អានតួអត្ថបទ
កម្ពុជា

អ្នក​កាសែត​ស្រ្តី​កំពុង​ជួប​បញ្ហា​ប្រឈម

នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា នេះ ក្រុម​អង្គការ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសាង​សន្តិភាព និង​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ជា​អ្នក​កាសែត​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​សង្គម។ ចំណែក​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​វិញ​បាន​ចាត់​ទុក​ថា​ស្ត្រី​ជា​អ្នក​សារព័ត៌មាន​ឱកាស​ច្រើន​ជាង​បុរស​ជា​អ្នក​សារព័ត៌មាន។

ក្លឹប​អ្នក​កាសែត​កម្ពុជា​
ក្លឹប​អ្នក​កាសែត​កម្ពុជា​ សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុង​វេទិកា និង​របាយការណ៍​សង្ខេប​ស្តីពី​ស្ថាន​ភាព​សារព័ត៌មាន​របស់ អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT) អង្គការ​អប់រំ​យុវជន​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព និង​ក្លឹប​អ្នក​កាសែត​ឯករាជ្យ​ បាន​ឲ្យ​ដឹង​ថា​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ អ្នកសារព័ត៌មាន​ ដែល​ជា​ស្ត្រី​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ និង​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​អ្នក​សារព័ត៌មាន​ជា​ស្ត្រី និង​ចង់​ឲ្យ​សង្គម​គាំទ្រ​ចំពោះ​ពួក​គេ។

ក្រុម​អង្គការ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសាង​សន្តិភាព និង​អភិវឌ្ឍន៍​សង្គម​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ជា​អ្នក​សារព័ត៌មាន​កំពុង​ប្រឈម នឹង​បញ្ហា​ជា​ច្រើន​ដូចជា សង្គម​មិន​សូវ​ផ្តល់​តម្លៃ សុវត្ថិភាព ការ​រើសអើង និង​កង្វះ​ការ​គាំទ្រ​ពី​សង្គម។

លោក​ប៉ែន បូណា​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​វិញ បាន​ឲ្យ​ដឹង​កាល​ពី​មុន​ គឺ​ស្ត្រី​ជា​អ្នក​សារព័ត៌មាន​ជួប​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​មែន ដោយសារ​ស្ត្រី​បាន​ចាត់​ទុក​ថា​អាជីព​នេះ គឺ​ជា​អាជីព​របស់​បុរស។ ប្រធាន​ក្លឹប​អ្នកកាសែត​រូប​នេះ​បាន​លើក​ឡើង​ថា ប៉ុន្តែ​បច្ចុប្បន្ន​នេះ អាជីព​ជា​អ្នក​កាសែត​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ ដូច្នេះ​ស្ត្រី​លែង​គិត​ថា​អ្វី​មួយ​ជា​អាជីព​របស់​បុរស ឬ​អាជីព​របស់​ស្ត្រី​ទៀត​ហើយ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ ចំនួន​អ្នក​កាសែត​ស្ត្រី​មាន​ការ​កើន​ឡើង ហើយ​ស្ត្រី​មាន​អាទិភាព​ជាងបុរស ដោយសារ​តែ​ពួក​គាត់​ងាយ​ទទួល​បាន​ព័ត៌មាន​ជាង​បុរស។ តែ​ទោះបី​ជា​យ៉ាង​ណា​ក្តី​ស្ត្រី​ក៏​ បាន​ជួប​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ដូចជា​ការ​ធ្វើ​ការ​ពេល​យប់ ឬ​ធ្វើ​ការ​ច្រើន​ជាង​ការងារ​ដទៃ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​ជួប​នឹង​បញ្ហា​គ្រោះថ្នាក់​ដល់​ស្ត្រី​ជា​អ្នក​សារព័ត៌មាន​នៅ​ឡើយ។​

សូម​បញ្ជាក់​ថា​នៅ​ព្រឹក​នេះ អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​(ACT) អង្គការ​អប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព និង​ក្លឹប​អ្នក​កាសែត​ឯករាជ្យ បាន​រៀបចំ​វេទិកា ដើម្បី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៦ ដោយ​បាន​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ដំណោះ​ស្រាយ​របស់​អ្នក​សារព័ត៌មាន​អាជីព​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ