អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក ​ចំ​ពេល​មាន​ការ​ចាត់​ថ្នាក់​ល្អ​ជាង​មុន

ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៣​ឧសភា​នេះ បាន​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ក្រោម​ប្រធាន​បទ “សិទ្ធិ​ទទួល​ព័ត៌មាន ជា​សិទ្ធិ​របស់​អ្នក”។ ការ​ប្រារព្ធ​ទិវា​នេះ​ឡើង គឺ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រៀម​អនុម័ត​ច្បាប់​ដ៏​សំខាន់​មួយ ស្តី​ពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​លើក​ដំបូង​ និង​ចំពេល​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន Reporters Without Borders បាន​ចាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​ភាព​ល្អ​ប្រសើរ​ខាង​សេរីភាព​សារព័ត៌មាន។

អ្នក​សារព័ត៌មាន​ខ្មែរ​កំពុង​បំពេញ​ការងារ
អ្នក​សារព័ត៌មាន​ខ្មែរ​កំពុង​បំពេញ​ការងារ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​៣​ឧសភា​ឆ្នាំ​២០១៦​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិយាកាស​ល្អ​ប្រសើរ​មួយ។ ល្អប្រសើរ គឺ​ដោយសារ​តែ​នៅ​ឆ្នាំ​២០១៦​នេះ សេរីភាព​សារ​ព័ត៌មាន​របស់​កម្ពុជា ត្រូវ​បាន​អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន ”Reporters Without Borders” បាន​ចាត់​ចំណាត់​ថ្នាក់​លេខ​១២៨​ថា​ល្អ​ប្រសើរ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨០។ ហើយ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ គឺ​កម្ពុជា មាន​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​គេ និង​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​ទៀត នៅ​តំបន់​អាស៊ី។ សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៥ សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ត្រូវ​បាន​អង្គការ​ដដែល​នេះ ចាត់​ចំណាត់​ថ្នាក់​លេខ ១៣៩ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០។

អ្វី​ដែល​ជា​ការ​ប្រសើរ​ទៅ​ទៀត​នោះ កម្ពុជា​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ ក្នុង​ការ​រៀបចំ​ពង្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ នេះ​បើ​តាម​ការ​កត់​សំគាល់​របស់​អ្នក​ជំនាញ​ និង​លោក​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារិទ្ធិ នៅ​ក្នុង​ពិធី​ជួបជុំ​អ្នក​កាសែត ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ នៅ​ឯ​សណ្ឋាគា​កំាបូឌីយ៉ាណា​ក្នុង​ក្រុង​ភ្នំពេញ។

បើ​តាម​លោក ខៀវ កាញារិទ្ធិ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​មាន​ចំនួន​៩​ជំពូក និង​ជិត​៤០​មាត្រា​នោះ កំពុង​ដាក់​ឲ្យ​ក្រុម​អ្នក​ជំនាញ​មក​ពី​អង្គការ​សង្គម​ស៊ីវិល អ្នក​កាសែត ជជែក​គ្នា ដើម្បី​សម្រេច​បាន​សេចក្តី​ព្រាង​ច្បាប់​មួយ ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

ចំណែក​លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ចាត់​ទុក​ថា សេចក្តី​ព្រាង​ច្បាប់​នេះ ជួយ​ពង្រឹង​សិទ្ធិ​អំណាច​របស់​អ្នក​កាសែត​កម្ពុជា​ថែម​ទៀត។ ហើយ​អ្នក​កាសែត​ក៏​នឹង​អាច​មុជ​កាន់​តែ​ជ្រៅ​ថែម​ទៀត ដើម្បី​សរសេរ​រឿង​របស់​ខ្លួន ព្រោះ​នៅ​ក្នុង​ចំណុច​មួយ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​កំណត់​ពី​ការ​ដាក់​ពិន័យ​ ឬ​ឈាន​ទៅ​ប្តឹង​ដល់​តុលាការ​ផង ប្រសិន​​បើ​មន្រ្តី​សារធារណ​របស់​រដ្ឋ ឬ​ស្ថាប័ន​ណាមួយ មិន​ផ្តល់​ព័ត៌មាន នៅ​ពេល​មាន​ការ​ស្នើ​សុំ។ ការ​ស្នើ​សុំ​ផ្តល់​ព័ត៌មាន មិន​មែន​មាន​តែ​អ្នក​កាសែត​នោះទេ សូម្បី​តែ​ប្រជាពលរដ្ឋ និង​ជន​បរទេស​ក៏​អាច​ស្នើ​សុំ​បាន​ផង​ដែរ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី បើ​ផ្អែក​តាម​កំណត់​ត្រា​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥-២០១៦​នេះ មាន​អ្នក​កាសែត​កម្ពុជា​ចំនួន​៤​ករណី កំពុង​ជាប់​បណ្តឹង​នៅ​ក្នុង​តុលាការ​, ១៩​ករណី​រង​ការ​គំរាម​ចាប់​ខ្លួន និង​២០​ករណី​រង​ការ​គំរាម​កំហែង​ដក​ហូត​សម្ភារៈ ​និង​ម៉ាស៊ីន​ថត ខណៈ​ដែល​អ្នក​កាសែត​ចំនួន​៨៥​នាក់​នៅ​លើ​ពិភព​លោក​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួក​គេ។

សូម​បញ្ជាក់​ដែរ​ថា ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​នៅ​កម្ពុជា​ឆ្នាំ​នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ “សិទ្ធិ​ទទួល​ព័ត៌មាន ជា​សិទ្ធិ​របស់​អ្នក”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ