណបក្ស​នោះផ្ទាល់ ចៀសវាង​សម្រេច​ចិត្ត​ផ្អែក​តាម​អារម្មណ៍ ឬ​ការ​ជឿជាក់​ទៅ​លើ​ការ​ឃោសនា​ប្រជាភិថុតិ​​។ យុវជន​គឺ​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​សម្រេច​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​។ ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ នឹង​នាំ​ឲ្យ​ជាតិ​រុងរឿង​។ ខណៈ​ការ​សម្រេច​ចិត្ត​ខុស​របស់​យុវជន អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុងគ្រោះ​មហន្តរាយ​។ ទន្ទឹម​នឹង​ការ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ យុវជន​ខ្លួន​ឯង​ត្រូវ​ព្យាយាម​ពង្រឹង​និង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​រួម​ចំណែក​កសាង​ជាតិ​​ឲ្យ​មានលូត​លាស់​ទៅ​មុខ​ប្រកប​ដោយ​វឌ្ឍនភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ